Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ហុង សុខ​ហួរ បាន​ចាក​ចេញពី​ពន្ធនាគារ​ព្រៃ​ស​ហើយ​

spot_img

ភ្នំពេញ​៖​លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ស​មរ​ង្ស៊ី បាន​ចាក​ចេញពី​ពន្ធនាគារ​ព្រៃ​ស​ហើយ កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៧ នេះ​។​

​ការដោះលែង នេះ​ធ្វើឡើង​បន្ទាប់ពី​មានការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ តាម​សំណើ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ បានអោយដឹងថា លោក ហុង សុខ​ហួរ ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ នៅវេលា​ម៉ោង​៥៖៣០​នាទី​ល្ងាច​ថ្ងៃនេះ ដោយ​ក្រុមគ្រួសារ​របស់គាត់​ទៅ​ទទួល​។​

​សូមបញ្ជាក់ថា លោក ហុង សុខ​ហួរ ត្រូវបាន​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ ព្រះរាជទាន​ការលើកលែងទោស ឱ្យមាន​សេរីភាព​ឡើងវិញ​ហើយ នៅ​រសៀល​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៧​នេះ ក្រោយពេល​ឃុំខ្លួន​រយៈពេល​ជាង​២​ឆ្នាំ​។ ការដោះលែង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហុង សុខ​ហួរ បាន​សរសេរ​លិខិត​សុំទោស សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​សម្តែង​ការសោកស្តាយ ចំពោះ​កំហុសឆ្គង​របស់លោក​ក​ន្ល​ង​មក ដែល​បាន​បង្ហោះ​ឯកសារ​ព្រំដែន​ក្លែងក្លាយ ជាហេតុ​នាំឱ្យមាន​ការភាន់ច្រឡំ ក្នុង​មតិសាធារណៈ លើ​គោលនយោបាយ និង​ការអនុវត្ត​កន្លងមក​របស់​រាជរ​ដ្ឋា​ភិ​បាល​។​

​លោក ហុង សុខ​ហួរ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ពាក់កណ្តាល​ខែសីហា ឆ្នាំ​២០១៥ បន្ទាប់ពី​លោក​បាន​បង្ហោះ​នូវ​ឯកសារ​ក្លែងក្លាយ​មួយ ស្តីពី​សន្ធិសញ្ញា​ព្រំដែន កម្ពុជា​-​វៀតណាម នៅលើ​ទំព័រ Facebook របស់លោក សម រង្ស៊ី​។ លោក​ត្រូវបាន​តុលាការ​ចោទប្រកាន់​ចំនួន​៣​បទល្មើស រួមមាន​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ពាក់ព័ន្ធ​ការ​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម បង្ហោះ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ករ​បស់ លោក សម រង្ស៊ី​។​

​កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កាត់ទោស លោក ហុង សុខ​ហួរ ដាក់ពន្ធនាគារ​៧​ឆ្នាំ ។ លោក​បាន​ជាប់​ក្នុង​ពន្ធនាគារ​រយៈពេល​ប្រមាណ​២​ឆ្នាំ​គិត​ត្រឹម​ថ្ងៃ​ដោះលែង​នេះ​៕​ ​ដោយ​៖​ជាលី​

spot_img
×