Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​បុរស​ម៉ាឡេស៊ី​ម្នាក់ ឆបោក​លុយ​ជនជាតិ​ជប៉ុន​ចំនួន ​២៩ ​នាក់ ជាង ​២ ​លាន​ដុល្លារ ក្រោមរូបភាព​វិនិយោគ​

spot_img

​ភ្នំពេញ ​៖ កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ចាប់ខ្លួន បុរស​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ ពាក់ព័ន្ធ​ការ​ឆបោក​លុយ​ជាង​២​លាន​ដុល្លារ ពី​ជនជាតិ​ជប៉ុន​ចំនួន​២៩​នាក់ ក្រោមរូបភាព​វិនិយោគ​ខ្យល់ នៅ​ខេត្ត​កំពត និង​ខេត្ត​កំពង់ស្ពឺ នៅ​ម៉ោង​ជាង​១១​ព្រឹក​ថ្ងៃ​ទី​១៥​ខែ​មីនា ស្ថិតនៅ​ក្នុង​ភោជនីយដ្ឋាន​តា​យ​ម៉េង ក្នុង​រាជធានី​ភ្នំពេញ​។​

​លោកស្រី ស៊ឺ វណ្ណ​នី ព្រះរាជអាជ្ញារង សាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា​ ​បុរស​ជនជាតិ​ម៉ាឡេស៊ី ឈ្មោះ WOO KEE MUN ហៅ WOO CLEMENT អាយុ​៤៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១២/១១ ផ្លូវ​៥៩៨ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​ឱ្យ​ចូល​ខ្លួន លេខ​០៨៥ អ​.​យ​.​យ ចុះ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៨ របស់​លោកស្រី ស៊ឺ វណ្ណ​នី ព្រះរាជ អាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​តម្រូវឱ្យ​ជនសង្ស័យ ចូល​បង្ហាញ​ខ្លួន​នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យបាន​មុខ​ថ្ងៃទី​១៣​ខែ​មេសា ឆ្នាំ​២០១៨ ដើម្បី​សាកសួរ​លើ​បណ្តឹង​ព្រហ្មទណ្ឌ​ពី​បទ ឆបោក​ប្រាក់ តាម​បណ្តឹង​របស់​មេធាវី ណា​ច ទ្រី មេធាវី កែវ ចំណាន និង​មេធាវី ជុន សុជាតិ ជា​តំណាង​ដោយ​អាណត្តិ​ឲ្យ​ដើមបណ្តឹង​ជនជាតិ​ជប៉ុន​ចំនួន​២៩​នាក់ ។​

​មន្ត្រីនគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក៏​បានឲ្យដឹងថា ជនសង្ស័យ​បាន​បោក​លុយ​ពី​ជនជាតិ​ជប៉ុន​ចំនួន​២៩​នាក់ ក្នុង​ទំហំ​ទឹកប្រាក់​រហូតដល់​ជាង​២​លាន​ដុល្លារ ក្រោមរូបភាព​វិនិយោគ​ខ្យល់​។ មន្ត្រីនគរបាល​ប្រាប់ថា កាលពី​អំឡុង​ឆ្នាំ​២០១៣-២០១៤ ជនសង្ស័យ បាន​ទាក់ទង​ជនជាតិ​ជប៉ុន​មួយក្រុម​មាន​ចំនួន​២៩​នាក់ ដោយ​ភូត​ថា ខ្លួន​មាន​ដី​សម្រាប់​ដាំ​ម្រេច នៅ​ឃុំ​ត្រពាំង​ក្តារ ស្រុក​ដងទង់ ខេត្ត​កំពត មាន​ដី​សម្រាប់​ដាំ​ដំឡូង និង​ដើម​អាកាស្សា នៅ​ឃុំ​ក្រាំង​ដង្វាយ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ និង​មាន​ដី​សម្រាប់​ដាំ​ស្វាយ នៅ​ខេត្ត​កំពង់ស្ពឺ តែ​តាម​ការពិត ពេល​ទទួល​លុយ​ពី​ជនរងគ្រោះ​រួចហើយ គឺ​គេច​ខ្លួន​រហូត ពោល​គ្មាន​ដី​សម្រាប់​ការវិនិយោគ​ទាំង​នេះ​ឡើយ​។​

​ជនសង្ស័យ​បាន​ប្រើប្រាស់​លិខិតឆ្លងដែន​ចំនួន​៤ ដើម្បី​ងាយស្រួល​ដើរ​ហើរ និង​ប្រើ​រូបភាព​ឆបោក​។ ក្រៅពី​មាន​ជនជាតិ​ជប៉ុន​ខាងលើ​នេះ ក៏​មាន​ជនជាតិ​ម៉ាឡេស៊ី និង​ជនជាតិ​សឹង្ហ​បុរី​ប្រមាណ​១០​នាក់​ទៀត ដែល​បាន​ចាញ់បោក​ជនសង្ស័យ​រូបនេះ តែ​ពួកគេ​មិន​ទាន់​មក​ដាក់​ពាក្យបណ្តឹង​៕​ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×