Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាបនា​ស្ថានីយ​បូម​ទឹកលូ​៥ មួយកន្លែង​ទៀត អាច​រំដោះ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​ភូមិសាស្ត្រ​៣​ខណ្ឌ ​នៅ​ជាយក្រុង​

spot_img

​ភ្នំពេញ ​៖ ស្ថានីយ​បូម​ទឹកលូ​៥ មួយកន្លែង​ទៀត បាន​បើក​ការដ្ឋាន​សាងសង់​ហើយ នៅ​ព្រឹក​ថ្ងៃទី​១៦ មីនា​នេះ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិ​បា​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​១​ពាន់​នាក់ ដើម្បី​បូមទឹក​រំដោះ​ការលិចលង់​ជូន​ប្រជាពលរដ្ឋ​៣​ខណ្ឌ​ជាយក្រុង ។​

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​អោយដឹងថា ស្ថានីយ​បូម​ទឹកលូ​៥ ត្រូវបាន​ស្ថាបនា​ឡើង​នៅ​ចំណុច​មុំ​បី ចំណុច​ប្រសព្វ​៣​ខណ្ឌ គឺ​ខណ្ឌ​មានជ័យ ពោធិ​សែន​ជ័យ​និង​ខណ្ឌ​ដង្កោ ហើយ​ប្រឡាយ​នេះ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​រំដោះ​ទឹកជំនន់​ទឹកភ្លៀង​ចេញពី​តំបន់​ជាច្រើន​នៅក្នុង​ខណ្ឌ​ទាំង​៣​នេះ​ផង​ដែរ​។​

លោក​បន្តថា ស្ថានីយ​បូម​ទឹកលូ​៥ ធ្វើឡើង​តាម​គម្រោង​ប្លង់​មេ​អភិវឌ្ឍន៍​របស់​រាជធានី​ភ្នំពេញ ដែល​បាន​សិក្សា​ដោយ​អង្គការ​ចៃ​កា​ជា​យូរ​មក​ហើយ ។​ស្ថានីយ​បូម​ទឹកលូ​៥​នេះ គឺជា​ទីតាំង​យុទ្ធសាស្ត្រ​មួយ ក្នុង​ការបូមទឹក​ចេញពី​តំបន់​ខាងកើត​ព្រលានយន្តហោះ តំបន់​ចោមចៅ តំបន់​ត្រពាំង​ថ្លឹង ភូមិ​គោក​បញ្ជាន់ តំបន់​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា តំបន់​ថ្មគោល ផ្លូវ​២០០៤ និង​មួយ​ផ្នែក​ទៀត​ពី​សង្កាត់​ទឹកថ្លា ខាងត្បូង​មហាវិថី​សហព័ន្ធរុស្សុី ដែល​មាន​ទំហំ​ផ្ទៃ​រង​ទឹកភ្លៀង​រហូតដល់​១០២៨​ហិកតា​។​

លោក​បន្តថា ស្ថានីយ​បូម​ទឹកលូ​៥ ដែល​បើក​ការដ្ឋាន​ស្ថាបនា​នៅពេលនេះ នឹង​ត្រូវ​សាងសង់​អគារ​ថ្មី​បណ្តោយ​១៨,៩​ម៉ែត្រ ទទឹង ១០,៩​ម៉ែត្រ បំពាក់​បំពង់​បូមទឹក​៤​គ្រឿង ក្នុងនោះ បំពង់​មុខកាត់​៨​តឹក​២​គ្រឿង​និង​បំពង់​មុខកាត់​១​ម៉ែត្រ​ចំនួន​២​គ្រឿង ដែល​អាច​មាន​សមត្ថិ​ភាព​បូមទឹក​បាន​៥​ម៉ែត្រ​គុប ក្នុង​មួយ​វិនាទី​និង​ស្មើ​និង​២៨៨០០​ម៉ែត្រ​គុប ក្នុង​១​ម៉ោង​។​

លោក ឃួ​ង ស្រេង បាន​ប្រសាសន៍​លើកឡើង​ថា​គ្មាន​ការជោគជ័យ​ណាមួយ​មិន​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​នោះ​ទេ ។ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ខិតខំ​ណាស់​ក្នុង​ការដោះស្រាយ​បញ្ហា​លិចលង់ ដោយ​ក្រៅពី​កសាង​ស្ថានីយ​ហើយ យើង​នៅ​បើក​យុទ្ធនាការ​ស្តារ​ប្រឡាយ​និង​លូ នៅ​៤​ខណ្ឌ​កណ្តាល​ក្រុង​ថែម​ទៀត​។ លោក​បន្តថា ដើម្បី​អោយ​ទឹក​លែង​លិច យើង​ត្រូវ​រួមគ្នា​ថែរក្សា​ប្រឡាយ ។

ជាក់ស្តែង​យើង​កំពុង កាយ​អភិវឌ្ឍ​ប្រឡាយ​ស្ទឹងមានជ័យ ដែល​មាន​សម្រាម​រហូត​ដល់​៤៣​ម៉ឺន​មែត្រ​គុប និង​បាន​ប្រើប្រាស់​ថវិកា​
​អស់​យ៉ាងច្រើន ហើយ​ប្រឡាយ​ស្ទឹង​មានជ័យ​នេះ នៅ​រដូវវស្សា​ខាងមុខ​នេះ​អាច​ដោះស្រាយ​ការលិចលង់​បាន​ហើយ​។​

លោក ឃួ​ង ស្រេង បន្ត​ថា​ប្រឡាយទឹក​ត្រូវ​មើល​ថែទាំ ការពារ​ទាំងអស់គ្នា មិន​ថា​អាជ្ញាធរ​ឬ ប្រជាពលរដ្ឋ​នោះ​ទេ ។​លោក​ស្នើរ​អោយ​មន្ត្រី សង្កាត់ ខណ្ឌ ត្រូវ​ចុះ​មើល​ដល់​មូលដ្ឋាន​ប្រជាពលរដ្ឋ ដើម្បី​ចង់​ដឹង​ពី​ការចង់បាន​របស់​ប្រជាពលរដ្ឋ មិន​ថា​បញ្ហា​លិចលង់ ឬ​ការ ផ្តល់សេវា​ផ្សេងៗ ជូន​ពួកគាត់​នោះទេ ។ លោក​បាន​បញ្ជាក់ថា យើង​មាន​ថវិកា​មួយចំនួន​ដើម្បី​ជួយ​លើ​ការងារ​នេះ​ជូន​ប្រជាពលរដ្ឋ៕​ ដោយ ​៖​ កូឡាប​

    

spot_img
×