Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ ៤២ គ្រួសារ នៅ​សង្កាត់​កោះរ៉ុង ស្នើ​ឲ្យ​សម្តេច ហ៊ុន សែន ជួយ​ចាត់ការ ឧកញ៉ា សុខ ប៊ុន ដែល​ក្លែង​ឯកសារ​រំលោភ​យក​ដីធ្លី​ពួកគាត់​

spot_img

​ខេត្ត​ព្រះសីហនុ ៖ អតីត​ចៅសង្កាត់​កោះរ៉ុង និង​មន្ត្រី​ជំនាញ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដែល​ជា​ក្រុម​ការងារ​បាន​ចុះ​វាស់វែង​កំណត់​ក្បាលដី​នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​សរសេរ​លិខិត​បដិសេធ និង​មិន​ទទួល ស្គាល់​ លិខិត​បញ្ជាក់​ដី​លេខ​៦៩​ក​.​រ របស់លោក សុខ ប៊ុន ចុះ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០០២​ទេ ព្រោះ​ចាត់ទុកជា​លិខិត​ក្លែងបន្លំ ឬ​ក្លែង ក្លាយ។

​លិខិត​សរសេរ​ផ្ទាល់​ដៃ​មាន​ហត្ថលេខា លោក អ៊ួ​ង និត អតីត​ចៅ​រង​ទី​១​សង្កាត់​កោះរ៉ុង បច្ចុប្បន្ន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កោះ​តូច សង្កាត់​កោះរ៉ុង ចុះ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៨​ផ្ញើជូន លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​សុំ​បដិសេធថា មិន​បាន​ចុះ ហត្ថលេខា​លើ​លិខិត​បញ្ជាក់​ក្បាលដី​លេខ ៦៩​ក​.​រ ចុះ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០០២ របស់ លោក សុខ ប៊ុន ដែល​បាន​ទិញ​បន្ត​ពី​ឈ្មោះ ម៉ា ទី ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុង​-​ខេត្ត​ព្រះសីហនុ ដែល​មាន​ព្រំប្រទល់​៖
​ខាងជើង​ទល់នឹង ឆ្នេរសមុទ្រ (១០៥​ម៉ែត​)
​ខាងត្បូង​ទល់​នឹង ចង្កេះភ្នំ​ថ្ម​ជញ្ជាំង​
​ខាងកើត​ទល់​នឹង លោក ទេព វុទ្ធី
​ខាងលិច​ទល់​នឹង ៥០០​ម៉ែត ពី​ដៃ​អូរ​ទឹកសាប​
​លិខិត​សរសេរ​ផ្ទាល់ដៃ លោក អ៊ួ​ង និត ជា​អតីត​ចៅសង្កាត់រង​ទី​១ នៃ​សង្កាត់​កោះរ៉ុង បានបង្ហាញ​ថា លោក សុខ ប៊ុន បាន​ទិញ​ដី​ពី​ឈ្មោះ ម៉ា ទី ដែល​មាន​ទំហំ ៥​ហិកតារ ២៥​អា មាន​ទទឹង ១០៥​ម៉ែត្រ និង​បណ្តោយ ៥០០​ម៉ែត្រ គឺ​មាន​ផ្ទៃ​សរុប​ចំនួន ៥២.៥០០​ម៉ែត្រការ៉េ​តែប៉ុណ្ណោះ​។ លោក អ៊ួ​ង និត អះអាង​ក្នុង​លិខិត​បំភ្លឺ​ថា ដី​ក្រៅពីនោះ គឺជា​ដី របស់​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​រស់នៅ​ជិតខាង​ក្នុង​មូលដ្ឋាន​នេះ​។

អតីត​ចៅសង្កាត់​រង​ទី​១ សង្កាត់​កោះរ៉ុង លោក អ៊ួ​ង និត បាន​ជម្រាបជូន លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ឲ្យដឹង​បន្ត​ទៀត​ថា ក្បាល​ដី​ពិតប្រាកដ របស់ លោក សុខ ប៊ុន ដែល​លោក​បាន​ដឹង គឺ​មាន​ទទឹង ១០៥​ម៉ែត្រ និង​បណ្តោយ ៥០០​ម៉ែត្រ ឬ​ស្មើ ៥​ហិកតា និង​២៥​អា ប៉ុន្តែ​បែរជា​កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៨ លោក​បាន​ឃើញ​ឯកសារ​ដី លោក សុខ ប៊ុន មាន​ទំហំ​លើសពី ៥​ហិកតារ ២៥​អា ដោយ​ទំហំ​ដី​មាន​បណ្តោយ ៥០០០​ម៉ែត្រ និង​ទទឹង ១០៥០​ម៉ែត្រ ឬ​មាន​ផ្ទៃដី​សរុប ៥.២៥០.០០០​ម៉ែត្រការ៉េ​ទៅវិញ​។

ត្រង់​ចំណុច​នេះ លោក អ៊ួ​ង និត បាន​អះអាង​ថា ឯកសារ​ទំហំ​ដី របស់ លោក សុខ ប៊ុន ដែល​លោក​បាន​ឃើញ កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៨ មាន​ទំហំ​ដី​រហូត​ដល់​បណ្តោយ ៥០០០​ម៉ែត្រ និង​ទទឹង ១០៥០​ម៉ែត្រ ដោយ​មាន​ផ្ទៃដី​សរុប​ចំនួន ៥.២៥០.០០០​ម៉ែត្រការ៉េ គឺ​មិន​ពិតប្រាកដ ឬ​មិន​ត្រឹមត្រូវ​នោះ​ទេ​។

នៅ​ចុងបញ្ចប់​លិខិត ដែល​លោក អ៊ួ​ង និត បាន​សរសេរ​ផ្ទាល់ដៃ ជម្រាបជូន លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ អតីត​ចៅសង្កាត់​កោះរ៉ុង​រូបនេះ បាន​ធ្វើ​ការបដិសេធន៍ និង​មិន​ទទួលស្គាល់​លិខិត​បញ្ជាក់​ដី​លេខ ៦៩​ក​.​រ ចុះ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០០២ ជា​ការទិញ និង​លក់​ដី របស់ លោក សុខ ប៊ុន ជាមួយ លោក ម៉ា ទី ដែល​មាន​បណ្តោយ ៥០០០​ម៉ែត្រ និង​ទទឹង ១០៥០​ម៉ែត្រ ហើយ​មាន​ផ្ទៃដី​សរុប ៥.២៥០.០០០​ម៉ែត្រការ៉េ​ជាដាច់ខាត​។ លោក អ៊ួ​ង និត បាន​អះ​អា​ថា លោក​ទទួលស្គាល់​ដី​មាន​ទំហំ​ត្រឹម​ទទឹង ១០៥​ម៉ែត្រ និង​បណ្តោយ ៥០០​ម៉ែត្រ ដោយ​មាន​ផ្ទៃដី​សរុប​ចំនួន ៥២៥០០​ម៉ែត្រការ៉េ​តែប៉ុណ្ណោះ​។

ផ្តើម​ពី​បញ្ហា​នេះ លោក អ៊ួ​ង និត អតីត​ចៅសង្កាត់​រង​ទី​១ ហើយក៏​ជា​អតីត​ចៅសង្កាត់​កោះរ៉ុង​ទើប​ផុត​អាណត្តិ​ផង​នោះ ក៏​បាន​ជម្រាបជូន លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង​ប្រជាពលរដ្ឋ ឲ្យបាន​ដឹង​អំពី​ប្រវត្តិ នៃ​ការទិញ និង​លក់ ដី របស់លោក សុខ ប៊ុន ជាមួយ​លោក ម៉ា ទី កាលពី​ឆ្នាំ​២០០២ នៅ​ភូមិ​ដើម​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុង​-​ខេត្ត​ព្រះសីហនុ ដោយ​ក្តី​អនុគ្រោះ​។

​ទាក់ទិន​បញ្ហា​ដីធ្លី​ខាងលើ​នេះ​ដែរ ក្រុមការងារ​វាស់វែង​នៅលើ​សង្កាត់​កោះរ៉ុង ដែល​បាន​ចុះ​វាស់វែង​ដី របស់ លោក សុខ ប៊ុន ស្ថិតនៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុង​-​ខេត្ត​ព្រះសីហនុ ដែល​មាន​សមាសភាព​ចូលរួម​នៅ​ទីតាំង​ដី​ជាក់ស្តែង​រួមមាន​៖
១- លោក យ៉ុន ម៉ុន ជា​ប្រធាន​ក្រុម​វាស់ (​ប្រជាពលរដ្ឋ​ភូមិ​ព្រែក​ស្វាយ​)
២- លោក កែវ សោម សមាជិក​វាស់វែង (​ប្រជាពលរដ្ឋ​ភូមិ​ព្រែក​ស្វាយ​)
៣- លោក យ៉ៃ ថេង សមាជិក​វាស់វែង (​ប្រជាពលរដ្ឋ​ភូមិ​ព្រែក​ស្វាយ​)
៤- លោក ចាន់ សារិន សមាជិក​វាស់វែង (​ប្រជាពលរដ្ឋ​ភូមិ​ព្រែក​ស្វាយ​)
៥- លោក ហែម សា​ឡេះ សមាជិក​វាស់វែង (​ប្រជាពលរដ្ឋ​ភូមិ​ព្រែក​ស្វាយ​)
៦- លោក សេក សារ៉ន សមាជិក​វាស់វែង (​ប្រជាពលរដ្ឋ​ភូមិ​ព្រែក​ស្វាយ​)
​សមាសភាព​ចុះ​វាស់វែង​ដី​នៅ​លើ​សង្កាត់​កោះរ៉ុង របស់លោក សុខ ប៊ុន ដូច​បាន​បង្ហាញ​ឈ្មោះ ខាងលើនេះ ពួកគាត់ ក៏​បាន​សរសេរ​លិខិត​បដិសេធន៍ និង​មិន​ទទួលស្គាល់ លើ​ការវាស់វែង​ទំហំ​ដី​លេខ ៦៩​ក​.​រ របស់លោក សុខ ប៊ុន ដែល​ចុះ​ថ្ង​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០០២​នេះដែរ​។
​សមាជិក​ចុះ​វាស់វែង​ដី​ទាំង ៦​នាក់ បានឲ្យដឹងថា ការចុះវាស់វែង​ដី របស់លោក សុខ ប៊ុន ស្ថិតនៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុង​-​ខេត្ត​ព្រះសីហនុ ហើយ​យោង​តាម​ការចុះ​វាស់វែង​ដី​ជាក់ស្តែង គឺ​ទីតាំង​ពិតប្រាកដ​ដី របស់លោក សុខ ប៊ុន ពេលនោះ គឺ​មាន​ទទឹង​ប្រវែង ១០៥​ម៉ែត្រ និង​បណ្តោយ ៥០០​ម៉ែត្រ ដោយ​មាន​ទំហំ​សរុប ៥២៥០០​ម៉ែត្រការ៉េ​គត់​។ ក្នុងនោះ​ព្រំ​ទីតាំង​ដី​រួមមាន​៖
​ខាងជើង​ទល់នឹង ឆ្នេរ​ថ្ម​សមុទ្រ ១០៥​ម៉ែត្រ​
​ខាងត្បូង​ទល់​នឹង ចង្កេះភ្នំ​ថ្ម​ជញ្ជាំង
​ខាងកើត​ទល់​នឹង​ដី​លោក ទេព វុទ្ធី
​ខាងលិច​ទល់​នឹង ៥០០​ម៉ែត្រ ពី​ដៃ​អូរ​ទឹកសាប​ជាប់​ដី ជី វិស័យ និង​ពី​កូន​កោះ​ដូង​។
​យ៉ាងណា​ក៏ដោយ​ចុះ លិខិត​សរសេរ​ដោយ​ដៃ ដែល​ក្រុម​សមាជិក​ចុះ​វាស់វែង​ដី របស់លោក សុខ ប៊ុន មាន​សមាសភាព​ចំនួន ៦​នាក់ គឺ​បាន​ធ្វើ​ការបដិសេធន៍​ទាំងស្រុង​លើ​លិខិត​ស្មា​ម ដែលមាន​ខ្លឹមសារ​ខុស​ពី​ទិន្នន័យ​ដី ដែល​មាន​ទីតាំង ខុស​ពី​គំនូស​ប្លង់ ទីតាំង ដែល​ពួកគេ បាន​ចុះ​វាស់វែង ដូច​បាន​ភ្ជាប់​រូបភាព ឬ​គំនូស​ប្លង់ នៅ​ផ្នែក​ខាងឆ្វេង នៃ​លិខិត​បដិសេធន៍​នេះ​ជា​ភស្តុតាង​ស្រាប់​។
​បន្ថែម​លើ​នេះ សមាសភាព​ទាំង ៦​នាក់ ដែលជា​ក្រុមការងារ​វាស់វែង​ដី នៅ​ភូមិ​ដើម​ស្វាយ សង្កាត់​កោះរ៉ុង ក្រុង​-​ខេត្ត​ព្រះសីហនុ តាម​ការចង្អុលបង្ហាញ របស់ ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏​បាន​ផ្តិតមេដៃ​ស្តាំ នៅលើ​លិខិត ចុះ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៨ ដើម្បី ទុក​ជា​ភស្តុតាង​នៅ​ថ្ងៃ​ខាង​មុខ​ផង​ដែរ​។

​ទាក់ទិន​បញ្ហា​នេះ អ្នកស្រី ជាប សុធា​រី អ្នកសម្របសម្រួល​សមា​គម​អាដហុក​(Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ ដែល​បាន​តាមដាន​វិវាទ​ដីធ្លី រវាង​ប្រជាពលរដ្ឋ​ចំនួន ៤២​គ្រួសារ មានទំនាស់​ជាមួយ​លោក សុខ ប៊ុន ប៉ុន្មាន​ថ្ងៃ​មកនេះ​។ អ្នកស្រី ក៏​បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យជួយ​មាន​វិធានការ​ផ្លូវច្បាប់​ឲ្យ​បាន​ធ្ងន់ធ្ងរ ចំពោះ​បុគ្គល​ទាំងឡាយណា ដែល​បាន​ក្លែងបន្លំ​ឯកសារ​ប៉ង​រំលោភ​យក​ដីធ្លី របស់​ប្រជាពលរដ្ឋ​ទាំង ៤២​គ្រួសារ មាន​ទីតាំង​នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ដើម្បី​ផ្តល់​យុត្តិធ៌ម​ជូន​ពួកគាត់​។​
​អ្នកស្រី សង្គត់ធ្ងន់​ថា បុគ្គល​ទាំងឡាយណា ដែល​បាន​ក្លែងបន្លំ​ឯកសារ​ច្បាប់ ឬ​ឯកសារ​រដ្ឋបាល​ផ្សេងៗ ត្រូវ​នាំ​ជនខិលខូច​ទាំងនោះ ឲ្យទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ដើម្បី​ជា​ការព្រមាន​កុំ​ឲ្យ​បុគ្គលខិល​ខូច​មួយចំនួន​នោះ ដើរ​ធ្វើទុក្ខបុកម្នេញ ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​ជន​ក្រីក្រ​ខ្វះ​ខ្នងបង្អែក​ជា​បន្ត​ទៀត​នៅ​ថ្ងៃ​ខាង​មុខ​។​

អ្នកស្រី ជាប សុធា​រី បញ្ជាក់ថា ចំពោះ​ការកាន់កាប់​ដី​នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង បើ​ពិនិត្យ​ទៅ​លើ​ឯកសារ របស់​ប្រជាពលរដ្ឋ​ទាំង ៤២​គ្រួសារ ដែល​បាន​ដាក់​លិខិត​ជូន ចៅ​សង្កាត់​កោះរ៉ុង និង​អភិបាលខេត្ត​ព្រះសីហនុ ដើម្បី​ស្នើឲ្យ​ជួយ​អន្តរាគមន៍​ទៅ​បុគ្គល​ឈ្មោះ សុខ ប៊ុន មាន​ទីលំនៅ​អចិន្ត្រៃយ៍​នា​ទីក្រុង​ភ្នំពេញ គឺ​ពលរដ្ឋ​ទាំង ៤២​គ្រួសារ មាន​លិខិត​រដ្ឋបាល​កាន់កាប់​ដីធ្លី​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន និង​មាន​ពលរដ្ឋ​ខ្លះ បាន​រស់នៅ​លើ​ដី​ជាក់ស្តែង​ត្រង់​ចំណុច​ពយ​តា​ផេង -​ពយ​អាពត និង​តំបន់ភ្នំ​ថ្ម​ជញ្ជាំង ស្ថិតនៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង​ជា​រហូត​មក​។ ពិសេស​ជាង​នេះ អ្នកស្រី សុធា​រី បាន​កត់សម្គាល់​ថា ប្រជាពលរដ្ឋ​ទាំង ៤២​គ្រួសារ ពួកគាត់ មាន​ដាំ​ដំណាំ​កសិកម្ម​ហូប​ផ្លែ​មួយចំនួន​នៅលើ​ដី​នោះ​មានដូចជា​៖ ដើម​ដូង ស្វាយ ខ្នុរ និង​ស្វាយចន្ទី​ជាដើម ដោយមាន​អាជ្ញាធរ​មូលដ្ឋាន​ទទួលស្គាល់​ថែមទៀត​។

​ចំណែក​ប្រជាពលរដ្ឋ​ទាំង ៤២​គ្រួសារ នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ដែល​ព្រួយបារម្ភ​ខ្លាច​បាត់បង់​ដីចំការ និង​ដី​លំនៅឋាន ក៏​បាន​សំណូពរ​ឲ្យ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួយ​បញ្ជូន​មន្ត្រី​ចុះ​ពិនិត្យ​ទៅលើ​សកម្មភាព របស់លោក សុខ ប៊ុន និង​បក្សពួក ដែល​បាន​ឃុបឃិត​ក្លែង​ឯកសារ​ប៉ុនប៉ង​រំលោភ​យក​ដី​ចំការ និង​ដី​លំនៅឋាន​របស់​ពួកគាត់ ដែល​មាន​អ្នកខ្លះ​ធ្លាប់​រស់នៅ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មកម្ល៉េះ​។​

​កង្វល់​ខាងលើនេះ កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​ទាំង ៤២​គ្រួសារ ក៏​បាន​ដាក់​ពាក្យបណ្តឹង​សុំ​អន្តរាគមន៍ ទៅ​លោក សេង ហ៊ួ​លៀង ចៅ​សង្កាត់​កោះរ៉ុង និង​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ស្នើឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ឈ្មោះ សុខ ប៊ុន និង​ក្រុមការងារ​ក្រសួង​រៀបចំ​ដែនដី ដឹកនាំ​ដោយ លោក សួន សូ​ផា ដែល​បាន​នាំ​យក​ម៉ាស៊ីន ជី​ភី​អេស (GPS) យក​ទៅ​ចុច​វាស់​លើ​បរិវេណ​ដីធ្លី​ពួកគាត់​កំពុង​កាន់កាប់ កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ពយ​តា​ផេង -​ពយ​អាពត និង​ចំណុច​ភ្នំ​ថ្ម​ជញ្ជាំង ស្ថិតនៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុង​-​ខេត្ត​ព្រះសីហនុ​។​
​លិខិត​ដាក់ជូន​ចៅ​សង្កាត់​កោះរ៉ុង និង​អភិបាលខេត្ត​ព្រះសីហនុ ប្រជាពលរដ្ឋ​ទាំង ៤២​គ្រួសារ បានបញ្ជាក់​ថា ពួកគាត់​មាន​កិច្ចសន្យា​ផ្ទេរសិទ្ធិ​កាន់កាប់​ដី ចុះ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៣ និង​ពាក្យស្នើសុំ​កាន់កាប់​ប្រើប្រាស់​ដី ចុះ​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០០៨ ចុះហត្ថលេខា​ដោយ លោក អ៊ួ​ង និត អតីត​ចៅសង្កាត់​កោះរ៉ុង​ស្របច្បាប់​។ មាន​សាលា​ក​ប័ត្រ​ព័ត៌មាន ចុះ​ថ្ងៃ​ទី​១២ ខែ សីហា ឆ្នាំ​២០១៥ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ត្រឹមត្រូវ​ស្របច្បាប់​។
​ប្រជាពលរដ្ឋ​ខ្លះ ឲ្យដឹងថា ពួកគាត់​បាន​មក​រស់​នៅលើ​កោះរ៉ុង ដែល​ត្រូវ ឈ្មោះ សុខ ប៊ុន ដែល​មាន​ងារ​ជា​ឧកញ៉ា និង​បក្សពួក​ឃុបឃិត​ក្លែង​ឯកសារ​ប៉ុនប៉ង​រំលោភ​យក​ដីធ្លី​នៅ​ភូមិ​ព្រែក​ស្វាយ គឺ​មាន​ពលរដ្ឋ​ខ្លះ​ធ្លាប់​រស់នៅ​លើ​ដី​នោះ តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មកម្ល៉េះ​។ កាលណោះ​ពួកគាត់​បាន​ប្រកប​របរ​នេសាទ​ត្រី ធ្វើ​ចំការ​ដោយ​ដាំ​ដំណាំ​កសិកម្ម​មួយចំនួន​លើដី​នោះ​រួមមាន​៖ ដំណាំ​ដូង ស្វាយ ខ្នុរ និង​ស្វាយចន្ទីរ​ជាដើម ដើម្បី​ចិញ្ចឹមជីវិត​គ្រួសារ​។
​ជា​បន្តបន្ទាប់​មក​ទៀត គឺ​នៅ​ក្រោយ​សម័យ​សង្គ្រាម ឆ្នាំ​១៩៧៩ បានបញ្ចប់ មាន​ពលរដ្ឋ​ខ្លះ ដែល​ជា​ម្ចាស់​ដី​ដើម ក៏​បាន​មក​រស់នៅ និង​កាន់កាប់​ដីចំការ​រៀងៗ​ខ្លួន ដោយមាន​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​សង្កាត់​និង​ក្រុងព្រះសីហនុ​ទទួលស្គាល់​ម​ក​ដល់​បច្ចុប្បន្ន​នេះ​។​
​ពិសេស​ជាង​នេះ​ប្រជាពលរដ្ឋ​ទាំង ៤២​គ្រួសារ បាន​អះអាង​ថា ដី​លំនៅឋាន និង​ដីចំការ របស់​ពួកគាត់ ត្រូវបាន​មន្ត្រី​ស្ថាប័ន​ជំនាញ នៃ​ក្រុមការងារ​ថ្នាក់ជាតិ មាន​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចុះ​វាស់វែង​កំណត់​ក្បាលដី​ត្រៀម​ចេញ​បណ្ណ​កម្មសិទ្ធិ និង​បាន​ប្រកាស​បិទ​ផ្សាយ​ទិន្នន័យ​ក្បាល​ដី​ជា​សាធារណៈ នូវ​ឯកសារ​សុរិយោដី ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​អ្នក​កាន់កាប់​ដី ដែល​ក្រុម​ការងារ​បច្ចេកទេស បាន​ចុះបញ្ជី​ដីធ្លី និង​បាន​ចុះ​វាស់វែង​ប្រមូល​ទិន្នន័យ​ក្បាលដី​រួចរាល់ ដោយ​អនុវត្ត​ស្រប​តាម​នីតិវិធី​ច្បាប់​ត្រឹមត្រូវ​។​
​ជាងនេះទៀត ខាង​មន្ត្រី​ជំនាញ​ក្រសួង​រៀបចំ​ដែនដី ក៏​បាន​ទុក​ពេល ១៥​ថ្ងៃ សម្រាប់​ផ្តល់​ឱកាស ជូន​អ្នកពាក់ព័ន្ធ ដើម្បី​ធ្វើ​ការតវ៉ា ចាប់ពី​ថ្ងៃ​ទី​១៤ ខែកក្កដា ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៧ ប៉ុន្តែ​មិនឃើញ​ឈ្មោះ សុខ ប៊ុន ចេញមុខ​មក​តវ៉ា​នោះ​ទេ​។​
​ប្រជាពលរដ្ឋ​ឲ្យដឹងថា ពួកគាត់​មាន​ការភ្ញាក់ផ្អើល ចំពោះ​សកម្មភាព របស់ លោក សុខ ប៊ុន និង​ក្រុមការងារ​ក្រសួង​រៀបចំ​ដែនដី ដឹកនាំ​ដោយ លោក សួន សូ​ផា ដែល​បាន​នាំ​យក​ម៉ាស៊ីន ជី​ភី​អេស (GPS) យក​មក​ចុច​វាស់វែង​ដី នៅលើ​ទីតាំង​បរិវេណ​ដី របស់​ប្រជាពលរដ្ឋ​ពួកគាត់​កំពុង​រស់នៅ និង​អាស្រ័យ​ផល កាល​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៨​។​
​ផ្តើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ​ទាំង ៤២​គ្រួសារ បាន​សំណូមពរ​ដល់ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ជាពិសេស សម្តេច​តេជោ ហ៊ុន សែន ឲ្យជួយ​មាន​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​បុគ្គល​ឈ្មោះ សុខ ប៊ុន និង​បក្សពួក ដែល​បាន​ឃុបឃិត​ក្លែង​ឯកសារ​ប៉ុនប៉ង​រំលោភ​យក​ដីធ្លី របស់​ពួកគាត់ មាន​ទីតាំង​នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ដោយ​អនុគ្រោះ​ផង​។​
​បន្ថែម​លើ​នេះ ក្រុម​ប្រជាពលរដ្ឋ​ក៏​ស្នើ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ មាន​ស្ថាប័ន​តុលាការ​ជាដើម ឲ្យជួយ​មាន​វិធានការ​ផ្លូវច្បាប់ ទៅលើ​ឈ្មោះ សុខ ប៊ុន ដែល​បាន​ឃុបឃិត​ក្លែង​ឯកសារ​កាន់កាប់​ដី នៅ​ភូមិ​ដើម​ស្វាយ សង្កាត់​កោះរ៉ុង ដើម្បី​កុំ​ឲ្យ​បុគ្គល​រូបនេះ ដើរ​ធ្វើ​ព្យុះភ្លៀង ឬ​ដើរ​ធ្វើទុក្ខបុកម្នេញ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ថ្ងៃ​ខាង​មុខ​ទៀត​។
​បញ្ហា​នេះ​ដែរ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​បំភ្លឺ​តាម​បណ្តាញ​សង្គម WhatsApp ដោយ ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង ៤២​គ្រួសារ កុំ​ព្រួយបារម្ភ​ពី​ការបាត់បង់​ដីធ្លី របស់​ខ្លួន​នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង​នោះ​អី ព្រោះ​រឿង​នេះ រូបលោក​នឹង​ពិនិត្យ​ដោះស្រាយ​ជូន​បងប្អូន​ទាំង ៤២​គ្រួសារ មិន​ឲ្យ​បាត់បង់​ដីធ្លី របស់​បងប្អូន​ប្រជាពលរដ្ឋ​នោះ​ទេ​។ លោក​អភិបាល​បន្តថា ករណី​ខាងលើ​នេះ ខាង​ក្រសួង​ដែនដី ក៏​មិន​ទាន់​សម្រេច​ថា នឹង​ធ្វើការ​ឆ្វៀល​បរិវេណ​ដី​នោះ​ទៅឲ្យ​បុគ្គល​ណាមួយ​នោះ​ទេ​។ ដូច្នេះ​លោក ស្នើឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ទាំង ៤២​គ្រួសារ ស្ងប់​អារម្មណ៍ និង​រក្សា​ភាពស្ងប់ស្ងាត់​ជាធម្មតា ហើយ​ងាក​មក​ពង្រីក​របរ​ទ​ទួល​ទាន ឲ្យបាន​រិកចម្រើន​គ្រប់​ក្រុម​គ្រួសារ​។ ជាពិសេស​ងាក​មក​ចូលរួម​សប្បាយរីករាយ និង​អបអរសាទរ​ពិធិ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ដែល​នឹង​ចូលមក​ដល់​នៅ​ពាក់កណ្តាល​ខែ​មេសា​ខាង​មុខ​។
​បន្ថែម​លើ​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក៏​ឆ្លៀត​ជូនពរ​ប្រជាបលរដ្ឋ​ទាំង ៤២​គ្រួសារ រស់នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក៏ដូចជា​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ និង​ទូទាំង​ប្រទេស​កម្ពុជា​ទាំងមូល សូមឲ្យ​មាន​សំណាង​ល្អ​គ្រប់ៗ​គ្នា នា​ឱកាស​ពិធិ​បុណ្យចូលឆ្នាំថ្មី​ឆ្នាំ​នេះ​។​

​យ៉ាងណា​ក៏ដោយ​ចុះ អ្នកយក​ព័ត៌មាន​គេហទំព័រ CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ មិនទាន់​អាច​រក​ប្រភព​ទាក់ទង លោក សុខ ប៊ុន ដើម្បី​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់ របស់​ប្រជាពលរដ្ឋ​ទាំង ៤២​គ្រួសារ ដែល​ចោទ​លោក​ថា បាន​ក្លែង​ឯកសារ​ប៉ង​រំលោភ​យក​ដីធ្លី របស់​ពួកគាត់​បាន​ទេ នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៨​។​
​ទាក់ទិន​វិវាទ​ខាងលើនេះ យោង​តាម​ឯកសារ​ចុះ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៨ របស់ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មាន​ចុះហត្ថលេខា និង​បោះត្រា លោក លឹម វ៉ាន់ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី ផ្ញើជូន លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បង្ហាញថា ក្រសួង បាន​ឯកភាព​ជា​គោលការណ៍​បង្កើត​ក្រុមការងារ​ចុះ​ពិនិត្យ​វាស់វែង​ក្បាល​ដី​ទំហំ ៥.២៥០.០០០​ម៉ែត្រការ៉េ របស់​ឈ្មោះ សុខ ប៊ុន ស្ថិតនៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុង​-​ខេត្ត​ព្រះសីហនុ​។​
​លិខិត​ដដែល​នេះ​ក្រសួង បាន​ស្នើ​ឲ្យ អភិបាលខេត្ត​ព្រះសីហនុ ចាត់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ឲ្យចូល​រួម​អនុវត្ត​តាម​ខ្លឹមសារ​ខាងលើ​នេះ​ឲ្យមាន​ប្រសិទ្ធភាព​។
​ចំពោះ​សំណើ​ខាងលើនេះ ក្រសួង​រៀបចំ​ដែនដី បាន​ចាត់ឲ្យ លោក សួន សូ​ផា ដឹកនាំ​ក្រុម​ការងារ​ចុះ​សហការ​អនុវត្ត​ការងារ​វាស់វែង​ទំហំ​ផ្ទៃ​ដី​ខាងលើ ជាមួយ​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៨​ឲ្យទទួល​ជោគជ័យ​។
​ទោះជា​បែប​នេះ​ក្តី លិខិត​អន្តរាគមន៍ ឬ​សំណើ របស់​ក្រសួង​រៀបចំ​ដែនដី​ខាងលើនេះ ត្រូវបាន​សមាសភាព នៃ​ក្រុមការងារ​ចុះ​វាស់វែង​ដី​នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង​ចំនួន ៦​នាក់ បាន​ចេញ​លិខិត​បដិសេធន៍ និង​មិន​ទទួលស្គាល់ លើ​ការវាស់វែង​ទំហំ​ដី​លេខ ៦៩​ក​.​រ របស់លោក សុខ ប៊ុន ចុះ​ថ្ង​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០០២ ថា​មាន​ក្បាល​ដី​ទំហំ ៥.២៥០.០០០​ម៉ែត្រការ៉េ មាន​ទីតាំង​នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុង​-​ខេត្ត​ព្រះសីហនុ​ខាងលើ​នេះ​ទេ​។

​គួររំលឹកថា លោក​ឧកញ៉ា សុខ ប៊ុន អគ្គ​នាយ​ក្រុមហ៊ុន​សុខ​ប៊ុន​គ្រុប កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ ធ្លាប់​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចាប់​ដាក់គុក​ម្តង​រួចមកហើយ ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ដោយសារ​បុគ្គល​រូបនេះ និង​អង្គរក្ស បានរួម​គ្នា​វាយ​ទាត់​ធាក់​ទៅ​លើ​អតីត​ពិធី​ការី​នី​ទូរទស្សន៍ CTN គឺ កញ្ញា ឯក សុជាតា ហៅ សា​សា យ៉ាង​សាហាវ​ព្រៃផ្សៃ នៅក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​៕ ដែន សីមា

spot_img
×