Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពង្រឹង​ធាតុ​ចូល និង​បន្ស៊ី​គ្នា​រវាង​អ្នកបច្ចេកទេស និង​ក្រុម​អ្នក​ច្បាប់​បន្ថែម​មុននឹង​ដាក់ជូន​រាជរដ្ឋាភិបាល​

spot_img

​ភ្នំពេញ ​៖ ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៨​នេះ បាន​ប្រារព្ធ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើក​ទី​៦​លើ​សេចក្តីព្រាង​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ឯ​សណ្ឋាគារ​សូហ្វីតែ​ល​ក្នុង​រាជធានី​ភ្នំពេញ មុននឹង​ដាក់ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​បញ្ជូន​ទៅ​កាន់​សភា​ក្រោម​អធិបតីភាព​រដ្ឋមន្ត្រី​បរិស្ថាន និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដោយ​មាន​ការចូលរួម​ពី​ក្រុម​អ្នក​ច្បាប់​នៃ​គណៈមេធាវី​កម្ពុជា រួម​ទាំង​អ្នកពាក់ព័ន្ធ​ពី​វិស័យ​ច្បាប់​ជាច្រើន​ទៀត​ទាំង​ជាតិ និង​អន្តរជាតិ​។

​លោក សាយ សំ​អាល់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ថ្លែងថា សិក្ខាសាលា​នេះ គឺ​ពង្រឹង​ធាតុ​បន្ថែម​ពី​ក្រុម​អ្នក​ច្បាប់​កម្ពុជា​ដើម្បី​ឱ្យ​ក្រម​បរិស្ថាន​ដែល​ជា​ក្រម​ធនធានធម្មជាតិ​ដំបូង​របស់​កម្ពុជា​អាច​ក្លាយជា​យន្តការ​ច្បាប់​ថ្នាក់​ជាតិ​ដ៏​ល្អ​ប្រសើរ​និង ទទួលយកបាន​សម្រាប់​ការអនុវត្ត​ក្នុង​ទិសដៅ​ការពារ និង​គ្រប់គ្រង​ធនធានធម្មជាតិ​របស់​កម្ពុជា សម្រាប់​ពលរដ្ឋ​ជំនាន់​ក្រោយ​។ បន្ថែម​ពី​នេះ គឺ​ដើម្បី​ឱ្យ​ក្រម​នេះ ក្លាយ​ជា​ខ្នាត​បែងចែង​តួនាទី​ភារៈ​សម្រាប់​អ្នក​ទទួលខុសត្រូវ​ដែល​ពាក់ព័ន្ធ​ផងដែរ​។

​លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​សិក្ខាសាលា​នេះ​ថា ដើម្បី​បន្ស៊ី​គ្នា​រវាង​ខ្លឹមសារ​បច្ចេកទេស​ពី​ក្រុម​ជំនាញ​នៃ​ក្រសួង​បរិស្ថាន និង​បណ្តា​ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ទៅ​នឹង​ខ្លឹមសារ​នៃ​ច្បាប់​ដើម្បី​ធានាបាន​នូវ​ការអនុវត្ត​ប្រកប​ដោយ​លទ្ធផល​ល្អប្រសើរ និង​ទទួលយក​បាន ក្នុងទិសដៅ​ការពារ​ធនធាន​ធម្មជាតិ​កម្ពុជា​ដើម្បី​ធានា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

​បន្ថែម​ពី​នេះ លោក​រដ្ឋមន្ត្រី បាន​លើកឡើង​ថា ជា​ឱកាស​នៃ​សុខសន្តិភាព​ដែល​កម្ពុជា ដូចនេះ ការបង្កើត​ក្រម​បរិស្ថាន គឺជា​កិច្ចការ​ចាំ​ចាច់​ដើម្បី​ពង្រឹង​បន្ថែម​នូវ​យន្តការ​ជាតិ​ក្នុង​ការការពារ និង​គ្រប់គ្រង​ធនធានធម្មជាតិ​។​

សូម​រំលឹក​ដែរ​ថា ក្រៅពី​សិក្ខាសាលា​ថ្នាក់​ជាតិ​ទាំង​៦​លើក​នេះ ក្រសួង​បរិស្ថាន​ដែល​ជា​អ្នក​ផ្តួចផ្តើម​គំនិត បាន​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​ចំនួន​៥​ដង​រួចមកហើយ​ដែល​មាន​ការចូលរួម​ពី​គ្រប់​ស្ថាប័ន​របស់​រដ្ឋ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ និង​ថ្នាក់​សភា​ផងដែរ ហើយ​នេះ នៅ​មិនទាន់​រាប់​បញ្ចូល​ក្នុង​ការពិភាក្សា និង​ជជែក​ផ្ទៃ​ក្នុង​ក្រសួង និង​ក្រសួង​ពាក់ព័ន្ធ និង​ការពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ​អន្តរជាតិ​។​

​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក​អង្គ វង្ស​វឌ្ឍនា ថ្លែង​កោតសរសើរ​ចំពោះ​ការបង្កើត​ក្រម​បរិស្ថាន​ធនធានធម្មជាតិ​របស់​ក្រសួង​បរិស្ថាន ដែល​ជា​ឧត្តម​ប្រយោជន៍​របស់​ពលរ​ដ្ឋ​កម្ពុជា​ក៏ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល​ក្នុង​ការផ្តួចផ្តើម​គំនិត​បង្កើត​ក្រម​បរិស្ថាន​ដែល​មាន​ប្រមាណ​ជាង​១០៦៤​មាត្រា​។ លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បានបញ្ជាក់​ថា​៖ “​ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​លោក​រដ្ឋមន្ត្រី​បរិស្ថាន ចំពោះ​គំនិត​ផ្តួចផ្តើម​បង្កើត​ក្រម​បរិស្ថាន​នេះ​។ ក្រម​នេះ មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​ប្រទាក់ក្រឡា​គ្នា​ល្អ​ប្រសើរ​ពី​គន្ធី​១​ទៅ​គន្ធី​១ ហើយ​ក្រសួង​យុត្តិធម៌ បន្ត​សហការ​ដើម្បី​ឱ្យ​ច្បាប់​នេះ អាច​ប្រើប្រាស់​បាន និង​មាន​ប្រសិទ្ធភាព​”​។​

​សូម​រំលឹក​ថា សេចក្តីព្រាង​ក្រម​បរិស្ថានេះ បាន​ឈាន​ដល់​កំណែ​ទី​១០​របស់​ខ្លួន​ហើយ​ដោយ​ក្រម​នេះ​មាន​គន្ធី​១២ និង​មាន​មាត្រា​ចំនួន​១០៦៤ មាន​ទិសដៅ ការពារ​បរិស្ថាន​ដើម្បី​បញ្ចៀស និង​កាត់បន្ថយ​គ្រោះមហន្តរាយ និង​ការខូចខាត​បរិស្ថាន និង​ការអភិរក្ស គ្រប់គ្រង ស្តារឡើងវិញ​នូវ​ធនធាន​ធម្មជាតិ ជីវៈចម្រុះ និង​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី រួមទាំង​លើកកម្ពស់​សុខុមាលភាព​សង្គម​ជាដើម​៕​ ដោយ​៖​បញ្ញា​ស័ក្តិ

 

spot_img
×