ស្ត្រីអ្នករាយការណ៍ព័ត៌មានអាកាសធាតុជនជាតិចិនម្នាក់ បានធ្វើឲ្យអ្នកលេងអ៊ីនធើរណេតមានការភ្ញាក់ផ្អើល សឹងតែពុំគួរឲ្យជឿតែម្តង បន្ទាប់ពីកម្រងវីដេអូ នៃពេលវេលាធ្វើការងាររបស់នាង អស់រយៈពេលជាង២រទសវត្សរ៍មកនេះ បានបង្ហាញឲ្យឃើញជាក់ស្តែងថា នាងមិនចាស់ទាល់តែសោះ ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកនាង Yang Dan ដែលជាអ្នករាយការណ៍ព័ត៌មានម្នាក់ ធ្វើការនៅស្ថានីយ៍ទូរទស្សន៍អាកាសធាតុរដ្ឋចិន អស់រយៈពេលជាង ២២ ឆ្នាំ មកហើយ ។ ហើយបើយោងតាមគេហទ័ព័ររដ្ឋាភិបាលចិន នោះអ្នកនាង Dan កើតនៅក្នុងខែវិច្ឆិកា ឆ្នាំ ១៩៧៣ និងសព្វថ្ងៃនេះ នាងមានអាយុ ៤៤ ឆ្នាំ ហើយ ។
Dan ទទួលបានសញ្ញាបត្រ ពីវិទ្យាស្ថានព្យាករណ៍អាកាសធាតុប៉េកាំង នៅក្នុងឆ្នាំ១៩៩៦ និងបានកំពុងបម្រើការងារឲ្យស្ថានីយ៍ទូរទស្សន៍កណ្តាលចិន ចាប់តាំងពីឆ្នាំ១៩៩៦ ។
ពេលវេលាទាំងអស់ ក្នុងដំណើរជីវិតរបស់នាង ក្នុងនាមជាអ្នករាយការណ៍ព័ត៌មានអាកាសធាតុនេះ ត្រូវបានចងក្រងជាខ្សែវីដេអូ ដោយក្រុមផលិតកម្មវិធីទូរទស្សន៍របស់នាង ហើយវាក៏បានល្បីសុះសាយនៅលើអ៊ីនធើរណេតផងដែរ ។
ទោះយ៉ាងណា អ្នកលេងអ៊ីនធើរណេតជាច្រើន មិនជឿនឹងកម្រងវីដេអូអស់រយៈពេល ២២ ឆ្នាំ របស់នាងឡើយ ព្រោះពួកគេបានគិតថា វីដេអូទាំងនោះហាក់ដូចធ្វើឡើងក្នុងថ្ងៃដដែលៗ ព្រោះផ្ទៃមុខរបស់ Dan សឹងតែពុំមានការផ្លាស់ប្តូរទាល់តែសោះ ពេញរយៈពេលប៉ុន្មានកន្លងមកនេះ ។ ប៉ុន្តែ ជាការពិតណាស់ អ្នកលេងអ៊ីនធើរណេតជាច្រើន បានិយាយតាមការមើលឃើញជាក់ស្តែងថា រូបសម្រស់របស់ Dan គយគន់ទៅក្មេងជាងវ័យសព្វថ្ងៃតែម្តង ៕ ចន្ទី