Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគមន៍​ព្រៃ​ឡង់​ស្នើឲ្យ​យកចិត្តទុកដាក់​ចំពោះ កិច្ច​ការពារ​ធនធាន​ធម្មជាតិ ដែល​កំពុង​ប្រឈម​នឹង​ការបាត់បង់​

spot_img

​ភ្នំពេញ ​៖ ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា ព្រៃឈើ​អន្តរជាតិ បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត បាន​សាទរ​ដល់​សាធារណជន​ទូទៅ​ចូល​រួមចំណែក​ការពារ​ព្រៃឈើ​នៅ​កម្ពុជា ក៏ដូចជា​បង្ការ និង​ទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ ជាពិសេស​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់​ចំពោះ កិច្ច​ការពារ​ធនធាន​ធម្មជាតិ ដែល​កំពុង​ប្រឈម​នឹង​ការបាត់បង់​នាពេល​បច្ចុប្បន្ន​។​

​ក្នុង​សេចក្តីថ្លែងការណ៍ ស្តីពី ទិវា ព្រៃឈើ​អន្តរជាតិ នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៨ បានបញ្ជាក់​ថា “​នៅក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ទិវា ព្រៃឈើ​អន្តរជាតិ យើងខ្ញុំ​ទាំងអស់គ្នា​ជា​សមាជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត សូម​សម្តែង​នូវ​ការ​សាទរ និង​សូម​លើក ទឹកចិត្ត​ដល់​សាធារណជន​ទូទៅ​ចូលរួម​អបរ​អរ និង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ការពារ​ព្រៃឈើ​នៅ​ក្នុង​ព្រះរាជា ណាចក្រ​កម្ពុជា ក៏ដូចជា​បង្ការ និង​ទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ​សាកល​”​។​

​ទិវា​ព្រៃឈើ​អន្តរជាតិ​នេះ ត្រូវបាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​បាន​អនុម័ត​នូវ សេចក្តីសម្រេច​រួម​មួយ (A/RES/67/200) កាលពី​ថ្ងៃ​ទី ២១ ខែ​ធ្នូ ឆ្នាំ ២០១២ ដែល​បាន​ប្រកាស​ជា​សាកល​ថា ថ្ងៃទី​២១ ខែ​មីនា ជា​រៀងរាល់ឆ្នាំ​នឹង​ត្រូវ​បាន​ចាត់​ជា​ទិវា​ព្រៃឈើ​អន្តរជាតិ​។​

​បើ​តាម​សេចក្តីប្រកាស​ដដែល បាន​គូសបញ្ជាក់ថា “​នៅក្នុង​ឱកាស​នេះ យើងខ្ញុំ​ក៏​សូម​សម្តែង​នូវ​ការ​សាទរ​ចំពោះ​រាជ្យ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់​ចំពោះ កិច្ច​ការពារ​ធនធាន​ធម្មជាតិ ដែល​កំពុង​ប្រឈម​នឹង​ការបាត់បង់​នាពេល​បច្ចុប្បន្ន​។ ថ្មីៗ​នេះ នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១៨ ក្រសួង​បរិស្ថាន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ជាមួយនឹង​អង្គការ​អភិរក្ស​អន្តរជាតិ និង​ក្រុម ហ៊ុន Mitsui & Co.,LTD ស្តីពី​គម្រោង​ការអភិរក្ស​ព្រៃឈើ​តំបន់​ព្រៃ​ឡង់​។​នៅក្នុង​ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចុះហត្ថលេខា​លើ អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ​ចំនួន​១៨​ដែល​មាន​ផ្ទៃដី សរុប​ចំនួន ២.៦៧៤.៥០៣ (​ពីរលាន​ប្រាំមួយ​សែន​ប្រាំ​ពីរម៉ឺន​បួន​ពាន់​ប្រាំ​រយ​បី​) ហិកតា ឱ្យ​ស្ថិត​នៅក្រោម​ការគ្រប់គ្រង និង​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​។ នៅក្នុង​ផ្ទៃ​ដី​សរុប​ទាំងនេះ ព្រៃ​ឡង់​ក៏​ត្រូវបាន​ដាក់​ជា​ព្រៃ​ការពារ ដែន​ជម្រក​សត្វព្រៃ “​ព្រៃ​ឡង់​” ផងដែរ​។​

ការសម្រេច​ខាង​លើ​ទាំងនេះ​បាន​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត និង​ការ​សម្រចចិត្ត​ដ៏ត្រឹមត្រូវ និង​ឈ្លាសវៃ​បំផុត​របស់​រាជរដ្ឋាភិបាល ក្នុង​បុព្វ ហេតុ​ការពារ​ព្រៃឈើ ក៏ដូចជា​ព្រៃ​ឡង់​ដែលជា​ព្រៃ​ចុងក្រោយ​នៅ កម្ពុជា និង​តំបន់​។ យើងខ្ញុំ​សូម​ប្តេជ្ញាចិត្ត ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ការពារ​ព្រៃ​ឡង់​ឱ្យ​នៅ​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​”​។​

​ស្របពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងសាមី អង្គការ​ដៃគូ អ្នកពាក់ព័ន្ធ និង​បណ្តាញ សហគមន៍​ព្រៃ​ឡង់​កំពុង​ខិតខំ​ប្រឹងប្រែង ការពារ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ការពារ​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ ក៏ដោយ ក៏​បញ្ហា​ប្រឈម​ដែល​កើតឡើង​ពី​អ្នក​ចំណូល​ថ្មី និង​ប្រជា ពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ព្រៃ​ឡង់​មួយចំនួន​នៅ​បន្ត​កាប់​រាន​ដីព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ និង​ជន​អាណាធិបតេយ្យ​មួយចំនួន​បន្ត​លួច​ចូល​កាប់​ឈើ​នៅក្នុង​ព្រៃ​ឡង់​នៅតែ​បន្ត​កើតមាន​គួរឱ្យ​ព្រួយបារម្ភ​។​

​សហគមន៍​ព្រៃ​ឡ​ង់ សូម​អំពាវនាវ​ដល់ រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងសាមី អង្គការ​ដៃគូ អ្នកពាក់ព័ន្ធ ក៏ដូចជា​សាធារណជន​ទូទៅ​មេត្តា​ខិតខំ​ប្រឹងប្រែង​បន្តទៀត ដើម្បី​បញ្ឈប់​សកម្មភាព​បទល្មើស​ដែល​កំពុង​បន្ត​កើតមាន​នៅក្នុង​តំបន់​ព្រៃ​ឡ​ង់ និង​សូម​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​កាប់​រាន​ដីព្រៃ និង​កាប់​ឈើ​អាណាធិបតេយ្យ មេត្តា​បញ្ឈប់​សកម្មភាព​របស់​ខ្លួន ហើយ​ងាក​មក​ចូលរួម​ការពារ​ព្រៃឈើ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងសាមី អង្គការ​ដៃគូ អ្នកពាក់ព័ន្ធ និង​យើងខ្ញុំ​ជា​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ដែល​ជា​ក្រុម​សហគមន៍​អ្នកស្ម័គ្រចិត្ត​។ យើង​រួម​គ្នា​ការពារ​ព្រៃ​ឡ​ង់ ព្រៃ​ឡង់​ជា​ព្រៃរបស់​យើងទាំងអស់គ្នា​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×