ភ្នំពេញ ៖ សភាប្រទេសម៉ារ៉ុក បានបង្ហាញពីឆន្ទៈជាផ្លូវការមុនគេ នៅក្នុងការចូលរួមកិច្ចប្រជុំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា APPF ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅដើមឆ្នាំ២០១៩ខាងមុខនេះ។ នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក បណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា នៅវិមានរដ្ឋសភា នា ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ លោក អាប់ឌឺលីឡាស់ អែល ហ៊ូសនី (Abdelilah EL Housni) ឯកអគ្គរាជទូត ព្រះរាជាណាចក្រម៉ារ៉ុក ប្រចាំនៅកម្ពុជា បានស្នើសុំដល់រដ្ឋសភាកម្ពុជា ចេញលិខិតអញ្ជើញជាផ្លូវការ ចំពោះប្រធានរដ្ឋសភាម៉ារ៉ុក ក្នុងការចូលរួម កិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៧ នាពេលខាងមុខនេះ។
លោក ឯកអគ្គរាជទូតបានបញ្ជាក់ថា ប្រធានរដ្ឋសភាម៉ារ៉ុក ត្រៀមដឹកនាំគណៈប្រតិភូសភាមកចូលរួមកិច្ចប្រជុំនោះ ហើយនឹងភ្ជាប់ជាមួយដំណើរ ទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅកម្ពុជាតែម្តង នៅដើមឆ្នាំ២០១៩នោះ។ នៅក្នុងជំនួបពិភាក្សាការងារនេះ លោក អាប់ឌឺលីឡាស់ អែល ហ៊ូសនី បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងព្រះមហាក្សត្រកម្ពុជា និងព្រះមហាក្សត្រម៉ារ៉ុក ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេស ទាំងពីរ។ ជាពិសេសលោក បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទៅកាន់ព្រះរាជាណាចក្រម៉ារ៉ុក កាលពីឆ្នាំ២០១៤ បានធ្វើឲ្យទំនាក់ទំនងមិត្តភាព និងចំណងការទូតដ៏ល្អនៃប្រទេសទាំងពីរ ដែលមានស្រាប់កាន់តែរឹងមាំឡើង។
បន្ថែមពីសំណូមពរខាងលើ លោក អាប់ឌឺលីឡាស់ អែល ហ៊ូសនី ក៏ស្នើដល់រដ្ឋសភាកម្ពុជា ជួយគាំទ្រប្រទេសម៉ារ៉ុកជាភ្ញៀវនៅក្នុងមហាសន្និបាត ប្រចាំឆ្នាំអន្តរសភាអាស៊ាន(AIPA)ផងដែរ។ លោក ឯកអគ្គរាជទូត បានលើកឡើងថា AIPA នឹងរៀបចំមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួននៅខែកញ្ញា ខាងមុខនេះ ដែលប្រទេសសឹង្ហបុរីធ្វើជាម្ចាស់ផ្ទះ។ ដូច្នេះម៉ារ៉ុកស្នើសុំដល់សភាកម្ពុជាជួយគាំទ្រ ដើម្បីឲ្យAIPAអញ្ជើញម៉ារ៉ុកចូលរួមមហាសន្និបាតនោះ ក្នុងឋានៈជាភ្ញៀវមិនមែនជាប្រទេសសង្កេតការណ៍ទេ។
លោក បណ្ឌិត ងួន ញ៉ិល បានស្វាគមន៍ចំពោះការលើកឡើងរបស់លោក ឯកអគ្គរាជទូត ពីចំណងមិត្តភាពដ៏ល្អរវាងប្រទេសទាំងពីរ កម្ពុជា-ម៉ារ៉ុក។ ចំពោះសំណើទាំងពីរខាងលើរបស់ប្រទេសម៉ារ៉ុក សភាកម្ពុជាទទួលយកដោយ លោក បណ្ឌិតបានគូសបញ្ជាក់ថា នឹងពាំនាំសំណើនេះ ទៅជម្រាប ជូនសម្តេចប្រធានរដ្ឋសភា។
លោក អនុប្រធានទី២រដ្ឋសភា បានលើកឡើងថា សភានៃព្រះរាជាណាចក្រកម្ពុជា នឹងស្វាគមន៍យ៉ាងកក់ក្តៅ និងមានមោទនភាពយ៉ាងក្រៃលែង ចំពោះវត្តមានចូលរួមពីបណ្តាប្រទេសជាមិត្តនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នាដើមឆ្នាំ២០១៩នោះ។
សូមជម្រាបថា សភានៃព្រះរាជាណាចក្រកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រឆាំ្ននៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅក្នុងខែមករា ឆ្នាំ២០១៩ នៅលើទឹកដីអង្គរ ខេត្តសៀមរាប។ បច្ចុប្បន្ននេះ សភាកម្ពុជាបានកំពុងត្រៀមរៀបចំការងារសំខាន់ៗមួយចំនួន សម្រាប់ដំណើរការកិច្ចប្រជុំនោះ ដូចជា ការងារឯកសារខ្លឹមសារនៃកិច្ចប្រជុំជាដើម។ ដោយឡែកចំពោះការចេញលិខិតអញ្ជើញបណ្តាប្រទេសនានាមកចូលរួមកិច្ចប្រជុំនេះ នៅមិនទាន់ដល់ ពេលនោះទេ។ ការស្នើសុំរបស់ប្រទេសម៉ារ៉ុកនាពេលនេះ គឺជាសំណើទី១ នៃប្រទេសជាមិត្តកម្ពុជា ដែលបានបង្ហាញឆន្ទៈក្នុងការចូលរួមកិច្ចប្រជុំ APPF ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ៕ ដោយ ៖ បញ្ញាស័ក្តិ