Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នវានុវត្តន៍​ជា​ចំណុច​សំខាន់​នៅក្នុង​ពានរង្វាន់​បច្ចេកវិទ្យា​គ​មនាគ​មន៍​និង​ព័ត៌មាន កម្ពុជា ២០១៨

spot_img

ភ្នំពេញ ​៖ វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន (NIPTICT) កំពុង​រៀបចំ​កម្មវិធី ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​( ICT) កម្ពុជា ឆ្នាំ​២០១៨ ដែល​ជា​កម្មវិធី​ប្រកួតប្រជែង​ដ៏​ធំ​មួយ ដើម្បី​បង្ហាញ​នូវ​សមិទិ្ធផល​ជោគជ័​យនានា លើ​ការធ្វើ​នវានុវត្តន៍ ក្នុង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ បេក្ខជន​អាច​ដាក់ពាក្យ​ចូលរួម​ប្រកួតប្រជែង​មកពី ក្រុមហ៊ុន​ឯកជន​ក្នុងស្រុក ក្រុមហ៊ុន​ចាប់ផ្តើម​ធុរកិច្ច (Start-up) សង្គម​ស៊ីវិល អង្គការក្រៅរដ្ឋាភិបាល ឬ ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ​ផ្សេងៗ មុន​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៨​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​រសៀល ថ្ងៃទី​២១ ខែ មីនា ឆ្នាំ​២០១៨​នៅ​ទីស្តីការក្រសួង​ប្រៃសណីយ​និង​ទូរគមនាគមន៍ វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​បានប្រកាស​ការប្រកួតប្រជែង​ពានរង្វាន់​ICT​កម្ពុជា​លើក​ទី​៤ ដែល​ជា​កម្មវិធី​ប្រកួតប្រជែង​ដ៏​ធំ​មួយ​ដើម្បី​បង្ហាញ​នូវ​សមិទ្ធិផល​ជោគជ័យ​នានា​លើ​ការធ្វើ​នវានុវត្តន៍​(​ការច្នៃប្រឌិត​ថ្មី​)​ក្នុង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ក្នុងឱកាស​នោះ​ដែរ លោក ខូវ មករា អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ​និង​ទូរគមនាគមន៍ បាន​មានប្រសាសន៍ថា កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​បច្ចេកវិទ្យា​គ​មនាគ​មន៍​និង​ព័ត៌មាន ពិតជា​មាន​សារសំខាន់​ណាស់ ដើម្បី​លើកស្ទួយ​គំនិត​ច្នៃប្រឌិត​វិស័យ​ICT​នៅ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន និង​បង្កើត​ឱកាស​ដល់​ពលរដ្ឋ​ខ្មែរ ដែល​មាន​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា បង្ហាញ​សមត្ថភាព និង​ជំនាញ​របស់​ខ្លួន ដើម្បី​អភិវឌ្ឍន៍​ប្រទេស​។ កម្មវិធី​ប្រកួតប្រជែង​នេះ មិន​ត្រឹមតែ​មាន​កេរ្តិ៍ឈ្មោះ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​មាន​ឈ្មោះ​នៅ​អន្តរជាតិ​ផង​ដែរ​។​

​លោក ស៊ុន រ៉ា​ពី​ត អនុប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ទូរគមនាគមន៍​និង​ព័ត៌មាន​បាន​ឱ្យដឹងថា គម្រោង​ដែល​មាន​លក្ខណៈ​ច្នៃប្រឌិត និង​នវានុវត្តន៍ អាច​ចុះ​ឈ្មោះ​ចូលរួម​ប្រកួតប្រជែង​ការចាប់ផ្តើម​ចុះឈ្មោះ​ក្នុង​កម្មវិធី​ប្រកួត ប្រជែង ពានរង្វាន់ ICT កម្ពុជា ត្រូវបាន​បើក​ចាប់ពី​ថ្ងៃ​ទី​២១​មីនា​តទៅ​។ ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯកជន ក្រុមហ៊ុន​ចាប់ផ្តើម​ធុរកិច្ច (Start-up) ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល អាច​ផ្ញើ​មក​នូវ​ព័ត៌មាន​ពី សេវាកម្ម ផលិតផល ឬ​ដំណោះស្រាយ​ក្នុង​ផ្នែក ICT របស់ខ្លួន ដើម្បី​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​។ លោក​បន្តថា ចាប់ពី​ឆ្នាំ ២០១៥ វិទ្យាស្ថាន​ជាតិ NIPTICT បាន​រៀបចំ​កម្មវិធី​ប្រកួតប្រជែង ពានរង្វាន់ ICT កម្ពុជា នេះ​ឡើង​ក្នុង​គោលបំណង​ជំរុញ​លើកទឹកចិត្ត និង​លើកកម្ពស់​ផលិតផល ឬ​គម្រោង ដ៏​ឆ្នើម​នៅ​កម្ពុជា​។ ម្ចាស់​ជ័យលាភី​ចំនួន​៣​រូប នឹង​ទទួលពាន​រង្វាន់​ជា​ទឹកប្រាក់​រហូត ដល់​ទៅ​មួយ​ម៉ឺន​ដុល្លារ ជ័យលាភី​លេខ​១ បី​ពាន់​ដុល្លារ​ជ័យលាភី​លេខ​២ និង​ពីរពាន់​ដុល្លារ​ជ័យលាភី​លេខ​៣ រីឯ​ជ័យលាភី​ល្អផ្តាច់គេ​ក្នុង​វិស័យ​នីមួយៗ​នឹង​ទទួលពាន​រង្វាន់​ជា​ទឹកប្រាក់​ពីរ​ពាន់​ដុល្លារ ដែល​ពានរង្វាន់​នេះ​នឹង​ជួយ​ឱ្យ​អាជីវកម្ម​របស់​ពួកគេ​ឈានឡើង​បាន​មួយកម្រិត​ទៀត​។ រង្វាន់​មិន​ត្រូវបាន​ផ្តល់ជូន​ត្រួត​គ្នា​សម្រាប់​ម្ចាស់​ជ័យលាភី​ឡើយ​។ ម្ចាស់​ជ័យលាភី​ទទួលបាន​តែ​រង្វាន់​ធំ​បំផុត​តែ​មួយគត់​។ ក្នុង​ឆ្នាំ​២០១៧ ក្រុមហ៊ុន​ដែល​ទទួលបាន​ជ័យលាភី​ទាំង​៣ គឺ ១/ JAILBREAK The Game បង្កើតឡើង​ដោយ Direct Play ដែល​នេះ​ជា​ហ្គេម សម្រាប់​លេង​តាម​ទូរស័ព្ទ​ដែល​បាន​រចនា​ឡើង​បន្ទាប់ពី​ខ្សែភាពយន្ត​ខ្មែរ មាន​ចំណងជើង​ថា Jailbreak ២/ Bong Pheak បង្កើតឡើង​ដោយ Open Institute​។ Bong Pheak គឺជា​សេវាកម្ម​ការងារ​ដែល​បាន​បើក​ដំណើរការ​នៅ​ខែតុលា​ឆ្នាំ​២០១៦ ដែល​ដាក់​បង្ហាញ​នូវ​ការងារ​គ្មាន​ជំនាញ និង​ការងារ​ប្រើ​ជំនាញ​តិចតួច ៣/​ប្រព័ន្ធ​ចុះបញ្ជី​រថយន្ត​ស្វ័យប្រវត្តិ​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ប្រព័ន្ធ​ថ្មី​នេះ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ចុះ​ឈ្មោះ​រថយន្ត​របស់​ពួកគេ​តាមរយៈ​កម្មវិធី​អន​ឡាញ ដែល​អាច​សន្សំសំចៃ​ពេលវេលា និង​ថវិកា និង​លុបបំបាត់​ជា​លំដាប់​នូវ​ការបង់ប្រាក់​ក្រៅផ្លូវការ​។ ​កម្មវិធី​នេះ​អនុញ្ញាត​ឱ្យ​គ្រប់​ស្ថាប័ន​ទាំងអស់​បង្ហាញ​ពី​ភាព​ច្នៃប្រឌិត​។

​លោក​បណ្ឌិត សេង សុភាព ប្រធាន​វិទ្យាស្ថាន​ជាតិ​NIPTICT បាន​មានប្រសាសន៍ថា “​នវានុវត្តន៍​អាច​ចាប់ផ្តើម​ចេញ​ពី​គ្រប់​ម​ជ្ឈ​ដា្ឋន​ទាំងអស់​។ ហេតុដូច្នេះ​ហើយ​ទើប​កម្មវិធី​ប្រកួតប្រជែង នឹង​ផ្តួចផ្តើម​ឲ្យមាន​ពានរង្វាន់ សម្រាប់​ពហុ​វិស័យ ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Star-up ក្រុមហ៊ុន ឯកជន ស្ថាប័នរដ្ឋ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចូលរួម​បង្ហាញ​ពី​ភាព​ច្នៃប្រឌិត​របស់​ពួកគេ​”​។ លោក​បាន​ឱ្យដឹងទៀតថា បេក្ខជន​អាច​ដាក់ពាក្យ​ប្រកួតប្រជែង ក្នុង​វិស័យ​ផ្សេងៗ​ចំនួន​៦​រួមមាន ការចាប់ផ្តើម​ធុរកិច្ច មាតិកា​ឌីជីថល វិស័យ​ឯកជន ការទទួលខុសត្រូវ​ក្នុង​សង្គម វិស័យ​សាធារណៈ និង​ការស្រាវជ្រាវ​និង​អភិវឌ្ឍន៍​។​

បន្ទាប់​ជម្រុះ​ជុំ​ទី​១ បេក្ខជន​ដែល​ជាប់​វគ្គ​ជម្រុះ​ទាំងអស់ នឹង​ត្រូវបាន​ជ្រើសរើស ឲ្យធ្វើ​បទ​បង្ហាញ​អំពី​គម្រោង​របស់​ពួកគេ ទៅកាន់​ចៅក្រម ដែល​មាន​សមាសភាព មក​ពី​ក្រុមហ៊ុន​ឯកជន ស្ថាប័នរដ្ឋ សង្គម​ស៊ីវិល និង​អ្នកតំណាង​ឧស្សាហកម្ម​ក្នុង​វិស័យ​ICT ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ មានតែ​បេក្ខជន​១២​រូប​ប៉ុណ្ណោះ នឹង​ត្រូវ​បាន​ជ្រើស​ចូល​ប្រកួតប្រជែង ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។ គម្រោង​ប្រកួតប្រជែង​នឹង​ត្រូវ​បាន​វាយតម្លៃ​ដោយ​ផ្អែក​លើ​ភាព​ច្នៃប្រឌិត អត្ថប្រយោជន៍​ដល់​សង្គម គុណភាព​និង​ភាព​ទុក​ចិត្ត​បាន​នៃ​ផលិតផល​និង​កម្រិត​ប្រើប្រាស់​បច្ចេកវិទ្យា​នៅក្នុង​គម្រោង​។ ជ័យលាភី​៦​រូប នឹង​ត្រូវ​ជ្រើស​ត​រើស ដែល​ក្នុងនោះ​ជ័យលាភី​មួយរូប សម្រាប់​មួយ​វិស័យ​។ ក្នុងចំណោម​ជ័យលាភី​ទាំង​៦​រូប នឹង​មាន​តែ​ជ័យលាភី​៣​រូប​ប៉ុណ្ណោះ ដែល​ត្រូវ​ជ្រើសរើស សម្រាប់​ពានរង្វាន់​ចុងក្រោយ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨​ខាងមុខ ក្រោម​អធិបតីភាព​លោក​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ​និង​ទូរគមនាគមន៍​។​

​លោក​ថូ​ម៉ាស់ ហា​ន់ (Thomas Hundt) អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Smart Axiata បាន​សម្តែង​ការជឿជាក់​ថា​ពានរង្វាន់​ICT​កម្ពុជា ផ្តល់ឱកាស​ពិសេស សម្រាប់​បណ្តា​ស្ថាប័ន និង​បុគ្គល​នានា ក្នុង​ការបង្ហាញ​ផលិតផល​ន​វា​នុវត្ត៍ ជំនាញ និង​ការ​នាំមុខ​ទៅកាន់​ឌីជីថល តាមរយៈ​គំរូ​អាជីវកម្ម​ថ្មីៗ ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​សង្គមជាតិ​។ លើ​លទ្ធផល​នៃ​កម្មវិធី​ប្រកួតប្រជែង​នេះ នឹង​ពង្រឹង លើកទឹកចិត្ត និង​កសាង​យុគសម័យ​បច្ចេកវិទ្យា​របស់​កម្ពុជា ឆ្ពោះទៅ​កាន់​យុគសម័យ​ឌីជីថល និង ICT ឱ្យ​ស្រប​ជាមួយ​ប្រទេស​ក្នុង​តំបន់​។​

​សូមបញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៧ បេក្ខជន​ចំនួន​១២ ទទួលបាន​ឱកាស​ចូលរួម​ក្នុង​កម្មវិធី​ពានរង្វាន់ ICT អាស៊ាន ឆ្នាំ​២០១៧ ដែល​ត្រូវបាន​រៀបចំឡើង​នៅ​ខេត្ត​សៀមរាប ព្រះរាជាណាចក្រ​កម្ពុជា ដែល​ក្នុងនោះ​ក្រុម​របស់​កម្ពុជា​ចំនួន​៣ បាន​ទទួល​បាន​មេដាយមាស​បី ក្នុង​ពាន់រង្វាន់ ICT អាស៊ាន គឺ​ក្រុមហ៊ុន BookmeBus ក្នុង​វិស័យ​ការបង្កើត​ធុរកិច្ច កម្មវិធី Bong Pheak ក្នុង​វិស័យ​ការទទួលខុសត្រូវ​ក្នុង​សង្គម និង Sokhakrom ក្នុង​វិស័យ​ឯកជន​។ ​បេក្ខជន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ឆ្នាំ​២០១៨ ក៏​មាន​ឱកាស​ចូលរួម​ក្នុង​ថ្នាក់​តំបន់​ផងដែរ​។​

​បេក្ខជន​ជ័យលាភី​ICT​ឆ្នាំ​២០១៧ មក​ពី​ក្រុមហ៊ុន DirectPlay លោក ឈួម ពិសិដ្ឋ និង​លោក ជា ឡង់​ដា មកពី BookMe Bus ក៏បាន​ចែករំលែក​បទពិសោធន៍​របស់ខ្លួន ក្នុង​ការប្រកួត​កាលបី​ឆ្នាំមុន និង​បាន​ចាត់ទុក​កម្មវិធី ប្រកួតប្រជែង​នេះ ជា​ឱកាស​ល្អ​សម្រាប់​ក្រុមហ៊ុន​តូចៗ និង​ក្រុមហ៊ុន​ទើប​ចាប់ផ្តើម​អាជីវកម្ម​ដំបូង បង្ហាញ​នូវ​សមត្ថភាព​និង​ស្នាដៃ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×