Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំបន់​រដ្ឋបាល​ពិសេស​ហុងកុង និយាយ​ពី​ការវិនិយោគ និង​កា​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ នៅក្នុង​ជំនួប​ទ្វេភាគី​ជាមួយ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម គណៈប្រតិភូ​វិទ្យាស្ថាន​វិស្វកម្ម​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង បានលើកឡើង​ពី​លើ​ការ អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការផ្លាស់ប្តូរ​ទស្សនៈ​លើ​វិស័យសេដ្ឋកិច្ច​ជាមួយ​កម្ពុជា បាន​សន្យា​នឹង​នាំ​យក​ព័ត៌មាន​ទាំងអស់នេះ ទៅ​ផ្សព្វផ្សាយ​ដល់​វិស្វករ និង​វិនិយោគិន​ហុងកុង ឲ្យបាន​កាន់តែ​ទូលំទូលាយ​។​

​បើ​តាម​លោក ថូ​ម៉ាស ចាន់វុ​កឆឹង (Thomas Chan Kwok Cheung) ដែល​ជា​ប្រធាន​វិទ្យាស្ថាន​វិស្វកម្ម បានឲ្យដឹងថា វត្តមាន​របស់​លោក និង​គណៈប្រតិភូ មក​កាន់​កម្ពុជា​គឺ​ដើម្បី​ស្វែង​យល់​ឲ្យបាន​ច្បាស់ អំពី​សក្តានុពល​វិនិយោគ​សម្រាប់​អ្នកជំនាញ​ផ្នែក​វិស្វកម្ម​។ លើសពីនេះ គណៈប្រតិភូ​លោក ក៏​មាន​បំណង​ផ្លាស់ប្តូរ​ទស្សនៈ​លើ​វិស័យសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទាក់ទង​នឹង​វិស័យ​វិស្វកម្ម​។​

​ជា​ការឆ្លើយតប លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី បាន​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​លោក ថូ​ម៉ាស និង​គណៈប្រតិភូ និង​បាន​ជម្រាបជូន​អំពី​ស្ថានភាព​រីកចម្រើន​នៃ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។ លើសពីនេះ លោក​រដ្ឋមន្ត្រី ក៏​បាន​ជម្រាបជូន​ប្រតិភូ​ហុងកុង អំពី​គម្រោង​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល ដើម្បី​ត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ប្រទេស និង​ក្នុង​តំបន់ សំដៅ​បម្រើ​ការអភិវឌ្ឍ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទេសចរណ៍ ដូចជា​ការកសាង​ទំនប់​វា​រី​អគ្គីសនី ស្ពាន ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និង​ព្រលានយន្តហោះ​អន្តរជាតិ នៅ​ក្រុង​តាខ្មៅ​, សៀមរាប និង​កោះកុង​ជាដើម​។​

​លោក ថូ​ម៉ាស បាន​ថ្លែងអំណរគុណ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ សម្រាប់​ការផ្តល់​បដិសណ្ឋារកិច្ច យ៉ាង​កក់ក្តៅ ដល់​គណៈប្រតិភូ​របស់​លោក និង​ការចែករំលែក​ព័ត៌មាន​សំខាន់ៗ ទាក់ទិន​នឹង​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ លោក ថូ​ម៉ាស បាន​សន្យា​នឹង​នាំ​យក​ព័ត៌មាន​ទាំងអស់នេះ ទៅ​ផ្សព្វផ្សាយ​ដល់​វិស្វករ និង​វិនិយោគិន​ហុងកុង​ឲ្យបាន​កាន់តែ​ទូលំទូលាយ​។​

​សូមបញ្ជាក់​ថា ហុងកុង​គឺជា​ដៃគូ​វិនិយោគ​លំដាប់​ទី​៣ របស់​កម្ពុជា បន្ទាប់​ពី​ប្រទេស​ចិន និង​ជប៉ុន​។ យោង​តាម​តួលេខ​ដែល​កត់ត្រា​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ការវិនិយោគ​របស់​ហុងកុង​នៅ​កម្ពុជា គិត​ចាប់ពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១៦ មាន​ចំនួន ២៤៤​គម្រោង ស្មើ​នឹង​ទឹកប្រាក់​សរុប ១,២៥​ពាន់​លាន​ដុល្លារ ឬ ប្រហែល ២% នៃ​ទុនវិនិយោគ​ផ្ទាល់​សរុប​ពី​ក្រៅប្រទេស​។ ទន្ទឹមគ្នានេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ហុងកុង នៅក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន​ជាង ៧៣០​លាន​ដុល្លារ ដែល​ក្នុងនោះ​កម្ពុជា​នាំ​ចេញ​ទៅ​ហុងកុង​មាន​ទឹកប្រាក់ ២១៣​លាន​ដុល្លារ និង​នាំចូល​ពី​ហុងកុង​មាន​ទឹកប្រាក់​ជាង ៥១៦​លាន​ដុល្លារ​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

  

spot_img
×