Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរពិសោធន៍​ខ្នាត​តូច ទី​៣ ដើម្បី​ថែរក្សា​សុខុមាលភាព​ប្រជាជន​

spot_img

​​ក្រុង​ប៉ោយប៉ែត​ ៖ ក្នុង​គោលបំណង​ការពារ​សុខុមាលភាព​ប្រជាពលរដ្ឋ និង​ផលប្រយោជន៍​សេដ្ឋកិច្ច តាមរយៈ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការគ្រប់គ្រង​ហានិភ័យ ក្រសួង​ពាណិជ្ជកម្ម ដែល​មាន​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ជា​សេនាធិការ បាន​ដាក់​សម្ពោធ​នូវ​អគា​ររ​មន្ទីរពិសោធន៍​ខ្នាត​តូច​ទី​៣ សម្រាប់​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ ។​

​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ ដែល​រៀបចំឡើង​នា​រសៀល​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៨ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ការងារ​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល ដែល​កន្លងមក​បាន​ប្រឹងប្រែង​បំពេញភារកិច្ច​ប្រកប ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ រហូត​សម្រេច​បាន​លទ្ធផល​ធំៗ​ជាច្រើន​ដូចជា​៖ រឹបអូស​ទំនិញ​ខូច​គុណភាព ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ទប់ស្កាត់ និង​កម្ទេច​ទំនិញ​ពុំ​មាន​ភាព​អនុលោម​ផ្នែក​គុណភាព និង​សុវត្ថិភាព នៅ​តាម​ច្រកព្រំដែន​ជាដើម​។​

​លោក​រដ្ឋមន្ត្រី ក៏​បាន​រំលឹក​ឡើងវិញ​នូវ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែល​បាន​ចាត់​ទុក​បញ្ហា​សុវត្ថិភាព​ចំណីអាហារ ជា​អតុល្យភាព (​ចំណុច​អវិជ្ជមាន​ទី​១) ក្នុងចំណោម​អតុល្យភាព​ទាំង​១២ ដែល​ត្រូវ​ធ្វើ​ការដោះស្រាយ និង​បាន​ស្នើ​មន្ត្រី​កាំកុងត្រូល​ទាំងអស់ ខិតខំ​ត្រួតពិនិត្យ​ទំនិញ​នាំចូល​-​នាំចេញ និង​ទំនិញ​ដែល​កំពុង​ចរាចរណ៍​នៅលើ​ទីផ្សារ ដោយ​អនុលោម​តាម​កម្មវិធី​អភិក្រម​ស្តីពី​ការគ្រប់គ្រង​ហានិភ័យ​ផ្អែកលើ​មូលដ្ឋាន​បច្ចេកទេស និង​វិទ្យាសាស្ត្រ​ច្បាស់លាស់​។​

​បន្ថែម​លើ​នេះ លោក​រដ្ឋមន្ត្រី ក៏​បាន​សំណូមពរ​មន្ត្រី​កាំកុងត្រូល ខិតខំ​ពង្រឹង​សមត្ថភាព និង​ស្វែងយល់ ចំណេះដឹង ព្រមទាំង​បទ ពិសោធន៍​ថ្មីៗ​ពី​ប្រទេស​ជិតខាង​នៅក្នុង​តំបន់ និង​អន្តរជាតិ ហើយ​ត្រូវ​ខិតខំ​កៀរគរ​ជំនួយ​ទាំង​បច្ចេកទេស និង​ហិរញ្ញវត្ថុ សម្រាប់​បម្រើ​សកម្មភាព​ត្រួតពិនិត្យ​សុវត្ថិភាព គុណភាព​ចំណីអាហារ ធានាបាន​អនុលោមភាព​របស់​ទំនិញ​គ្រប់​ប្រភេទ ដើម្បី​ការពារ​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ដែល​ចូល​មក​កំសាន្ត នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គួរ​រំលឹក​ដែរ​ថា តាមរយៈ​ការដាក់​ឱ្យ​អនុវត្តន៍​នូវ​ថវិកា​កម្មវិធី ដែល​ជា​ផ្នែក​នៃ​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​សម្របសម្រួល​លើ​គម្រោង​កសាង​មន្ទីរពិសោធន៍​ខ្នាត​តូច​ចំនួន​បី ក្នុង​ឆ្នាំ​២០១៦ នៅ​ខេត្ត​ព្រះសីហនុ ខេត្ត​ស្វាយរៀង និង​ខេត្ត​បន្ទាយមានជ័យ​។ នៅក្នុង​ឆ្នាំ​២០១៧ អគ្គនាយកដ្ឋាន បាន​កសាង​បញ្ចប់​អាគារ​បី​បន្ថែមទៀត នៅ​ខេត្ត​កំពង់ចាម ខេត្ត​ព្រៃវែង និង​ខេត្ត​តាកែវ​។ សម្រាប់​ឆ្នាំ ២០១៨​នេះ អគ្គនាយកដ្ឋាន នឹង​បន្ត​កសាង​អាគារ​បី​ទៀត នៅ​កំពង់ផែ​អន្តរជាតិ​ភ្នំពេញ ខេត្ត​ព្រះវិហារ និង​ខេត្ត​បន្ទាយមានជ័យ (​ច្រក​ប៉ុស្តិ៍​បឹង​ត្រកួន​)៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×