Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការអប់រំ គឺជា​គ្រឹះ​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​អូស្ត្រាលី​

spot_img

ភ្នំពេញ​៖​មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ បាន​អះអាង​ថា ការអប់រំ គឺជា​គ្រឹះ​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​អូស្ត្រាលី​។ អតីត​និស្សិត​អូស្ត្រាលី ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​ចូលរួម​ចំណែក​ដ៏​សំខាន់ ដល់​ធនធានមនុស្ស​នៃ​ប្រទេស​កម្ពុជា​។

​ការទទួល​ស្វាគមន៍​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី​១៤ ខែ​មីនា​ឆ្នាំ ២០១៨ ដែល​នឹង​ចាប់ផ្តើម​កម្មវិធី​ប្រឹក្សា​ពី​ឱកាស​សិក្សា​នៅ​អូស្ត្រាលី ពិធី​ប្រគល់​ពានរង្វាន់​អតីត​និស្សិត​អូស្ត្រាលី និង​ការស្វាគមន៍​អតីត​និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី​។ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​រៀបចំ​រួមគ្នា​ដោយ IDP Education និង​ស្ថានទូត​អូស្ត្រាលី និង​សហការ​ជាមួយ IELTS និង​សមាគម​អតីត​និស្សិត​អូស្ត្រាលី​កម្ពុជា (AAA-C) ។​

​ក្នុង​ឱកាស​នេះ​ផងដែរ​ក៏​មាន​វត្តមាន​សំខាន់ៗ​នៅក្នុង​វិស័យ​អប់រំ​រួមមាន​លោក យក់ ង៉ុយ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា លោកស្រី Ruth Stewart ភារៈធារី​ស្ថានទូត​អូស្ត្រាលី​កម្ពុជា លោក ស្រេង ម៉ៅ​នាយក​ប្រតិបត្តិ​ស្ថាប័ន IDP Education (Cambodia) មន្ត្រីជាន់ខ្ពស់​នៃ​ស្ថានទូត​អូស្ត្រាលី និង​មន្ត្រី​ក្រសួង​ស្ថាប័ន​អ្នក​តំណាង​ស្ថាប័ន​អប់រំ​អូស្ត្រាលី អតីត​និស្សិត​អូស្ត្រាលី អ្នក​តំណាង​ស្ថាប័ន​អប់រំ​មូលដ្ឋាន បុគ្គលិក IDP និង​អ្នកពាក់ព័ន្ធ​។​

​លោក​យក់ ង៉ុយ រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​មានប្រសាសន៍ថា “​ការអប់រំ គឺជា​គ្រឹះ​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​អូស្ត្រាលី​។ អតីត​និស្សិត​អូស្ត្រាលី​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​ចូលរួម​ចំណែក​ដ៏​សំខាន់ ដល់​ធនធានមនុស្ស​នៃ​ប្រទេស​កម្ពុជា​។ ការកសាង​និង​ការអភិវឌ្ឍ​ធនធានមនុស្ស​របស់​ប្រទេស​ជាតិ​តាមរយៈ​ការអប់រំ ការបណ្តុះបណ្តាល និង​ការងារ​គឺជា​ផ្នែក​មួយ​នៃ​អាទិភាព​សំខាន់​បំផុត​នៃ​អាណត្តិ​ទី​៥ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​កម្មវិធី​ទទួល​ស្វាគមន៍​គឺ​ប្រកប​ដោយ​ភាពជោគជ័យ​ដ៏​អស្ចារ្យ​។ វា​ត្រូវ​បាន​រៀបចំ​រួមគ្នា​ដោយ​ស្ថានទូត​អូស្ត្រាលី​និង IDP Education ដែល​សហការ​ជាមួយ IELTS និង AAA-C ដែល​មាន​អ្នកចូលរួម​ចំនួន ៣៧០ នាក់​។ កម្មវិធី​នេះ​នឹង​មាន​ការរៀបចំ​ធ្វើ​ឡើង​ម្តងទៀត​ឆ្នាំក្រោយ​។​

​លោក​រដ្ឋលេខាធិការ បាន​បញ្ជាក់បន្ថែម​ថា ការ​ជ្រើស​យក​ការសិក្សា នៅ​បរទេស ជា​ជម្រើស​ល្អ​បំផុត​ដែល​អាច​ផ្តល់ឱកាស​ក្នុង​ការស្វែងយល់​ពី​ការរស់នៅ​ប្រទេស​ផ្សេង​ដោយ បង្កើន​ក្នុង​ការទុកចិត្ត​ក្នុង​ការ​ធ្វើការ​ដោយ​ខ្លួនឯង ទទួលបាន​នូវ​បទពិសោធន៍ សញ្ញាបត្រ​មាន​គុណភាព​ខ្ពស់ ដែល​មាន​ការទទួលស្គាល់​ទូទាំង​ពិភពលោក ថ្វី​ត្បិត​តែ​ការ​ទៅ​បន្ត​ការសិក្សា​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ក៏ពិតមែន ប៉ុន្តែ​ការទទួល​បាន​លទ្ធផល​មកវិញ មាន​ភាព​សមាមាត្រ​ជាមួយ​នឹង​ការចំណាយ​ផងដែរ ។​

​លោក យក់ ង៉ុយ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា កម្ពុជា​និង​អូស្ត្រាលី មាន ទំនាក់ទំនង​ការទូត​ជាង​៦០​ឆ្នាំ​មកហើយ ។ ឈរ​លើ​ទំនាក់ទំនង​នេះ​វិស័យ​អប់រំ បាន​ក្លាយ​ជា​ផ្នែក ដ៏​សំខាន់ នៃ​កិច្ចសហប្រតិបត្តិការ ប្រទេស​ទាំង​ពីរ ។ រហូតមកដល់​ពេលនេះ​អូស្ត្រាលី បាន​បើកទ្វារ​ស្វាគមន៍ និស្សិត ខ្មែរ រាប់ពាន់នាក់ បន្ត​ការសិក្សា​ថ្នាក់ឧត្តមសិក្សា ប្រកបដោយ​គុណ​ភាព​ខ្ពស់ ។ រដ្ឋាភិបាល​អូស្ត្រាលី ក៏បាន ផ្តល់ អាហារូបករណ៍​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គោលបំណង​អភិវឌ្ឍ​ធនធានមនុស្ស។​

​លោក​រដ្ឋលេខាធិកា​របា​ន​លើកឡើងថា ពិព័រណ៍​សិក្សា​អូស្ត្រាលី​នៅ​កម្ពុជា​ឆ្នាំ​២០១៨​នេះ មិន​ត្រឹមតែ​ជា​វេទិកា ដ៏​ល្អ​មួយ​សម្រាប់​ការស្វែងរក​វគ្គ​សិក្សា និង​ជំនាញ​នានា​ដែល​ផ្តល់ អោយ​ដោយ​ស្ថាប័ន​អប់រំ​អូស្ត្រាលី ផ្សេងៗ គ្នា​ជា​ច្រើន​នោះទេ តែ​ថែមទាំង​ជា​វេទិកា​ភ្ជាប់​បណ្តាញ ទំនាក់ទំនង​ចែករំលែក បទពិសោធន៍ ចំណេះដឹង​រវាង និស្សិត​និង​និស្សិត​ផងដែរ ។​

​លោក​ម៉ៅ ស្រេង នាយក​អាយ​ឌី​ភី បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា ឆ្នាំ​២០១៨​នេះ ក៏​ដូច​ឆ្នាំមុនៗ​ដែរ គឺ​រដ្ឋាភិបាល​អូស្ត្រាលី បានផ្តល់​អាហារូបករណ៍​ដល់​កូនសិស្ស​កម្ពុជា​ចំនួន​៥០​នាក់ ចំណែក​ខាង​វិស័យ​ឯកជន គឺ​មាន​កូនសិស្ស​កម្ពុជា​ទៅ​បន្ត​ការសិក្សា​នៅ​អូស្រា្តលី​មាន​ការកើនឡើង​ប្រហែល​២០​ភាគរយ​ក្នុង​មួយឆ្នាំៗ ក្នុង​មាន​កូនសិស្ស​ប្រមាណ​៥០០​នាក់ ដោយ​បង់​ថវិកា​ដោយ​ខ្លួនឯង​។

​លោក​បន្តថា តាម​ការសាកសួរ​នៃ​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី នៅ​ឆ្នាំ​២០១៨​នេះ ក៏​មាន​ការកើនឡើង​ផងដែរ ហើយ​ទំនោរ​នៃ​ការកើនឡើង​នេះ​នឹង​បន្ត​នៅ​ឆ្នាំ​នេះ​ទៀត និង​ឆ្នាំក្រោយៗ​ទៀត​ក្នុង​ខ្ទង់​ចន្លោះ​ប្រហែល​ពី​១៥​ទៅ​២០​ភាគរយ ហើយ​ក្នុងឆ្នាំនេះ​ប្រហែលជា​អាច​មាន​កូនសិស្ស​ជិត​៦០០​នាក់ បាន​អញ្ជើញ​ទៅ​បន្ត​ការសិក្សា​នៅ​អូស្ត្រាលី ។​

​លោក​បាន​លើកឡើង​ថា មូលហេតុ​នៃ​ការកើនឡើង​ចំនួន​សិស្ស​និស្សិត​ដែល​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី ដោយសារ​តែ​គុណភាព​នៃ​ការអប់រំ​របស់​ប្រទេស​អូស្ត្រាលី លក្ខណៈ​មួយ​ចំនួន​ដែល​ប្រទេស​អូស្ត្រាលី​បាន​ផ្តល់​ដល់​កូនសិស្ស​ដូច​ជា​ទីតាំង​មិន​ឆ្ងាយ​ពី​ប្រទេស​កម្ពុជា តម្លៃ​សិក្សា​សមរម្យ ការរស់នៅ​មាន​លក្ខណៈ​ល្អ​ប្រសើរ​សម្រាប់​ជនជាតិ​ខ្មែរ​និង​ជនជាតិ​មកពី​តំបន់​អាស៊ី​អាគ្មេយ៍ ហើយ​អាកាសធាតុ​មិន​ត្រជាក់​ឬ​ក៏ក្តៅ​ពេក ។ ហើយ​ការ​ធ្វើការ​របស់​អាយ​ឌី​ភី ដើម្បី​ផ្តល់​សេវា ដើម្បី​ជួយ​ពួកគាត់​ទៅ​បន្ត​ការសិក្សា​បាន​ទទួល​ជោគជ័យ​ច្រើន ដោយសារ​តែ​បុគ្គលិក​មាន​ជំនាញ​ច្បាស់លាស់ ឆាប់​ទទួលបាន​ការចុះ​ឈ្មោះ ហើយ​ក្នុង​ពេល​សុំ​ទិដ្ឋាការ​គឺ​ឱកាស​នៃ​ការជោគជ័យ​មាន​ខ្ពស់​ដោយសារតែ​ពួកគាត់​មាន​ការយល់ដឹង​ក្នុង​ការរៀបចំ​ឯកសារ ដែល​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​កូន​សិស្ស​មាន​ចំនួន​កើនឡើង ដែលជា​ប្រទេស​ទទួលបាន​ការពេញនិយម​ច្រើន​ជាង​សម្រាប់​សិស្ស​និស្សិត​កម្ពុជា​។

​នៅពេ​​ល​ដែល​សួរ​ថា​ចំនួន​សិស្ស​និស្សិត​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី បើ​ប្រៀបធៀប​នឹង​ប្រទេស​ផ្សេង​ទៀត​នោះ ត្រូវបាន​លោក ម៉ៅ ស្រេង បញ្ជាក់ថា ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី បើ​ធៀប​នឹង​ប្រទេស​អាមេរិក ចក្រភព​អង់គ្លេស កាណាដា នូវែ​លសេ​ឡង់ ពិនិត្យឃើញថា ចំនួន​សិស្ស​ដែល​ទៅ​បន្ត​ការសិក្សា​នៅ​អូស្ត្រាលី គឺ​មាន​ចំនួន​ច្រើន​ជាង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ហើយ​បន្ទាប់មក​គឺ​អាមេរិក នូវែ​លសេ​ឡង់ អង់គ្លេស និង​កាណាដា ដែល​អាយ​ឌី​ភី​ទទួលបាន​ការចុះឈ្មោះ​កូនសិស្ស​ទៅ​បន្ត​ការសិក្សា​។​

​លោក​បាន​ថ្លែងថា “​ការ​ជ្រើស​យក​ជម្រើស​បន្ត​ការសិក្សា នៅ​បរទេស​ជា​ជម្រើស​ល្អ​ក្នុង​ចំណោម​ជម្រើស​ផ្សេងទៀត ដែល​ល្អ​ត្រង់​ថា​ពួកគាត់​មាន​ឱកាស​ក្នុង​ការស្វែងយល់​ពី​ការរស់នៅ​ប្រទេស​ផ្សេង​។ ជា​ទម្លាប់​អាច​រស់នៅ​ដោយ​ខ្លួនឯង បង្កើន​ក្នុង​ការទុកចិត្ត​ក្នុង​ការ​ធ្វើការ​ដោយ​ខ្លួនឯង ។ ទន្ទឹមនឹងនោះ ពួក​គាត់​ទទួលបាន​នូវ​បទពិសោធន៍ ការទទួលបាន​នូវ​សញ្ញាបត្រ​មាន​គុណភាព​ខ្ពស់ ដែល​មាន​ការទទួលស្គាល់​ទូទាំង​ពិភពលោក បន្ទាប់​ពី​ពួកគាត់​បាន​បញ្ចប់​ការសិក្សា ថ្វី​ត្បិត​តែ​ការ​ទៅ​បន្ត​ការសិក្សា​ត្រូវ​ចំណាយ​ថវិកា​ច្រើន អីចឹង​ហើយ​ការទទួល​បាន​មក​វិញ ក៏​ត្រូវ​មាន​ភាព​សមាមាត្រ​ជាមួយ​នឹង​ការចំណាយ​ផងដែរ ។ ខ្ញុំ​យល់​ថា ឱ​ពុក​ម្តាយ​របស់​សិស្ស​និស្សិត​ភាគច្រើន​យល់ឃើញថា​ការ​ដែល​គាត់​ទទួលបាន​មក​វិញ​ទាំង​សញ្ញាបត្រ ទាំង​បទពិសោធន៍ និង​ភាសា គឺ​សមស្រប​ទៅនឹង​តម្លៃ​ដែល​គាត់​ចំណាយ​ក្នុងការ​វិនិយោគ​ទៅ​លើ​អនាគត​បុ​ធីតា​របស់​គាត់​ទៅ​លើ​វិស័យ​អប់រំ “៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×