Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ​៖ ​វិស័យ​អប់រំ​នៅតែ​ជា​អាទិភាព​ចំពោះ​ការអភិវឌ្ឍន៍​ប្រទេសជាតិ​

spot_img

​ភ្នំពេញ ​៖ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា វិស័យ​អប់រំ​នៅតែ​ជា​អាទិភាព​យ៉ាង​សំខាន់​ចំពោះ​ការអភិវឌ្ឍន៍​ប្រទេសជាតិ​។ ការបណ្តុះបណ្តាល​គ្រូ​បង្រៀន​គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុង​ការបណ្តុះបណ្តាល ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​។​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​មីនា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ដ៏​មាន​ប្រជា​ប្រី​យ​របស់​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ផ្តល់​កិត្តិយស​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​សិស្ស និង​និស្សិត​បញ្ចប់​ការសិក្សា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ឆ្នាំ​២០១៦-២០១៧ ចំនួន ១.៦៣០​នាក់​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏​បាន​មានប្រសាសន៍​អំពី​ដំណើរ​វិវត្តន៍​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​នេះ ដែល​ពីមុន​គ្រាន់តែ​ជា​សាលា គរុកោសល្យ​ធម្មតា​តែប៉ុណ្ណោះ តែ​ពេល​នេះ​បាន​ក្លាយ​ជា​វិទ្យាស្ថាន​ជាតិ​អប់រំ​ដ៏​ធំ​មួយ​ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​ការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស​នៅ​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​អរគុណ​ដល់​លោកគ្រូ​អ្នកគ្រូ​ទាំងអស់ ដែល​បាន​ចូលរួម​ចំណែក​ជំរុញ​វិស័យ​អប់រំ ឲ្យមាន​ការីកចម្រើន​ជា​បន្តប​ន្ទា​ប់​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​រំលឹក​ផងដែរ​ថា ក្រោយ​ឆ្នាំ ១៩៧៥ គឺ​វិស័យ​អប់រំ​បាន​បំផ្លាញ​រលាយ​ទាំងស្រុង​ដោយ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។ ក្រោយ​ឆ្នាំ ១៩៧៩ យើង​មិន​មាន​សាលារៀន​គ្រប់គ្រាន់​ឡើយ​ដែល​ពេលនោះ​យើង​បាន​អនុវត្ត “​អ្នកចេះ​ច្រើន​បង្រៀន​អ្នកចេះ​តិច រីឯ​អ្នក​ចេះ​តិច​បង្រៀន​អ្នក​មិនចេះ​” ដែល​ក្រោយមក​វិស័យ​អប់រំ​ជាតិ​មាន​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់​។​

​វិស័យ​អប់រំ​គឺ​មាន​ការ​ផ្សាភ្ជាប់​ទៅនឹង​វិស័យ​ផ្សេងៗ ពី​ព្រោះ​វិស័យ​ទាំងអស់​សុទ្ធតែ​ត្រូវការ​ធនធាន​មនុស្ស​ជា​ចាំបាច់​។ រាជរដ្ឋាភិបាល​តែងតែ​ខិតខំ​ជំរុញ​វិស័យ​អប់រំ ជាក់ស្តែង​បច្ចុប្បន្ន​យើង​មាន​អគារ​សាលារៀន​រាប់ពាន់​ខ្នង​ត្រូវបាន​កសាង​គ្រប់​ទីកន្លែង​។ ទន្ទឹម​នឹង​ការកសាង​សាលារៀន រាជរដ្ឋាភិបាល​ក៏​បាន​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ផងដែរ​ដូចជា​ផ្លូវថ្នល់ និង​មន្ទី​ពេទ្យ​។​ល​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែងថា អ្វី​ដែល​យើង​សម្រេចបាន​នៅ​ថ្ងៃនេះ គឺ​ដោយសារ​កម្ពុជា​មាន​សុខ សន្តិភាព ដែល​ផ្តល់​ឱកាស​អោយ​គរុ​និស្សិត​យើង​បាន​សិស្សា​រៀនសូត្រ​ទទួ​លបាន​ជោគជ័យ​ជា​បន្តបន្ទាប់​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កាលពី​មុន​យើង​គ្មាន​អគារ​ស្អាត​ល្អ​ដូច​វិទ្យាស្ថាន​ជាតិ​អប់រំ​ថ្ងៃនេះ​ទេ​។ ពី​មុន​យើង​ទៅ​ជួល​រោងការ​គេ​ទេ មក​រៀបចំ​ចែក​សញ្ញាប័ត្រ​អោយ​និស្សិត​យើង ។ ប៉ុន្តែ​ថ្ងៃនេះ គឺ​យើង​មាន​អគារ​ស្អាត​ល្អ​សមរម្យ បំពាក់​ម៉ាស៊ីនត្រជាក់ ដើម្បី​រៀបចំ​ទទួល​នឹង​ប្រគល់​សញ្ញាប័ត្រ​អោយ​និស្សិត​បាន​សមរម្យ​ល្អ​។​

​កម្ពុជា​យើង​បាន​ឈានឡើង​យ៉ាង​ឆាប់រហ័ស​ពី​ស្ថានការណ៍​មួយ​ពី​មុន​យ៉ាង​លំបាក​បំផុត​។ នៅក្នុង​របប​ប្រល័យ​ពូជសាសន៍ (១៩៧៥-១៩៧៩) គឺ​វិស័យ​អប់រំ​ត្រូវបាន​បំផ្លាញ​ដល់ប្ញស​គល់​ស្ទើ​ររលាយ​ទាំងស្រុង ។ ធនធាន​មនុស្ស​ត្រូវបាន​កំទេច​ចោល​ស្ទើរ​អស់រលីង​ពី​ប្រទេស​។ យើង​បាន​ខិតខំ​កសាង​ប្រទេសជាតិ និង​ធនធានមនុស្ស​ពី​បាតដៃ​ទទេរ ស្របពេល​ដែល​កម្ពុជា​ពេលនោះ​ត្រូវ​បាន​ហ៊ុម​ព័ទ្ធ​ដោយ​ទណ្ឌកម្មសេដ្ឋកិច្ច​យ៉ាង​លំបាក​បំផុត​។ កម្ពុជា​ពេលនោះ គឺ​ម្ខាង​គឺ​រំដោះប្រទេស ម្ខាង​ទប់ស្កាត់​របប​ប្រល័យ ពូជសាសន៍​ប៉ុលពត​កុំ​ឲ្យ​វិល​ត្រឡប់​មក​វិញ និង​ម្ខាង​ទៀត​គឺ​ជួយ​ស្តារ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​អោយ​កាន់តែ​ល្អប្រសើរ​ឡើង​។ បន្ទាប់​ពី​មាន​ការយកចិត្តទុកដាក់​ជាច្រើន​ឆ្នាំ ដោយ​គណបក្ស​ប្រជាជន ថ្ងៃនេះ​យើង​បានឃើញ​ពី​ការរីកចម្រើន​ពិតប្រាកដ​នៃ​វិស័យ​អប់រំ ដែល​ជា​មោទនភាព​សម្រាប់​ជាតិ​សាសន៍​របស់​យើង​ទាំងមូល​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×