Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​ត្រូវ​រួមគ្នា​បញ្ឈប់​អំពើហិង្សា​ក្នុង​គ្រួសារ​”

spot_img

ខេត្ត​ព្រះសីហនុ ៖ មន្ត្រី​សមាគម​អាដហុក ប្រចាំ​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា កាលពី​ព្រឹក ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០១៨ មាន​ស្រី្ត​មា្ន​ក់​អាយុ ២៣​ឆ្នាំ ឈ្មោះ ចាន់ ស្រី​ទី មាន​មុខរបរ​លក់ដូ​រ មាន​ទីលំនៅ​ភូមិ​បី សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ត្រូវ​ប្តី​បាន​វាយ​ឲ្យ​របួស​ជាំខ្មៅ ស្ទើរតែ​គ្រប់​ទីកន្លែង​លើ​ដងខ្លួន ជាំ​ក្បាល និង​មុខ ដ៏​ស្រស់ស្អាត របស់​នាង ដោយសារ​តែប្តី​អនីតិ​សង្វាស​របស់​នាង ប្រើ​ខ្សែក្រវ៉ាត់ និង​ប៉ែល​ចូកដី វាយ​មក​លើ​រូប​នាង ព្រោះ​សារ​ភ្លើង​ប្រច័ណ្ឌ​។

អ្នកស្រី ជាប សុធា​រី អ្នកសម្របសម្រួល​សមា​គម​អាដហុក​(ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ ចាន់ ស្រី​ទី ត្រូវ​បុរស​ជា​ប្តី​មិន​រៀបការ​ឈ្មោះ ភាស បាន​ប្រើ​អំពើហិង្សា​ឲ្យមាន​របួសស្នាម​ធ្ងន់ធ្ង​រ​ពេញខ្លួន​។​

​សូម​ជំរាប​ថា ជនរងគ្រោះ ចាន់ ស្រី​ទី និង​បុរស ម្នាក់​ឈ្មោះ ភាស់ អាយុ​ប្រហែល ២៨​ឆ្នាំ បាន​ស្ម័គ្រ​រួមរស់ នៅ​ជាមួយគ្នា​ជា​ប្តី​ប្រពន្ធ ដោយ​មិន​បាន​រៀបការ​តាម​ប្រពៃណី​ទេ​។ ប្រភព ឲ្យដឹងថា ឪពុក និង​បងប្អូន​ស្ត្រី​រងគ្រោះ ក៏​បានដឹង​ឮ​រឿង​នេះ​ដែរ ប៉ុន្ដែ​ពួកគាត់ មិន​អាច​ហាមឃាត់​កូនស្រី​បាន ក៏​បណ្តោយ​តាម​ចិត្ត​នាង​ទៅ ហើយ​ការរស់នៅ​ជាមួយគ្នា របស់​ប្តី​ប្រពន្ធ​ខាងលើនេះ មិនសូវ​ជា​បាន​សេចក្តីសុខ​ប៉ុន្មាន​នោះ​ទេ ហើយ​ជីវភាព​គ្រួសារ​ក៏​មិនសូវ​ធូរធារ​នោះទេ ដោយ​បុរស​ជា​ប្តី​ប្រកប​មុខរប​ររត់​ម៉ូតូឌុប រីឯ​ប្រពន្ធ​លក់ដូរ​នៅ​ផ្ទះ​បន្តិចបន្តួច​។

​ញាតិ​ជិតខាង​ស្ត្រី​រងគ្រោះ បានឲ្យដឹង​ទៀតថា មុន​ថ្ងៃ​កើតហេតុ ប្តី​ប្រពន្ធអ​នីតិ​សង្វាស់​ទាំ​ង​ពីរ​នាក់​មាន​ទំនាស់​គ្នា ដោយសារ ប្រពន្ធ​ឃើញ​ប្តី ទៅ​លួច​មាន​ទំនាក់ទំនង​ជាមួយ​ស្រី​ផ្សេង ហើយ​ដល់​ពេល​ប្រពន្ធ​សួរនាំ​រឿងនេះ ក៏​បង្ក​បាន​ជា​ទំនាស់​ពាក្យសម្តី គ្នា​យ៉ាងខ្លាំង ដោយសារប្តី​បដិសេធ​។ នា​ឱកាស​នោះ ស្ត្រី​រងគ្រោះ បាន​ខឹង​ហើយ​សម្រេចចិត្ត​រៀបចំ​ខោអាវ ចុះចេញ​ពី​ផ្ទះ​របស់​ប្តី ទៅ​រស់នៅ​ជាមួយ​ឪពុក​វិញ (​ម្តាយ​ស្លាប់​)​។ ផ្ទះ​ស្ត្រី​រងគ្រោះ និង​ផ្ទះ​របស់​ប្តី​នាង គឺ​នៅ​ផ្លូវ​មុខក្រោយ​ឆ្ងាយ​ពី​គ្នា​ប្រហែល ២០០​ម៉ែត្រ​តែ​ប៉ុណ្ណោះ​។ បញ្ហា​នេះ ស្ត្រី​រងគ្រោះ​ឈ្មោះ ចាន់ ស្រី​ទី បានឲ្យដឹងថា នាង​បាន​ទៅ​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ ឬ​ផ្ទះ​ខាង​ប្តី បាន​ប្រហែល​ជិត​មួយ​ខែ ដោយ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ៨​ព្រឹក ត្រូវ​ប្តី​បាន​ទូរស័ព្ទ ហៅ​នាង​ឲ្យទៅ​ផ្ទះ ប៉ុន្ដែ​ជនរងគ្រោះ​ឆ្លើយថា នាង​មិន​ទៅ​ទេ​។ ស្ត្រី​រងគ្រោះ​បន្តថា ប្តី​នាង​បាន​គំរាម​ថា បើ​នាង​មិន​ទៅ​ផ្ទះ​ទេ គាត់​នឹង​មក​វាយ​ដល់ផ្ទះ​ខាង​ឪពុកក្មេក ឬ​ផ្ទះ​សាច់ញាតិ​ស្ត្រី​រងគ្រោះ​តែម្តង​។ ដោយ​បារម្ភ​ខ្លាច​មានរឿង​កាន់តែ​ធំ​ស្ត្រី​រងគ្រោះ បាន​ប្រាប់​បងស្រី​របស់​ខ្លួន ហើយ​ដើរ​សំដៅ​ទៅ​ផ្ទះ របស់​ប្តី ដោយ​មិន​បាន​យក​ទូរស័ព្ទដៃ​ទៅ​ជាមួយ​ទេ ហើយ​ពេល​ទៅដល់​ផ្ទះ​នាង​ឃើញ​ប្តី​របស់​នាង​នៅ​ផ្ទះ ក៏​ដើរ​ចូល​ទៅក្នុង​បន្ទប់ ហើយ​ប្តី​ក៏​ចូល​ទៅ​តាម​ក្រោយ ហើយ​បិទទ្វារ​សួរ​នាង​ថា នាង​មាន​ទាក់ទង​ប្រុស​ផ្សេង​ទៀត​ឬ​? ស្ត្រី​រងគ្រោះ​និយាយថា នាង​មិន​បាន​ឆ្លើយតបប្តី​ទេ ដោយ​នៅ​ស្ងៀម ក្រោយមក​ប្តី​ក៏​ដាល់​ចំ​មុខ​នាង ទាត់​ធាក់​នាង​ដួល​ដេក​នៅលើ​ដី​។ ក្រោយមក ស្ត្រី​រងគ្រោះ បាន​ប្រាប់ប្តី​នាងថា មិន​បាន​ទាក់ទង​ជាមួយ​នរណា​ទេ​ដោយ​ប្រាប់ថា បុរស​ដែល​ប្តី នាង​ប្រច័ណ្ឌ​នោះ ជា​អ្នក​ជិតខាង​ផ្ទះ​នាង​ទេ ប៉ុន្ដែ​ប្តី​របស់​នាង​នៅតែ​មិន​ស្តាប់ ហើយ​បាន​យក​ខ្សែក្រវ៉ាត់​វាយវាត់​មកលើ​ខ្លួនប្រាណ​នាង ហើយ​នាង​បាន​យកដៃ​ទៅ​រង​ការពារ​ខ្លួន ក៏​ត្រូវ​របួស​ដៃ​ថែម​ទៀត​។ ស្ត្រី​រងគ្រោះ បានឲ្យដឹង​ទៀតថា ក្រោយមកទៀត ប្តី​នាង​ក៏​បាន​ទៅយក​ប៉ែល​ចូកដី មក​វាយ​សំពង​លើ​ខ្លួន​នាង​ទៀត នៅពេល​នាង​ដួល​ដេក​នៅលើ​ដី និង​បាន​គំរាម​បង្ខំ​នាង​ឲ្យ​ក្រោកពី​ដួល​នៅលើ​ដី​ហើយ​បន្ត​វាយ​នាង​ថែម​ទៀត​។ ស្ត្រី​រងគ្រោះ ឲ្យដឹងថា នាង​បាន​ស្រែកយំ និង​ដង្ហើយ​ហៅ​ឲ្យ​អ្នកជិតខាង​ជួយ ប៉ុន្តែ​គ្មាន​អ្នកណា​ម្នាក់​ជួយ​គាត់​ឡើយ ព្រោះ​ប្តី​នាង​ចាក់សោរ​បន្ទប់​វាយ​នាង​នៅក្នុង​ផ្ទះ​។ ស្ត្រី​រងគ្រោះ ឲ្យដឹងថា ក្រោយពី​ប្តី​បាន​វាយ​ធ្វើបាប​នាង​អស់ចិត្ត បុរស​ជា​ប្តី ក៏​ទៅ​មុជទឹក​ស្លៀកពាក់​ចេញ​ទៅ​ក្រៅ ដោយ​ប្រាប់​នាង​ឲ្យ​រៀបចំ​ផ្ទះ​ឲ្យ​ស្អាត បើ​គេ​ត្រឡប់​មក​វិញ​ឃើញ​នៅ​ដដែល​នឹង​វាយ​នាង​ថែម​ទៀត​។ ងាក​មក​បងស្រី​ស្ត្រី​រងគ្រោះ នៅ​ពេល​បាត់​ប្អូនស្រី​យូរ មិនឃើញ​ត្រឡប់​ទៅផ្ទះ​វិញ ក៏​ប្រើ​ប្អូនស្រី​ម្នាក់ទៀត ឲ្យទៅ​មើលនាង ប៉ុន្តែ​ពេល​ប្អូនស្រី​មកដល់​ឃើញ​បងស្រី​ជាំមុខ​អង្គុយ​យំ ហើយ​ក្រោយមក​បាន​ដឹង​ថា​ប្តី​វាយ​ធ្វើបាប នាង​ក៏​ដឹក​បងស្រី​ទៅ​ផ្ទះ​វិញ​។ បងស្រី និង​ឪពុក​នាង​បាន​ឃើញ​ស្ថានភាព​កូនស្រី​ធ្ងន់ធ្ងរ​ពេក ក៏​ប្រញាប់​បញ្ជូន​នាង​ទៅ​មន្ទីរ​បង្អែក​ខេត្ត​ព្រះសីហនុ ដើម្បី​ទទួល​ការព្យាបាល​។​

​ទាក់ទិន​បញ្ហា​នេះ អ្នកស្រី ជាប សុធា​រី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​(ADHOC) មានប្រសាសន៍ថា យោង​តាម​ក្រម​ព្រហ្មទណ្ឌ​ឆ្នាំ​២០១០ មាត្រា​២២២ អំពើហិង្សា​ប្រព្រឹត្ត​ដោយ​សហព័ទ្ធ ឬ​អ​នីតិ​សង្វា​សជន (​ពាក្យ​ថា​សហព័ទ្ធ សំដៅ​ប្តី​ប្រពន្ធដែល​មាន​សំបុត្រ​អាពាហ៍ពិពាហ៍​។ អ​នីតិ​សង្វា​សជន សំដៅ​ការរស់នៅ​ជាមួយគ្នា​ជា​ប្តី​ប្រពន្ធ តែ​មិន​ចុះ​សំបុត្រអាពាហ៍ពិពាហ៍ ) នឹង​ត្រូវ​ផ្តន្ទាទោស​ជន​ប្រព្រឹត្តឲ្យ​ជាប់​ពន្ធនាគារ​ពី ២​ឆ្នាំ​ដល់ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី បួន​លាន​រៀល ទៅ​ដប់​លាន​រៀល​។​

​អ្នកស្រី​បន្ត​ថា អំពើហិង្សា​នេះ ខាង​សមាគម​អាដហុក និង​អង្គការ​លីកាដូ ដែលជា​អង្គការ​ក្នុងស្រុក​ធ្វើ​ការងារ​ការពារ​សិទ្ធិមនុស្ស មាន​ទីតាំង​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ស្នើសុំ​ឲ្យ​សមត្ថកិច្ចន​របាល និង​លោក​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បន្ត​នីតិវិធី​ចាត់វិធាន ការជាបន្ទាន់​តាម​ផ្លូវច្បាប់ ដើម្បី​ឈានដល់​នាំ​ខ្លួន​ជន​ប្រព្រឹត្ត​បទល្មើស មក​ផ្តន្ទាទោស​តាម​ផ្លុវច្បាប់​។​

​អ្នកស្រី​បន្ត​ថា អំពើហិង្សា​ក្នុង​គ្រួសារ​នេះ ជា​អំពើ​ខុសច្បាប់ ដូច​ជា​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត​ដែរ​។ ដូច្នេះ​យើង​ត្រូវ​រួម​គ្នា​ទប់ស្កាត់ កុំឲ្យ​មាន​អំពើហិង្សា​ក្នុង​គ្រួសារត​ទៅ​ទៀត ក៏ដូចជា​យើងទាំងអស់គ្នា បានរួម​គ្នា​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី និង​លើកស្ទួយ​សេដ្ឋកិច្ច​គ្រួសារ​ផងដែរ​៕ ដោយ ៖ សុធា​រី​

  

spot_img
×