ភ្នំពេញ ៖ នេះជាលើកទី១ ដែលមង្គលការមួយធ្វើនៅកោះពេជ្រ យកស៊ីក្លូមកហែរជំនួនចំនួនជាង១០០គូ ដែលមានកូនកំលោះនិងកូនក្រមុំ ឈ្មោះ Thea Sochet & sister Thear Ly បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ។
ការដែលយកស៊ីក្លូមកហែរជំនួន បានធ្វើឲ្យមជ្ឈដ្ឋានជាច្រើន បានសាទរនិងបញ្ចេញនូវភាពភ្ញាក់ផ្អើល ព្រមទាំងគួរឲ្យកោតសរសើរយ៉ាងខ្លាំង ។ ក្នុងបណ្តាញសង្គមហ្វេសប៊ុកដែលមានឈ្មោះ Pha Socheat បានបង្ហោះរូបភាព ក៏ដូចជាវីដេអូ ដែលបង្ហាញពីមង្គលការមួយ ដែលយកស៊ីក្លូមកហែរជំនួន ជំនួសដោយការដើរថ្មើរជើង ដោយបានរៀបចំឡើងនៅកោះពេជ្រ។ Pha Socheat បានសរសេរលើផេករបស់ខ្លួនថា ៖ “មង្គលការទី១ នៅក្នុងប្រទេស កម្ពុជា ដែលបានយកស៊ីក្លូមកហែរជំនួន គឺយើងជួយថែទាំស៊ីក្លូខ្មែរ នឹងជួយដល់អុំអុំដែលមានមុខរបររត់ស៊ីក្លូ ។
Congratulations to my brother Thea Sochet & sister Thear Ly ។ សូមជូនពរបងបងទាំងពីរឲ្យមានសុភមង្គល នឹង រកស៊ីជោគជ័យគ្រប់ទាំងអស់។ ចំណងដៃរបស់ប្អូនសម្រាប់មង្គលការបង គឺស៊ីក្លូចំនួន១១០គូនេះ”។
សូមបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនប្រកាសបង្កើតសមាគមមូលនិធិត្រីចក្រយាន ឬស៊ីក្លូ ដែលមានអត្ថប្រយោជន៍ នឹងផ្ដល់ជូនសមាជិកសកម្ម ឬ អ្នកធាក់ស៊ីក្លូផ្ទាល់តែម្ដង នៅព្រឹកថ្ងៃសៅរ៍ទី១៣ ខែមករា ឆ្នាំ២០១៨ ក្នុងពិធីជួបសំណេះសំណាល ព្រមទាំងពិសារអាហារជាមួយបងប្អូនអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន ៣០៨នាក់ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ សម្តេចតេជោ បញ្ជាក់ថា យើងដឹងហើយថា ស៊ីក្លូ គឺជាអត្តសញ្ញាណមួយរបស់ជាតិយើងដែរ ដែលយើងត្រូវនាំគ្នាថែរក្សាកុំឲ្យបាត់បង់។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសបើកជាផ្លូវការនូវ “សមាគមមូលនិធិត្រីចក្រយាន (មូលនិធិស៊ីក្លូ)។ មូលនិធិនេះ គឺចាប់ផ្តើមពីថវិកាសប្បុរស ៥០០ លានរៀល ដែលបានទទួលពីសប្បុរសជននានា និងពាណិជ្ជករនៅក្នុងប្រទេស។ បងប្អូនអ្នកធាក់ស៊ីក្លូ គឺអាចដាក់ពាក្យសុំចូលជាសមាជិកសមាគបាន ដោយមិនតម្រូវឲ្យបង់ប្រាក់សមាជិកឡើយ។
នេះគឺជាយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចទាំងទ្វេ ដើម្បីឲ្យជីវិត និងជីវភាពរស់នៅរបស់លោកតា អុំ ពូ និងបងប្អូនអ្នកធាក់ស៊ីក្លូទូទាំងប្រទេសកាន់តែប្រសើរឡើង។ សូមបងប្អូនអ្នកធាក់ស៊ីក្លូ គោរពច្បាប់ចរាចរណ៍ កុំប្រើប្រាស់គ្រឿងស្រវឹងដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ។ សូមក្រុមហ៊ុនទេសចរណ៍ជួយទាក់ទាញទេសចរបរទេសឲ្យចូលរួមប្រើប្រាស់ស៊ីក្លូ។ យើងចូលរួមជិះស៊ីក្លូដើម្បីជួយលើកស្ទួយជីវភាពបងប្អូនស៊ីក្លូ។ ស៊ីក្លូ គឺកាត់បន្ថយការបំពុលបរិស្ថានក្នុងទីក្រុង៕ ដោយ ៖ បញ្ញាស័ក្តិ