ភ្នំពេញ ៖ នៅវេលាម៉ោង៦ និង៥៥នាទីព្រឹក ម៉ោងនៅម៉ាលី ដែលត្រូវនឹងម៉ោង១ និង៥៥នាទីរសៀល ម៉ោងនៅកម្ពុជា ថ្ងៃព្រហស្បតិ៍ទី២២ ខែមីនា ឆ្នាំ២០១៨នេះ មានករណីបំផ្លោងគ្រាប់ចំនួន៣គ្រាប់ ត្រូវចំស្នាក់ការរបស់កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ២ខ្នង នៅតំបន់ Kidal ប្រទេសម៉ាលី បណ្តាលឲ្យមានការខូចខាតទ្រព្យសម្បត្តិមួយចំនួនផងដែរ។ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការ របស់អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ ។
ក្នុងផេកហ្វេសប៊ុកផ្លូវការ របស់អ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងមុននេះបានបញ្ជាក់ថា ករណីនេះ មិនបានបង្កឲ្យកងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ១៨៩ របស់កម្ពុជាដែលកំពុងបំពេញការងារនៅតំបន់នោះ រងរបួសនោះទេ។ រហូតដល់ពេលនេះ ស្ថានការណ៍នៅកន្លែងកើតហេតុ មានភាពប្រក្រតីឡើងវិញហើយ។ ជាមួយគ្នានេះ កម្លាំងយើងកំពុងស្រាវជ្រាវកំណត់អត្តសញ្ញាណ នៃការវាយប្រហារខាងលើផងដែរ៕ ដោយ៖បញ្ញាស័ក្តិ