Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ចោទ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​បិទផ្លូវ​មិនឲ្យ​ធ្វើ​ដំណើរ​ឆ្លងកា​ត់​នៅលើ​កោះរ៉ុង​ (Video inside)

spot_img

​ខេត្ត​ព្រះសីហនុ ៖ ប្រជាពលរដ្ឋ​រស់នៅ​មូលដ្ឋាន​សង្កាត់​កោះរ៉ុង ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​ចោទ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប (Royal Group) របស់​លោក​ឧកញ៉ា គិត ម៉េង ថា បាន​បិទផ្លូវ​មិន​ឲ្យ​ពួកគេ អាច​ធ្វើដំណើរ​ឆ្លងកាត់​នៅលើ​កោះរ៉ុង ត្រង់​ចំណុច​ឆ្នេរ​សុខសាន្ត បាន​ទូលំទូលាយ​ដូច​ពេល​មុន​ទៀត​ទេ​។ ពួក​គេ​អះអាង​ថា ផ្លូវ​ក្រាល​គ្រួស​ក្រម​ហម មាន​ទីតាំង​នៅ​ចំណុច​ឆ្នេរ​សុខសាន្ត ឬ​ផ្លូវ​ឆ្លងកាត់​សណ្ឋា​លំដាប់​ផ្កាយ​ប្រាំ​មាន​ឈ្មោះ​ថា រ៉ូយ៉ាល់ ស៊ែ​ន កោះរ៉ុង (Royal Sands Koh Rong) របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ត្រូវបាន​កង សន្តិសុខ ឬ​បុគ្គលិក​ក្រុមហ៊ុន​នេះ បិទ​រនាំង​បាំង​ផ្លូវ មិនឲ្យ​មធ្យោបាយ​ធ្វើដំណើរ​អាច​ឆ្លងកាត់​ទេ​។

ត្រង់​ចំណុច​នេះ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​សន្យាថា នឹង​លើក​យ​ករណីនេះ​ទៅ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ឈានដល់​មាន​ផ្លូវ​ធ្វើដំណើរ​ឆ្លងកាត់​ឲ្យបាន​ទូលំទូលាយ​ដូ​ចដើមឡើង​វិញ​។​

ភ្ញៀវទេសចរ ពិសេស​ប្រជាពលរដ្ឋ​មាន​លំនៅឋាន​រស់នៅ​ក្នុងភូមិ​សុខសាន្ត និង​ភូមិ​កោះ​តូច​ជាដើម នៃ​សង្កាត់​កោះរ៉ុង បានឲ្យ​អ្នកយក​ព័ត៌មាន​គេហទំព័រ CEN.COM.KH ប្រចាំ​នៅ​លើ​កោះរ៉ុង​ដឹង​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៤ ខែ​មីនា ឆ្នាំ​២០១៨​ថា ពួកគេ​ត្រូវ​កងសន្តិសុខ ឬ​បុគ្គលិក​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ហាម​មិនឲ្យ​ធ្វើ​ដំណើរ​ឆ្លងកា​ត់​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម ចេញ​ចូល​ពី​ភូមិ​សុខសាន្ត ឆ្លង​ឆ្ពោះទៅ​ភូមិ​កោះ​តូច និង​ចេញ​ចូល​ទៅ​ទីតាំង​ផ្សេងៗ ឲ្យបាន​ទូលំទូលាយ​ដូចពេលមុ​ន​ទៀត​ទេ ព្រោះ​ត្រូវ​ក្រុមហ៊ុន​នេះ បាន​ធ្វើ​របង​បិទ​ផ្លូវលំ មិន​ឲ្យ​ឆ្លងកាត់​នៅ​ម្តុំ​បរិវេណ​សំណង់​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាយ របស់​ក្រុមហ៊ុន​នេះ នៅតាម​បណ្តោយ​ឆ្នេរ​សុខសាន្ត​។

ផ្តើម​ពី​បញ្ហា​នេះ ទាំង​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​លើ​កោះរ៉ុង​ទាំងមូល បាន​សំណូមពរ​ដល់ អភិបាល ខេត្ត​ព្រះសីហនុ លោក យន្ត មីន ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យជួយ​អន្តររាគមន៍​ទៅ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប របស់ លោក​ឧកញ៉ា គិត ម៉េង ដើម្បី​ឲ្យ​បើកផ្លូវ ដែល​ក្រុមហ៊ុន​នេះ​បាន​បិទ ផ្តល់​ជូន​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ក្នុង​មូលដ្ឋាន​កោះរ៉ុង​ឲ្យបាន​ដូច​ពេល​មុន​វិញ​។

ទាក់ទិន​បញ្ហា​នេះ អ្នកយក​ព័ត៌មាន​គេហទំព័រ CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ មិនទាន់​អាច​ទាក់ទង តំណាង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ដើម្បី​ស្នើសុំ​ការបំភ្លឺ​ជុំវិញ​មតិ​ប្រជាពលរដ្ឋ​ចោទ​ក្រុមហ៊ុន​នេះ ថា​បាន​បិទ​ផ្លូវលំ ក្រាល​គ្រួស​ក្រហម មិន​ឲ្យ​ពួកគាត់​ធ្វើដំណើរ​ឆ្លងកាត់ ក្នុង​ភូមិសាស្ត្រ​មួយចំនួន នៃ​សង្កាត់​កោះរ៉ុង មានដូចជា​៖ ផ្លូវ​ចេញ​ចូល​ពី​ភូមិ​កោះ​តូច ឆ្ពោះទៅ​ភូមិ​សុខសាន្ត និង​ឆ្ពោះទៅកាន់​ភូមិ​ផ្សេងៗ​ទៀត បាន​នៅឡើយ​ទេ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៤ ខែ​មីនា ឆ្នាំ​២០១៨​។

ចំណែក លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក៏​មិន​ទាន់​ស្នើសុំ​ធ្វើ​អត្ថាធិប្បាយ​បានដែរ ព្រោះ​លោក​កំពុង​ជាប់រវល់​ប្រជុំ មិនទាន់​មាន​ពេលវេលា ដើម្បី​បំភ្លឺ​រឿង​នេះ​ទេ​។

យ៉ាងនេះក្តី លោក នួន ប៊ុន​ថុល នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​ព្រះសីហនុ បាន​ទទួលស្គាល់ថា ពិតជា​មាន​ប្រជាពលរដ្ឋ​ផ្តល់ព័ត៌មក​រូប​លោក​លើករ​ណីក្រុម​ហ៊ុន​រ៉ុយ៉ាល់​គ្រុប របស់​លោក​ឧកញ៉ា គិត ម៉េង បាន​បិទ​ផ្លូវលំ មិន​ឲ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ធ្វើដំណើរ​ឆ្លងកាត់​នៅ​ម្តុំ​បរិវេណ​សំណង់​សណ្ឋាគារ នៅ​ចំណុច​ឆ្នេរ​សុខសាន្ត នៃ​សង្កាត់​កោះរ៉ុង​ពិតប្រាកដ​មែន​។ លោក​បន្តថា ករណី​នេះ​លោក​ស្នើ​ដល់​ប្រជាពលរដ្ឋ ដែលរង់​ផល​ប៉ះពាល់​ពី​ការប្រើប្រាស់​ផ្លូវ​ធ្វើ​ដំណើរ​ទាំងអស់​រស់នៅ​លើ​កោះរ៉ុង ឲ្យ​ដាក់​ពាក្យបណ្តឹ​មក​កាន់​អាជ្ញាធរ​សង្កាត់​កោះរ៉ុង ដើម្បី​សម្របសម្រួល ឬ​ដោះស្រាយ​មួយ​ដំណាក់កាល​សិន ប៉ុន្តែ​លោក បើ​នៅ​តែ​មិន​មាន​ដំណោះស្រាយ​ទៀត អាជ្ញាធរ​សង្កាត់ នឹង​បន្ត​រាយការណ៍​ជូន ថ្នាក់ដឹកនាំ​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ ឬ​ឈានដល់​សុំ​កិច្ច​អន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យជួយ​អន្តរាគមន៍​បើកផ្លូវ​ធ្វើដំណើរ ដែល​ត្រូវ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប នៅលើ​កោះរ៉ុង បើកផ្លូវ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ អាច​ប្រើប្រាស់​ឲ្យបាន​ទូលំទូលាយ​ដូ​ចដើមឡើង​វិញ​។​

គួររំលឹកថា កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​លោក​ឧកញ៉ា គិត ម៉េង បាន​បើក​ការសាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ មានឈ្មោះ​ថា រ៉ូយ៉ាល់ ស៊ែ​ន កោះរ៉ុង (Royal Sands Koh Rong) ដោយ​ក្រុមហ៊ុន​នេះ​អះអាង​ថា បាន​ចំណាយ​ទឹកប្រាក់​វិនិយោគ​ប្រមាណ ២០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ក្នុង​អំឡុង​ពេល​បើក​ការដ្ឋាន​សាងសង់​នោះ សម្តេច​ក្រឡាហោម ស ខេង និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​មក​ចូលរួម​សម្ពោធ​បើក​ការដ្ឋាន ដែល​អំឡុងពេល​នោះ​សំណង់​លំដាប់​ផ្កាយ​នេះ ត្រូវ​មន្ត្រី​រដ្ឋបាល​ក្រុងព្រះសីហនុ អះអាងថា បាន​ធ្វើ​ពិធី​សម្ពោធ​ដោយ​មិនទាន់​បាន​ស្នើ​សុំ​ច្បាប់​សាងសង់​ឲ្យបាន​ត្រឹមត្រូវ​ជា​មុន​ពី​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ​នោះទេ​។​

ឯកសារ​ខ្លះ​បង្ហាញថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​សិទ្ធិ​វិនិយោគ​ទៅឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់ លោក​ឧកញ៉ា គិត ម៉េង ដើម្បី​ធ្វើ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅលើ​កោះរ៉ុង​មាន​រយៈពេល ៩៩​ឆ្នាំ​។ បើ​យោង​តាម​ប្លង់​អភិវឌ្ឍន៍​នៅលើ​កោះរ៉ុង​ទាំងមូល របស់​ក្រុម ហ៊ុន​រ៉ូយ៉ាល់​គ្រុប ដែល​គេ​ចង​ព្យួរ​នៅតាម​ផ្លូវ​ដែល​ក្រុមហ៊ុន​នេះ​បាន​ឈូសឆាយ​ស្ថាបនា​ផ្លូវ​ឆ្លងកាត់​នៅលើ​កោះរ៉ុង​កន្លងមក បាន បង្ហាញ​ថា ផែនទី​បង្ហាញ​ទម្រង់ និង​ទីតាំង​ក្បាលដី​កោះរ៉ុង ក្នុង​ភូមិសាស្ត្រ​សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ ជា​ទ្រព្យ​ឯកជន របស់​រដ្ឋ​នា​មូលដ្ឋាន​នេះ មាន​ទំហំ​សរុប ៧.៨២៦​ហិកតា​។​

យ៉ាងណា​ក៏ដោយ​ចុះ ទោះ​ក្រុមហ៊ុន​នេះ​ធ្លាប់មាន​វិវាទ​ដីធ្លី​មួយ​ចំនួន ជាមួយ​ប្រជាពលរដ្ឋ​រស់នៅ​លើ​កោះរ៉ុង​ជា​បន្តបន្ទាប់ និង​បន្ត​មក​ដល់​បច្ចុប្បន្ន​នេះ​ក្តី ក៏ប៉ុន្តែ​ថ្មីៗ​នេះ មាន​លេចឮ​ព័ត៌មាន​មក​ថា ពិធី​សម្ភោ​ធ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ មានឈ្មោះ​ថា រ៉ូយ៉ាល់ ស៊ែ​ន កោះរ៉ុង (Royal Sands Koh Rong) របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលមាន លោក​ឧកញ៉ា គិត ម៉េង ជា​អគ្គនាយក គ្រោង​នឹង​បើក​សម្ភោ​ធ​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៨ ហើយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នឹង​អញ្ជើញ​មក​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពស់​ខ្ពស់​នៅក្នុង​ពិធី​សម្ភោ​ធ​នោះ​ថែម​ទៀត​៕ ដែន សីមា

    

spot_img
×