Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ចោទថា លោក ជុ​យ សុឃាង នាយក​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា ថា​នៅ​ពីក្រោយ​បទល្មើស​ឈើ​ខុសច្បាប់​ (Video inside)

spot_img

​ខេត្ត​មណ្ឌលគិរី ​៖ ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​មណ្ឌលគិរី បាន​អះអាង​ថា​លោក ជុ​យ សុឃាង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ថា​បាន​ទទួល​សំណូក​រាប់ពាន់​ដុល្លារ​អាមេរិក​ក្នុង​១​ខែៗ ពី​ក្រុម​អ្នករកស៊ី​ដឹក​ឈើ​ឆ្លង់ដែន​ខុសច្បាប់ ចូល​ទៅកាន់​ប្រទេស​វៀតណាម​។​

ពលរដ្ឋ​រស់​នៅក្នុង​ស្រុក​កែវ​សីមា​ស្នើ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​ថា លោក ជុ​យ សុឃាង ជា​នាយក​ផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​កែវ​សីមា ដែល​ដើរតួនាទី​ទប់ស្កាត់​រាប់​បទល្មើស​ឈើ​នា​មូលដ្ឋាន​នេះ គឺ​មិន​ដែល​ឃើញ​ចុះបង្ក្រាប ឬ​ចាប់​អ្នកដឹកឈើ​ខុសច្បាប់ ធ្វើ​សកម្មភាព​ឆ្លងកាត់​មូលដ្ឋាន​ស្រុក​កែវ​សីមា​ឲ្យមាន​ប្រសិទ្ធភាព​នោះ​ទេ​។ ផ្ទុយទៅវិញ គឺ​អង្គុយចាំ​ទទួលយក​លុយ​ពី​អ្នកដឹកឈើ​ខុសច្បាប់ ដោយ​ពុំ​មាន​ខ្វាយខ្វល់​ពី​ការបាត់បង់​ធនធាន​ព្រៃឈើ ដូចដែល​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​បាន​ប្រកាស​ដាក់​បទ​បញ្ជា​ទៅ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ក្រោម​ឱវាទ​ឲ្យ​រួម​សហការ​គ្នា​ទប់ស្កាត់​ប​ទ​ល្មើស​ព្រៃឈើ​ឲ្យមាន​ប្រសិទ្ធភាព និង កុំ​ឲ្យធ្វើ​សកម្មភាព នៅតាម​មូលដ្ឋានី​មួយៗ​ជា​បន្តបន្ទាប់​មក​នោះ​ទេ​។​

ផ្ទុយទៅវិញ ប្រជាពលរដ្ឋ​ចោទ​ថា លោក ជុ​យ សុឃាង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា បាន​ពង្រាយ​កូនចៅ របស់​ខ្លួន​នៅ​គ្រប់​ច្រក​ចេញចូល​នា​មូលដ្ឋាន​នេះ ដើម្បី​ឃ្លាំមើល ក្រុម​អ្នកដឹកឈើ​ខុសច្បាប់ ឲ្យចូល​មក​ជួប​ចរចារ ឬ​បង់លុយ​ដាក់​ខែ ឬ​ដាក់​ថ្ងៃ​យ៉ាង​រំភើយ​ទៅវិញ​។​

អ្នកដឹកឈើ​ខុសច្បាប់​តាម​ម៉ូតូ​ម្នាក់ ក្នុង​ចំណោម​មនុស្ស​ច្រើន​ទៀត​បានឲ្យដឹងថា រូប​គាត់​ដឹក​ឈើ​ឆ្លងកាត់​ស្រុក​កែវ​សីមា ក្នុង​១​ម៉ូតូ ត្រូវ​បង់លុយ​ជូន​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន ពិសេស បង់​ជូន​ស្ថាប័ន​មេព្រៃ ឬ​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា​តែ​ម្តង​មិន​ដែល​ខកខាន​នោះទេ​។ ប្រភព​ដដេល​នេះ អះអាងថា ចំពោះ​សមត្ថកិច្ច​ស្ថាប័ន​ផ្សេងៗ ក្រៅ​ពី​ស្ថាប័ន​មេព្រៃ គឺ​ត្រូវ​បង់លុយ​រាប់​ចំនួន​ជើង​ម៉ូតូ ឬ​រថយន្ត​ដឹកឈើ​ឆ្លងកាត់​មូលដ្ឋាន​នេះ ប៉ុន្តែ​សម្រាប់​មេព្រៃ ឬ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា​វិញ គឺ​បាន​បង់​ដាក់​ខែ​ជូន​ក្នុង ១​ខែ ត្រូវ​ចំណាយលុយ ៣០០​ដុល្លារ​អាមេរិក សម្រាប់​ម៉ូតូ ១​គ្រឿង​។ ចំណែក​អ្នក​រកស៊ី​ឈើ​ដឹក​តាម​រថយន្ត​វិញ គឺ ត្រូវ​បង់លុយ​ជូន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ពិសេស​មេព្រៃ​ច្រើនជាង​អ្នកដឹកឈើ​តាម​ម៉ូតូ គឺ​អាច​ចន្លោះ​ចាប់ពី ៤០០ ទៅ​៥០០​ដុល្លារ​ក្នុង​មួយខែៗ​។

​ត្រង់​ចំណុច​នេះ ប្រជាពលរដ្ឋ រស់នៅ​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី បាន​កត់សម្គាល់​ថា បច្ចុប្បន្ន​នៅ​តាម​ផ្លូវជាតិ​លេខ​៧៦ ពោល​គឺ​ចាប់ពី​ចំណុច​គីឡូ​៦៤ ក្នុង​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី រហូត​ដល់​ផ្តុំផ្សារ​ការ​៣ ស្រុក​ស្នួល គឺ​មាន​រថយន្ត និង​ម៉ូតូ​ដឹក​ឈើ​ជា​ច្រើន​គ្រឿង កំពុង​ធ្វើ​សកម្មភាព​ដឹកឈើ​ខុសច្បាប់​ទាំងថ្ងៃទាំងយប់ ដោយ​គ្មាន​សមត្ថកិច្ច​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ផ្នែក​ណាមួយ​ចេញមុខ​ទប់ស្កាត់​នោះទេ​។

ផ្តើម​ពី​បញ្ហា​នេះ ក្រុម​ប្រជាពលរដ្ឋ​សង្ស័យថា មន្ត្រី​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មួយចំនួន បាន​ត្រូវដង​ត្រូវផ្លែ​ជាមួយ​គ្នា​ជា​ប្រព័ន្ធ ទើប​គ្មាន​សកម្មភាព​ចុះ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ ដែល​កំពុង​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​នៅ​មូលដ្ឋាន​ខេត្ត​មណ្ឌលគិរី ដឹក​ឆ្លងកាត់​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម ដោយ​រលូន និង​គ្មាន​ការហាមឃាត់​បែបនេះ​។

ចំពោះ​បញ្ហា​នេះ ក្រុម​ប្រជាពលរដ្ឋ បាន​សំណូម​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ ឲ្យ​បញ្ជូន​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​ស្រាវជ្រាវ​លើ​ករណី​បទល្មើស​ព្រៃឈើ​ខាងលើ​នេះ​ឲ្យបាន​ឆាប់ ដើម្បី​ឈាន​ទៅ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ នៅ​ខេត្ត​មណ្ឌលគិរី ឲ្យមាន​ប្រសិទ្ធភាព​ស្របតា​មកា​រ​ចង់បាន របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​។

​បន្ថែម​លើ​នេះ ប្រជាពលរដ្ឋ​ក៏​ស្នើថា ប្រសិនបើ​ថ្នាក់លើ បាន​រកឃើញ​កំហុសឆ្គង ឬ​រក​ឃើញ​មន្ត្រី​ជំនាញ​មួយ​ចំនួន ដែល​បាន​ឃុបឃិត​ទទួល​សំណូក​ពី​ឈ្មួញ​ឈើ​ខុសច្បាប់ ដូច​ការចោទប្រកាន់​មែន គឺ​ស្នើ​ឲ្យមាន​វិធានការ​តាម​ផ្លូវច្បាប់​ឲ្យ​បាន​ធ្ងន់ធ្ងរ​។

​ត្រង់​ចំណុច​នេះ ប្រជាពលរដ្ឋ​ហាក់​មាន​មន្ទិល​ថា តើ​ថ្នាក់ដឹកនាំ​រដ្ឋបាល​ព្រៃឈើ នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ទៀត នឹង​មាន​វិធានការ​ចំពោះ​មន្ត្រីរាជការ ដែល​ទទួល​ប្រាក់ខែ​រដ្ឋ ហើយ​បាន​ទៅ​ឃុបឃិត​ជាមួយ​ឈ្មួញ​ឈើ ប្រព្រឹត្ត​អំពើរ​ពុករលួយ​បែបនេះ​ទៅ​វិញ​នោះ​?​។

ទាក់ទិន​ការ​ចោទ​នេះ អ្នកយក​ព័ត៌មាន​គេហទំព័រ ប្រចាំ​ខេត្ត​មណ្ឌលគិរី មិនទាន់​អាច​ទាក់ទង លោក ជុ​យ សុឃាង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា ដើម្បី​បំភ្លឺ​ជុំវិញ​ប្រជាពលរដ្ឋ​ចោទថា បាន​ទទួល​សំណូក​ពី​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ ឆ្លងកាត់​មូលដ្ឋាន​ស្រុក​កែវ​សីមា បាន​ទេ​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៨៕ ដោយ​៖ សមុទ្រ​ឈើ

spot_img
×