Friday, September 17, 2021

គ្រា​ដែល​សប្បុរសជន​ក្លាយជា​អ្នករងគ្រោះ ៖ ធ្វើ​ភូមិគ្រឹះ​ជាង ២០០​ខ្នង ឲ្យ​អ្នកភូមិ​ធ្លាប់​កំសត់កម្រ បែរជា​គ្មាន​អ្នក​មក​នៅ ដោយសារ​មូលហេតុ​មួយ​

​សេដ្ឋី Chen Sheng ជា​ស្ថាបនិក​ក្រុមហ៊ុន​ទឹក​ភេសជ្ជៈ Tiandi No.1 Beverage Inc ព្រោះ​តែ​ចង់​ជួយ​ឲ្យ​ប្រជាជន​នៅ​ស្រុកកំណើត​របស់​លោក នា​ភូមិ Quan Ho ខេត្ត​ក្វាង​ទុង ឲ្យមាន​ផ្ទះ​ម្នាក់​មួយ​ខ្នង​រស់នៅ​ឲ្យ​សុខ​ស្រួល លោក​បាន​ចំណាយ​ប្រាក់​សរុប​ប្រមាណ ២០០ លាន​យាន់ (​ប្រមាណ 31.796000) ដើម្បី​សាងសង់​ភូមិគ្រឹះ​ចំនួន ២៥០​ខ្នង បំពាក់​ដោយ​ឧបករណ៍ប្រើប្រាស់​គ្រប់គ្រាន់ ហើយ​ក្នុង​១​ខ្នងៗ មាន​ផ្ទៃក្រឡា ២៨០m² ក្នុង​ភូមិគ្រឹះ​នីមួយៗ​។

ភូមិគ្រឹះ​នេះ​មាន​បន្ទប់ដេក ៥ បន្ទប់​ទទួលភ្ញៀវ ២ កា​រាស​ឡាន​១ ព្រមទាំង​សួន​ច្បារ​​តូច​មួយ​ផង​ដែរ ។ នៅក្នុង​តំបន់​ភូមិគ្រឹះ​ក៏មាន​រៀបចំ​កន្លែង​លេង​កីឡា និង​ឆាក​សម្តែង​សិល្បៈ​ថែមទៀត​ផង​។

​សំណង់​ទាំងនោះ​ត្រូវបាន​ធ្វើ​រួចរាល់​តាំងពី​ចុង​ឆ្នាំ ២០១៧​មក​ម្លេះ ប៉ុន្តែ​ពី​ពេលនោះ​មក ពុំទាន់​មាន​អ្នកភូមិ​ណា​ម្នាក់​មក​រស់នៅ​ទី​នេះ​នៅឡើយ​ទេ​។ មូលហេតុ​ពិតជា​គួរឲ្យ​អស់សំណើច ព្រោះតែ​ពួកគេ “​រវល់​” ដណ្តើម​គ្នា​យក​ផ្ទះ​មួយ​ណា ហើយ​គ្រួសារ​នី​មួយៗ​ទទួល​បាន​ផ្ទះ​ប៉ុន្មាន​ខ្នង ។​

​តំបន់​ភូមិគ្រឹះ​ដ៏​ល្អ​ស្អាត​ដែល​លោក Chen បាន​កសាង ។​

​លោក Chen បានឲ្យដឹងថា ចំនួន​ភូមិគ្រឹះ​ដែល​លោក​កសាង​គឺ​ផ្អែក​តាម​របាយការណ៍​ជាក់ស្តែង​នៅ​ភូមិកំណើត​របស់​លោក​នៅ​ឆ្នាំ ២០១៣ ។ ពេលនោះ​ក្នុង​ភូមិកំណើត​របស់​លោក​មាន​គ្រួសារ​ទាំងអស់​ចំនួន ១៩០​គ្រួសារ ។ យ៉ាងនេះ​ក្តី​លោក Chen នៅ​បាន​សាងសង់​លើស​បន្ថែមចំនួន ៦០​ផ្ទះ​ទៀត ។ ប៉ុន្តែ នៅពេល​សំណង់​សាងសង់​រួច ប្រជាជន​ក្នុង​ភូមិ​ចាប់ផ្តើម​ធ្វើ (​ញ្ញតិ​) ទាមទារ​បន្ថែម​ដោយ​ថា គ្រួសារ​របស់​គេ​រីក​ធំ​ជាង​មុន ចាំបាច់​ត្រូវ​មាន​ផ្ទះ​ច្រើនជាង​១​ខ្នង ទើប​រស់នៅ​បាន​។​

​វិវាទ​ដណ្តើម​ទីតាំង​ផ្ទះ​ក៏​ដូចជា “​សំណូមពរ​” ខាងលើ​ធ្វើឲ្យ​លោក Chen ពិតជា​ពិបាកចិត្ត និង​អស់សង្ឃឹម​។ លោក​ពោល​ថា ៖ ពេល​ខ្ញុំ​ត្រឡប់​ទៅ​ភូមិកំណើត​អ្នកភូមិ​ចាប់ផ្តើម​លើកឡើង​រាប់ពាន់​សំណើរ ។ ឥឡូវ​ខ្ញុំ​លែង​ចង់​ទៅ​កាន់​ទីនោះ​ទៀតហើយ ៕ ចន្ទ្រា​