Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​៖ លទ្ធភាព​ទទួលបាន​អគ្គិសនី​កើន ប៉ុន្តែ​ភាព​ទុកចិត្តបាន របស់​សេវា ត្រូវ​ការកែលម្អ​ថែមទៀត​

spot_img

​​ភ្នំពេញ ៖ នៅ​ប្រទេស​កម្ពុជា លទ្ធភាព​ទទួលបាន​អគ្គិសនី តាមរយៈ​បណ្តាញ​ខ្សែ​ចែកចាយ​របស់​រដ្ឋ ត្រូវបាន​ពង្រីក​ដល់​៧១,៥​ភាគរយ នៃ​គ្រួសារ​ហើយ មក​ទល់​សព្វថ្ងៃ ក៏ប៉ុន្តែ​ភាព​ទុកចិត្ត​បាន​របស់​ការផ្គត់ផ្គង់​សេវា​នេះ គួរ​មាន​ការកែលម្អ​ឱ្យ​ប្រសើរ​ថែម​ទៀត ដោយសារ​ថា ចំនួន​ជិត​ពីរភាគបី នៃ​គ្រួសារ​ទាំងនោះ ត្រូវ​ប្រឈម​នឹង​ការ​ដាច់​ចរន្តអគ្គិសនី ញឹកញាប់​នៅ​ឡើយ​។​

​របាយការណ៍​ថ្មី​មួយ​របស់​ធនាគារ​ពិភព​ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៨ ក្រោម​ចំណងជើង​ថា កម្ពុជា លើស​ពី​ការ​ត​ភ្ជាប់​បណ្តាញ​៖ ការវិនិច្ឆ័យ​តាម​អភិក្រម​ក្របខ័ណ្ឌ​​ពហុ​លំដាប់​លើ​លទ្ធភាព​ទទួលបាន​ថាមពល (Cambodia Beyond Connections: The Energy Access Diagnostic Based on a Multi-Tier Framework) បាន​ពិនិត្យ នៅក្នុង​ចំណោម​កត្តា​ជាច្រើន ទៅលើ​ផ្នែក​សមត្ថភាព ភាព​ទុកចិត្តបាន ភាព​អាច​ជាវ​បាន និង​សុវត្ថិភាព​របស់​វិស័យ​ថាមពល​នៅ​ប្រទេស​កម្ពុជា​។ នៅ​ទូទាំង​ប្រទេស គ្រួសារ​កម្ពុជា​ចំនួន​ជិត​៩០​ភាគរយ មាន​លទ្ធភាព​ទទួលបាន​ការផ្គត់ផ្គង់​អគ្គិសនី​យ៉ាង​ហោចណាស់​រយៈពេល ៤​ម៉ោង​ដែរ​ក្នុង​មួយ​ថ្ងៃ​។​

​លោក ទី នរិន្ទ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា មានប្រសាសន៍ថា​៖ “​កម្ពុជា​សម្រេច​បាន​ភាព​រីកចម្រើន​យ៉ាង​លឿន នៅក្នុង​ការពង្រីក​លទ្ធ​ភាព ទទួលបាន​អគ្គិសនី ទៅ​ដល់​បណ្តា​ភូមិ និង​អ្នកប្រើប្រាស់ ក៏ប៉ុន្តែ​វឌ្ឍនភាព​នេះ​ទទួលបាន​នៅ​ក្នុង​តម្លៃ​ខាតបង់​មួយ​ដែរ​។ អាស្រ័យហេតុនេះ ពេលនេះ​ជា​ពេលដែល​យើង​ត្រូវ​បង្វែរ​ការយកចិត្តទុកដាក់​របស់​យើង​ទៅ​ពង្រឹង​ភាព​ទុកចិត្តបាន​និង​គុណភាព​នៃ​ការផ្គត់ផ្គង់​អគ្គិសនី​ហើយ ដើម្បី​ជួយ​ឱ្យ​សេដ្ឋកិច្ច​គ្រួសារ​និង​ធុរកិច្ច​លូតលាស់​បានល្អ​”​។​

​នៅ​តំបន់​ជនបទ បច្ចុប្បន្ន​មាន​គ្រួសារ​ចំនួន​៣០​ភាគរយ​ដែល​ពឹងផ្អែក​ទៅ​លើ​ប្រភព​អគ្គិសនី​មិនមែន​បណ្តាញ​ចែកចាយ​រដ្ឋ ដើម្បី​ទទួលបាន​អគ្គិសនី​ប្រើប្រាស់ ក្នុងនោះ​មាន​ប្រព័ន្ធ​ស្រូប​ថាមពល​ពន្លឺព្រះអាទិត្យ​ខ្នាត​លំនៅឋាន ចង្កៀងគោម​ប្រើ​ថាមពល​ព្រះអាទិត្យ និង​អាគុយ​សាក​ភ្លើង​។ ការពង្រឹង​ប្រព័ន្ធ​ផ្ទេរ​និង​ចែកចាយ​ចរន្ត​ឱ្យបាន​កាន់តែ​ល្អ ក៏ដូចជា​ការលើកកម្ពស់​ពង្រីក​ការតភ្ជាប់​អគ្គិសនី​ជា​មួយ​បណ្តាញ​រដ្ឋ និង​ការប្រើប្រាស់​ប្រព័ន្ធ​ស្រូប​ថាមពលព្រះអាទិត្យ​តាម​លំនៅឋាន នឹង​នាំឱ្យ​កម្ពុជា​ពង្រឹង​បាន​កាន់តែ​រឹងមាំ​នូវ​សក្តានុពល​នៃ​សេដ្ឋកិច្ច​របស់​ខ្លួន​។​

​លោកស្រី អ៊ី​ន​ហ្គូ​ណា ដូ​ប្រាចា នាយិកា​គ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា មានប្រសាសន៍ថា “​ថាមពល​មាន​សារសំខាន់​ណាស់​សម្រាប់​ពង្រីក​សមត្ថ​ភាព​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម​ដែល​បង្កើត​ការងារ​ថ្មី ហើយ​សម្រាប់​ធ្វើឱ្យ​ប្រសើ​នូវ​សេវា​សាធារណៈ​ដែល​ពង្រីក​ឱកាស ជួយ​ឱ្យ​ពលរដ្ឋ​កម្ពុជា​គ្រប់រូប​មាន​ជីវភាព​ប្រកបដោយ​គុណភាព​កាន់តែ​ល្អ​ជាង​មុន​។​” លោកស្រី​បន្ថែមទៀតថា​៖ «​កម្ពុជា​ជា​ប្រទេស​ទី​មួយ​នៅក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិក​ដែល​បាន​ធ្វើ​ការអង្កេត​អភិក្រម​ក្រប​ខណ្ឌ​ពហុ​លំដាប់​នេះ ដែល​ផ្តល់​ទិន្នន័យ​ពិស្តារ​ស្តី​ពី​លទ្ធភាព​ទទួលបាន​​ថាមពល​តាម​គ្រួសារ សម្រាប់​យក​ទៅ​ពង្រឹង​ការរៀបចំ​គោលនយោបាយ​ក្នុង​វិស័យ​ថាមពល​។​”

​កម្រង​អនុសាសន៍​គោលនយោបាយ​នៅក្នុង​របាយការណ៍​នេះ រួម​មាន​ការស្នើ​ឱ្យ​ពង្រីក​លទ្ធភាព​ទទួលបាន​ថាមពល​ទំនើប​សម្រាប់​ការ​ចម្អិន​អាហារ​។ ត្រង់​ចំណុច​នេះ នៅ​ទូទាំង​ប្រទេស​មាន​ជាង ៦៦​ភាគរយ នៃ​គ្រួសារ​នៅ​កំពុង​ប្រើប្រាស់​ចង្ក្រាន​ជីវម៉ាស់​(​ចង្ក្រាន​ដុត​អុស ធ្យូង​) នៅឡើយ​។ អាស្រ័យហេតុនេះ ការជួយ​ដល់​គ្រួសារ ជា​ពិសេស​គ្រួសារ​មាន​ចំណូល​ទាប​និង​មាន​ស្ត្រី​ជា​មេ​គ្រួសារ ឱ្យ​មាន​លទ្ធភាព​ទទួល​បាន​ថាមពល​និង​ចង្ក្រាន​ស្អាត​នឹង​ជួយ​កាត់បន្ថយ​ហានិភ័យ​ដល់​សុខភាព​របស់​ពួកគេ​។​

​លោកស្រី ជូ​លៀ ហ្វ្រេ​ស៊័រ នាយិកា​គ្រប់គ្រង នៃ​ធនាគារ​ពិភពលោក ទទួលបន្ទុក​ផ្នែក​ថាមពល និង​ប្រតិបត្តិ​ឧស្សាហកម្ម​និស្សា​រណកម្ម​សកល នៅ​តំបន់​អាស៊ីអាគ្នេយ៍ មានប្រសាសន៍ថា​៖ “​ទន្ទឹម​នឹង​ការប្រឹងប្រែង​យ៉ាង​សម្បើម​ដែល​បាន​ធ្វើ​កន្លងមក​ដើម្បី​ពង្រីក​លទ្ធភាព​ទទួលបាន​ថាមពល ការកែលម្អ​សេវា​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធ​ផល មាន​ភាព​ទុកចិត្តបាន ហើយ​មាន​តម្លៃ​ងាយ​ជាវ​បាន នឹង​ជួយ​បង្កើន​ពន្លឺ​ក្តីសង្ឃឹម​សម្រាប់​ក្រុម​គ្រួសារ ធុរកិច្ច និង​ប្រទេស​កម្ពុជា​ទាំងមូល ថែម​ទៀត​។ យើង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​រដ្ឋាភិបាល​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន​ឈាន​ទៅ​មាន​ថាមពល​ដែល​មាន​ភាព​ទុកចិត្តបាន មាន​តម្លៃ​សមរម្យ​អាច​ជាវ​បាន ហើយ​ទំនើប ត្រឹម​ឆ្នាំ​២០៣០”៕​ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×