Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​៖ ធនធានមនុស្ស គឺជា​កត្តា​សំខាន់​សម្រាប់​ទ្រទ្រង់​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច ប្រកប​ដោយ​និរន្ត​ភាព​

spot_img

​​ភ្នំពេញ​៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​គូសបញ្ជាក់ថា ការកសាង​ធនធានមនុស្ស និង​ការពង្រឹង​សមត្ថភាព​ទាំង​នៅក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ និង​វិស័យ​ឯកជន គឺជា​កត្តា​សំខាន់ ដើម្បី​ធានា​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច ប្រកប​ដោយ​និរន្ត​ភាព​។​

​លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ដូច្នេះ នា​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​អ្នកតំណាង​ស្របច្បាប់​ក្នុង​ការស្នើ​សុំ​ឯកសារ​នាំចេញ​-​នាំចូល (​ជំនាន់​ទី​១) ចំនួន ៦១​នាក់ និង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​អ្នក​តំណាង​ស្របច្បាប់​ក្នុងការ​ស្នើសុំ​ឯកសារ​នាំចេញ​-​នាំចូល (​ជំនាន់​ទី​២) ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​បណ្តុះបណ្តាល​ពាណិជ្ជកម្ម និង​ស្រាវជ្រាវ សហការ​ជាមួយ​នាយកដ្ឋាន​នាំចេញ​-​នាំ​ចូល​នៃ​ក្រសួង​ពាណិជ្ជកម្ម នា​ព្រឹក​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០១៨​។​

​នៅក្នុង​ឱកាស​នោះ លោក ប៉ាន សូរ​ស័ក្តិ បាន​សម្តែង​ការអបអរសាទរ​ចំពោះ​សិក្ខាកាម​ទាំងអស់ ដែល​បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ និង​បាន​ស្នើ​ពួកគេ​ប្រើប្រាស់​ចំណេះដឹង​ថ្មីៗ ដើម្បី​ចូលរួម​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​ជាតិ ជាពិសេស​ទាញ​យក​អត្ថប្រយោជន៍​អតិបរិមា​ពី​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ផ្តល់​ដោយ​ប្រទេស​នានា​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​សក្តានុពល និង​កាលានុវត្តភាព​នៃ​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​ទាំង​ក្នុង​តំបន់ និង​ពិភពលោក ជាពិសេស​ការនាំ​ចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ MFN GSP និង EBA ផ្តល់​ដោយ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការធ្វើ​ពិពិធ​កម្មវិស័យ​ការងារ និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​។​

​លោក​រដ្ឋមន្ត្រី បាន​បន្តទៀតថា កម្ពុជា​បាន​ប្រឹងប្រែង​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅ​ក្នុង​តំបន់ និង​ប្រទេស​ដៃគូ​ចំនួន ៦​ទៀត និង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូរ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ (RCEP) ព្រមទាំង​ចរចា​ក្រោម​ក្របខ័ណ្ឌ​អង្គការ WTO សំដៅ​ដក​របាំង​ពាណិជ្ជកម្ម​សម្រាប់​ផលិតផល​នាំ​ចេញ​ពី​កម្ពុជា ដែល​នឹង​ជួយ​សម្រួល​ការធ្វើ​ពិពិធ​កម្មវិស័យ​នាំចេញ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។​

​សូមបញ្ជាក់​ថា វគ្គ​បណ្តុះបណ្តាល​អ្នកតំណាង​ស្របច្បាប់​ក្នុង​ការស្នើ​សុំ​ឯកសារ​នាំចេញ​-​នាំចូល (​ជំនាន់​ទី​១) ត្រូវបាន​រៀបចំឡើង​មាន​រយៈពេល ១០​ថ្ងៃ ដើម្បី​ពង្រឹង​សមត្ថភាព​មន្ត្រី​តំណាង​ស្របច្បាប់​របស់​សហគ្រាស និង​ក្រុមហ៊ុន ក្នុង​ការបំពេញ​លក្ខខណ្ឌ​វិធាន​ប្រភពដើម​ទំនិញ​នាំចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​។ វគ្គ​នេះ​ក៏​ដើម្បី​ពង្រឹង និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់ ប្រកាស ឬ​សេចក្តីជូនដំណឹង​ពាក់​ពន្ធ​ការផ្តល់​ឯកសារ​នាំចេញ​-​នាំចូល ដើម្បី​លើកកម្ពស់​បរិយាកាស​ធុរកិច្ច និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។​

​បើ​តាម​ទិន្នន័យ​ផ្លូវការ​បង្ហាញថា ការនាំចេញ​របស់​កម្ពុ​ជា នៅក្នុង​ឆ្នាំ​២០០៧ មាន​ទឹកប្រាក់ ៣.៥២៥​លាន​ដុល្លារ ហើយ​បាន​កើនឡើង​ដល់ ១១.១៤២​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១៧ ក្នុងនោះ​ផលិតផល​នាំ​ចេញ​មាន​ដូចជា​៖ ទំនិញ​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង កាបូប គ្រឿង​បង្គុំ​អេឡិចត្រូនិក ទោចក្រយានយន្ត ផល​នេសាទ ជ័រកៅស៊ូ ឈើ​កែច្នៃ និង​ទំនិញ​កសិកម្ម​រួមមាន អង្ករ ដំឡូង​មី គ្រាប់ស្វាយចន្ទី ពោត​ក្រហម សណ្តែកសៀង ម្រេច ផ្លែស្វាយ​ស្រស់ និង​ប្រេង​ឆៅ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×