Monday, December 6, 2021

​រដ្ឋធានី​កូរ៉េខាងត្បូង “​បង្ខំ​” ឲ្យ​មន្ត្រី​សម្រាក​ការងារ​ឲ្យបាន​ឆាប់​

​ពី​សប្តាហ៍​នេះ​ទៅ រដ្ឋការ​ក្រុង​សេ​អ៊ូ​ល នឹង​ចាប់ផ្តើម​អនុវត្ត​គំនិត​ច្នៃប្រឌិត​ថ្មី សំដៅ​បង្ខំ​ឲ្យ​មន្ត្រី​របស់​ខ្លួន​ត្រូវ​ឆាប់​ឈប់​សម្រាក​ពី​ការងារ​ត្រឹមត្រូវ​តាម​ម៉ោង​កំណត់​គឺ ៖ បិទ​កុំព្យូទ័រ​របស់​ពួកគេ​វេលា​ម៉ោង ៨​យប់ រៀងរាល់​ថ្ងៃ​សុក្រ​។​

​តាម​រដ្ឋការ​ក្រុង​សេ​អ៊ូ​ល ទង្វើ​ខាងលើ​គឺ​សំដៅ​បញ្ចប់ “​វប្បធម៌​ញៀន​ការងារ​” នៅ​ប្រទេស​នេះ​

​កូរ៉េខាងត្បូង​បច្ចុប្បន្ន​មាន​ចំនួន​ម៉ោង​ធ្វើកា​រវែង​បំផុត​ពិភពលោក ។ មន្ត្រី​រដ្ឋ​ធ្វើ​ការងារ​ជា​មធ្យម គឺ ២៧៣៩​ម៉ោង ក្នុង​១​ឆ្នាំ ប្រៀប​ទៅ​នឹង​មន្ត្រី​រដ្ឋ​នៃ​បណ្តា​ប្រទេស​រីកចម្រើន​ដទៃទៀត ដែល​ធ្វើ​ប្រមាណ​តែ​ជាង ១០០០​ម៉ោង​ប៉ុណ្ណោះ​។ កាលពីដើម​ខែ​នេះ​សភា​កូរ៉េខាងត្បូង​បានអនុម័ត​ក្រិត​ច្បាប់​មួយ​សំដៅ​កាត់បន្ថយ​ម៉ោង​ធ្វើការ​ពី ៦៨​ម៉ោង ក្នុង​១​សប្តាហ៍ ឲ្យមក​នៅត្រឹម ៥២​ម៉ោង ក្នុង​១​សប្តាហ៍ ប៉ុណ្ណោះ​។​

​ប្រភពពី BBC ឲ្យដឹងថា គំនិត​ច្នៃប្រឌិត​ដោយ​ធ្វើ​ការបិទ​ម៉ាស៊ីន​កុំព្យូទ័រ​ដើម្បី​ចាប់បង្ខំ​ឲ្យ​បុគ្គលិក​ចេញផុត​ពី​កន្លែងធ្វើការ​ត្រឹមត្រូវ​តាម​ម៉ោង​កំណត់ និង​ត្រូវបាន​អនុវត្ត​មុនគេ​នៅ​សេ​អ៊ូ​ល ដោយ​ឆ្លងកាត់​ដំណាក់កាល ៣ ក្នុង​រយៈពេល ៣​ខែ​ខាងមុខ ។​

​តាម​នោះ​កម្មវិធី​នេះ នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ថ្ងៃទី ៣០ ខែ​មីនា ដែល​គ្រប់​ម៉ាស៊ីន​កុំព្យូទ័រ​ទាំងអស់​នឹង​ត្រូវ​ផ្តាច់​ចរន្តអគ្គិសនី​នៅវេលា​ម៉ោង ៨​យប់ ។ ដំណាក់កាល​ទី ២ ចាប់ផ្តើម​នៅ​ខែ​មេសា នោះ​បុគ្គលិក​ទាំងឡាយ​ត្រូវ​បិទ​កុំព្យូទ័រ​វេលា​ម៉ោង ១៩​និង​៣០​នាទី​យប់ នៅ​ថ្ងៃ​សុក្រ ថ្ងៃ​ច័ន្ទ និង​ថ្ងៃ​ពុធ ក្នុង​ខែ​នេះ ។ ពី​ខែ​ឧសភា​ទៅ កម្មវិធី​នេះ​នឹង​ត្រូវបាន​អនុវត្ត​រៀងរាល់ខែ និង​រៀងរាល់ថ្ងៃ​សុក្រ វេលា​ម៉ោង​៧ យប់ ។​

​តាម​ការប្រកាស​ជា​សាធារណៈ​មួយ​របស់​រដ្ឋការ​ក្រុង​សេ​អ៊ូ​ល​ឲ្យដឹងថា គ្រប់​មន្ត្រី​រដ្ឋការ​សុទ្ធសឹង​ត្រូវអនុវត្ត​កម្មវិធី​ខាងលើ ។ ប៉ុន្តែ​តាម​មន្ត្រី​ដឹកនាំ​ក្រុម​ឲ្យដឹងថា លើកលែងតែ​ករណី​ពិសេស​នឹង​មាន​ការអនុញ្ញាត​ដោយឡែក​។​

​ប៉ុណ្ណឹង​ហើយ ហាក់ដូចជា​ពុំ​ធ្វើឲ្យ​បុគ្គលិករដ្ឋការ​ជាទូ​ទៅ​ពេញចិត្ត​ឡើយ តាម​ស្ថិតិ​របស់​សាលាក្រុង​សេ​អ៊ូ​ល​ឲ្យដឹងថា មាន​បុគ្គលិក​ដល់​ទៅ ៦៧,១% សុំ​បន្ត​ធ្វើការ​ក្នុង​លក្ខណៈ​ជា “​ករណី​ពិសេស​” ៕ សូ​យ​ន​