Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ចម ប្រសិទ្ធ ៖ កម្ពុជា​កំពុង​ផ្លាស់ប្តូរ​ជា​បណ្តើរៗ​នូវ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ពី​ប្រទេស​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម ទៅ​ជា​ប្រទេស​ពឹងផ្អែក​លើ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​

spot_img

​ភ្នំពេញ ៖ កម្ពុជា​កសាងបាន​នូវ​សេដ្ឋកិច្ច​មួយ​មាន​ភាពរឹងមាំ​អាច​ប៉ាន់​ប្រមាណ​បាន​។ ជាក់ស្តែង​រយៈពេល 2 ទសវត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​រក្សាបាន​នូវ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​គឺ​ក្នុង​រង្វង់ ៧,៧ ភាគរយ ជាមួយនឹង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច អតិផរណា​ទាប និង​អត្រា​ប្តូរប្រាក់ មាន​លំនឹង​។

​លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ថ្លែង​ក្នុង​សន្និបាត បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០១៨ របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​នៅ​ថ្ងៃ​ពុធ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​។​

​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​គាំទ្រ របាយការណ៍​លទ្ធផល​ការងារ ដែល​ក្រសួង​សម្រេច បាន​ក្នុង​ស្មារតី រួមសហការ និង​ទទួល ខុសត្រូវ​ខ្ពស់ ហើយ​ស្តែងចេញ នូវ​លទ្ធផល គួរ​ជាទី​មោទនៈ និង​គាំទ្រ​ចំពោះ​ទិសដៅ​ការងារ​នា​ឆ្នាំ​បន្ទាប់ ព្រមទាំង​ណែនាំ​ឲ្យ​អង្គ សន្និបាត យកចិត្តទុកដាក់​ចំពោះ​មតិ​ណែនាំ និង​អនុសាសន៍ ទាំង​១០​ចំណុច របស់លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​រដ្ឋមន្ត្រី​ស្តីទី​ទទួល បន្ទុក​ទីស្តីការ គណៈរដ្ឋមន្ត្រី តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ទាក់ទង​នឹង​ការ​វិវឌ្ឍន៍​ទៅមុខ​នៃ​វិស័យ​សេដ្ឋកិច្ច​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​សង្កត់ធ្ងន់​ទៅលើ​គោល​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាំឲ្យ​ប្រទេស​ជាតិ​ទាំងមូល​ទទួល បាន សុខ​សន្តិភាព​ទូទាំងប្រទេស ដែល​ពុំ​ធ្លាប់មាន ក្នុង​រយៈកាល​កន្លងមក នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​។ អត្រា​កាត់បន្ថយ​ភាពក្រីក្រ​កម្ពុជា​បាន​ទទួល​ចំណាត់ថ្នាក់​ជា​ប្រទេស​ជោគជ័យ​ទី​៤ លើ​ពិភពលោក ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​។ ក្នុងនោះ តាមរយៈ​សូចនាករ​សង្គម គឺ​ការកើនឡើង​នៃ​ផលិតផល ក្នុងស្រុក​សរុប (​ផ​សស​) ក្នុង​មនុស្ស​ម្នាក់​ពី ១.០៤២ ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៣ មក ១.៤៣៥ ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៧ ។

​ស្ថិតក្នុង​ឱកាស​នោះ​លោក​ទេសរដ្ឋមន្ត្រី បានបង្ហាញ​ថា​៖ គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៧ រោងចក្រ​ធុន​ធំ ដែល​បាន​ចុះបញ្ជី​មាន​ចំនួន​សរុប ១.៥២២ រោងចក្រ ស្មើនឹង ១៣៧​ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៣ ក្នុង​នោះ​ផ្នែក​ឧស្សាហកម្ម​តម្បាញ កាត់ដេរ​សំលៀកបំពាក់ ស្បែកជើង​និង​កាបូប​មាន​ចំនួន ១.០៣១ រោងចក្រ ស្មើនឹង ១២៩% និង​ពលកម្ម​សរុប មាន​ចំនួន ៩៨២.២០៣ នាក់ ស្មើនឹង ១៤៣​ភាគរយ ប្រៀប ធៀប​នឹង​ឆ្នាំ ២០១៣​។ ចំណែក សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម មាន​ចំនួន​សរុប ១៥៥.៦៤០ មូលដ្ឋាន ស្មើនឹង ១៣០​ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៣ ហើយ​បាន​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ ១.១០៦.៧៤៥​នាក់ ស្មើនឹង ២២៩​ភាគរយ ធៀប​នឹង​រយៈពេល​ដដែល​នេះ​។ ចំណុច​នេះ លោក​ទេសរដ្ឋមន្ត្រី បាន​ទាញ​ការចាប់អារម្មណ៍​ថា​៖ ក្នុង​ទិដ្ឋភាព​បច្ចុប្បន្ន កម្ពុជា​កំពុងតែ​ផ្លាស់ ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ពី​ប្រទេស​ដែល​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម ទៅ​ជា​ប្រទេស​ពឹងផ្អែក​លើ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​។ ជាក់ស្តែង តាម​តួរ​លេខ​បង្ហាញថា ៖ វិស័យ​ឧស្សាហកម្ម បាន​ចូលរួមចំណែក​នៃ​កណើន​ផលទុន​សរុប​ក្នុងស្រុ​ក​មាន​ការកើនឡើង​ជា​រៀងរាល់ឆ្នាំ គឺ​ពី​ទំហំ ២៤,១ ភាគរយ នៅ​ឆ្នាំ​២០១៣ ដល់​ទំហំ ៣០,៩ ភាគរយ​នៅ​ឆ្នាំ ២០១៧ ស្របពេល​ដែល​វិស័យ​កសិកម្ម មាន​ចំនួន ២៤,៩​ភាគរយ នៅ​ឆ្នាំ​២០១៧​។ ប្រការនេះ ធ្វើឲ្យ​កម្ពុជា ប្រែក្លាយ​ពី​ប្រទេស​មាន​ចំណូល​ទាប ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប និង​កំពុង​បន្ត​ដំណើរ​ឈាន​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ។​

​ទាក់ទង​នឹង​កង្វល់ និង​សំណូមពរ នានា​ដែល​បាន​លើកឡើង​ក្នុង​អង្គសន្និបាត​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ដោះស្រាយ​បញ្ហា​ជាក់ស្តែង និង​ណែនាំ​បន្ថែម​លើ​កា​ងារ​ជាច្រើន ដូចជា​៖ ជំរុញ​ប្រសិទ្ធិភាព​ការផ្តល់សេវា​សាធារណៈ អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​តាម​ប្រកាស​ស្តីពី​ការធ្វើ​ប្រតិភូកម្ម​អំណាច​វិស័យ​ឧស្សាហកម្ម​ទៅ​ថ្នាក់ក្រោម​ជាតិ ជម្រុញ​ឲ្យមាន​ការចុះប​ញ្ជី​តាម​លក្ខណៈ​ផ្លូវច្បាប់​នូវ​រោងចក្រ សហគ្រាស និង​សិប្បកម្ម យកចិត្តទុកដាក់​ការត្រួតពិនិត្យ រោងចក្រ សិប្បកម្ម ដែល​ផលិត​ផលិតផល មិន​ស្រប​តាម​ស្តង់ដារ ប៉ះពាល់​ដល់​សុខភាព និង​បរិស្ថាន យកចិត្តទុកដាក់​លើ​សុវត្ថិភាព​ឡ​ចំហាយ កំណត់​យន្តការ​តាមដាន​និង​កត់ត្រា​ច្បាស់លាស់​ពី​តួរ លេខ​រោងចក្រ​បង្កើត​ថ្មី និង​រោងចក្រ​ត្រូវ​បិទ ពង្រឹង​វិស័យ​ស្តង់ដារ និង​មាត្រា​សាស្ត្រ ពង្រឹង​មន្ទីរពិសោធន៍​ឧស្សាហកម្ម យកចិត្ត ទុកដាក់​ឲ្យ​កាន់តែ​ខ្លាំងក្លា​ឡើង​លើ​វិស័យ​ផលិត​ទឹកស្អាត​ដល់​ប្រជាពលរដ្ឋ​នៅតាម​ទីក្រុង និង​ទីប្រជុំជន ជា​ពិសេស​ជំរុញ​ឲ្យ​ប្រតិ បត្តិករ​ទឹកស្អាត​ប្រើ​បញ្ជី​គណនេយ្យ​ឯកភាពគ្នា​តែមួយ​។

ជាមួយគ្នានេះ​លោក​ទេសរដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​អង្គសន្និបាត យក​គោល នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ឆ្នាំ​២០១៥-២០២៥ ជា​ត្រីវិស័យ សំដៅ​ពង្រឹង​ការធ្វើ​ពិពិធ​កម្ម​ផលិតផល ឧស្សាហកម្ម​និង ទីផ្សារ​។ ដោយឡែក​ជា​វិធានការ​ជាក់ស្តែង លោក​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​ថា​៖ ចំពោះ​មុខ​នៅ​ពេល​ដែល មន្ត្រី​នៅ​វិទ្យាស្ថាន​ស្តង់ដារ​ទទួលបាន​នីតិសម្បទា​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ហើយ វិទ្យាស្ថាន​ស្តង់ដារ​នឹង​ពង្រឹង​ការត្រួតពិនិត្យ​លើ​ការ​បញ្ហា​គ្រប់គ្រង​គុណភាព និង​ស្តង់ដារ​ផលិតផល ដើម្បី​រួមចំណែក​ដល់​ការលើកកម្ពស់​កិច្ច​ការពារ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ និង​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​របស់​សហគ្រាស​ផលិតកម្ម​ព្រមទាំង ការពង្រីក​សក្តានុពល​របស់​ផលិតផល​កម្ពុជា​។

​ចំណែក​ចំណុច​មួយទៀត​គឺ​គ្រប់​ម្ចាស់​សិប្បកម្ម​ផលិត​អំបិល ទាំងអស់​ត្រូវតែ​បញ្ចូល​ជាតិ​អ៊ីយ៉ូត​ក្នុង​អំបិល​ជាដាច់ខាត​។ រីឯ​ផលិតកម្ម​ផលិត​ទឹកត្រី​ក៏​ដូចគ្នា​ដែរ ត្រូវ​បញ្ចូល​ជាតិ​ដែក​ក្នុង​ទឹកត្រី ដើម្បី​ជួយ​ដល់​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ជា​ពិសេស​កុមារ និង​ស្ត្រី នៅតាម​ជនបទ កុំឲ្យ​ទទួលភាព​ក្រិន អន់​បញ្ញា ស្លេកស្លាំង និង​ជំងឺពកក​៕​ ​ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×