Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ADB ៖ ភាពរឹងមាំ​នៃ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ក្នុង​តំបន់​អាស៊ី ជួយ​បង្កើន​ភាព​ធន់​របស់​សេដ្ឋកិច្ច​

spot_img

​ការតភ្ជាប់​ទំនាក់ទំនង តាមរយៈ​ពាណិជ្ជកម្ម និង​ការវិនិយោគ ដែល​កាន់​តែមាន​សន្ទុះ​កើនឡើង នៅ​អាស៊ី និង​ប៉ាស៊ីហ្វិក បាន​ជួយ​បង្កើន​ភាព​ធន់​នៃ​សេដ្ឋកិច្ច​របស់​តំបន់​នេះ ចំពោះ​ភាពមិនប្រាកដប្រជា ដែល​កើតឡើង​ក្នុង​បរិយាកាស​គោលនយោបាយ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​សកលលោក នេះ​បើតាម​របាយការណ៍​ថ្មី​មួយ​ដែល​ចេញផ្សាយ​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។​

​ក្នុងការ​សិក្សា​មួយ​ចេញផ្សាយ​នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ ២០១៧ ដែលមាន​ចំណងជើង​ថា របាយការណ៍​ស្តីពី​សមា​ហ រណកម្ម​សេដ្ឋកិច្ច​នៅ​អាស៊ី (AEIR) ធនាគារអភិវឌ្ឍន៍អាស៊ី បាន​ពិនិត្យ​លើ​និន្នាការ​នៃ​សមាហរណកម្ម​តំបន់ នាពេល​ថ្មីៗ​នេះ និង​បាន​បង្កើត​នូវ​ស​ន្ទ​ទស្សន៍​សមាហរណកម្ម​តំបន់​ថ្មី​មួយ​។

​របាយការណ៍​នេះ​ក៏មាន​ជំពូក​ពិសេស​មួយ​អំពី​របៀប​ដែល​អាស៊ី​អាច​បង្កើន​ភាព​ធន់​ទ្រាំ​នៃ​វិស័យ​ហិរញ្ញវត្ថុ​របស់ខ្លួន​ក្នុង​យុគសម័យ​ដែលមាន​ការភ្ជាប់​ទំនាក់​ទំនង​ផ្នែក​ហិរញ្ញវត្ថុ​ជាមួយគ្នា​ទៅវិញទៅមក​។​

​ភាពរឹងមាំ​នៃ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ក្នុង​តំបន់ មាន​តួនាទី​ជា​ខែល​សម្រាប់​ការពារ​តំបន់​នេះ​ទប់​ទល់នឹង​ភាពមិនប្រាកដប្រជា​នៃ​ស្ថានភាព​ពាណិជ្ជកម្ម​និង​កំណើនសេដ្ឋកិច្ច​សកល នេះ​បើតាម​ការលើកឡើង​ដោយ​របាយការណ៍​នេះ​។ ក្នុង​ឆ្នាំ ២០១៦ ភាគរយ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេសមួយ និង​ប្រទេស​មួយទៀត​ក្នុង​តំបន់ បើ​គិត​ជាត​ម្លៃ កើនឡើង​ដល់ ៥៧,៣% ក្នុង​ឆ្នាំ ២០១៦ ដែលជា​កម្រិត​ខ្ពស់​មិន​ធ្លាប់មាន បើ​ធៀប​នឹង​កំណើន​ជា​មធ្យម ៥៥,៩% ពី​ឆ្នាំ ២០១០ ដល់ ២០១៥​។​

​តម្លៃ​នៃ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) ក្នុង​តំបន់​អាស៊ី​ទាំងមូល បាន​កើន​ឡើងដល់ ២៧២ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០១៦ បើទោះបីជា​លំហូរ FDI ជា​សកល​មកកាន់​តំបន់​នេះ បាន​ថយចុះ ៦% ក៏ដោយ​។ FDI ពី​ប្រទេសមួយ​ទៅ​ប្រទេស​មួយទៀត ក្នុង​តំបន់​នេះ គឺជា​ភាគរយ​នៃ FDI សរុប ដែល​ចូលមកក្នុង​តំបន់​នេះ កើនឡើង​ពី ៤៨% ក្នុង​ឆ្នាំ ២០១៥ ដល់ ៥៥% ក្នុង​ឆ្នាំ ២០១៦​។ ដោយសារតែ FDI ពី​ប្រទេសមួយ​ទៅ​ប្រទេស​មួយទៀត​ក្នុង​តំបន់​អាស៊ី​នេះ បំពេញ​តួនាទី​សំខាន់​ក្នុង​ការជំរុញ​ការអភិវឌ្ឍ សង្វាក់​តម្លៃ គេ​រំពឹងថា វា​ក៏​នឹង​ជួយ​ពង្រឹង​កំណើន​ពាណិជ្ជកម្ម​របស់​តំបន់​នេះ​ផងដែរ​។ សេដ្ឋកិច្ច​របស់​អាស៊ី បាន​បន្ត​ពង្រីក​វត្តមាន​ក្នុង​សកលលោក ដោយ FDI ដែលមាន​ប្រភពពី​អាស៊ី បាន​កើនឡើង ១១% ក្នុង​ឆ្នាំ ២០១៦ ដល់ ៤៨២ ពាន់​លាន​ដុល្លារ ជាពិសេស តាមរយៈ​ការវិនិយោគ​លើ​ថាមពល​កកើត​ឡើងវិញ ធនធានធម្មជាតិ ឧបករណ៍​សើ​មី​ខុន​ដាក់​ឌ័​រ (semiconductors) និង​បច្ចេក​-​វិទ្យា​ព័ត៌មាន​។​

​លោក​Yasuyuki Sawada ប្រធាន​សេដ្ឋវិទូ​របស់ ADB មានប្រសាសន៍ថា “​តំបន់​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ច កំពុង​ដឹកនាំ​ការ​ងើប​ឡើងវិញ​នៃ​ពាណិជ្ជកម្ម​សកលលោក ដែល​ជួយ​ឲ្យ​តំបន់​នេះ​អាច​បន្ត​រក្សា​សន្ទុះ​កំណើន​ខ្ពស់​របស់ខ្លួន បើទោះបីជា​ស្ថានភាព​គោលនយោបាយ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​សកលលោក​កំពុងមាន​ភាពមិនប្រាកដ​ប្រជា​យ៉ាងណាក៏ដោយ​។ សមាហរណកម្ម និង​កិច្ចសហប្រតិបត្តិការ​នៅ​អាស៊ី នឹង​ជួយ​ពង្រឹង​កំណើនសេដ្ឋកិច្ច និង​ភាព​ធន់​ទ្រាំ​ផ្នែក​ហិរញ្ញវត្ថុ​របស់​តំបន់​នេះ​”​។​

​របាយការណ៍ AEIR ឆ្នាំ ២០១៧ នេះ បាន​បង្កើត​នូវ​ស​ន្ទ​ទស្សន៍​ថ្មី​មួយ ដែលមាន​ឈ្មោះថា ស​ន្ទ​ទស្សន៍កិច្ច​សហប្រតិបត្តិកា​រ និង​សមាហរណកម្ម​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​។ ស​ន្ទ​ទស្សន៍​នេះ​ធ្វើការ​វាស់វែង​សមាហរណកម្ម​តំបន់ ដោយ​ពិនិត្យ​លើ​សមាសភាគ​ចំនួន ៦ ដូចជា ពាណិជ្ជកម្ម​និង​ការវិនិយោគ ប្រាក់​និង​ហិរញ្ញវត្ថុ សង្វាក់​តម្លៃ ហេដ្ឋារចនាសម្ព័ន្ធ និង​ការភ្ជាប់​ទំនាក់ទំនង​ថ្នាក់​តំបន់ ការផ្លាស់​ទី​របស់​មនុស្ស និង​សមាហរណកម្ម​ស្ថាប័ន​និង​សង្គម​។​
ស​ន្ទ​ទស្សន៍​នេះ​មាន​គោលបំណង​ជួយ​ឲ្យ​អ្នកតាក់តែង​គោលនយោបាយ​យល់ដឹង​កាន់តែច្បាស់ និង​ចេះ​វាស់វែង​កត្តា​ដែល​ជួយ​ជម្រុញ​ឲ្យ​កិច្ចសហប្រតិបត្តិការ និង​សមាហរណកម្ម​ថ្នាក់​តំបន់​កាន់តែ​មានការ​កើនឡើង​។​

​របាយការណ៍​នេះ​ក៏មាន​ជំពូក​ពិសេស​មួយ ដែល​ពិពណ៌នា​អំពី​របៀប​ដែល​អាស៊ី​អាច​ពង្រឹង​ភាព​ធន់​ផ្នែក​ហិរញ្ញវត្ថុ​របស់ខ្លួន ក្នុង​យុគសម័យ​នៃ​ការភ្ជាប់​ទំនាក់ទំនង​ទៅវិញទៅមក​ផ្នែក​ហិរញ្ញវត្ថុ​។ ចំណុច​មួយ ដែល​ត្រូវបាន​រំលេច​ក្នុង​ជំពូក​នេះ​គឺ ២០ ឆ្នាំ ក្រោយ​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​អាស៊ី អាស៊ី​នៅតែ​រឹងមាំ ដោយ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​កាន់តែ​ភាពល្អប្រសើរ​ជាង​មុន បទបញ្ជា​នានា​កាន់តែ​រឹងមាំ​ជាង​មុន ហើយ​យន្តការ​សហប្រតិបត្តិកា​រ​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​តំបន់​កាន់តែ​ដំណើរ​ការល្អ​ជាង​មុន​។​
​ទោះជា​យ៉ាងណាក៏ដោយ បញ្ហា​ប្រឈម​ធំៗ​នៅតែមាន ដូចជា ភាព​ខ្សោយ​នៃ​ទីផ្សារ និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដែល​នៅ​មិនទាន់បាន​ដោះស្រាយ​នៅឡើយ​។ ភាពខ្វះ​ចន្លោះ​ផ្នែក​គោលនយោបាយ និង​បទដ្ឋាន​គតិយុត្តិ​ដែល​នៅ​សេសសល់​ទាំងនេះ ក៏​អាចធ្វើ​ឲ្យ​តំបន់​នេះ​កាន់តែ​ប្រឈម​នឹង​ហានិភ័យ និង​ភាព​ងាយ​រងគ្រោះ​ផ្នែក​ហិរញ្ញវត្ថុ ដោយសារ​តែមាន​ការប្រើ​ប្រាស់ និង​ការប្រថុយប្រថាន​ខ្លាំងពេក​។​

​របាយការណ៍​នេះ​ក៏​ផ្តល់នូវ​អនុសាសន៍​ជាច្រើន ដល់​បណ្តា​ប្រទេស​ក្នុង​តំបន់​នេះ ដើម្បី​ពង្រឹង​ភាព​ធន់​របស់​ប្រទេស​ទាំងនេះ ចំពោះ​វិបត្តិ​ដែល​អាច​កើតមាន​នាពេល​អនាគត ដូចជា រក្សា​ឲ្យ​បាន​នូវ​មូលដ្ឋានគ្រឹះ​រឹងមាំ​នៃ​ម៉ាក្រូសេដ្ឋកិច្ច បន្ត​ពង្រឹង​ក្របខ័ណ្ឌ​បទដ្ឋាន​គតិយុត្តិ និង​ត្រួតពិនិត្យ និង​សមត្ថភាព​ស្ថាប័ន​នៅ​ថ្នាក់ជាតិ បន្ត​អភិវឌ្ឍ​ទីផ្សារ​មូល​ប័ណ្ណ​ដែល​ប្រើ​រូបិយប័ណ្ណ​ក្នុងស្រុក ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជុំវិញ​ការធ្វើ​និយតកម្ម រួម​ម​នឹង​យន្តការ​ដោះស្រាយ​វិវាទ​សម្រាប់​ធនាគារ​ដែល​ភ្ជាប់​ប្រតិបត្តិការ​ជាមួយគ្នា​នៅ​ថ្នាក់​តំបន់ និង​ពិនិត្យឡើងវិញ​និង​ពង្រឹង​បណ្តាញ​សុវត្ថិភាព​ហិរញ្ញវត្ថុ​ដែលមាន​ស្រាប់ ទប់ទល់​នឹង​ការ​រាលដាល និង​សាយភាយ​ផលប៉ះពាល់​នានា​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×