Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ទេសចរណ៍ ៖ រយៈពេល​២​ខែ​ដើមឆ្នាំ​នេះ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ជាង ១​លាន​នាក់​

spot_img

​ភ្នំពេញ​ ៖ លោក​រដ្ឋមន្ត្រី​ទេសចរណ៍​បានឲ្យដឹងថា ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​នេះ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ជាង ១​លាន​នាក់ ក្នុង​កំណើន​ជាង ១១%​។ លោក​រដ្ឋមន្ត្រី​បានឲ្យដឹង​ទៀត​ថា នៅ​ដើមឆ្នាំ​២០១៨​នេះ ក្រសួង​ទេសចរណ៍​បាន​ដំឡើង​ឋានៈ​មន្ត្រី ១៨៥​រូប ចាប់ពី​ថ្នាក់​អនុប្រធាន​ការិយាល័យរ​ហូ​តដល់​ថ្នាក់​អនុប្រធាន​នាយកដ្ឋាន​។ លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បានដាក់​អនុសាសន៍​ចម្បងៗ​ជាច្រើន​ដល់​មន្ត្រី​ក្រោម​ឱវាទ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ទេសចរណ៍​។​

​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​ទេសចរណ៍​ប្រចាំ​ត្រីមាស​ទី​១ ឆ្នាំ​២០១៨ និង​ទិសដៅ​អនុវត្ត​បន្ត​របស់​ក្រសួង​ទេសចរណ៍ នា​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៨​នេះ​លោក​រដ្ឋមន្ត្រី​បាន​រំឭក​ដាស់តឿន​អំពី​ការអនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​លើកឡើង​ក្នុងឱកាស​បិទ​សន្និបាត​ក្រសួង​ទេសចរណ៍​កន្លងមក និង​បាន​ដាក់​ផែនការ​ការងារ​អនុវត្ត​បន្ត​សម្រាប់​វិស័យ​ទេសចរណ៍​។​

​លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ពី​ផែនការ​ការងារ​ទេសច​រណ៍ ដើម្បី​ត្រៀម​នៅពេល​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ដោយ​ត្រូវ​ជំរុញ​ការ​ពង្រឹងគុណ ភាព​សេវាកម្ម​ទេសចរណ៍ នៅតាម​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​នានា បញ្ឈប់​ការបោះ​សំរាម​ក្រោម​តុ នៅ​តាម​ភោជនីយដ្ឋាន​ត្រូវ​ដាក់​តម្លៃ​សេវា​ឲ្យបាន​សមរម្យ មាន​អនាម័យ​ខ្ពស់ និង​ផ្តល់​បដិសណ្ឋារកិច្ច​ល្អ បំពេញ​តម្រូវការ​ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ ដោយ ឡែក នៅ​ខេត្ត​សៀមរាប ត្រូវ​ចូលរួម​ឲ្យបាន​ល្អ ដើម្បី​ជោគជ័យ​ត្រចះត្រចង់ នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ​។​

​ចំពោះ​បញ្ហា​ស្លាក​យីហោ ត្រូវបាន​ឯកឧត្តម​រដ្ឋមន្ត្រី​ណែនាំ​ថា ស្លាក​យីហោ​នៅតាម​អាជីវកម្ម​ទេសចរណ៍​នានា ត្រូវ​សរសេរ​អក្សរ​ជា​៣​ភាសា ដោយ​ផ្នែក​ខាងលើ​ត្រូវ​សរសេរ​អក្សរ​ខ្មែរ ហើយ​ទំហំ​ធំជាងគេ ផ្នែក​កណ្ដាល​ត្រូវ​សរសេរ​អក្សរ​អង់គ្លេស ហើយ​ទំហំ​ត្រឹម​ពាក់​កណ្ដល​អក្សរ​ខ្មែរ ដែល​សរសេរ​នៅ​ខាងលើ​នោះ និង​ផ្នែក​ខាងក្រោម​ត្រូវ​សរសេរ​ជា​ភាសា​ទី​៣​តាម​តម្រូវការ​របស់​ម្ចាស់​អាជីវកម្ម អាច​ជា​អក្សរ​ចិន ជប៉ុន កូរ៉េ​។​ល​។​

​ម្យ៉ាងទៀត ដោយសារ​ការ​ដាក់​តាំង​ព្រះ​ភូមិ ដែល​ជា​ទី​សក្ការបូជា​នៅ​តាម​សណ្ឋាគារ ភោជនីយដ្ឋាន​ខ្លះ​នៅ​មាន​កំហុសឆ្គង​នោះ លោក​រដ្ឋមន្ត្រី​បាន​ស្នើ​ដល់​ម្ចាស់​ទីតាំង​ទាំង​នោះ គប្បី​ផ្លាស់ប្ដូរ​ព្រះ​ភូមិ​ដែល​មិន​មាន​រចនាបថ​បែប​ខ្មែរ មក​ដាក់​ព្រះ​ភូមិ​រចនាបថ​បែប​ខ្មែរ​វិញ​។ រីឯ​បញ្ហា​ការតុបតែង​រូប​ព្រះ​ឆាយា​លក្ខណ៍​ព្រះមហាក្សត្រ​វិញ ត្រូវបាន​លោក​រដ្ឋមន្ត្រី​ណែនាំ​ឲ្យ​ដាក់តាំង​ព្រះ​ឆាយា​លក្ខណ៍​ព្រះករុណា​ទាំង​៣​ព្រះអង្គ​អោយ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ព្រះបរមរាជវាំង​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×