Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិន្នផល​ដំឡូង​មី ក្នុង​ឆ្នាំ​២០១៧ ទទួល​បាន​ជាង ១៤​លាន​តោន​, ឈ្មួញ​ទិញ​ដំឡូង​មី គួរតែ​ធ្វើ​កិច្ចសន្យា​ដាំ​ដុះ ដើម្បី​ឲ្យ​កសិករ​កម្ពុជា មាន​ភាពជឿជាក់​

spot_img

​​ភ្នំពេញ​ ៖​ ទាក់ទង​នឹង​ផលិតផល​ដំឡូង​មី លោក​រដ្ឋមន្ត្រី​កសិកម្ម បាន​គូសបញ្ជាក់ថា កម្ពុជា​មាន​ផ្ទៃដី​ដាំ​ដុះ​ដំឡូង​មី​ចំនួន​ប្រមាណ​ជាង ៦០០​ពាន់​ហិកតា និង​ទទួលបាន​ទិន្នផល​ជាង ១៤​លាន​តោន ក្នុង​ឆ្នាំ​២០១៧ ហើយ​រាជរដ្ឋាភិបាល​បាន​ឯកភាព​លើ​ការវិនិយោគ​សាង សង់​រោងចក្រ​កែច្នៃ ដំឡូង​មី​របស់​ក្រុមហ៊ុន​មក​ពី​ហុងកុង ហើយ​សង្ឃឹមថា នឹង​អាច​ស្រូប​យក​វត្ថុធាតុដើម​នេះ បាន​មួយ​ភាគ​ធំ ពី បណ្តា​ខេត្ត​ដែល​មាន​សក្តានុពល​ដាំ​ដុះ​ដំឡូង​មីនេះ ដើម្បី​ធ្វើ​ការកែច្នៃ​រួច​នាំ​ចេញ​។​

​នា​រសៀល​ថ្ងៃ​អង្គារ ទី​២០ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានអនុញ្ញាត​ឲ្យ​លោកស្រី LADAWAN WONGSRIWONG ជា​អ្នក​ប្រឹក្សា​យោបល់​ថៃ ទាក់ទង​និង​សេដ្ឋកិច្ច សង្គម​ក្នុង​ស្រុក​និង​អន្តរ ជាតិ និង​សហការី​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ទាក់ទង​ដំណើរការ នៃ​ការនាំចេញ​វត្ថុធាតុដើម​ដំឡូង​មី និង​បញ្ហា​ពាក់ព័ន្ធ​មួយចំនួន នៃ​ការនាំចេញ​ផលិតផល​នេះ​កន្លងមក​។​

​មានមតិ​ស្វាគមន៍ លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​ថៃ ដែល​កន្លងមក តែងតែ​គាំទ្រ​ផលិតផល​កសិកម្ម​របស់​កម្ពុជា ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម នា​ឆ្នាំ​កន្លងមក បាន​ជួប​បញ្ហា​ប្រឈម​ជា​ចម្បង​នោះ គឺ​ការ​បន្ទាប​តម្លៃ​ពី​ឈ្មួញ ធ្វើ​ឲ្យ​ផលិតផល​ដំឡូង​មី មាន​ការកកស្ទះ​គ្មាន​ទីផ្សារ កសិករ​ប្រឈម និង​ការខាតបង់ យ៉ាងច្រើន ជាងនេះទៅទៀត ដោយសារ​កម្ពុជា​នៅ​មិនទាន់​មាន​ហេដ្ឋារចនាសម្ព័ន្ធ ឬ​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការកែច្នៃ ធ្វើ​ឲ្យ​ទីផ្សារ និង​តម្លៃ​នៃ​វត្ថុធាតុដើម​នេះ ត្រូវ​រំពឹង​ទៅលើ​តែ​ប្រទេសជិតខាង​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ថ្មីៗ​នេះ​រាជរដ្ឋាភិបាល បាន​ឯកភាព​លើ​ការវិនិយោគ​សាងសង់​រោងចក្រ​កែច្នៃ ដំឡូង​មី​របស់​ក្រុមហ៊ុន​មួយ​មក​ពី​ហុងកុង ដែល​មាន​គម្រោង​សាងសង់​រោងចក្រ​កែច្នៃ​ឲ្យបាន​៥ ទៅ ១០​រោងចក្រ ហើយ​សង្ឃឹមថា នឹង​អាច​ស្រូប​យក​វត្ថុធាតុដើម​នេះ បាន​មួយ​ភាគ​ធំ ពី​បណ្តា​ខេត្ត​ដែល​មាន​សក្តានុពល​ដាំ​ដុះ​ដំឡូង​មីនេះ ដើម្បី​ធ្វើ​ការកែច្នៃ​រួច​នាំ​ចេញ​។ ទន្ទឹម​និង​នេះ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​យន្តការ​កំណែទម្រុង ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​សម្រាប់​រយៈពេល​វែង​គឺ​ត្រូវ​កំណត់​តំបន់​ដាំ​ដុះ ប្តូរ​ពូជ​ដំណាំ និង​ធ្វើ​ផែនការ​ដាំ​ដុះ​ឲ្យបាន​សមស្រប​តាម​តម្រូវកា​រ​ទីផ្សារ​។​

​ជា​ការឆ្លើយតប​នូវ​អ្វី​ដែល​លោក​រដ្ឋមន្ត្រី​បានលើកឡើង លោកស្រី LADAWAN WONGSRIWONG បាន​គាំទ្រ​នូវ​ទស្សន​និង​គោលនយោបាយ​របស់​ក្រសួង ដែល​ផ្តោត​លើ​ការដាំដុះ និង​នាំចេញ​ជា​ប្រព័ន្ធ ដើម្បី​ធានាបាន​ទាំង​បរិមាណ និង​គុណភាព​។ ព្រម​ជាមួយគ្នានេះ​ដែរ លោកស្រី​សូម​សាទរ​ចំពោះ​ព័ត៌មាន ដែល​ថា​មាន​ក្រុមហ៊ុន​ហុងកុង មក​បណ្តាក់ទុន​វិនិយោគ​សាងសង់ រោងចក្រ​កែច្នៃ​ដំឡូង​មី នេះ​គឺជា​ដំណោះស្រាយ​ទីផ្សារ​មួយ យ៉ាង​ល្អ សម្រាប់​ផលិតផល​ដំឡូង​មី និង​អាច​រក្សាបាន​នូវ​តម្លៃ​មួយ​សមស្រប តាមរយៈ​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​។ លោកស្រី នឹង​ពាំនាំ​ដំណឹង​នេះ ទៅ​ជម្រាប​ប្រាប់​ភាគី​ថៃ ពិសេស​ឈ្មួញ​ដែល​កំពុង​ទិញ​វត្ថុធាតុដើម​ដំឡូង​មី​ពី​កម្ពុជា ឲ្យ​ត្រៀមលក្ខណៈ​ធ្វើ​ការប្រកួតប្រជែង ឈរលើ​គោលការណ៍​ទីផ្សារសេរី​។ ដើម្បី​បន្ត​និរន្តរភាព នៃ​ការផលិត និង​ការនាំចេញ លោកស្រី បាន​ស្នើ​ឲ្យ​ភាគី​កម្ពុជា ជួយ​ធ្វើ​ការផលិត ក្នុងទិសដៅ​ពីរ​យ៉ាង ទី​១ គឺ​ដើម្បី​ផ្គង់​ផ្គង់​ឲ្យ​រោង​កែច្នៃ ក្នុងស្រុក បំណង​រក្សាបាន​នូវ​ភាពជឿជាក់ នៃ​អ្នកវិនិយោគ និង​ទី​២ ផលិត​ដើម្បី​នាំចេញ ជា​វត្ថុធាតុដើម​ទៅ​ប្រទេស​ភូមិ​ផង​របង​ជាមួយ ដើម្បី​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​សម្រាប់​ជា​ប្រយោជន៍​នៃ​ប្រទេស​ទាំង​ពីរ​។​

​លោក​រដ្ឋមន្ត្រី បាន​ផ្តល់​យោបល់​ជូន​ភាគី​ថៃ គឺ​គួរ​បង្កើត​ក្រុមការងារ ដែល​មាន​សមាជិក​រដ្ឋាភិបាល និង​វិស័យ​ឯកជន ទាំង​ពីរ​ប្រទេស​រួម​គ្នា​ពិគ្រោះ ដោះស្រាយ​នូវ​រាល់​បញ្ហា ដែល​កើតមានឡើង ក្នុង​បំណង​ជួយ​ជំរុញ ការនាំ​ចេញ​វត្ថុធាតុដើម​នេះ ទៅ​កាន់​ទីផ្សារ​ថៃ ឲ្យអស់​លទ្ធភាព​។ ក្រៅពីនេះ ឈ្មួញ​ប្រមូល​ទិញ​ដំឡូង​មី គួរតែ​ធ្វើ​កិច្ចសន្យា​ដាំ​ដុះ ដើម្បី​ឲ្យ​កសិករ​កម្ពុជា មាន​ភាពជឿជាក់​កក់ក្តៅ​ក្នុង​ការដាំដុះ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×