Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ព​ចិន និង​យុទ្ធោបករណ៍​យោធា ត្រៀម​ធ្វើ “​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៨” រួមគ្នា​ជាមួយ​ភាគី​កងទ័ព​កម្ពុជា បាន​បញ្ជូន​មក​ដល់​កម្ពុជា​រួច​ហើយ​

spot_img

​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ការពារជាតិ បានឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី​១៦ ខែ​មីនា ឆ្នាំ​២០១៨​ថា រថក្រោះ រថពាសដែក​ចំនួន ៨​គ្រឿង និង​ឧទ្ធម្ភាគចក្រ​ចំនួន ៣​គ្រឿង ព្រមទាំង​គ្រឿងយុទ្ធោបករណ៍​យោធា​មួយចំនួនទៀត សម្រាប់​បម្រើ​ដល់​វិស័យ​យោធា របស់​កងទ័ព​ចិន បាន​បញ្ជូន​មក​ដល់​កម្ពុជា​រួច​ហើយ ដើម្បី​ត្រៀម​ចូលរួម​សមយុទ្ធ​លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៨ នៅ​ភូមិសាស្ត្រ​តំបន់ភ្នំ​ធំ​ម្រះព្រៅ ស្ថិតក្នុង​ភូមិ​ថ្លុក​ដូនស ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។

​មន្ត្រី​ក្រសួង​ការពារជាតិ បានឲ្យដឹងថា ទីតាំង​ធ្វើ​សមយុទ្ធ​យោធា រវាង​កងទ័ព​កម្ពុជា​-​ចិន នៅពេលនេះ គឺ​មាន​ទីតាំង​នៅក្នុង​បរិវេណ​ទីតាំង របស់ កងពល​អន្តរាគមន៍​លេខ​៧០ ដែល​នឹង​ត្រូវ​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ នៅ​ថ្ងៃ​សៅរ៍ ទី​១៧ ខែ​មីនា ឆ្នាំ​២០១៨​តទៅ​។​

​មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​កម្ពុ​ជា បានឲ្យដឹងថា សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៨ រវាង​កងទ័ព​កម្ពុជា​-​ចិន នឹង​ត្រូវ​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៨​។ ហើយ​ថា សមយុទ្ធ​នេះ បាន​ផ្តោត​សំខាន់ ទៅលើ​ការហ្វឹកហ្វឺន​ប្រឆាំង​ភេរវកម្ម សង្គ្រោះបន្ទាន់ លំ​ហា​ត់បាញ់​គ្រាប់​ពិត និង​ប្រើប្រាស់​សព្វាវុធ​ទំនើបៗ​មានដូចជា​៖ ឧទ្ធម្ភាគចក្រ Z10 បំពាក់​កាំជ្រួច​បាញ់​ចំ​គោលដៅ កាំភ្លើងត្បាល់​បាញ់​ចូល​គោលដៅ​ដែល​បានកំណត់ ព្រមទាំង​លំ​ហាត់​សមយុទ្ធ​រថក្រោះ និង​រថពាសដែក​ជាដើម​។

​មន្ត្រី​ដដែល បានឲ្យដឹង​ទៀតថា ៖ សមយុទ្ធ​ខាងលើនេះ ខាង​ភាគី​កងទ័ព​កម្ពុជា មាន​កងទ័ព​ចំនួន ២៨០​នាក់ និង​ភាគី​កងទ័ព​ចិន មាន​កងទ័ព​ចំនួន ១៩០​នាក់​។​

​មន្ត្រី​ក្រសួង​ការពារជាតិ បានឲ្យដឹង​ទៀតថា គ្រឿងយុទ្ធោបករណ៍​យោធា របស់​កងទ័ព​ចិន សម្រាប់​បម្រើ​ដល់ ការធ្វើ​សមយុទ្ធ​យោធា​កម្ពុជា​-​ចិន ឬ​ហៅ​ថា «​សមយុទ្ធ​នាគ​មាស​»​ឆ្នាំ​២០១៨​នេះ គឺ​ខាង​ភាគី​កងទ័ព​ចិន បាន​បញ្ជូន រថពាសដែក រថក្រោះ​ចំនួន ៨​គ្រឿង និង និង​ឧទ្ធម្ភាគចក្រ​ចំនួន ៣​គ្រឿង ព្រមទាំង​គ្រឿងយុទ្ធោបករណ៍​មួយចំនួនទៀត ព្រមទាំង​បាន​ដឹក​មកដល់​កម្ពុជា​រួច​ហើយ កាលពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៨​។​

​សមយុទ្ធ​នេះ​ខាង​ភាគី​កងទ័ព​ចិន មាន​ឧទ្ធម្ភាគចក្រ​ចំនួន ៣​គ្រឿង រថពាសដែក គ្រឿង និង​សម្ភារៈ​យោធា​សម្រាប់​បំរើ​ឲ្យ​ការធ្វើ​សមយុទ្ធ​នេះ​ជា​ច្រើន​ប្រភេទ​ទៀត សរុប​ទាំងអស់ មាន​ចំនួន ២៥​គ្រឿង​។​

​មន្ត្រី​ក្រសួង​ការពារជាតិ ឲ្យដឹងទៀតថា ពេលនេះ ទាំង​រង​ក្រោះ ឬ​រថពាសដែក និង​ឧទ្ធម្ភាគចក្រ​ព្រមទាំង​យុទ្ធោបករណ៍​យោធា​មួយចំនួនទៀត ត្រូវបាន​នាំយក​ទៅ​ដាក់​ដល់​ភូមិសាស្ត្រ​តំបន់ភ្នំ​ធំ ម្រះព្រៅ ស្ថិតក្នុង​ភូមិ​ថ្លុក​ដូនស ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​ជា​ស្ថាពរ​រួចហើយ​។​

​ទាក់ទិន​បញ្ហា​នេះ លោក​ឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ កន្លងទៅនេះ ធ្លាប់​បានឲ្យ​អ្នកសារព័ត៌មាន​ដឹងថា សមយុទ្ធ​យោធា រវាង​កងទ័ព​កម្ពុជា​-​ចិន​ខាងលើនេះ នឹង​ប្រើប្រាស់​សព្វាវុធ​ទំនើបៗ ដូចជា​៖ ឧទ្ធម្ភាគចក្រ Z10 បំពាក់​កាំជ្រួច​បាញ់​ចំ​គោលដៅ កាំភ្លើងត្បាល់​បាញ់​ចូល​គោលដៅ​ដែល​បានកំណត់ និង​ប្រើប្រាស់​រថពាសដែក រថក្រើ ប្រើប្រាស់​កម្លាំង​ថ្មើរជើង និង​ប្រើប្រាស់​យន្តហោះ​ចុះ​ពីលើ​អាកាស ដើម្បី​រំដោះ​ចំណាត់​ខ្មាំង​ជាដើម​។​

​លោក​ឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឲ្យដឹង​ទៀតថា សមយុទ្ធ​លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៨​នេះ មាន​ប្រធានបទ​ចំនួន​ពីរ សំខាន់ គឺ​ប្រឆាំង​ភេរវកម្ម និង​មនុស្សធម៌ ហើយ​ថា សមយុទ្ធ​នេះ ត្រូវបាន​រៀបចំ​ឡើង​តាម​រូបភាព​ជាង​កងពលតូច ដោយ​ចុះ​អនុវត្ត​ជាក់ស្តែង​ក្នុង​កម្រិត​ថ្នាក់​វរ​សេនា​តូច ហើយ​ត្រូវ​បែងចែក​លំ​ហាត់​សមយុទ្ធ​នេះ ជា​ពីរ​ផ្នែក គឺ​លំ​ហាត់​ទីបញ្ជាការ និង​លំ​ហាត់​លើ​ទីលាន​។​

​ផ្តើម​ពី​បញ្ហា​នេះ គណៈកម្មការ​ដឹកនាំ​ធ្វើ​លំ​ហាត់​រួមគ្នា រវាង​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន ក៏​បាន​ចេញ​សេចក្តីជូនដំណឹង និង​បាន​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ដែល​មាន​លំនៅឋាន​នៅ​ខេត្ត​កំពង់ស្ពឺ និង​អ្នកធ្វើដំណើរ​ឆ្លងកាត់ ស្នើ​កុំឲ្យ​មាន​ការភ្ញាក់ផ្អើល​ចំពោះ​សំឡេង​ស្នូរ​ផ្ទុះ និង​ការ​ចល័ត​យុទ្ធោបករណ៍​យោធា ចន្លោះ​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៨​។

​សេចក្ដីជូនដំណឹង​ដដែល ឲ្យដឹងថា ការត្រៀម​ធ្វើ​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៨ រវាង​កងទ័ព​កម្ពុជា​-​ចិន ដែល​ត្រូវ​រៀបចំ​នៅ​ភូមិ សាស្ត្រ​តំបន់ភ្នំ​ធំ​ម្រះព្រៅ ស្ថិតក្នុង​ភូមិ​ថ្លុក​ដូនស ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ មន្ត្រី​គណៈកម្មការ​ដឹកនាំ​ធ្វើ​សមយុទ្ធ ក៏បាន​សំណូមពរ​ដល់​រដ្ឋលេខាធិការអាកាស​ច​រណ៍ស៊ី​វិល និង​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ ឲ្យជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​លំ​ហាត់​បាញ់​គ្រាប់​ពិត​នេះ​ឲ្យបាន​ទូលំ​ទូលាយ​ដល់​ប្រជាពលរដ្ឋ ជាពិសេស ហាមឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ ចូលទៅក្នុង​តំបន់​ដែល​ត្រូវ​កំណត់​ធ្វើ​សមយុទ្ធ ក្នុង​ទី​តាំងធ្វើ​សមយុទ្ធ​ខាងលើ​ជាដាច់ខាត​។​

​មន្ត្រី​គណៈកម្មការ​ដឹកនាំ​ធ្វើ​លំ​ហាត់​សមយុទ្ធ រវាង​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន បាន ឲ្យដឹងថា ការធ្វើ​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៨​នេះ គឺជា​លើក​ទី​២​ហើយ ដែល​ភាគី​ទាំងពីរ យោធា​កម្ពុជា​-​ចិន បាន​រៀបចំ​ធ្វើ​រួមមាន​៖ ការរុករក​មីន​កប់​ក្រោម​ដី និង​កម្ទេច​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ការ​ដោះ​គ្រាប់បែក​សារធាតុ​គីមី​ពុល ការ​បន្សាប​ជាតិគីមី​ពុល ការប្រយុទ្ធ​កងអនុសេនាធំ​រថក្រោះ ដោយ​សហការ​ជាមួយ​វរ​សេនា​តូច​ថ្មើជើង ការរំដោះ​ចំណាប់ខ្មាំង​ពី​សត្រូវ ការធ្វើ​ការងារ​មនុស្ស​ធម៌ និង​ការបាញ់​គ្រាប់​ពិត​ជា​ដើម​៕ ដែន សីមា

 

spot_img
×