Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្ត​ចំនួន ៤ ស្ថិត​ជាប់​ព្រំប្រទល់​ថៃ ទទួលបាន​សិទ្ធិ​ចេញ វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ ទម្រង់ D សម្រាប់​ការនាំចេញ​កសិផល​

spot_img

ក្រុងប៉ៃលិន​៖ ដើម្បី​សម្រួល​ដល់​ការនាំ​ចេញ​កសិផល​ជូន​ពាណិជ្ជករ និង​ប្រជាកសិករ​នៅតាម​បណ្តា​យ​ព្រំដែន​កម្ពុជា​-​ថៃ ក្រសួង​ពាណិជ្ជកម្ម បានធ្វើ​ប្រតិភូកម្ម​នៃ​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ (CO) ទម្រង់ (D) ដល់​មន្ទីរ​ពាណិជ្ជកម្ម​នៅក្នុង​ខេត្ត​ចំនួន​៤ ក្នុងពេល​តែមួយ​គឺ​៖ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​ឧត្តរមានជ័យ​។​

​ពិធី​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ការធ្វើ​ប្រតិភូកម្ម​នៃ​ការចេញ CO ទម្រង់ ឌី (D) សម្រាប់​ខេត្ត​ទាំង ៤​នេះ ត្រូវបាន​រៀបចំឡើង​កាលពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៨ នៅ​សាលាខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ។​

​នៅក្នុង​ឱកាស​នោះ លោក​ប៉ាន សូរ​ស័ក្តិ បានចាត់ទុក​ព្រឹត្តិការណ៍​នេះ គឺជា​ភស្តុតាង​ថ្មី​មួយទៀត ដែល​បញ្ជាក់​ពី​ការបេ្តជ្ញាចិត្ត របស់​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ការអនុវត្ត​គោលនយោបាយ កំណែ​ទម្រង់​របស់​រាជ​រដ្ឋាភិបាល​។ លោក​បាន​គូសបញ្ជាក់ថា ការធ្វើ​ប្រតិភូកម្ម​នេះ​មិន​ត្រឹមតែ​ជា​ការផ្ទេរ​ភាពជា​ម្ចាស់​នៃ​មុខងារ​ទេ ថែមទាំង​ជា​ការទទួលខុសត្រូវ​ក្នុង​ការគ្រប់គ្រង និង​ការអនុវត្ត​មុខងារ​ឲ្យ​កាន់តែ​មាន​ប្រសិ្ធទ្ធភាព និង​តម្លាភាព ជៀសវាង​នូវ​បាតុភាព​អសកម្ម និង​ការកកស្ទះ​កសិផល ជាយថាហេតុ​។​

​លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ទៀត​ថា ក្រសួង​នឹង​បន្ត​ធ្វើ​ប្រតិភូកម្ម​សេវា​ធា​រណៈ​នេះ ដល់​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ផ្សេងៗ​ទៀត​នាពេល​អនាគត ទន្ទឹមគ្នា​នឹង​ការបណ្តុះ​បណា្តល​មន្ត្រីរាជការ​មន្ទីរពា​ណិ​ជ្ជកម្ម​ជាមុន ទាំង​កម្រិត​ជំនាញ​ទាក់ទង​វិធាន​ប្រភព​ដើម​ទំនិញ ក៏​ដូច​ការប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នៃ​ការចេញ CO ផងដែរ​។​

​គួរ​រំលឹក​ដែរ​ថា ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិកា​ររ​វាង​ការខិតខំ​ប្រឹងប្រែង​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ សំដៅ​ធានា​ឲ្យមាន​ការអភិវឌ្ឍដ៏​ទូលំទូលាយ ប្រកបដោយ​និរន្តរភាព ព្រមទាំង​ដើម្បី​ពង្រឹង និង​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​មូលដ្ឋាន រាជរដ្ឋាភិបាល​កម្ពុជា បានអនុម័ត និង​អនុវត្តន៍​ក្របខ័ណ្ឌ​យុទ្ធសាស្ដ្រ​ស្តីពី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ចាប់តាំងពី​ឆ្នាំ​២០០៥​។ ក្នុងន័យនេះ ក្រសួង​ពាណិជ្ជកម្ម​កន្ល​ង​មក បានធ្វើ​ប្រតិភូកម្ម​សេវា​សាធារណៈ​ជា​បន្តបន្ទាប់ ដល់​មន្ទីរ​ពាណិជ្ជកម្ម​នៅ​ថ្នាក់ក្រោម​ជាតិ សំដៅ​ឆ្លើយតប​តម្រូវការ​អាទិភាព របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន និង​កាត់បន្ថយ​ភាពក្រីក្រ ជាពិសេស​ការ​បង្ខិត​សេវា​សាធារណៈ​ឲ្យ​កាន់តែ​ជិត​ប្រជាពលរដ្ឋ​បំផុត​។​

​បើតាម​ទិន្ន័យ​របស់​នាយកដ្ឋាន​នាំចេញ​-​នាំ​ចូល​បានឲ្យដឹងថា ការនាំចេញ​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ ពាណិជ្ជកម្ម​ទៅ​កាន់​ទីផ្សារ​បរទេស បាន​កើនឡើង​រហូត​ដល់​១១.១៥៣ លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ​២០១៧ ពោល​គឺ​ស្មើនឹង​ជាង​១៨​ភាគរយ បើ​ប្រៀបធៀប​ឆ្នាំ​២០១៦ ដែល​ទឹកប្រាក់​ត្រឹមតែ ៩.៤២១ លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។ ដោយឡែក​ការនាំចេញ​តាម​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ ទម្រង់ ឌី (D) ទៅ​កាន់​ទីផ្សារ​តំបន់​អាស៊ាន បាន​កើនឡើង​ប្រមាណ​ជាង ៦៦​ភាគរយ គឺ​ពី​ទឹកប្រាក់ ៧២៨ លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ​២០១៦ រហូត​ដល់​ទឹកប្រាក់​១.២១៤ លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ​២០១៧៕​ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

   

spot_img
×