Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ចំនួន​៣ គាំទ្រ​ឲ្យ​យុវជន ទប់ស្កាត់​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​

spot_img

ភ្នំពេញ ​៖​ ក្រសួង​ចំនួន​៣ គឺ​ក្រសួង​អប់រំ យុវជន​និង​កីឡា ក្រសួង​ធម្មការ និង​សាសនា និង​ក្រសួង​ព័ត៌មាន​បាន​គាំទ្រ ឲ្យ​យុវជន​មកពី​សាកលវិទ្យាល័យ ក្នុង​រាជធានី បាន​បកស្រាយ​អំពី​ការទប់ស្កាត់​គ្រប់​រូបភាព​ណ អំពី​ការផ្សាយពាណិជ្ជកម្ម​ស្រី​ពី​គ្រឿង​ស្រវឹង ដើម្បី ចូលរួម​ទប់ស្កាត់ ការប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​កម្ពុជា ក្នុង​ការកាត់បន្ថយ គ្រោះថ្នាក់​ចរាចរ អំពើហឹង្សា និង​ថវិកា​ជាតិ​ជាដើម។

​ក្នុង​ពិធី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ដល់​ស្រទាប់​យុវជន សិស្ស និស្សិត កាលពី​ព្រឹក​ថ្ងៃទី​១៩ មីនា នៅ​មជ្ឈមណ្ឌល​សហ​ប្រតិ​បត្តិ​​​ការ​កម្ពុជា​-​កូរ៉េ លោកស្រី សឿ សុជាតិ​តា អនុរដ្ឋលេខាធិការ ក្រសួង អប់រំ​យុវជន និង​កីឡា​បាន​គាំទ្រ ពី​ការ​ប្រកួត ប្រជែង​របស់​និស្សិត និយាយ​ជា​សាធារណៈ ក្រោម​ប្រធានបទ ផលប៉ះពាល់ នៃ​ការប្រើប្រាស់​គ្រឿង​ស្រវឹង គឺ​ក្នុង​គោលបំណង​ផ្ដល់​ឱកាស​ឲ្យ​ស្រទាប់​​យុវជន បាន​ចូលរួម​កាត់បន្ថយ​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដែល​កើតចេញ​ពី​ការប្រើប្រាស់​គ្រឿង​ស្រវឹង នៅ​កម្ពុជា​តាមរយៈ​ទេព​កោសល្យ​ក្នុង​ការនិយាយ​របស់​ពួកគេ​ទៅ​ដល់​សាធារណជន​។ លោកស្រី ក៏​បាន​លើកទឹកចិត្ត​ដល់​សិស្ស និស្សិត​ផងដែរ ដែល​បាន​ខិតខំ​ចូលរួម ពី​ការផ្សាយ​ពាណិជ្ជកម្ម​អំពី​គ្រឿង​ស្រវឹង ដែល​ដាក់​តាំង​នៅ​តាម​ប៉ាណូ និង ការចាក់ផ្សាយ​តាមរយៈ​ទូរទស្សន៍ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព គ្រោះថ្នាក់​ចរាចរ អំពើហឹង្សា​ក្នុង​សង្គម​ជាដើម ។​

​លោកស្រី បញ្ជាក់ថា ការបញ្ឈប់​ឲ្យមាន​ការតាំងចិត្ត ការបញ្ឈប់​នេះ យើង​កំពុង​និយាយ​អំពី​ប៉ាណូ ការផ្សព្វផ្សាយ គ្រឿង​ស្រវឹង​១​ប៉ាណូ​តំលៃ​ប៉ុន្មាន ផ្សាយ​តាម​ទូ​រទស្ស​ន៏​តំលៃ​ប៉ុន្មាន ពី​ភព​លោក​អត់​ទាន់​បញ្ឈប់​បានទេ គ្រឿង​ស្រវឹង ប៉ុន្តែ​នៅ​លើ​ពិភពលោក ក៏​មិន​មាន​ប្រទេស​ណា​ដែល​ប្រើ​ប៉ាណូ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង ដូច​នៅ​ស្រុក​ខ្មែរ​ដែរ​ច្បាប់​យើង​មាន​ហើយ​នៅតែ​អនុម័ត​។​ដូច្នេះ​គ្រឿង​ស្រវឹង​យើង​អត់​អាច​ឃាត់​បាន​ទេ ដែល​ក្រសួង​អប់រំ​ទាមទា​ឲ្យ​ប្អូន​ចូលរួម​ផ្សព្វផ្សាយ​ទាំងអស់គ្នា​។​

​លោក​ហេន ហ៊ុន​ហួន អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា បាន​គាំទ្រ ការផ្ដល់​ឱកាស​ឲ្យ​និស្សិត​កម្ពុជា​នេះ អំពី​ការ​ទប់ស្កាត់​ផ្សាយ​គ្រឿង​ស្រវឹង​គ្រប់​រូបភាព នៅតាម​ប៉ាណូ និង​ជា​រូបភាព​នៅតាម​សាធារណៈ​នេះដែរ​។ លោក​ក៏​បាន​ជំរុញ​ដល់​និស្សិត​ចូលរួម​កាត់បន្ថយ​ផលប៉ះពាល់​ជា​អវិជ្ជមាន ដែល​កើតចេញ​ពី​ការប្រើប្រាស់​គ្រឿង​ស្រវឹង​នេះ​ឲ្យបាន​ស៊ីជម្រៅ​បន្ថែមទៀត ព្រោះ​ការ​ផ្ដល់​ឱកាស នេះ ពិតជា​មាន​សារសំខាន​ខ្លាំងណាស់ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ គ្រប់​ស្រទាប់វណ្ណៈ ដើម្បី រួមគ្នា​ការពារ​សុខភាព កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ និង​អំពើ​ហឹង្សា​នៅ​ក្នុង​ប្រទេស​ទាំងមូល ។​

​លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​ថ្លែងថា ប្រហែល​ជា​ផ្ទាំង​ប៉ាណូ ឬ ផ្ទាំង​បដា ឬ ផ្ទាំង​រូបភាព​ធំ​តូច ឬ ទម្រង់​ផ្សាយពាណិជ្ជកម្ម​ដំបូងបង្អស់​ដែល​យើង​ឃើញ​រៀងរាល់​ព្រឹក​នៅ​ក្នុងផ្ទះ ឬ ពេល​ចេញពីផ្ទះ គឺជា​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​។ គួរ​ឲ្យ​កត់​សំគាល់ថា មាន​ប្រជាជន​កម្ពុជា ៩៨% ដែល​បាន​ឃើញ​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​យ៉ាង​តិច​ម្ដង (​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​, ២០១៥)​។ យោង​តាម​លទ្ធផល​ស្រាវជ្រាវ​ស្ដីពី​ការប្រើប្រាស់​គ្រឿង​ស្រវឹង​ក្នុងចំណោម​សិស្ស​វិទ្យាល័យ (២០១៦) របស់​អង្គការ​សុខភាព​ពិភពលោក បាន​រកឃើញថា ៤០%​នៃ​សិស្ស​វិទ្យាល័យ​នៅ​រាជធានី​ភ្នំពេញ​ចាប់ផ្ដើម​សេព​គ្រឿង​ស្រវឹង​មុន​អាយុ​១៨​ឆ្នាំ​។ ២០% នៃ​សិស្ស​វិទ្យាល័យ​ដែល​ជា​អ្នក​សេព​គ្រឿង​ស្រវឹង​ធ្លាប់​សេព​គ្រឿង​ស្រវឹង​រហូតដល់​ស្រវឹង​ខ្លាំង (​អង្គការ​សុខភាព​ពិភពលោក​, ២០១៦)​។

នៅ​ក្នុង​ការ​ប្រកួត​ជា​និយាយ​សាធារណៈ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែល​រៀបចំ​ដោយ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​កាលពី​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ យុវជន​៩​រូប បានលើកឡើង​ប្រហាក់ប្រហែលគ្នា​អំពី​ភាព​គគ្រឹកគគ្រេង​នៃ​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ក៏​គ្មាន​ដែន​កំណត់​ដែល​ពួកគេ​បាន​សង្កេតឃើញ​។ តើ​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​មាន​ទំនាក់ទំនង​យ៉ាងដូចម្ដេច​ទៅនឹង​ការប្រើប្រាស់​គ្រឿង​ស្រវឹង​? ៩១%​នៃ​ប្រជាពលរដ្ឋ​កម្ពុជា​គិតថា​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​គឺជា​កត្តា​ចំបង​ទាក់ទង​យុវជន​និង​កុមារ​សេព​គ្រឿង​ស្រវឹង (​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​, ២០១៥)​។ យ៉ាងណាមិញ ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នឹង​បន្ត​ជា​ប្រធានបទ​សម្រាប់​ការប្រកួត​និយាយ​ជា​សាធារណៈ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៨ ប្រារព្ធ​នៅ​មជ្ឈមណ្ឌល សហប្រតិបត្តិការ​កម្ពុ​ជា​-​កូរ៉េ ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

យុវជន​៥​រូប មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យន័​រតុន និង សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដែល​បាន​ឆ្លង​ផុត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើការ​វិភាគ​លម្អិត​ចំពោះ​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ដែល​ពួកគេ​បាន​ឮ​ឬ​បាន​ឃើញ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ពួកគេ រួម​នឹង​ផ្ដល់​អនុសាសន៍​ចំពោះ​ការទប់ស្កាត់​ផលប៉ះពាល់​ដែល​កើតចេញពី​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ផងដែរ​។ គួរបញ្ជាក់​ថា​ការប្រកួត​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្ដល់ឱកាស​ឲ្យ​យុវជន​ចូលរួម​កាត់បន្ថយ​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដែល​កើតចេញ​ពី​ការប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​កម្ពុជា​តាមរយៈ​ទេពកោសល្យ​ក្នុង​ការនិយាយ​របស់​ពួកគេ​។ បេក្ខជន​ជ័យលាភី​លេខ​១​ដល់​លេខ​៣​នឹង​ទទួលបាន​រង្វាន់​រៀង​គ្នា​ជា​ទឹកប្រាក់ ពី​១​លាន​២​សែន​រៀល ៨​សែន​រៀល និង ៤​សែន​រៀល​។

​សូមបញ្ជាក់​ថា​៖​តាម​របាយ​ការ​របស់​អង្គការ​ចលនា ដើម្បី​សុខភាព​កម្ពុជា​បានឲ្យដឹង​ថា​ការប្រើប្រាស់​គ្រឿង​ស្រវឹង អាច​បង្ក​ឲ្យមាន​ផលប៉ះពាល់​ដល់​សុខភាព ជំងឺមិនឆ្លង​មាន​ជាង​២០០​មុខ ដែល​បង្កឲ្យមាន​គ្រោះថ្នាក់​ចរាចរ ករណី​អំពើហឹង្សា និង​ខាតបង់​ថវិកាជាតិ ។ បាត់បង់​ជីវិត​ប្រជាពលរដ្ឋ​ជិត​២៥០​នាក់​ក្នុង​ឆ្នាំ​២០១៦ ដោយសារ​គ្រោះថ្នាក់​ចរាចរ​បណ្តាលមកពី​គ្រឿង​ស្រវឹង និង​ខាតបង់​ទ្រព្យសម្បត្តិ​ប្រហែល ៤៤​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​២០១១៕​ ដោយ​ ៖​ កូឡាប​

    

spot_img
×