Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ ៤២ គ្រួសារ នៅ​សង្កាត់​កោះរ៉ុង ចោទ​ឧកញ៉ា សុខ ប៊ុន ប៉ង​រំលោភ​ដី​ពួកគាត់​

spot_img

​ខេត្ត​ព្រះសីហនុ ៖ ប្រជាពលរដ្ឋ​ចំនួន ៤២​គ្រួសារ ចោទ​ឈ្មោះ សុខ ប៊ុន ថា​បាន​ប៉ុនប៉ង​ចូលទៅ​រំលោភ​យក​ដីធ្លី របស់​ពួកគាត់​ធ្លាប់​កាន់កាប់​យូរ​ឆ្នាំ មាន​ទីតាំង នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុង​-​ខេត្ត​ព្រះសីហនុ​។ ករណីនេះ ក្រុម​ប្រជាពលរដ្ឋ ក៏​បាន​ដាក់​ពាក្យបណ្តឹង​សុំ​អន្តរាគមន៍ ទៅ​សាលា​សង្កាត់​កោះរ៉ុង និង​សាលាខេត្ត​ព្រះសីហនុ ស្នើឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ឈ្មោះ សុខ ប៊ុន និង​មន្ត្រី​ក្រុម​ការងារ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​មួយចំនួន ដឹកនាំ​ដោយ លោក សួន សូ​ផា ថា បាន​លួច​ចូល​មក​វាស់វែង​ចំណែក​ដី របស់​ពួកគាត់​កំពុង​រស់នៅ កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ពយ​តា​ផេង -​ពយ​អាពត និង​ថ្ម​ជញ្ជាំង ស្ថិតនៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុង​.-​ខេត្ត​ព្រះសីហនុ ដោត​ពលរដ្ឋ​ពួកគាត់​មិន​បាន​ដឹងខ្លួន​ជា​មុន​។​

តំណា​ប្រជាពលរដ្ឋ ៤២​គ្រួសារ បាន​អះអាង​ថា ពួកគាត់​មាន​កិច្ចសន្យា​ផ្ទេរសិទ្ធិ​កាន់កាប់​ដី​លេខ ២៥​របសរ ចុះ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ ២០១៣ និង​ពាក្យស្នើសុំ​កាន់កាប់​ប្រើប្រាស់​ដី​លេខ ១៨៨ រ​បករ ចុះ​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០០៨ ចុះហត្ថលេខា​ដោយ លោក អ៊ួ​ង និត អតីត​ចៅសង្កាត់​កោះរ៉ុង​។ សាលា​ក​ប័ត្រ​ព័ត៌មាន ចុះ​ថ្ងៃ​ទី​១២ ខែ សីហា ឆ្នាំ​២០១៥ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​។

ក្រុម​ប្រជាពលរដ្ឋ បានឲ្យដឹង​ទៀតថា ពួកគាត់​បាន​មក​រស់​នៅលើ​កោះ​រ៉ង ទីតាំង​ដែល​ត្រូវ​ឈ្មួញ និង​មន្ត្រី​មួយចំនួន​ឃុបឃិត​ប៉ង​រំលោភ​យក​នៅ​ទីតាំង​ខាងលើនេះ តាំងពី​អាយុ ១៥​ឆ្នាំ ពោល​គឺ​នៅក្នុង​សម័យ​សង្គមរាស្ត្រនិយម ដោយ​ប្រកប​របរ​ធ្វើ​ចំការ ដើម្បី​ចិញ្ចឹមជីវិត ដោត​បាន​ដាំ​ដំណាំ​មួយចំនួន​មានដូចជា​៖ ដំណាំ​ដូង ខ្នុរ និង​ស្វាយចន្ទីរ​ជាដើម​។ ក្រុម​ប្រជាពលរដ្ឋ​បន្តថា ក្រោយ​សម័យ​សង្គ្រាម ឆ្នាំ​១៩៧៩ ពួកគាត់​បាន​មក​រស់​នៅ និង​កាន់កាប់​ដីចំការ​រៀងៗ​ខ្លួន ជា​បន្តបន្ទាប់ រហូតមកដល់​បច្ចុប្បន្ន​នេះ​។ ហើយ​ថា ការរស់នៅ​នេះ មាន​ការទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​សង្កាត់ និង​ក្រុង ជា​ពិសេស​ត្រូវ​បាន​ស្ថាប័ន​ជំនាញ នៃ​ក្រុមការងារ​ថ្នាក់ជាតិ មាន​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​ចុះ​វាស់វែង​ចំណែក​ក្បាលដី ត្រៀម​ចេញ​បណ្ណ​កម្មសិទ្ធិ និង​បាន​ប្រកាស​បិទ​ផ្សាយ​ទិន្នន័យ​ក្បាល​ដី​ជា​សាធារណៈ នូវ​ឯកសារ​សូរិយោដី ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​អ្នក​កាន់កាប់​ដី ដែល​ក្រុម​ការងារ​បច្ចេកទេស បាន​ចុះបញ្ជី​ដីធ្លី និង​បាន​ចុះ​វាស់វែង​ប្រមូល​ទិន្នន័យ​ក្បាលដី​រួចរាល់ ស្រប​តាម​នីតិវិធី​ច្បាប់ ដោយ​មន្ត្រី​ជំនាញ​បាន​ទុក​ពេល ១៥​ថ្ងៃ សម្រាប់ឲ្យ​អ្នកពា​ក់​ព័ន្ធធ្វើការ​តវ៉ា គឺ​ចាប់ពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៧ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅ​។ តំណាង​ប្រជាពលរដ្ឋ​ទាំង ៤២​គ្រួសារ បាន​បង្ហាញ​ការភ្ញាក់ផ្អើល ដោយសារ​កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៨ ថ្មីៗ​នេះ លោក សុខ ប៊ុន និង​ក្រុមការងារ​ក្រសួង​ដែនដី​ដឹកនាំ​ដោយ លោក សួន សូ​ផា និង​មន្ត្រី​ខិលខូច​មួយចំនួន​ទៀត បាន​ឃុបឃិត​ចូល មក​លួច​វាស់​បរិវេណ​ដី របស់​ពួកគាត់ ដោយ​ប្រើ​ម៉ាស៊ីន GPS ចុច​នៅលើ​ទីតាំង​ដី ដែល​ពួកគាត់​កំពុង​រស់នៅ និង​កាន់កាប់​អាស្រ័យ​ផល​ជា​បន្តបន្ទាប់​រហូត​មក​ដល់ពេលនេះ​។​

ប្រជាពលរដ្ឋ បាន​អះអាង​ថា សកម្មភាព​ចុះ​លួច​ចុច​វាស់ដី ដែល​លោក សុខ ប៊ុន និង​បក្សពួក បាន​ធ្វើ​ខាងលើនេះ គឺ​មិន​មាន​អាជ្ញាធរ​មូលដ្ឋាន​ដឹង​ឮ ឬ​មាន​កិច្ចសហការ​ចូលរួម​ពី​អាជ្ញាធរ​ជំនាញ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​នោះទេ ដោយ​បាន​អនុវត្ត​ខុសច្បាប់​ទាំងស្រុង​។ ផ្តើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ​មួយចំនួន ក្នុងចំណោម​ពលរដ្ឋ​ទាំង ៤២​គ្រួសារ មាន​ការភ្ញាក់ផ្អើល ហើយ​បាន​លើ​គ្នា​មក​សួរនាំ លោក សុខ ប៊ុន និង​ក្រុមការងារ​។ ខណៈនោះ លោក សុខ ប៊ុន ដែល​មាន​ផ្ទះ​រស់នៅ​ជា​អចិន្ត្រៃយ៍​នៅ​ទីក្រុង​ភ្នំពេញ បាន​និយាយថា ដី​របស់​គាត់ នៅក្នុង​តំបន់​ខាងលើ​នេះ មាន​ចំនួន ៥២៥​ហិកតា​។ យ៉ាងនេះក្តី ក្រុម​ប្រជាពលរដ្ឋ បាន​ចោទ លោក សុខ ប៊ុន និង​បក្សពួក ដែល​បាន​ចូល​មក​លួច​វាស់ដី​ប្រជាពលរដ្ឋ​ពួកគាត់ ថា​ធ្វើ​ឡើង​ដោយ​គ្មាន​ឯកសារ​ណា​មួយ​បង្ហាញ​ពី​សិទ្ធិ​កាន់កាប់​ដីធ្លី​នៅ​ចំណុច ពយ​តា​ផេង ពយ​អាពត និង​ចំណុច​ថ្ម​ជញ្ជាំង មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុង​-​ខេត្ត​ព្រះសីហនុ​នោះទេ​។​

បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ ដែល​ចោទ លោក សុខ ប៊ុន និង​បក្សពួក ថា បាន​រំលោភ​បំពាន​ដីធ្លី​ទាំង ៤២​គ្រួសារ បាន​ដាក់​ពាក្យបណ្តឹង​ចូល​មក​សាលាសង្កាត់​កោះរ៉ុង និង​សាលាខេត្ត​ព្រះសីហនុ រួចរាល់​ហើយ កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៨​នេះ ដើម្បី​ស្នើសុំ​ជួយ​រក​យុត្តិធម៌ និង​ស្នើ​ជួយ​ពន្លឿន​ចេញ​បណ្ណកម្មសិទ្ធិ​ជូន​ពួកគាត់ ឲ្យបាន​ឆាប់ ដើម្បី​ឲ្យ​ពួកគាត់​បាន​រស់នៅ​ស្របច្បាប់ ដោយ​គ្មាន​ការ​ភិតភ័យ ឬ​ប៉ុនប៉ង​រំលោភបំពាន​ពី​សំណាក់​បុគ្គ​ណាមួយ​កើតឡើង​នា​ថ្ងៃ​ខាង​មុខ​ទៀត​។ ទោះយ៉ាងណា ប្រជាពលរដ្ឋ​ទាំង ៤២​គ្រួសារ រស់នៅ​លើ​កោះរ៉ុង បានឲ្យដឹងថា គិត​មក​ត្រឹម​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៨ រដ្ឋបាល​ខេត្ត​ព្រះសីហនុ នៅ​មិន​ទសន់​លើ​ក​យក​កង្វល់ របស់​ពួកគាត់ លើ​ករណី​សង្ស័យ លោក សុខ ប៊ុន ប៉ុនប៉ង​ចូលទៅ​រំលោភ​យក​ដី​លំនៅដ្ឋាន និង​ដី​ចំការ​នៅ​លើ​កោះរ៉ុង នៅឡើយ​ទេ​។

ទាក់ទិន​ការ​ចោទ​ខាងលើនេះ អ្នកយក​ព័ត៌មាន​គេហទំព័រ CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ មិនទាន់​អាច​ទាក់ទង លោក​ឧកញ៉ា សុខ ប៊ុន ដើម្បី​ស្នើសុំ​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់ របស់​ប្រជាពលរដ្ឋ​ទាំង ៤២​គ្រួសារ​រស់នៅ​លើ​កោះរ៉ុង ដែល​ចោទថា បាន​ប៉ុនប៉ង​រំលោភ​យក​ដីធ្លី របស់​ពួកគាត់​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៨ ខែ​មីនា ឆ្នាំ​២០១៨​។ ប៉ុន្តែ​យោងតាម​ឯកសារ ឬ​សេចក្តីជូនដំណឹង ចុះ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៨ របស់ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ផ្ញើជូន អភិបាលខេត្ត​ព្រះសីហនុ បាន​ជម្រាប​ថា ក្រសួង​បាន​ឯកភាព​ជា​គោលការណ៍​បង្កើត​ក្រុមការងារ​ចុះ​ពិនិត្យ​វាស់វែង​ក្បាល​ដី​ទំហំ ៥២៥០.០០០​ម៉ែត្រការ៉េ របស់​ឈ្មោះ សុខ ប៊ុន ស្ថិតនៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុង​-​ខេត្ត​ព្រះសីហនុ ហើយ​ស្នើឲ្យ រដ្ឋបាលខេត្ត ចាត់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ឲ្យចូល​រួម​អនុវត្ត​ការងារ​ខាងលើ​នេះ​ឲ្យបាន​រលូន​។ ចំពោះ​សំណើ​ខាងលើនេះ ក្រសួង​រៀបចំ​ដែនដី បាន​ចាត់ឲ្យ លោក សួន សូ​ផា ដឹកនាំ​ក្រុម​ការងារ​ចុះ​សហការ​អនុវត្ត​ការ​វាស់វែង​ដី​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៨ ឲ្យទទួល​បាន​ជោគជ័យ​។ គួររំលឹកថា លោក​ឧកញ៉ា សុខ ប៊ុន អគ្គ​នាយ​ក្រុមហ៊ុន​សុខ​ប៊ុន​គ្រុប កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ ធ្លាប់​ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាប់​ដាក់គុក​ម្តង​រួចមកហើយ ពី​បទ​ហិង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ទៅ​លើ​កញ្ញា ឯក សុជាតា ហៅ​កញ្ញា សា​សា ដោយ​លោក សុខ ប៊ុន រួមគ្នា​ជាមួយ​អង្គរក្ស បាន​វាយ​ទាត់​ធាក់​ទៅ​លើ​អតីត​ពិធី​ការី​នី​ទូរទស្សន៍ CTN គឺ កញ្ញា សា​សា យ៉ាង សាហាវ​ឃោរឃៅ នៅក្នុង​​ភោជនីយដ្ឋាន​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​៕ ដែន សីមា​

spot_img
×