ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ២០ និង៣០នាទី មានក្រុមចោរប្លន់ AK ៦នាក់ បានធ្វើសកម្មភាព ប្លន់ប្រដាប់អាវុធ AK ចំនួន ២ដើម នៅចំណុច ភូមិត្រពាំងពោធិ៍ ផ្លូវទំនប់កប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចុះទៅដល់កន្លែងកើតហេតុ អន្តរាគមន៍ទាន់ពេលវេលា និងឃាត់ខ្លួនបានបក្ខពួកចោរប្លន់ម្នាក់នៅនឹងកន្លែង ដោយជនសង្ស័យម្នាក់នោះ បាញ់ប្រហារមកលើសមត្ថកិច្ចតែមិនផ្ទុះ ក៏ត្រូវសមត្ថកិច្ចបាញ់តបតវិញ បណ្តាលឲ្យបាក់ភ្លៅ។
ក្រោយពេលកើតហេតុ ក្រោមការចង្អុលបង្ហាញ និងដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានធ្វើការស្រាវជ្រាវយ៉ាង យកចិត្តទុកដាក់ រហូតឈានដល់ ធ្វើការឃាត់ខ្លួនជនសង្ស័យសេសសល់៥នាក់ទៀតជាបន្តបន្ទាប់ ក្នុងនោះមាន២នាក់ បង្ក្រាបបានដោយមានការសហការណ៍ជាមួយអាវុធហត្ថខេត្តព្រៃវែង។
សរុបជនសង្ស័យធ្វើសកម្មភាពប្លន់មានគ្នា៦នាក់ ត្រូវបានឃាត់ខ្លួនគ្រប់ចំនួន និងដកហូតអាវុធ AK បានទាំង២ដើម ហើយក្នុងនោះ គឺមានជនសង្ស័យចំនួន ២នាក់ ជាមុខសញ្ញាចាស់ ធ្លាប់ជាប់គុក ពីបទប្លន់ប្រដាប់អាវុធផងដែរ ។
ជនសង្ស័យទាំង៦នាក់ដែលឃាត់ខ្លួនមាន ៖ ១.នុត ខេន ហៅ ស៊ុន ខេន អាយុ ៣៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ភូមិពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ។ តាមចម្លើយសារភាព ធ្លាប់ជាប់ពន្ធនាគារ នៅខេត្តកណ្ដាល ក្នុងឆ្នាំ២០០៧ រយៈពេល៧ឆ្នាំ ពីបទ ប្លន់ (ប្រដាប់អាវុធ AK) ដែលជនរងគ្រោះជា ថៅកែផ្សារព្រែកអញ្ចាញ ខេត្តកណ្ដាល បាត់បង់សម្ភារៈ លុយ និងមាស ។ បក្ខពួកក្នុងអំពើប្លន់នាពេលនោះ មាន៤នាក់ ទី១. ឈ្មោះ អួន ដា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរកាត់ឡាវ , ទី២. ឈ្មោះ ឌី ហៃ ភេទប្រុស អាយុ៣៧ឆ្នាំ , ទី៣. ឈ្មោះ គេម ប្រុស ភេទប្រុស អាយុ៣៥ឆ្នាំ និង ទី៤. ឈ្មោះ នុត ខេន ។ ក្នុងសកម្មភាពប្លន់នោះ បានប្រើប្រាស់អាវុធ AK ចំនួន២ដើម ហើយបានបាញ់គម្រាម ជាច្រើនគ្រាប់ ប៉ុន្ដែមិនបណ្ដាលអោយ អ្នកណាម្នាក់មានរបួសឡើយ ហើយក្រោយមកត្រូវសមត្ថកិច្ចចាប់ខ្លួនបានជាបន្តបន្ទាប់ ។ តែឈ្មោះ ដា , ឌី , និងប្រុស បានចេញពីគុកមុន។ លុះឈ្មោះ នុត ខេន ចេញពីគុក ធ្លាប់បានតាមរកបក្ខពួកទាំង៣នាក់ខាងលើដើម្បីទាមទារចំណែក ដែលធ្លាប់ប្លន់បានដែរ តែរកពុំឃើញ។ នុត ខេន នេះត្រូវអាវុធហត្ថបាញ់បាក់ភ្លៅ។ ២.ងិន អ៊ាគ ហៅ សុខ អាយុ ៤៣ ឆ្នាំស្រុកកំណើត ភូមិបឹងរ៉ែ ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ទីលំនៅបច្ចុប្បន្ន ភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ តាមចម្លើយសារភាព ធ្លាប់ជាប់គុកក្នុងឆ្នាំ ២០០០ រយៈពេល ៨ឆ្នាំកន្លះ ពីបទប្លន់ម៉ូតូ (បាញ់ជនរងគ្រោះត្រូវរបួសធ្ងន់),នៅចំណុចក្លោងទ្វាវត្ត តាព្រហ្មខាងលិច ឃុំចន្ទ្រា ក្រុងបាវិត ខេត្តស្វាយរៀង,ជាប់នៅពន្ធនាគា ខេត្ត ស្វាយរៀង ចេញវិញថ្ងៃទី ២០០៨។ ៣.ឈុត សុធី ហៅ ខ្មៅចាស់ អាយុ ៥៤ ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្រុកកំណើត ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌពោធ៍សែនជ័យ ។ ៤.ទៀប សារ៉ាត់ ហៅពេទ្យ ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរពេទ្យ ស្រុកកំណើត ភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ទីលំនៅបច្ចុប្បន្ន ខេត្តស្វាយរៀង ។ ៥.ឈិន ណាង ហៅ ខ្មៅក្មេង ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរជាងសំណង់ ស្រុកកំណើត ភូមិគោគរវាង ស្រុកមេសាង ខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្ន ផ្ទះជួល សង្កាត់គោគរការ ខណ្ឌព្រែកព្នៅ ។ ៦. អ៊ុក ប៊ុន្នី ហៅ ពៅ ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ កម្មករសំណង់ ស្រុកកំណើត ភូមិចំណងទៀក ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ក្រោមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ក្រុមចោរប្លន់ទាំងនេះព្រមសារភាពថា ក្រោយពេល ឈ្មោះ នុត ខេន ចេញពីគុក បានតាមរកបក្ខពួកចាស់របស់ខ្លួនពុំជួប រូបគេក៏ដើរប្រមែប្រមូលរកបក្ខពួកថ្មី ដើម្បីបន្តមុខរបរចាស់ ព្រោះមុនពេលជាប់គុកឈ្មោះខេន បានកប់ទុកកាំភ្លើងAK ចំនួន២ដើម។ រហូតមកដល់ដើមឆ្នាំ២០១៨ ឈ្មោះ នុត ខេន និងឈ្មោះ អ៊ុក ប៊ុន្នី ជាអ្នកផ្ទះជាប់គ្នា បានស្គាល់ជាមួយឈ្មោះ ឈុត សុធី ហៅ ខ្មៅចាស់ និង ឈ្មោះ ឈិន ណាង ហៅ ខ្មៅក្មេង ក៏ចាប់ផ្តើមនិយាយគ្នាពីរឿងដើរប្លន់ តែដោយខ្វះកម្លាំង ឈ្មោះ ឈុត សុធី (ខ្មៅចាស់) បាននឹកឃើញដល់ឈ្មោះ ងិន អ៊ាគ ហៅ សុខ នៅខេត្តបន្ទាយមានជ័យ កាលពីរូបគេរស់នៅទីនោះក្នុងឆ្នាំ២០១៦ ធ្លាប់ស្គាល់និងដឹងថា ឈ្មោះ ងិន អ៊ាគ (សុខ) ធ្លាប់ជាប់គុកពីបទប្លន់ម្តងហើយ ទើបទូរស័ព្ទហៅឲ្យមកភ្នំពេញ ដើម្បីរកលុយ រីឯឈ្មោះ នុត ខេន បានហៅឈ្មោះ ទៀប សារ៉ាត់ ដែលធ្លាប់ស្គាល់គ្នា នៅឯភូមិក្នុងខេត្តស្វាយរៀង ឲ្យឡើងមកភ្នំពេញដែរ។ ដំបូងឡើយពួកគេបានដើរមើលភូមិសាស្ត្រនិង រៀបផែនការប្លន់នៅខេត្តកំពត តាកែវ ព្រៃវែង និង ស្វាយរៀង ដោយឈ្មោះខេន បានយកកាំភ្លើងទៅលាក់ទុកនៅវាលស្រែ ចំណុច ប័ង្កសី ឃុំទួលអំពិល ខេត្តកំពង់ស្ពឺ ដើម្បីប្លន់នៅភូមិសាស្ត្រកំពតនិងតាកែវជាមុន ទើបបន្តទៅខេត្តព្រៃវែងនិងស្វាយរៀង។
នៅចុងខែកុម្ភៈ ឆ្នាំ២០១៨ ឈ្មោះ ឈិន ណាង (ខ្មៅក្មេង) ទៅបង់ត្រីនៅក្រោយផ្ទះលក់ប្រេងមួយ នៅចំណុច ភូមិត្រពាំងពោធិ៍ ផ្លូវទំនប់កប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានប្រទះឃើញម្ចាស់ផ្ទះមានពាក់គ្រឿងអលង្ការធំៗ ក៏ហៅគ្នីគ្នាមកមើល ហើយសម្រេចចិត្តរៀបផែនការចូលប្លន់ក្នុងដើមខែមីនា ដើម្បីយកលុយធ្វើសោហ៊ុយ បន្តទៅដើរប្លន់តាមខេត្ត តែដោយបានដឹងព័ត៌មានថា សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះទៅសម្ពោធសមិទ្ធិផលនានា ក្នុងវត្តឈូកវ៉ា នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ក៏ធ្វើឲ្យគម្រោងការពួកគេត្រូវអាកខានម្តង ព្រោះមានសមត្ថកិច្ចរឹតបន្តឹងសន្តិសុខសុវត្ថិភាពតឹងរឹង ហើយពួកគេក៏ទៅមើលភូមិសាស្ត្រ នៅឯខេត្តកំពតនិងតាកែវវិញ។ ក្រោយពេលកម្មវិធីរបស់សម្តេចត្រូវបានបញ្ចប់ ពួកគេក៏ត្រឡប់មកពីខេត្តកំពតវិញក្នុងថ្ងៃទី៧ ខែមីនា និងបានចូលយកកាំភ្លើងដែលកប់លាក់ទុកនៅវាលស្រែ នៅប័ង្កសី ខេត្តកំពង់ស្ពឺ ដើម្បីមកប្លន់ផ្ទះលក់ប្រេងម្តងទៀត តែពេលមកដល់ផ្ទះលក់ប្រេងយប់ពេក ម្ចាស់ផ្ទះចាក់សោរ ពិបាកចូលប្លន់ ក៏សម្រេចចិត្តដេកចាំក្រោយផ្ទះមួយយប់ រហូតដល់ព្រលប់ថ្ងៃទី៨ ម៉ោងប្រហែងជាង៨ ក៏សម្រុកចូលប្លន់តែម្តង តែមិននឹកស្មានថា កម្លាំងអាវុធហត្ថទៅទាន់ ធ្វើឲ្យគម្រោងការពួកគេបរាជ័យ និងត្រូវបានសមត្ថកិច្ច បាញ់បាក់ភ្លៅ របួសដួលនៅនឹងកន្លែងម្នាក់ឈ្មោះ នុត ខេន ហើយ៥នាក់ផ្សេងក៏ចែកផ្លូវគ្នារត់គេចនិងរកកន្លែង លាក់ខ្លួនរៀងៗខ្លួន។ តែចុងក្រោយនៅតែមិនអាចគេចផុត ពីការតាមប្រម៉ាញ់របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញដដែល៕ ដោយ ៖ បញ្ញាស័ក្តិ