Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធភាព​ទទួលបាន​ឥន្ធនៈ​ស្អាត​សម្រាប់​ចម្អិន​អាហារ បាន​កើនឡើង​ដល់ ​៣៣%​ ក្នុង​ឆ្នាំ​ ២០១៧

spot_img

​ភ្នំពេញ​ ៖ ការប្រើប្រាស់​បច្ចេកវិទ្យា​និង​ឥន្ធនៈ​ស្អាត រួម​មាន​ឧស្ម័ន​រាវ​របស់​ប្រេងកាត (LPG) ចង្ក្រាន​អគ្គិសនី និង ចង្ក្រាន​ជីវម៉ាស់​នៅក្នុង​ប្រទេស​កម្ពុជា គឺ​មាន​បរិមាណ​ច្រើន​ក្រែល ហើយ​បាន​កើនឡើង​ជា​លំដាប់​។

​របាយការណ៍​ថ្មី​មួយ​របស់​ធនាគារ​ពិភព​ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៨ បាន បង្ហាញ​ថា ក្នុងនោះ ៧៧%​នៃ​គ្រួសារ​ក្នុង​ទីប្រជុំជន និង​២៥%​នៃ​គ្រួសារ​ក្នុង​ទីជនបទ ប្រើ​ឥន្ធនៈ​ស្អាត​ជា​ប្រភព​ថាមពល​ចម្បង​ក្នុង​ការ​ចម្អិន​អាហារ​។ នៅ​កម្រិត​ជាតិ គ្រួសារ​កម្ពុជា​ចំនួន​៣៣%​ប្រើ​ចង្ក្រាន​ឥន្ធនៈ​ស្អាត​សម្រាប់​ចម្អិន​អាហារ​។ ភាគច្រើន​នៃ​អ្នកប្រើប្រាស់​ចង្ក្រាន​ឥន្ធនៈ​ស្អាត ប្រើ​ឧស្ម័ន LPG (៣០,៩%) បន្ទាប់មក​គឺ​អ្នក​ប្រើ​ចង្ក្រាន​អគ្គិសនី (១,៨%) និង​ចុងក្រោយ​គេ​គឺ​អ្នក​ប្រើ​ចង្ក្រាន​ជីវម៉ាស់ (០,២%)​។ ក្នុង​ឆ្នាំ​២០០៧ ក្នុងចំណោម​គ្រួសារ​កម្ពុជា មានតែ​គ្រួសារ​៩%​ទេ​ប្រើ​ចង្ក្រាន​ឥន្ធនៈ​ស្អាត ប៉ុន្តែ​ចំនួន​នេះ​កើន​ដល់​ទៅ​២៥%​ក្នុង​ឆ្នាំ​២០១៤ និង​៣៣%​ក្នុង​ឆ្នាំ​២០១៧​។ ជាពិសេស ផ្អែក​តាម​ទិន្នន័យ​របស់​ការអង្កេត MTF ក្នុង​ឆ្នាំ​២០១៧ ក្នុងចំណោម​ទីប្រជុំជន​ដែល​មាន​សេដ្ឋកិច្ច​ធូរធារ ចង្ក្រាន​ឥន្ធនៈ​ស្អាត​នេះ​ត្រូវបាន​ប្រើ​ដោយ​គ្រួសារ​ទីប្រជុំជន​មាន​រហូតដល់​ទៅ​៧៧% ឯណោះ​សម្រាប់​ការ​ចម្អិន​អាហារ​។

​អត្រា​នៃ​ភាព​សាយភាយ​ក្នុង​ការប្រើប្រាស់​ចង្ក្រាន​ក​ង្រី (​ចង្ក្រាន​ប្រសិទ្ធភាព​) នៅ​ប្រទេស​កម្ពុជា​មាន​ទំហំ​ធំ​គួរសម​ដែរ​។ គ្រួសារ​កម្ពុជា​ចំនួន​៣៥%​ប្រើ​ចង្ក្រាន​ក​ង្រី​ជា​ចង្ក្រាន​ចម្បង​សម្រាប់​ចម្អិន​អាហារ ហើយ​៧៤%​ក្នុង​ចំណោម​ពួកគេ​ប្រើ​តែ​ចង្ក្រាន​ក​ង្រី​សុទ្ធ​តែ​ម្តង​។ ចង្ក្រាន​ក​ង្រី​ដែល​បង្កើន​ប្រសិទ្ធ​ផល​និង​កាត់បន្ថយ​បំភាយ​ជាតិពុល​ក្នុង​ការប្រើប្រាស់​ប្រចាំ​ថ្ងៃ ជួយ​ដល់​គ្រួសារ​កម្ពុជា​ក្នុង​ការកែលម្អ​គុណភាព​ខ្យល់​ក្នុងផ្ទះ និង​កាត់បន្ថយ​ការចំណាយ​ពេលវេលា​របស់​ពួកគេ​ក្នុងការ​ដើរ​រក​អុស​និង​ថវិកា​ក្នុង​ការទិញ​អុស​យក​មក​ដុត​ផងដែរ​។

​របាយការណ៍​ដដែល​ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​ដូចជា ត្រង់​ចំណុច​នេះ គ្រួសារ​កម្ពុជា​ភាគច្រើន​ទំនង ជា​ស្ថិតនៅក្នុង​លំដាប់​ទី​១ នៅឡើយ​ទេ​។ ប៉ុន្តែ​ដោយសារ​ថា មាន​មួយ​ភាគបី​នៃ​គ្រួសារ​ទាំងអស់​ក្នុងប្រទេស​កម្ពុជា​ប្រើប្រាស់​ចង្ក្រាន​ឥន្ធនៈ​ស្អាត គេ​រំពឹងថា​នឹង​មាន​គ្រួសារ​ច្រើន​ទៀត​កំពុង​ស្ថិតនៅ​លំដាប់​ខ្ពស់ៗ​បន្តិច​ជាង​នេះ​។ ក្នុង​ចំណោម​អ្នក​ដែល​ប្រើ​ចង្ក្រាន​ឥន្ធនៈ​ស្អាត​ជា​ចង្ក្រាន​ចម្បង​សម្រាប់​​ចម្អិន​អាហារ មាន​ជាង​៦៦%​ប្រើ​ចង្ក្រាន​ឥន្ធនៈ​ស្អាត​ផង​និង​ចង្ក្រាន​ជីវម៉ាស់​ផង​រួម​គ្នា​។ ផ្អែក​លើ​ការវិភាគ​ទិន្នន័យ​ការប្រើ​ចង្ក្រាន​ឥន្ធនៈ​ស្អាត​ក្នុង​ការអង្កេត MTF ភាគច្រើន​នៃ​គ្រួសារ​ក្នុង​លំដាប់​ទី​៤​និង​ទី​៥ ប្រើ​តែ​ចង្ក្រាន​ឥន្ធនៈ​ស្អាត​សុទ្ធ ឬ​មួយ​បើ​ទោះជា​គេ​ប្រើ​វា​ក្នុងពេល​ដែល​មាន​ចង្ក្រាន​ជីវម៉ាស់​ដែរនោះ ពួកគេ​ក៏​នៅតែ​ប្រើ​ចង្ក្រាន​ឥន្ធនៈ​ស្អាត​ញឹកញាប់​ជាង​ចង្ក្រាន​ជីវម៉ាស់​ដែរ​។

ដោយសារមូលហេតុ​ទាំងនេះ គ្រួសារ​ទាំង​នេះ​ប្រហែលជា​មិន​មាន​លទ្ធភាព​ទទួលបាន​គុណ​តម្លៃ​ផ្នែក​សុខភាព​ល្អ​និង​អត្ថប្រយោជន៍​ផ្សេងទៀត ដែល​ឥន្ធនៈ​និង​បច្ចេកវិទ្យា​ស្អាត​អាច​ផ្តល់ជូន​ពួកគេ​ឡើយ​។

​គ្រួសារ​កម្ពុជា​ជាង​៣០%​ប្រើ​ចង្ក្រាន​ថ្ម​បី​ដុំ ឬ​ចង្ក្រាន​ប្រពៃណី ជា​ចង្ក្រាន​ចម្បង​ក្នុង​ការ​ចម្អិន​អាហារ​។ ក្នុងនេះ ២៤,៦%​ភាគរយ​នៃ​គ្រួសារ​ប្រើ​ចង្ក្រាន​ប្រភេទ​ណាមួយ​ជា​ចង្ក្រាន​ចម្បង​។ ទោះជា​យ៉ាងណា​ក៏ដោយ គេ​ចាំបាច់​ត្រូវ​ធ្វើ​ការស៊ើបអង្កេត​ថែមទៀត ដើម្បី​កំណត់​ឱ្យបាន​ថា​ហេតុអ្វី​បាន​ជា​គ្រួសារ​ទាំង​នេះ​នៅតែ​ប្រើ​ចង្ក្រាន​ថ្ម​បី​ដុំ ឬ​ចង្ក្រាន​ប្រពៃណី ហើយ​មិន​ព្រម​ងាក​ទៅប្រើ​ចង្ក្រាន​ក​ង្រី ឬ​ចង្ក្រាន​ប្រើ​ឥន្ធនៈ​ស្អាត​វិញ​។ ដោយសារ​ថា​ចង្ក្រាន​ប្រពៃណី​មាន​ប្រសិទ្ធ​ផល​ទាប ហើយ​កម្រិត​បំភាយ​ជាតិពុលក៏​ខ្ពស់ជាងច​ង្ក្រា​ន​ក​ង្រី​ដែរ គ្រួសារ​ដែល​ប្រើ​ចង្ក្រាន​ប្រពៃណី​ទាំងនេះ​ចាំបាច់​ត្រូវ​ចំណាយ​ពេល​និង​ប្រាក់កាស​ច្រើន​ទៅ​លើ​ការរក​ឬ​ទិញ​អុស​មក​ដុត និង​ទៅលើ​ការរៀបចំ​ចម្អិន​អាហារ​ផងដែរ​។ អ្នក​ប្រើ​ចង្ក្រាន​ប្រពៃណី​ចាំបាច់​ត្រូវ​បែងចែក​៥,៥%​នៃ​ថវិកា​គ្រួសារ និង​២០​ម៉ោង​ក្នុង​មួយ​សប្តាហ៍ ប្រៀបធៀប​ទៅនឹង​៣,៩%​នៃ​ថវិកា​និង​១៥​ម៉ោង​ក្នុង​មួយ​សប្តាហ៍​របស់​អ្នក​ប្រើ​ចង្ក្រាន​ក​ង្រី សម្រាប់​តម្រូវការ​លើ​ការទិញ​និង​ការរៀបចំ​ចម្អិន​អាហារ​។

​ដោយ​យល់ឃើញ​អំពី​អត្ថប្រយោជន៍​ដល់​សុខភាព​ដែល​ឥន្ធនៈ​ស្អាត​អាច​មាន​សម្រាប់​អ្នកប្រើប្រាស់ ជា​អនុសាសន៍ គួរ​ធ្វើ​ការសិក្សា​មើល​ថា តើ​មាន​លទ្ធភាព​បែប​ណាខ្លះ​សម្រាប់​ពង្រីក​ការប្រើប្រាស់​ចង្ក្រាន​ឥន្ធនៈ​ស្អាត ពិសេស​ចង្ក្រាន​ប្រើ​ឧស្ម័ន​រាវ LPG​។ ភាព​អាច​ជាវ​បាន ជាពិសេស អាច​ជា​បញ្ហា​ធំ​រារាំង​ក្រុម​គ្រួសារ​មិន​ឱ្យ​ងាក​ទៅប្រើ​ចង្ក្រាន​ឥន្ធនៈ​ស្អាត​បានដែរ​។ ជិត​១០%​នៃ​អ្នក​ប្រើ​ចង្ក្រាន​ឥន្ធនៈ​ស្អាត ចាំបាច់​ត្រូវ​ចំណាយ​ជាង​៥%​នៃ​ថវិកា​គ្រួសារ ទៅលើ​ការទិញ​ឥន្ធនៈ​ស្អាត សំខាន់​គឺ ឧស្ម័ន​រាវ LPG ដើម្បី​បំពេញ​សេចក្តីត្រូវការ​ក្នុងការ​ចម្អិន​អាហារ​របស់គេ​។ គ្រួសារ​ក្រីក្រ​មិន​អាចមាន​លទ្ធភាព​ចំណាយ​សម្រាប់​ទិញ​ឥន្ធនៈ​ស្អាត​យក​មក​ប្រើ​បានទេ​។ ដើម្បី​ពង្រីក​ការប្រើប្រាស់​ចង្ក្រាន​ឥន្ធនៈ​ស្អាត​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នៅក្នុង​តំបន់​ជនបទ​ដែល​គ្រួសារ​មាន​សេដ្ឋកិច្ច​មិនសូវ​ធូរធារ​ដូច​អ្នក​នៅ​តាម​ទីប្រជុំជន លទ្ធភាព​អាច​ជាវ​បាន​គឺជា​ចំណុច​គន្លឹះ​មួយ​ឆ្ពោះ​ទៅ​បង្កើន​ការ​សាយភាយ​នៃ​ការប្រើប្រាស់​ចង្ក្រាន​ឥន្ធនៈ​ស្អាត​។

​ការពង្រីក​ការប្រើប្រាស់​ចង្ក្រាន​ក​ង្រី អាច​ជា​ដំណោះស្រាយ​មួយ​ធ្វើ​ទៅ​រួច​និង​មាន​ប្រសិទ្ធភាព ជាពិសេស សម្រាប់​គ្រួសារ​ទាំងឡាយ​ដែល​កំពុង​តែ​ប្រើ​ចង្ក្រាន​ថ្មបី​ដុំ ឬ​ចង្ក្រាន​ប្រពៃណី​។ អ្នក​ប្រើ​ចង្ក្រាន​ថ្ម​បី​ដុំ ឬ​ចង្ក្រាន​ប្រពៃណី ក្នុង​ចំនួន​មួយ​ច្រើន​លើសលប់ កំពុង​រស់នៅ​តាម​តំបន់​ជនបទ ហើយ​មិន​សូវ​ជា​ធូរធារ​ដូច​អ្នក​រស់នៅ​តាម​ទីប្រជុំជន ឬ​អ្នក​ប្រើ​ចង្ក្រាន​ឥន្ធនៈ​ស្អាត​ទេ​។ ស្ថានភាព​សេដ្ឋកិច្ច​រវាង​អ្នក​ប្រើ​ចង្ក្រាន​ថ្ម​បី​ដុំ ឬ​ចង្ក្រាន​ប្រពៃណី និង​អ្នក​ប្រើ​ចង្ក្រាន​ក​ង្រី ក៏​មិនសូវ​ជា​មាន​ភាពខុស​គ្នា​ប៉ុន្មាន​ដែរ ប៉ុន្តែ​មាន​តែ​អ្នក​ប្រើ​ចង្ក្រាន​​ឥន្ធនៈ​ស្អាត​ទេ​ដែល​មាន​សេដ្ឋកិច្ច​ធូរធារ​ច្រើនជាង​អ្នក​ទាំង​ពីរ​ក្រុម​ទៀត​។ អាស្រ័យហេតុនេះ វា​អាច​ជា​បញ្ហា​ប្រឈម​បន្តិច​ដែរ​សម្រាប់​ឱ្យ​អ្នក​ប្រើ​ចង្ក្រាន​ថ្ម​បី​ដុំ ងាក​មក​ប្រើ​ចង្ក្រាន​ឥន្ធនៈ​ស្អាត​ភ្លាមៗ បើ​មិន​កែលម្អ​តម្លៃ​របស់​ឱ្យមាន​ភាព​ងាយ​រក​ជាវ​បាន ជាមុន​សិន​។ ជាមួយនឹង​ការបង្ក​លទ្ធភាព​ឱ្យ​គ្រួសារ​នៅ​លំដាប់​ទាប​អាច​មាន​ចង្ក្រាន​ឥន្ធនៈ​ស្អាត​ប្រើប្រាស់ ចង្ក្រាន​ជីវម៉ាស់​ដែល​បាន​កែលម្អ​ឱ្យ​ប្រសើរ​ជាង​មុននឹង​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​នូវ​គុណ​តម្លៃ​នានា នៃ​ការប្រើ​ថាមពល​ចម្អិន​អាហារ​ក្នុង​ក្រប​ខណ្ឌ MTF ក្នុងនោះ​មាន​គុណ​តម្លៃ​អត្ថប្រយោជន៍​ដល់​សុខភាព (​គុណភាព​ខ្យល់​ក្នុងផ្ទះ​) ប្រសិទ្ធ​ផល ភាពងាយស្រួល និង​ភាព​អាច​ជាវ​បាន ផងដែរ​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×