Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​វប្បធម៌​រំលឹក​អំពី​លទ្ធផល​ស្ថាប័ន​អន្តរជាតិ ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​

spot_img

សៀមរាប ​៖ លោកស្រី ភឿង សកុណា បាន​លើកឡើង​ថា ស្ថាប័ន​អន្តរជាតិ​ទាំងអស់ បាន​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ព្រោះ​បើ​គ្មាន​ការជួយ​ជ្រោមជ្រែង ពី​បណ្តា​ប្រទេស​ជា​ដៃគូ តាំងពីដើម​មក​ទេ ប្រាសាទ​អង្គរ មិន​អាច​គេចផុត​ពី​ភាព​ប្រឈម នឹង​គ្រោះថ្នាក់​បាន​ឡើយ​។​

​លោកស្រី បាន​បន្ថែមថា ចាប់តាំងពី​អង្គរ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ឆ្នាំ​១៩៩២ មាន​ស្ថាប័ន​អន្តរជាតិ​ជាច្រើន​បាន​ចូលរួម​ក្នុង​ការជួយ​ស្រោចស្រង់​អង្គរ ដែល​មាន​ទាំង​គម្រោង​អភិរក្ស ជួសជុល​ប្រាសាទ ស្រាវជ្រាវ បណ្តុះបណ្តាល​ធនធានមនុស្ស និង​អភិវឌ្ឍន៍​សហគមន៍​ជាដើម​។​

​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ល្អប្រសើរ​រវាង​ស្ថាប័ន​អន្តរជាតិ​ទាំងនេះ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​មីនា ឆ្នាំ​២០១៨ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួបពិភាក្សា​ជាមួយ​តំណាង​ស្ថាប័ន​អន្តរជាតិ​គ្រប់​ការដ្ឋាន​ទាំងអស់ ដែល​កំពុង​បំពេញការងារ​នៅក្នុង​រមណីយដ្ឋាន​អង្គរ​។​

​លោកស្រី ភឿង សកុណា បាន​មានប្រសាសន៍ថា គោលបំណង​សំខាន់ នៃ​ជំនួប​ពិភាក្សា​នាពេលនេះ គឺ​សំដៅ​ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិការ​ឲ្យ​កាន់តែ​មាន​ការ​ជិតស្និទ្ធ​តាមរយៈ​ការស្វែងយល់​នូវ​បញ្ហា​ប្រឈម​នានា​ដែល​ការដ្ឋាន​អន្តរជាតិ​ជួបប្រទះ​ក្នុង​ការអនុវត្ត​ការងារ​គម្រោង​នីមួយៗ និង​ចូលរួម​ចំណែក​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ផ្សេងៗ​ក្នុងន័យ​ជំរុញ​ឲ្យ​ដំណើរការ​អភិរក្ស ជួសជុល​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ​ដំណើរការ​ទៅ​ដោយ​រលូន និង​រក្សាបាន​នូវ​តម្លៃ​លេចធ្លោ​ជា​សាកល​នៃ​អង្គរ​។​

​មានប្រសាសន៍​ក្នុង​ជំនួប​ពិភាក្សា​នេះ លោកស្រី​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែង​រំលឹក​អំពី​លទ្ធផល​ដ៏​ល្អប្រសើរ​ដែល​សម្រេចបាន​នា​ពេលកន្លងមក និង​សម្តែង​ការ​អរគុណ​ដល់​ស្ថាប័ន​អន្តរជាតិ​ទាំងអស់ ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ព្រោះ​បើ​គ្មាន​ការជួយ​ជ្រោមជ្រែង​ពី​បណ្តា​ប្រទេស​ជា​ដៃគូ​តាំងពីដើម​មក​ទេ អង្គរ​មិនអាច​គេចផុត​ពី​ភាព​ប្រឈម​នឹង​គ្រោះថ្នាក់​បាន​ឡើយ​៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×