Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ហាញ​មុខ​ជន​បង្ក​៣​នាក់ វាយ​លោក ស៊ុយ សារ៉េត​, នគរបាល​កំពុង​តាម​ប្រមាញ់​៨​នាក់​ទៀត ដែល​រត់គេចខ្លួន​

spot_img

​ភ្នំពេញ ៖ ជនសង្ស័យ ចំនួន​៣​នាក់​ដែល​ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​ដែល​បាន​វាយ​លោក បណ្ឌិត ស៊ុយ សារ៉េត​ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​បណ្តាលឲ្យ​រងរបួស​ធ្ងន់ ត្រូវ​បាន​កងកម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន និង​យក​មក​បង្ហាញខ្លួន នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៨ ។ ជនសង្ស័យ ចំនួន​៣​នាក់​ត្រូវ​នគរបាល​ចោទ ប្រកាន់ ពីបទហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​អំពើ​ធ្វើឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​។​

​លោក​វរសេនីយ៍ឯក ប៊ុន ស​ត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បានឲ្យដឹង​ថា​ក្រុម​ជនសង្ស័យ​មាន​គ្នា​ចំនួន​១១​នាក់ ឃាត់ខ្លួន​បាន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ រួមមាន​ទី​១.​ឈ្មោះ អាន វិនទី ហៅ​ទី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាង​ទង ស្នាក់នៅ​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌ​ទួលគោក ទី​២.​ឈ្មោះ យាត ទិ​ត្យា ហៅ​យ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត ប្រាកដ ស្នាក់នៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ​ទី​៧ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សីកែវ ឃាត់ខ្លួន​នៅ​ចំណុច​ភ្លើងស្តុប​ភោជនីយដ្ឋាន​ឈូក​ទិព្វ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌ​ទួលគោក និង​ជនសង្ស័យ​ទី​៣.​ឈ្មោះ អាន ផល្លី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម មុខរបរ​រត់​រ៉ឺម៉ក​កង់​៣ ស្នាក់​នៅផ្ទះ​លេខ​២៥៤១ ផ្លូវជាតិ​លេខ​៥ សង្កាត់​ច្រាំង​ចម្រេះ​ទី​២ ខណ្ឌ​ឫស្សីកែវ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៧​និង​១០​នាទី សមត្ថកិច្ច​ខេត្ត​កំពង់ធំ​ឃាត់ខ្លួ​នៅ​ចំណុច​ឃុំ​ល្វា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ បញ្ជូន​មកកាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ​។ ចំណែក​បក្ខពួក​ដែល​នៅ​សេសសល់​កម្លាំង​ជំនាញ​កំពុង​ដុតដៃដុតជើង​ស្វែងរក​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។​

​សម្ភារៈ​ដកហូត​រួម​មានៈ ម៉ូតូ​២​គ្រឿង មួយគ្រឿង​ម៉ាក​ស៊ុយ​ហ្សុយ​គីនិច ពណ៌​សបិត​ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1GE-4674 និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា Beat ពណ៌​ខៀវ សេរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ 1GQ-5211​។​

​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​បាន​តាម​ដេញ​វាយ​ប៉ុនប៉ង​សម្លាប់​លោក​សាស្ត្រាចារ្យ​បណ្ឌិត ស៊ុយ សារ៉េត ហើយ​បាន​វាយកម្ទេច​រថយន្ត​របស់លោក ដោយ​ចោទប្រកាន់​ថា បាន​បើក​បុក​រះ​សម្លាប់​មនុស្ស​២-៣​នាក់ ពី​ផ្លូវ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រួច​បើក​រត់គេច​រហូត​ដល់​ម្តុំ​ពេទ្យ​លោកសង្ឃ ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ប៉ុន្តែ​សមត្ថកិច្ច​បដិសេធថា មិន​មាន​មនុស្ស​ស្លាប់​ឡើយ​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​បាន​មានប្រសាសន៍​លើកឡើង​ថា អ្នក បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​រត់​គេច​ពី​កន្លែងកើតហេតុ គឺ​ច្បាប់​ជា​អ្នកអនុវត្ត តែ​អ្នក​វាយ​អ្នកបើកបរ​វិញ ក៏​ត្រូវតែ​ទទួល​ទោស​តាម​ច្បាប់​ព្រហ្មទណ្ឌ​ដែរ​។ យើង​ពិនិត្យ​ឃើញថា​ជា​បទល្មើស​ជាក់ស្តែង ព្រោះ​វា​ជា​បទល្មើស​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ ទោស និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ជា​ក្រុម​។ ជនល្មើស​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ទោះ​ជា​បាន​រត់គេច​ពី​កន្លែងកើតហេតុ ក៏​អាស្រ័យ​ដោយសារ​មាន​ការភ័យខ្លាច​អំពី​ក្រុម​ជន​បង្ក​ដែរ​។ ប្រសិនបើ​ជា​គាត់​បង្កឲ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ ក៏​ច្បាប់​ចរាចរណ៍​ផ្លូវ គោក​មាន អីចឹង​ស្ថាន​ទម្ងន់​ទោស​របស់​អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ ហើយ​គេចវេស​ពី​ការទទួលខុសត្រូវ ច្បាប់​មាន​សម្រាប់​ដាក់​ទោសទណ្ឌ​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×