Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ហាញ​ប្រវត្តិ​ចោរប្លន់​អស់លក្ខណ៍ ៦ នាក់ ប្លន់​អ្នកលក់​សាំង​នៅ​ព្រែក​ព្នៅ​

spot_img

​ភ្នំពេញ ​៖ កាលពី​យប់​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៨ វេលា​ម៉ោង ២០ និង​៣០​នាទី មាន​ក្រុម​ចោរប្លន់ AK ៦​នាក់ បានធ្វើ​សកម្មភាព ប្លន់​ប្រដាប់អាវុធ AK ចំនួន ២​ដើម នៅ​ចំណុច ភូមិ​ត្រពាំង​ពោធិ៍ ផ្លូវ​ទំនប់​កប់​ស្រូវ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ហើយ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ អន្តរាគមន៍​ទាន់ពេលវេលា និង​ឃាត់ខ្លួន​បាន​បក្ខពួក​ចោរប្លន់​ម្នាក់​នៅនឹងកន្លែង ដោយ​ជនសង្ស័យ​ម្នាក់​នោះ បាញ់ប្រហារ​មក​លើ​សមត្ថកិច្ច​តែ​មិន​ផ្ទុះ ក៏​ត្រូវ​សមត្ថកិច្ច​បាញ់​តបត​វិញ បណ្តាលឲ្យ​បាក់​ភ្លៅ​។​

​ក្រោយពេល​កើតហេតុ ក្រោម​ការចង្អុលបង្ហាញ និង​ដាក់បទបញ្ជា​យ៉ាង​ម៉ឹងម៉ាត់ របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ធ្វើ​ការស្រាវជ្រាវ​យ៉ាង យកចិត្តទុកដាក់ រហូត​ឈានដល់ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​សេសសល់​៥​នាក់​ទៀត​ជា​បន្តបន្ទាប់ ក្នុងនោះ​មាន​២​នាក់ បង្ក្រាបបាន​ដោយ​មាន​ការសហកា​រណ៍​ជាមួយ​អាវុធហត្ថ​ខេត្ត​ព្រៃវែង​។

​សរុប​ជនសង្ស័យ​ធ្វើ​សកម្មភាព​ប្លន់​មាន​គ្នា​៦​នាក់ ត្រូវបាន​ឃាត់ខ្លួន​គ្រប់​ចំនួន និង​ដកហូត​អាវុធ AK បាន​ទាំង​២​ដើម ហើយ​ក្នុងនោះ គឺ​មាន​ជនសង្ស័យ​ចំនួន ២​នាក់ ជា​មុខសញ្ញា​ចាស់ ធ្លាប់​ជាប់គុក ពី​បទ​ប្លន់​ប្រដាប់អាវុធ​ផងដែរ ។

​ជនសង្ស័យ​ទាំង​៦​នាក់​ដែល​ឃាត់​ខ្លួន​មាន ​៖ ១.​នុត ខេន ហៅ ស៊ុន ខេន អាយុ ៣៨ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្រុកកំណើត ភូមិ​ពាម​មន្ទា​រ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ទីលំនៅ​បច្ចុប្បន្ន មិន​ពិតប្រាកដ​។ តាម​ចម្លើយ​សារភាព ធ្លាប់​ជាប់​ពន្ធនាគារ នៅ​ខេត្ត​កណ្ដាល ក្នុង​ឆ្នាំ​២០០៧ រយៈពេល​៧​ឆ្នាំ ពីបទ ប្លន់ (​ប្រដាប់អាវុធ AK) ដែល​ជនរងគ្រោះ​ជា ថៅកែ​ផ្សារ​ព្រែក​អញ្ចាញ ខេត្ត​កណ្ដាល បាត់បង់​សម្ភារៈ លុយ និង​មាស ។ បក្ខពួក​ក្នុង​អំពើ​ប្លន់​នាពេលនោះ មាន​៤​នាក់ ទី​១. ឈ្មោះ អួន ដា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ​កាត់​ឡាវ , ទី​២. ឈ្មោះ ឌី ហៃ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ , ទី​៣. ឈ្មោះ គេ​ម ប្រុស ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ និង ទី​៤. ឈ្មោះ នុត ខេន ។ ក្នុង​សកម្មភាព​ប្លន់​នោះ បាន​ប្រើប្រាស់​អាវុធ AK ចំនួន​២​ដើម ហើយ​បាន​បាញ់​គម្រាម ជា​ច្រើន​គ្រាប់ ប៉ុន្ដែ​មិន​បណ្ដាល​អោយ អ្នកណា​ម្នាក់​មាន​របួស​ឡើយ ហើយ​ក្រោយមក​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ជា​បន្តបន្ទាប់ ។ តែ​ឈ្មោះ ដា , ឌី , និង​ប្រុស បាន​ចេញ​ពី​គុក​មុន​។ លុះ​ឈ្មោះ នុត ខេន ចេញពី​គុក ធ្លាប់​បាន​តាម​រក​បក្ខ​ពួក​ទាំង​៣​នាក់​ខាងលើ​ដើម្បី​ទាមទារ​ចំណែក ដែល​ធ្លាប់​ប្លន់​បាន​ដែរ តែរ​ក​ពុំ​ឃើញ​។ នុត ខេន នេះ​ត្រូវ​អាវុធហត្ថ​បាញ់​បាក់​ភ្លៅ​។​ ២.​ងិន អ៊ាគ ហៅ សុខ អាយុ ៤៣ ឆ្នាំ​ស្រុកកំណើត ភូមិ​បឹង​រ៉ែ ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង​។ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ថ្មដែកកេះ ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​។ តាម​ចម្លើយ​សារភាព ធ្លាប់​ជាប់គុក​ក្នុង​ឆ្នាំ ២០០០ រយៈពេល ៨​ឆ្នាំ​កន្លះ ពី​បទ​ប្លន់​ម៉ូតូ (​បាញ់​ជនរងគ្រោះ​ត្រូវ​របួស​ធ្ងន់​),​នៅ​ចំណុច​ក្លោងទ្វា​វត្ត តា​ព្រហ្ម​ខាងលិច ឃុំ​ចន្ទ្រា ក្រុង​បាវិត ខេត្ត​ស្វាយរៀង​,​ជាប់​នៅ​ពន្ធនាគា ខេត្ត ស្វាយរៀង ចេញ​វិញ​ថ្ងៃទី ២០០៨​។​ ៣.​ឈុត សុធី ហៅ ខ្មៅ​ចាស់ អាយុ ៥៤ ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ស្រុកកំណើត ឃុំ​ពាន​រោង ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង ។ ទីលំនៅ​បច្ចុប្បន្ន ផ្ទះជួល ភូមិ​ត្រពាំង​ថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ​ពោ​ធ៍​សែន​ជ័យ ។​ ៤.​ទៀប សារ៉ាត់ ហៅ​ពេទ្យ ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ​ពេទ្យ ស្រុកកំណើត ភូមិ​ជីកដី ឃុំ​អណ្ដូង​ត្របែក ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ទីលំនៅ​បច្ចុប្បន្ន ខេត្ត​ស្វាយរៀង ។​ ៥.​ឈិន ណា​ង ហៅ ខ្មៅ​ក្មេង ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ​ជាងសំណង់ ស្រុកកំណើត ភូមិ​គោគ​រវាង ស្រុក​មេសាង ខេត្ត​ព្រៃវែង ទីលំនៅ​បច្ចុប្បន្ន ផ្ទះជួល សង្កាត់​គោគ​រការ ខណ្ឌ​ព្រែក​ព្នៅ ។​ ៦. អ៊ុក ប៊ុន្នី ហៅ ពៅ ភេទ​ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ កម្មករសំណង់ ស្រុកកំណើត ភូមិ​ចំណង​ទៀក ឃុំ​ពាម​មន្ទា​រ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង​។​

​ក្រោម​វិធានការ​ជំនាញ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រុម​ចោរប្លន់​ទាំង​នេះ​ព្រម​សារភាព​ថា ក្រោយពេល ឈ្មោះ នុត ខេន ចេញពី​គុក បាន​តាម​រក​បក្ខពួក​ចាស់​របស់​ខ្លួន​ពុំ​ជួប រូបគេ​ក៏​ដើរ​ប្រមែប្រមូល​រក​បក្ខពួក​ថ្មី ដើម្បី​បន្ត​មុខរបរ​ចាស់ ព្រោះ​មុនពេល​ជាប់គុក​ឈ្មោះ​ខេន បាន​កប់​ទុក​កាំភ្លើង​AK ចំនួន​២​ដើម​។ រហូតមក​ដល់​ដើមឆ្នាំ​២០១៨ ឈ្មោះ នុត ខេន និង​ឈ្មោះ អ៊ុក ប៊ុន្នី ជា​អ្នក​ផ្ទះ​ជាប់​គ្នា បាន​ស្គាល់​ជាមួយ​ឈ្មោះ ឈុត សុធី ហៅ ខ្មៅ​ចាស់ និង ឈ្មោះ ឈិន ណា​ង ហៅ ខ្មៅ​ក្មេង ក៏​ចាប់​ផ្តើមនិយាយ​គ្នា​ពី​រឿង​ដើរ​ប្លន់ តែ​ដោយ​ខ្វះ​កម្លាំង ឈ្មោះ ឈុត សុធី (​ខ្មៅ​ចាស់​) បាន​នឹកឃើញ​ដល់​ឈ្មោះ ងិន អ៊ាគ ហៅ សុខ នៅ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​រូប​គេ​រស់នៅ​ទីនោះ​ក្នុង​ឆ្នាំ​២០១៦ ធ្លាប់​ស្គាល់​និង​ដឹងថា ឈ្មោះ ងិន អ៊ាគ (​សុខ​) ធ្លាប់​ជាប់គុក​ពី​បទ​ប្លន់​ម្តង​ហើយ ទើប​ទូរស័ព្ទ​ហៅ​ឲ្យមក​ភ្នំពេញ ដើម្បី​រក​លុយ រីឯ​ឈ្មោះ នុត ខេន បាន​ហៅ​ឈ្មោះ ទៀប សារ៉ាត់ ដែល​ធ្លាប់​ស្គាល់គ្នា នៅ​ឯ​ភូមិ​ក្នុង​ខេត្ត​ស្វាយរៀង ឲ្យ​ឡើង​មក​ភ្នំពេញ​ដែរ​។ ដំបូង​ឡើយ​ពួកគេ​បាន​ដើរ​មើល​ភូមិសាស្ត្រ​និង រៀប​ផែនការ​ប្លន់​នៅ​ខេត្ត​កំពត តាកែវ ព្រៃវែង និង ស្វាយរៀង ដោយ​ឈ្មោះ​ខេន បាន​យក​កាំភ្លើង​ទៅ​លាក់ទុក​នៅ​វាលស្រែ ចំណុច ប័ង្ក​សី ឃុំ​ទួល​អំពិល ខេត្ត​កំពង់ស្ពឺ ដើម្បី​ប្លន់​នៅ​ភូមិសាស្ត្រ​កំពត​និង​តាកែវ​ជា​មុន ទើប​បន្ត​ទៅ​ខេត្ត​ព្រៃវែង​និង​ស្វាយរៀង​។

​នៅ​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៨ ឈ្មោះ ឈិន ណា​ង (​ខ្មៅ​ក្មេង​) ទៅ​បង់​ត្រី​នៅ​ក្រោយ​ផ្ទះ​លក់​ប្រេង​មួយ នៅ​ចំណុច ភូមិ​ត្រពាំង​ពោធិ៍ ផ្លូវ​ទំនប់​កប់​ស្រូវ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បាន​ប្រទះឃើញ​ម្ចាស់ផ្ទះ​មាន​ពាក់​គ្រឿងអលង្ការ​ធំៗ ក៏​ហៅ​គ្នីគ្នា​មក​មើល ហើយ​សម្រេច​ចិត្ត​រៀប​ផែនការ​ចូល​ប្លន់​ក្នុង​ដើមខែ​មីនា ដើម្បី​យក​លុយ​ធ្វើ​សោហ៊ុយ បន្ត​ទៅ​ដើរ​ប្លន់​តាម​ខេត្ត តែ​ដោយ​បាន​ដឹង​ព័ត៌មាន​ថា សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ទៅ​សម្ពោធ​សមិទ្ធិផល​នានា ក្នុង​វត្ត​ឈូក​វ៉ា នា​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១៨ ក៏​ធ្វើឲ្យ​គម្រោងការ​ពួកគេ​ត្រូវ​អាកខាន​ម្តង ព្រោះ​មាន​សមត្ថកិច្ច​រឹតបន្តឹង​សន្តិសុខ​សុវត្ថិភាព​តឹងរឹង ហើយ​ពួកគេ​ក៏​ទៅ​មើល​ភូមិសាស្ត្រ នៅឯ​ខេត្ត​កំពត​និង​តាកែវ​វិញ​។ ក្រោយពេល​កម្មវិធី​របស់​សម្តេច​ត្រូវបាន​បញ្ចប់ ពួកគេ​ក៏​ត្រឡប់មក​ពី​ខេត្ត​កំពត​វិញ​ក្នុង​ថ្ងៃ​ទី​៧ ខែ​មីនា និង​បាន​ចូល​យក​កាំភ្លើង​ដែល​កប់​លាក់ទុក​នៅ​វាលស្រែ នៅ​ប័ង្កសី ខេត្ត​កំពង់ស្ពឺ ដើម្បី​មក​ប្លន់​ផ្ទះ​លក់​ប្រេង​ម្តងទៀត តែ​ពេល​មកដល់​ផ្ទះ​លក់​ប្រេង​យប់​ពេក ម្ចាស់ផ្ទះ​ចាក់សោរ ពិបាក​ចូល​ប្លន់ ក៏​សម្រេចចិត្ត​ដេកចាំ​ក្រោយ​ផ្ទះ​មួយ​យប់ រហូត​ដល់​ព្រលប់​ថ្ងៃទី​៨ ម៉ោង​ប្រហែង​ជាង​៨ ក៏​សម្រុកចូល​ប្លន់​តែម្តង តែ​មិន​នឹកស្មានថា កម្លាំង​អាវុធហត្ថ​ទៅ​ទាន់ ធ្វើឲ្យ​គម្រោងការ​ពួកគេ​បរាជ័យ និង​ត្រូវបាន​សមត្ថកិច្ច បាញ់​បាក់​ភ្លៅ របួស​ដួល​នៅ​នឹង​កន្លែង​ម្នាក់​ឈ្មោះ នុត ខេន ហើយ​៥​នាក់​ផ្សេង​ក៏​ចែក​ផ្លូវ​គ្នា​រត់​គេច​និង​រក​កន្លែង លាក់​ខ្លួន​រៀងៗ​ខ្លួន​។ តែ​ចុងក្រោយ​នៅតែ​មិន​អាច​គេចផុត ពី​ការ​តាម​ប្រម៉ា​ញ់​របស់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដដែល​៕​ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×