Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុន​បុណ្យចូលឆ្នាំ​ថ្មី សង្ក្រាន្ត​ពោធិ៍​សែន​ជ័យ ធ្វើឡើង​៣​ថ្ងៃ នៅ​វត្ត​ជន្លុង​ម្លូរ​

spot_img

​ភ្នំពេញ​៖ រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រារព្ធ​កម្មវិធី សង្ក្រាន្ត ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ។ ​​រៀង​រាល់​ការ​ប្រារព្ធ សង្ក្រាន្ត​ម្តងៗ តែងតែ​មាន​ប្រជាពលរដ្ឋ ចាស់ ព្រឹទ្ធាចារ្យ លោកតា លោកយាយ សិស្ស​និស្សិត លោកគ្រូ អ្នកគ្រូ ចូលរួម​យ៉ាងច្រើន​កុះករ ព្រមទាំង​មាន​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​យើង កម្សាន្ត​នានា ការ​ដាក់​តាំង​បង្ហាញ ផលិតផល​ខ្មែរ ការប្រគំ​តន្ត្រី ឆាក​កំប្លែង ការប្រកួត​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ ការប្រណាំង រទេះគោ ជិះ​កង់​លើ​ស្ពាន​ឆ្លង​ទឹក លាក់​កន្សែង ទាញ​ព្រ័ត្រ បោះ​អង្គញ់ ចោល​ឈូង រាំ​វង្ស រាំ​ក្បាច់ សារ​វ៉ាន់ ឡាំ​លាវ ជាដើម ដើម្បី​បង្ក​ភាពសប្បាយ​រីករាយ ក៏ដូចជា​បង្ហាញ​ការ​សាមគ្គីភាព រវាង​គ្នា​និង​គ្នា ក្នុងនាម​ជា​ជនជាតិ​ខ្មែរ​តែ​មួយ ។​

​ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​រសៀល​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០១៨​នេះ នៅក្នុង​ព្រៃ​ឈើទាល មុខ​វត្ត​ជន្លុង​ម្លូរ ភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោម​អធិបតីភាព លោក​ទេសរដ្ឋមន្ត្រី ឃុន ហាំង លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ និង​លោក ហែម ដា​រិទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ពិធី​នេះ​ធ្វើឡើង​រយៈពេល​បី​ថ្ងៃ​។​

​លោក ហែម ដា​រិទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ថ្លែងថា ពិធី​សង្ក្រាន្ត​នេះ បាន​ធ្វើឡើង​មាន​រយៈពេល​៣​ឆ្នាំ​ជាប់ៗ​គ្នា​មក​ហើយ នៅមុន​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​មក​ដល់ តែងតែ​ធ្វើ​ពិធី​សង្ក្រាន្ត ជា​បន្តបន្ទាប់​គឺ​នៅក្នុង​ឆ្នាំ​២០១៦ បាន​ធ្វើឡើង​នៅក្នុង​វត្តតិ​ក្ខ​បញ្ញោ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ឆ្នាំ​២០១៧ បាន​ប្រារព្ធ​ធ្វើឡើង នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​លោក​អភិបាលខណ្ឌ បាន​បន្តទៀតថា គោលបំណង​ដែល​រៀបចំ​ពិធី​នេះ គឺ​ដើម្បី​អបអរសាទរ​ពិធី​ចូលឆ្នាំ​ប្រពៃណីជាតិ ហើយ​ក៏​ចង់បង្ហាញ​ពី​វប្បធម៌ និង​ប្រពៃណី​របស់​ខ្មែរ​។ សង្ក្រាន្ដ​ពោធិ៍​សែន​ជ័យ​នៅក្នុង​ឆ្នាំនេះ មាន​កម្មវិធី​កម្សាន្ត​ជាច្រើន ដូចជា​ការប្រឡង​វ​បរ​កញ្ញា​វ័យ​ចំណាស់ ការប្រកួត​កីឡា​ប្រដាល់ ក្បាច់គុណ​បុរាណ​ខ្មែរ ការប្រណាំង​រទេះគោ ការ​ជិះ​កង់​លើ​ស្ពាន​ឆ្លង​ទឹក ការប្រគំ​តន្ត្រី ឆាក​កំប្លែង ការតាំងពិព័រណ៍​បង្ហា​ញ​ផលិតផល​ខ្មែរ តាម​ស្តង់​របស់​សង្កាត់​នី​មួយៗ ការប្រគំ​ចម្រៀង​ចាប៉ីដងវែង ការ​លេងល្បែង​ប្រជាប្រិយ និង​កម្មវិធី​ជា​ច្រើន​ទៀត​។​

​លោក ហែម ដា​រិទ្ធិ គូសបញ្ជាក់ថា សង្ក្រាន្ត​នេះ​បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ដល់​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៨ ទើប​ត្រូវ​បញ្ចប់ ហើយ​លោក​សង្ឃឹមថា នឹង​មាន​ការអញ្ជើញ​ចូលរួម​កម្សាន្ត ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ច្រើន​កុះករ ជា​មិនខានឡើយ​។ លោក​ផ្ដាំផ្ញើ​ឲ្យ​បងប្អូន​ទាំងអស់ ដែល​ចូលរួម​កំសាន្ត​ជួយ​ទិញ​ផលិតផល​ខ្មែរ​យើង និង​ជា​ជួយ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ទាំងអស់គ្នា ចៀសវាង​មាន​បញ្ហា​អាក្រក់​ផ្សេងៗ​កើតឡើង​បាន​។​

​លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ បាន​រំលឹកថា មហាសង្ក្រាន្ត មិនមែន​ទើបតែ​កើតមាន​នោះ​ទេ គឺ​មាន​តាំងពី​ដូន ជីតា យូរលុង​ណាស់​មកហើយ សូម្បី​តែ​នៅលើ​ប្រាង្គ​ប្រាសាទ​នានា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​របស់​យើង ក៏​មាន​រូបចម្លាក់​នេះ​ផងដែរ ។ បើទោះបី​បច្ចុប្បន្ន បច្ចេកវិទ្យា​មាន​ការ​ជឿនលឿន​យ៉ាងណាក្តី សូម​ប្រជាពលរដ្ឋ ជាពិសេស ប្អូនៗ​យុវជន យុវនារី ជំនាន់​ក្រោយ គួរ​រក្សា​ទំនៀមទម្លាប់​ប្រពៃណី​ជាតិ​ខ្មែរ​មួយ​នេះ ឲ្យបាន​គង់វង្ស​យូរអង្វែង ដើម្បី​ទុកជា​កេរ្តិ៍ដំណែល​បន្តទៀត ទៅ​ដល់​កូនចៅ ជំនាន់​ក្រោយៗ​បន្តទៀត​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×