Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុក​កុមារី​រងគ្រោះ​ដែល​ត្រូវ​អតីត​នគរបាល​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ ចាប់​រំលោភ​កាលពី​ជាង​៨​ឆ្នាំមុន លើកដៃ​សំពះ​សុំ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ជួយ​រក​យុត្តិធម៌​

spot_img

​ខេត្ត​ព្រះសីហនុ ៖ ឪពុក​កុមារី​រងគ្រោះ​លើ​ករណី​រំលោភ​ផ្លូវភេទ ដែល​ជនល្មើស​ជា​អតីត​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ ឈ្មោះ កង សុផាត ចាប់រំលោភ បាន​អះអាង​ថា កូនស្រី​គាត់ ត្រូវ​ជនល្មើស​ខាង​លើ​ចាប់រំលោភ​ពេល​ទើប​មាន​អាយុ ១១​ឆ្នាំ​។ អាណា​ព្យាបាល​រូបនេះ ឲ្យដឹងថា គិត​មកដល់ពេលនេះ​មាន​រយៈពេល​ជាង ៨​ឆ្នាំ​ហើយ ប៉ុន្តែ​សមត្ថកិច្ច​ពាក់ព័ន្ធ នៅ​មិនទាន់​ចាប់បាន​ជនល្មើស​យកមក​ផ្តន្ទាទោស ដើម្បី​ផ្តល់​យុត្តិធ៌ម​ជូន​គ្រួសារ​គាត់​នៅឡើយ​ទេ​។​

ផ្តើម​ពី​បញ្ហា​នេះ ឪពុក​កុមារី​រងគ្រោះ គឺ​លោក យ៉ុង ប៊ុនលី មាន​ទីលំនៅ​ក្នុង​ក្រុង​ព្រះសីហនុ បាន​សំណូមពរ​ដល់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ភរិយា ជួយ​ស្វែងរក​យុត្តិធម៌ ជា​ពិសេស​ជួយ​អន្តរាគមន៍​ទៅ​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ ឲ្យជួយ​តាម​ចាប់​ជនល្មើស​មក​ផ្តន្ទាទោស​តាមច្បាប់​។ ជាងនេះទៀត ក៏​បាន​ស្នើឲ្យ​ជួយ​រឹបអូស​យក​ទ្រព្យសម្បត្តិ​មាន​ដូចជា ៖ ផ្ទះ និង​ដីធ្លី​ជាដើម របស់​ជនល្មើស​ឈ្មោះ កង សុផាត ដើម្បី​យក​មក​សំណង​ជំងឺ​ចិត្ត​ចំនួន ៤០​លាន​រៀល ឲ្យស្រប​តាម​សាលដីកា​ស្ថាពរ របស់​តុលាការ​កំពូល បាន​កាត់ក្តី​ផ្តល់ជូន​គ្រួសារ​លោក​។​

ឪពុក​កុមារី​រងគ្រោះ លោក យ៉ុង ប៊ុនលី បាន​ផ្តល់​សម្ភាស​ដល់​អ្នក​យក​ព័ត៌មាន​គេហទំព័​រ CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៦ ខែ​មីនា ឆ្នាំ​២០១៨​ថា រូបគាត់​ក៏ដូចជា​កូនស្រី បាន​ទន្ទឹងរង់ចាំ​យុត្តិធម៌​អស់​រយៈពេល​ជាង​៨​ឆ្នាំ​មកហើយ នៅ​ឡើយ​មិន​ទាន់​ទទួលបាន​យុត្តិធ៌ម​ទេ ហើយ​ជនល្មើស​នៅ​មាន​សេរីភាព​ដើរហើរ​ក្រៅ​សំណាញ់​ច្បាប់​នៅឡើយ​។

​អាណា​ព្យាបាល​រូបនេះ បានឲ្យដឹងថា កូនស្រី​គាត់​ដែល​កាលណោះ​ទើប​មាន​អាយុ ១១​ឆ្នាំ ត្រូវ​ឈ្មោះ កង សុផាត ជា​អតីត​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់រំលោភ កាលពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១០​។ លោក​ថា គិត​មកដល់​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៨ ជនល្មើស​នៅ​មាន​សេរីភាព​ក្រៅ​សំណាញ់​ច្បាប់​នៅឡើយ​ទេ ទោះបី​តុលាការ​កំពូល សម្រេច​សាលដីកា​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៦ ឲ្យ​ជនល្មើស​ឈ្មោះ កង សុផាត ជាប់គុគ ៥​ឆ្នាំ និង​ពិន័យ​ប្រាក់ ៤០​លាន​រៀល​បែបណា​ក្តី​។​
​ឪពុក​កុមារី​រងគ្រោះ​ដែល​មាន​សម្បុរ​ខ្មៅ និង​រាងកាយ​ស្គម​ស្គាំង បាន​លើកដៃ​សំពះ​អំពាវនាវ​ដល់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច ប៊ុន រ៉ានី ព្រមទាំង​ស្ថាប័ន​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ ឲ្យជួយ​អន្តរាគមន៍​ទៅ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ឲ្យ​តាម​ចាប់​ជនល្មើស​មក​ដាក់ពន្ធនាគា​រ និង​ជួយ​រឹបអូស​ទ្រព្យសម្បត្តិ​ជនល្មើស​មាន​ផ្ទះ និង​ដីធ្លី​ជាដើម ដើម្បី​ផ្តល់​សំណង​ជំងឺ​ចិត្ត​ជូន​កូនស្រី​គាត់​ដោយ​អនុគ្រោះ​ផង​។

លោក យ៉ុង ប៊ុនលី ក៏​បាន​សំណូមពរ​ដល់ ឯកឧត្តម ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ពិសេស​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយ​បើ​កការស៊ើបអង្កេត​វែក​រក​មុខ​បុគ្គល​ជាប់​ពាក់ព័ន្ធ ឬ​អ្នក​ជួយ​រត់​ការ​ឲ្យ​ជនល្មើស​ឈ្មោះ កង សុផាត ឲ្យ​រួចផុត​ពី​ការឃុំខ្លួន​នៅក្នុង​អំឡុង​ពេល​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ចាប់​បញ្ជូន​ខ្លួន​ជនល្មើស​រូបនេះ ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ត្រូវបាន​ដោះ​លែងឲ្យ​មាន​សេរីភាព​វិញ​។​

សំណុំរឿង​នេះ មន្ត្រី​អង្គការ​ការពារ​សិទ្ធិមនុស្ស​ប្រចាំ​ខេត្ត​ព្រះសីហនុ មាន​អង្គការ​លីកាដូ (LICADHO) និង​សមាគម​អាដហុក (ADHOC) ជាដើម មាន​ចម្ងល់​ថា បទល្មើស​ព្រហ្មទណ្ឌ​រំលោភ​ផ្លូវភេទ​អនីតិជន​មួយ​ករណី​នេះ ហេតុអ្វី​បានជា​សាលាដំបូង​ខេត្ត​ព្រះសីហនុ អាច​អនុញ្ញាត​ឲ្យ​ជនល្មើស​ឈ្មោះ កង សុផាត រួចផុត​ពី​ការផ្ដន្ទាទោស និង​រស់​នៅ​ក្រៅ​មន្ទីរឃុំឃាំង​បាន​ទៅ​វិញ ព្រោះ​ជនល្មើស​រូបនេះ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់​បញ្ជូន​ខ្លួន​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះមុខ​សាលាដំបូង កាលពី​ឆ្នាំ ២០១០ ទៅហើយនោះ​។​
​ទាក់ទិន​បញ្ហា​នេះ អ្នកស្រី ជាប សុធា​រី អ្នកសម្របសម្រួល​សមា​គម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ មាន​មន្ទិល​ថា ទំនង​ជា​សំណុំរឿង​នេះ អាច​មាន​ជាប់​ពាក់ព័ន្ធ​មាន​អ្នក​រត់ការ ឈាន​ដល់​ផ្តល់​សំណូក​ពុករលួយ​នៅ​ប្រព័ន្ធ​តុលាការ​ក្នុង​អំឡុងពេល​នោះ គឺ​កាលពី​ឆ្នាំ​២០១០ ក៏​ថា​បាន ទើប​ជនល្មើស​ឈ្មោះ កង សុផាត មិន​ត្រូវ​បាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចាប់ឃុំខ្លួន​។

​អ្នកស្រី ជាប សុធា​រី ចាត់ទុក​ដំណើរការ​ក្តី​រឿង​ព្រហ្មទណ្ឌ​រំលោភ​ផ្លូវភេទ​អនីតិជន​មួយ​ករណី​នេះ ថា​មាន​ភាពអយុត្តិធម៌ ចំពោះ​កុមារី​រងគ្រោះ​បំផុត ហើយក៏​ជា​សំណុំរឿង​ក្តី​មួយ​ក្នុងចំណោម​សំណុំរឿង​អយុត្តិធម៌​ច្រើន​ទៀត ដែល​សាធារណៈ​រិះគន់ និង​ចោទ​ប្រព័ន្ធ​តុលាការ​នៅ​ខេត្ត​ព្រះសីហនុ កាលណោះ​ថា មិន​មាន​ឯករាជ្យ ពុករលួយ និង​កាត់ក្តី​មិន​យុត្តិធម៌​ជាដើម​។​

បញ្ហា​នេះ​ដែរ កាលពី​ឆ្នាំ​២០១៦ ក្រសួងមហាផ្ទៃ បាន​សម្រេច​អនុវត្ត​វិន័យ​ចំពោះ​អនុសេនីយ៍ទោ កង សុផាត មាន​តួនាទី​នាយរង​ផ្នែក​ព័ត៌មាន​លើ​វិស័យសេដ្ឋកិច្ច វប្បធម៌ អប់រំ និង​សង្គម នៃ​ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដោយ​ដកហូត​មុខតំណែង ឋានន្តរស័ក្តិ និង​បណ្ដេញ​ផុត​ចេញពី​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​ជាតិ​។​

ឯកសារ​ច្បាប់​មួយចំនួន​បង្ហាញ​ថា សំណុំរឿង​ព្រហ្មទណ្ឌ​រំលោភ​សេពសន្ថវៈ​អនីតិជន ប្រព្រឹត្ត​នៅ​ក្រុងព្រះសីហនុ កាលពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១០​។ តុលាការ​កំពូល បាន​ប្រកាស​សាលក្រម​កាត់​ឲ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ កង សុផាត ជា​អតីត​មន្ត្រីនគរបាល​នៃ​ស្នង ការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ មានទោស​ជាប់ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ និង​ពិន័យ​ប្រាក់ ៤០​លាន​រៀល ទៅឲ្យ​កុមារី​រងគ្រោះ​។​
​ចំណែក តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក ហួត វិចិត្រ កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ ក៏​បាន​ចេញ​ដីកា​បង្គាប់​មន្ត្រីនគរបាល​យុត្តិធម៌​ឲ្យ​តាម​ចាប់ខ្លួន​ឈ្មោះ កង សុផាត យក​មក​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ ពី​បទ​រំលោភ​សេពសន្ថវៈ​ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ មាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៥ នៃ​ច្បាប់​ស្ដីពី​ស្ថាន​ទម្ងន់​ទោស​នៃ​បទឧក្រិដ្ឋ​។​

ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ កង សុផាត បានបង្ហាញ​ថា សាលដីកា​ព្រហ្មទណ្ឌ​លេខ​៣៦៤ ចុះ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៦ របស់​តុលាការ​កំពូល បាន​ចូល​ជា​ស្ថាពរ​រួចហើយ ក៏​ប៉ុន្តែ​មកទល់​ពេល​នេះ ជនល្មើស​រស់នៅ​សុខ​ស្រួល​ធម្មតា ដែល​បញ្ហា​នេះ ក្រុមមន្ត្រី​សិទ្ធិមនុស្ស​ចាត់ទុកថា វប្បធម៌​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅតែ​កើតមាន​នៅក្នុង​សង្គម​កម្ពុជា​។

ដោយឡែក លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ធ្លាប់​មានប្រសាសន៍ថា រាល់ថ្ងៃនេះ ជនល្មើស​ឈ្មោះ កង សុផាត ដែល​ជា​អតីត​ជា​មន្ត្រី​នគរបាល​ខេត្ត​នេះ មិន​មាន​វត្តមាន​នៅក្នុង​ខេត្ត​ព្រះសីហនុ​ទៀត​ទេ ហើយ​កម្លាំង​ជំនាញ​ស្ថាប័ន​លោក​បាន​បន្ត​ឃ្លាំមើល និង​ចុះ​ស្រាវជ្រាវ​មុខសញ្ញា​នេះ​ដោយ​យកចិត្តទុកដាក់ ព្រោះ​មាន​ដីកា​ឲ្យ​នាំខ្លួន ឃុំ​ខ្លួន​ជនល្មើស​ឈ្មោះ កង សុផាត ពី​តុលាការ​លើ​សំណុំរឿង​នេះ​រួច​ហើយ​។​

លោក ជួន ណា​រិន្ទ សង្កត់ធ្ងន់​ថា កម្លាំង​ជំនាញ​របស់​លោក បាន​តាមដាន និង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ជនល្មើស​ឈ្មោះ កង សុផាត ជាប្រចាំ តាម​សាលក្រម​តុលាការ​កំពូល ដែល​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤០​លាន​រៀល មិន​ធ្វេសប្រហែស​នោះទេ​៕ ដែន សីមា

   

spot_img
×