Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​អះអាងថា បទល្មើស​ព្រៃឈើ បាន​បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ​នៅ​ខេត្ត​មណ្ឌល​គី​រី

spot_img

ខេត្ត​មណ្ឌល​គីរី​ ៖ ប្រជាពលរដ្ឋ បាន​អះអាង​ថា បទល្មើស​ព្រៃឈើ​នៅ​តែ​បន្ត​កើតមាន​ក្នុង​ទឹកដី​ស្រុក​កែវ​សីមា ទោះបី​សមត្ថកិច្ច​បើក​យុទ្ធនាការ​បង្ក្រាប​ជា​បន្តបន្ទាប់​បែបណា​ក្តី​។ ប្រជាពលរដ្ឋ​ឲ្យដឹងថា ៖ ជាក់ស្ដែង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​មី​មា ឆ្នាំ​២០១៨ កម្លាំង​គន​បាល​នៃ​ស្នងការដ្ឋាន​ខេត្ត​មណ្ឌលគិរី បាន​ឃាត់​រថយន្ត​ដឹកឈើ​ពេញប្រៀប ១​គ្រឿង​ប្រគល់​អោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ខេត្ត​មណ្ឌលគិរី​។​

​ទាក់ទិន​បញ្ហា​នេះ លោក​ឧត្តមសេនីយ៍ត្រី ឡោ សុខា ស្នងការ​ខេត្ត​មណ្ឌលគិរី មានប្រសាសន៍ថា ក្នុង​សកម្មភាព​ទប់ស្កាត់​ការ​ចរាចរណ៍​បទល្មើស​ព្រៃឈើ​ឆ្លងដែន​ខុសច្បាប់ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​មណ្ឌលគិរី បាន​សហការណ៍​ជាមួយ​នគ​រ​បាល​ព្រហ្មទណ្ឌ​ខេត្ត និង កំលាំង​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​កែវ​សីមា និង​កម្លាំង​វរៈ​ការពារ​ព្រំដែន ៦២១ បាន​ចុះ​ល្បាត​នៅក្នុង​ស្រុក​កែវ​សីមា បាន​ប្រទះ​ឃើញ​រថយន្ត​ដឹក​ឈើ​ខុសច្បាប់ ១​គ្រឿង នៅត្រង់​ចំណុច​ចម្ការ​ម្រេច​ផ្លូវ​ចូល​ច្រករបៀង​(​ងាំ​ដី​) ដែល​ស្ថិតនៅក្នុង​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា​។​

​រថយន្ត​ដឹកឈើ​ខុសច្បាប់ ដែល​បម្រុង​លោតឆ័ត្រ​យកទៅលក់​អោយ​ឈ្មួញ​វៀតណាម ហើយ​ត្រូវ​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី បង្ក្រាប​បាន​មាន ម៉ាក​ឡង់​គ្រីស័រ ពណ៌​ខ្មៅ​ពុំ​មាន​ពាក់​ស្លាក់​លេខ បាន​ផ្ទុក​ឈើប្រណិត​ប្រភេទ កកោះ​ចំនួន ១៨​ដុំ មាន​ប្រវែង ២​ម៉ែត្រ និង​មាន​មុខ​កាត​ចាប់​ពី​មុខ ៣០​សង់ទីម៉ែត្រ​ឡើងទៅ ចំណែក​អ្នកបើកបរ​រត់គេចខ្លួន​បាត់​។​បច្ចុប្បន្ន រថយន្ត និង​វត្ថុតាង​ខាងលើ ត្រូវបាន​កម្លាំង​នគរបាល​សេដ្ឋកិច្ច ប្រគល់ឲ្យ​ទៅ​សង្កាត់​រដ្ឋបា​ល​ព្រៃឈើ​ស្រែ​ខ្ទុម និង​ស្រែ​ព្រះ​រក្សាទុក និង​ចាត់ការ​បន្ត​។​

​ពលរដ្ឋ បាន​កត់សម្គាល់​ថា បទល្មើស​ព្រៃឈើ នៅ​ស្រុក​កែវ​សីមា មិន​មាន​ការ​ថមថយ​នោះ​ទេ ពួក​គាត់​អះអាង​ថា ក្រុម​ឈ្មួញ​នៅតែ​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាងសកម្ម ចេញពី​ដែនជម្រកសត្វព្រៃ​កែវ​សីមា និង​ចេញពី​តំបន់​សហគមន៍​មួយចំនួន នៅក្នុង​ទឹកដី​កែវ​សីមា​។ ប្រជាពលរដ្ឋ បានឲ្យដឹងថា ការចាប់​បង្ក្រាប របស់​មន្ត្រី​ជំនាញ​ហាក់បីដូច​ជា​នៅ​មានកំ​រឹត ក្រុម​ពលរដ្ឋ​ទទូច​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត​នេះ ចាត់​វិធានការ​ចំពោះ​បទល្មើស​ព្រៃឈើ ដែល​កំពុង​កើតមាន​ពេញបន្ទុក​នេះ​ផង បើ​មិន​ដូច្នេះ​ព្រៃឈើ​ក្នុង​សហគមន៍​និង​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា និង​រលាយ​ហិនហោច​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​ជាក់​ជាមិនខាន​៕ ដោយ​៖ សមុទ្រ​ឈើ​

   

spot_img
×