Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក​ស្រី ឌឹ​ក ៖ ព្រំដែន​មាន​សន្តិភាព កងកម្លាំង​កងទ័ព ប្រជាពលរដ្ឋ ប្រកប​របរ​អាជីវកម្ម បាន​យ៉ាង​ប្រសើរ​

spot_img

​​​ព្រះវិហារ ​៖​ មេទ័ព​តំបន់​ព្រះវិហារ បាន​ថ្លែងថា តំបន់​ព្រំដែន​កម្ពុជា​ថៃ ដែល​កាល​ពី​មុខ​ធ្លាប់តែ​ឮស្នូរ​គ្រាប់កាំភ្លើង​នោះ ឥឡូវនេះ​បាន​កែប្រែ ទៅ​ជា​ព្រំដែន​មាន​សន្តិភាព បានន័យថា កងកម្លាំង​កងទ័ព ប្រជាពលរដ្ឋ មាន​ភាពសប្បាយ​រីករាយ ជាមួយនឹង​ការប្រកប​របរ​អាជីវ​កម្ម បាន​យ៉ាង​រលូន ដែល​រួមមាន ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ដែល​សម្តេច​តេជោ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ផ្តល់ជូន​នូវ​ជម្រក ផ្ទះ លំនៅឋាន មណ្ឌល​សុខភាព សាលារៀន ដីស្រែ​ចម្ការ ដល់​កងទ័ព និង​បាន​កាត់បន្ថយ​ភាពក្រីក្រ​មួយកម្រិត​ធំ​ផង​ដែរ​។

​ជាក់ស្តែង ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៩ មីនា​នេះ​បាន​ដឹកនាំ​ប្រតិភូ​សាលាខណ្ឌ​ទាំង​១២ មក​ដល់​តំបន់​ប្រាសាទ​ព្រះវិហារ ដើម្បី​នាំយក​អំណោយ ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មក​ចែក​ជូន​មន្ត្រី​យោធា ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី នៅ​តំបន់​សមរភូមិ​ប្រាសាទ​ព្រះវិហារ ដែល​បាន​ចងសម្ព័ន្ធភាព​រវាង​សមរភូមិ​ជួរ​មុខ និង​សមរភូមិ​ខាងក្រោយ​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​។ ពិធី​ចែក​ជូន​មន្ត្រី​នាយទាហាន ពលទាហាន បាន​ធ្វើឡើង នៅ​ទីបញ្ជាការ​កងពល​តូច​អន្តរាគមន៍​លេខ​៣ ស្ថិតនៅ​តំបន់​អូរ​ជុ​ញ ភូមិ​សែន​រុងរឿង ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ដោយ​មាន​ការទទួល​ស្វាគមន៍​គណៈប្រតិភូ ពី​សំណាក់​នាយ​ឧត្តមសេនីយ៍ អគ្គបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ លោក​ឧត្តមសេនីយ៍ឯក ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ ព្រមទាំង​មន្ត្រី​យោធា​ជាន់ខ្ពស់​ជាច្រើន​រូប​ផ្សេងទៀត​។​

​លោក​ឧត្តមសេនីយ៍ឯក ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ បាន​ថ្លែង ចាប់ពី​ឆ្នាំ​២០០៨ រហូតដល់​ឆ្នាំ​២០១៨ កងពលធំ​អន្តរាគមន៍​លេខ​៣ បាន​ធ្វើ​ខួប​១០​ឆ្នាំ នៃ​ការ​ឈរ​របស់​កងទ័ព នៅ​តំបន់​ព្រំដែន​កម្ពុជា​ថៃ ក៏ដូចជា ខួប​១០​ឆ្នាំ នៃ​ការបង្កើត​កងពលធំ​អន្តរាគមន៍​លេខ​៣ ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ។​

​លោក​ឧត្តមសេនីយ៍ឯក ក៏​បាន​ជម្រាបជូន​ផងដែរ អំពី​ស្ថានភាព​ជីវភាព របស់​កងទ័ព​ជួរមុខ ទិស​ព្រំដែន​កម្ពុជា​ថៃ ដោយ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ការទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ រវាង​កម្ពុជា​និង​ថៃ មាន​សុខសន្តិភាព តាម​ខ្សែ​បន្ទាត់​ព្រំដែន មាន​ភាពល្អប្រសើរ​។

លោក មេបញ្ជាការ បានបញ្ជាក់​ថា “​ចំពោះ​ជីវភាព​កងទ័ព បាន​ពិនិត្យឃើញ​ថា ចាប់ពី​ឆ្នាំ​២០០៨​មក ក្នុងពេល​ដែល​ថៃ បាន​ធ្វើ​ការ​ឈ្លានពាន តំបន់​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ និង​តំបន់​ប្រាសាទ​ព្រះវិហារ គឺ​ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០០៨ រហូតដល់​ឆ្នាំ​២០១២ គឺ​ជីវភាព​របស់​កងទ័ព គឺ​វា​លំបាក​ណាស់ ដោយ​ដៃ​ម្ខាង ការពារ​ទប់ទល់​សត្រូវ ការពារ​បូរណភាព​ទឹកដី និង​ដៃ​ម្ខាង​ទៀត រួមចំណែក​កសាង​កម្លាំង និង​ជំរំ​បន្ទាយ ទៅតាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល របស់​អគ្គបញ្ជាការ ក៏ដូចជា ក្រសួង​ការពារ​ផងដែរ និង​មួយ​ផ្នែក​ទៀត គឺ​ជួយ​គ្រួសារ​កងទ័ព ដែល​នៅ​ជួរ​ខាងក្រោម​”​។ លោក បានបញ្ជាក់​ថា យើង​បាន​ពិនិត្យឃើញថា ក្នុងស្ថានភាព​រយៈពេល​១៥​ឆ្នាំ ចុង​ក្រោយ​នេះ នៅតាម​ព្រំដែន មាន​ភាព​ល្អប្រសើរ​ណាស់ បានន័យថា យើង​បាន​អនុវត្តន៍ នូវ​យុទ្ធសាស្ត្រ​បី និង​សកម្មភាព​១០ និង​បទបញ្ជា​ទាំង​១១ របស់​សម្តេច​តេជោ​ហ៊ុន សែន ដោយ​ទទួលបាន​នូវ​ជោគជ័យ​”​។

​លោក​បាន​បន្ថែមថា បច្ចុប្បន្ននេះ “​យើង​បាន​កែប្រែ​តំបន់​ព្រំដែន ទៅ​ជា​ព្រំដែន​មាន​សន្តិភាព ហើយ​បាន​កែប្រែ ពី​ព្រំដែន​មួយ ដែល​មាន​ការផ្ទុះអាវុធ ស្នូរ​គ្រាប់កាំភ្លើង ទៅ​ជា​សំឡេង​តូរ្យតន្ត្រី នៅ​តាម​ទី​វត្ត​អា​រ៉ា​ម មាន​សំឡេង​សូត្រធម៌ គឺ​បានន័យថា ទាំង​កងកម្លាំង​កងទ័ព និង​ប្រជាពលរដ្ឋ មាន​ភាពសប្បាយ​រីករាយ​យ៉ាងខ្លាំង​” ។

លោក​ក៏​បាន​ថ្លែង​រំលឹក​ឡើងវិញ នូវ​គុណូបក្ការៈ និង​ដឹងគុណ អរគុណ ចំពោះ​សម្តេច​តេជោ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែង​យក​ចិត្តទុកដាក់ ដែល​បាន​ផ្តល់​នូវ​អ្វីៗ​ទាំងអស់ រាប់​តាំងពី​ជំរំ​ជម្រក ផ្ទះ លំនៅឋាន គ្រួសារ​កងទ័ព ដីធ្លី មណ្ឌល​សុខភាព សាលារៀន ដីស្រែ​ចម្ការ ត្រូវបាន​ផ្តល់ជូន​ដល់​កងទ័ព ហើយ​នា​ពេលបច្ចុប្បន្ន​នេះ បងប្អូន​កងទ័ព កំពុង​ប្រកប​របរ​អាជីវកម្មរ​បស់​ខ្លួន ហើយ​បាន​កាត់បន្ថយ ភាពក្រីក្រ បាន​មួយចំនួនធំ​ផងដែរ​។​

​លោក​ឧត្តមសេនីយ៍ឯក ស្រី ឌឹ​ក បាន​បញ្ជាក់​អំពី​ចំណង​សម្ព័ន្ធ​មេត្រីភាព រវាង​សាលា​រាជធានី​ភ្នំពេញ ជាមួយនឹង​កងពលធំ​អន្តរាគមន៍​លេខ​៣ យើង​ឃើញថា បើ​គិត​ពី​ប្រវត្តិ​របស់​រាជធានី​ភ្នំពេញ និង​ថ្នាក់ដឹកនាំ​របស់​រាជធានី​ភ្នំពេញ មន្ត្រី មន្ទីរ​ជុំវិញ​រាជធានី​ភ្នំពេញ គឺ​មាន​រយៈពេល​១៦​ឆ្នាំ​ហើយ ។​

​លោក​បាន​ថ្លែងថា ថ្នាក់ដឹកនាំ​របស់​រាជ​ធានី​ភ្នំពេញ មន្ត្រី មន្ទីរ​ជុំវិញ​រាជធានី​ភ្នំពេញ និង​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ បាន​រួមចំណែក​ជួយ​អភិវឌ្ឍន៍​តំបន់​ព្រះវិហារ ជាពិសេស​ប្រាសាទ​ព្រះវិហារ រាប់​តាំងពី​ឆ្នាំ​២០០២​មកម្ល៉េះ ដែល​បាន​ផ្តល់ជូន​ឧបត្ថម្ភ​ដល់​កងទ័ព​នៅ​សមរភូមិ​មុខ ថ្វី​ត្បិត​តែ​ជំនាន់​នោះ មិនទាន់​មាន​សង្គ្រាម ប៉ុន្តែ​ការលំបាក​ផ្លូវ​គមនាគមន៍ ការលំបាក​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​មិនទាន់​មាន​ការអភិវឌ្ឍ ។ លោក​បន្តថា នៅ​ក្រោយ​ឆ្នាំ​២០០៨ សត្រូវ​ថៃ​ដែល​បាន​ឈ្លានពាន​តំបន់​ប្រាសាទ​ព្រះវិហារ គឺ​សាលា​រាជធានី​ភ្នំពេញ បាន​ជួយ​ឧបត្ថម្ភ​សមរភូមិ​មុខ​ទិស​ប្រាសាទព្រះវិហារ​មុនគេ ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ បាន​មក​ដល់​ទី​នេះ​តែម្តង និង​បាន​ឡើងដល់​ខ្សែត្រៀម​ជាមួយនឹង​ថ្នាក់ដឹកនាំ​មួយចំនួន ហើយ​គិត​មកដល់​ពេល​សម្ព័ន្ធមេត្រី​ភាព​រវាង​កងពលធំ​អន្តរាគមន៍​លេខ​៣​និង​សាលា​រាជធានី​ភ្នំពេញ មាន​រយៈពេល​៦​ឆ្នាំ​ហើយ​៕​ ដោយ ​៖ ​កូឡាប​

spot_img
×