Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ស៊ុន ចាន់ថុល ៖ កម្ពុជា​បញ្ចប់សង្គ្រាម ទើប​រកឃើញ​សន្តិភាព ហើយ​អភិវឌ្ឍ​ជាតិ​ដូច​សព្វថ្ងៃ​

spot_img

​កណ្តាល ៖ លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា បើ​កម្ពុជា​មិន​អាច​បញ្ចប់​ភ្លើងសង្គ្រាម មិន​អាច​រកឃើញ​សន្តិភាព​បាន​នោះ​ទេ ដូច្នេះ​សុខសន្តិភាព គឺជា​បុព្វហេតុ​ដ៏​ចម្បង​សម្រាប់​ការអភិវឌ្ឍ​ជាតិ ដែល​រង​ភាព​ខ្ទេចខ្ទាំ ដោយសារ​ភ្លើងសង្គ្រាម ឲ្យ​ឈាន​មក​កាន់​យុគសម័យ​ថ្មី ដែល​មាន​ការរីកចម្រើន​ដូច​ពេល​បច្ចុប្បន្ន​។​

​ថ្ងៃអាទិត្យ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៨ ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​វត្ត​ពាម​ឃ្លាំង ឋិត​នៅក្នុង​ឃុំ​លើកដែក ស្រុក​កោះធំ ខេត្ត​កណ្តាល ក្រោម​អធិបតីភាព​សម្តេច​ព្រះ​មហា​សុមេធាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត សម្តេចព្រះ​សង្ឃនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ស៊ុន ចាន់ ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​កោះធំ ។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ពី​សុខសន្តិភាព ក្រោម​ការដឹកនាំ​ដ៏​ភ្លឺស្វាង​របស់​សម្តេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សេន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើឱ្យ​ស្រុក​កោះធំ ក៏ដូចជា ប្រទេសជាតិ​ទាំងមូល មានលទ្ធភាព​ពេញលេញ​ក្នុង​ការ អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ដើម្បី​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជា ពលរដ្ឋ ធានាបាន​នូវ​សុខសន្តិភាព សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ពិសេស​ធ្វើឱ្យ​ស្រុក​កោះធំ មាន​ការរីកចម្រើន និង​ជា​ក្តីសង្ឃឹម​ទៅ​អនាគត​។​

​លោក​បាន​ថ្លែងបន្តថា នេះ​សបញ្ជាក់​ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់ និង​គិតគូរ​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​លើ​វិស័យ អាណាចក្រ ក៏ដូចជា​វិស័យ​ពុទ្ធ​សាសនា និង​ជា​សមិទ្ធផល​ដ៏​ល្អ​ប្រណិត​ថ្មី​មួយទៀត​របស់​វត្ត​ពាម ឃ្លាំង​មង្គល ដែល​បាន​កើតចេញ​ពី​សទ្ធា​ជ្រះថ្លា របស់​ព្រះសង្ឃ ពុទ្ធបរិស័ទ ព្រមទាំង​សប្បុរសជន​គ្រប់ មជ្ឍដ្ឋាន ដើម្បី​ឧទ្ទិស​ជូន​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​។​

​លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា បើ​កម្ពុជា​មិន​អាច​បញ្ចប់​ភ្លើងសង្គ្រាម រក​ពន្លឺ​សុខសន្តិភាព និង​ការបង្រួបបង្រួម​ជាតិ​ទេ​នោះ កម្ពុជា​មិន​អាច​រកឃើញ​ភាពសុខសាន្ត និង​ការរីកចម្រើន ដូច​ពេល​បច្ចុប្បន្ន​នោះឡើយ​។​

​លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា សម្តេច​តេជោ ហ៊ុន សែន គឺជា​រដ្ឋបុរស​របស់​ជាតិ​កម្ពុជា​មួយ​រូប ដែល​មិន​ត្រឹមតែ​តស៊ូ​វាយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ឲ្យ​ខ្ចាត់ខ្ចាយ​នោះទេ តែ​ជានិច្ចកាល​សម្តេច​តែង​បាន​តម្កល់​តម្លៃ​ប្រយោជន៍​ជាតិ និង​ប្រជាជន​ជា​ធំ​ជា​និច្ច ដោយ​បាន​ដាក់ចេញ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ​នាំមក​នូវ​ជោគជ័យ​ធំ​បំផុត​សម្រាប់​កម្ពុជា​។​

​លោក ស៊ុន ចាន់ថុល បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​នៅក្នុង​ស្រុក​កោះធំ និង​នៅ​ទូទាំង​ប្រទេស​ត្រូវ​រួមគ្នា​ការពារ និង​ថែរក្សា​ឲ្យបាន​នូវ​សុខសន្តិភាព​នេះ ដោយ​មិន​ត្រូវ​ជឿ​តាម​ការ​អុចអាល​ញុះញង់​ពី​ក្រុម​ជន​អគតិ​ណាមួយ​ឈាន​ទៅ​បង្ក​វិនាសកម្ម​បំផ្លាញ​នូវ​សមិទ្ធផល​ដែល​កម្ពុជា​កំពុង​មាន​នោះឡើយ​៕​ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×