Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​នៃ​ប្រទេស​ទាំងបី CLV ប្រឹងប្រែង​អភិវឌ្ឍន៍​តំបន់ត្រីកោណ​ឲ្យ​មានការ​រីកចម្រើន​លឿន​បំផុត​នៅក្នុង​អនុតំបន់​

spot_img

​នៅ​រសៀល​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ​(GMS)​លើក​ទី​៦ រួចហើយនោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​កម្ពុជា ឡាវ វៀតណាម (CLV)​លើក​ទី​១០​ស្តីពី​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ត្រីកោណ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​

​ក្នុង​កិច្ចប្រជុំ​នេះ មេដឹកនាំ​នៃ​ប្រទេស​ទាំងបី CLV បានទទួល​ស្គា​ល់ពី​កិច្ចខិតខំ​ប្រឹងប្រែង ដែល​ប្រទេស CLV បាន​ក្លាយជា​ប្រទេស​ដែលមាន​រីកចម្រើន​លឿន​បំផុត​នៅក្នុង​អនុតំបន់ និង​សមិទ្ធផល​ដ៏​សំខាន់​ដែល​សម្រេចបាន ក្នុងការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​។ ប៉ុន្តែ​ទោះបី​យ៉ាងណាក៏ដោយ ប្រទេស​ទាំងបី​នៅតែ​ប្រឈម នឹង​បញ្ហា​គួរ​ឲ្យ​កត់សម្គាល់​ក្នុងការ​រក្សា​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព​។ មេដឹកនាំ CLV បាន​គូសបញ្ជាក់​ពី​ភាពចាំបាច់​នៃ​ការភ្ជាប់​ក្នុងចំណោម​ប្រទេស CLV ដើម្បី​លើកកម្ពស់​ការប្រកួតប្រជែង ផ្នែក​សេដ្ឋកិច្ច និង​ប្រសិទ្ធិភាព​នៅក្នុង​ខ្សែសង្វាក់​តំបន់ និង​សាកលលោក ព្រមទាំង​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​មួយចំនួន​ទៀតផង​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​នោះដែរ មេដឹកនាំ CLV បាន​អះអាង​រួមគ្នា នូវ​ការប្ដេជ្ញាចិត្ត ក្នុង​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទូ​លំ​ទូលាយ​រវាង​ប្រទេស​ទាំងបី និង​កសាង​សមាហរណកម្ម​ក្នុងប្រទេស CLV ប្រកប ដោយ​ចីរភាព និង​វិបុលភាព ដែលជា​ផ្នែក​មួយ​មិនអាច​ខ្វះ​បាន ក្នុង​ចក្ខុវិស័យ​របស់​សហគម​ន៍​អាស៊ាន​ឆ្នាំ​2025 តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា នឹង​គោលនយោបាយ​ជាតិ​ដែល​សមស្រប​។ ដើម្បី​សម្រេចបាន​ចក្ខុវិស័យ​នោះ មេដឹកនាំ CLV បាន​បន្ត​យកចិត្តទុកដាក់​យ៉ាងខ្លាំង ក្នុងការ​អភិវឌ្ឍន៍​ខេត្ត​តាម​ព្រំដែន​នៅ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV តាមរយៈ​ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍ ក្នុងចំនោម​ប្រទេស CLV ទៅនឹង​ប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត​។​

​ជាមួយគ្នានេះ មេដឹកនាំ​នៃ​ប្រទេស CLV បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គណៈកម្មាធិការ​សម្របសម្រួល​ចម្រុះ CLV (JCC) ក្នុងការ​អនុវត្ត​ផែនការមេ ដែល​បាន​កែសម្រួល​សម្រាប់​ការអភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច​នៃ​តំបន់ CLV DTA សម្រាប់​ឆ្នាំ 2010-2020 ក៏​ដូច ជាការ​សម្រេចចិត្ត​ផ្សេងទៀត​(KH-Guidance) ដែល​បាន​សំរេចបាន​មុនពេល​កិច្ចប្រជុំ​កំពូល CLV កន្លងមក​។ ការខិតខំ​ប្រឹងប្រែង​ទាំងនេះ បាន​ឆ្ពោះទៅរក​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន ដល់​ជីវភាព​ប្រជាជន និង​កំរិត​អភិវឌ្ឍន៍​ក្នុង​តំបន់ CLV DTA​។​

​មេដឹកនាំ​នៃ​ប្រទេស CLV បាន​លើកទឹកចិត្ត​ឲ្យ​មានការ​ផ្លាស់ប្ដូរ​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​រដ្ឋសភា និង​ស្ថាប័ន​រដ្ឋាភិបាល ក៏ដូចជា​សកម្មភាព​ដែល​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជាជន និង​ធុរៈជន​នៃ​ប្រទេស​ទាំងបី​។ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងបី ក៏បាន​ស្វាគមន៍​ចំពោះ​លទ្ធផល​សន្និសីទ​លើក​ទី​6 នៃ​គណៈកម្មការ អន្តរ​សភា​កម្ពុជា​-​ឡាវ​-​វៀតណាម ស្ដីពី​”​ការពង្រឹង​ការត្រួតពិនិត្យ​របស់​អង្គការនីតិប្បញ្ញត្តិ លើ​ការផ្ដួចផ្ដើម កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​” ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី 1 ដល់​ថ្ងៃទី 4 ខែសីហា​ឆ្នាំ 2017 នៅ​ទីក្រុង​វៀង​ច័ន្ទ​ប្រទេស​ឡាវ និង​លទ្ធផល​កិច្ចប្រជុំ JCC CLV លើក​ទី 11 ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី 17 ដល់​19 ខែធ្នូ​ឆ្នាំ 2017 នៅ​ខេត្ត​ប៊ី​ញ​ហ្វឿ​ក ប្រទេស​វៀតណាម​។​

​មេដឹកនាំ​ទាំងអស់ ក៏បាន​បញ្ជាក់​ឡើងវិញ នូវ​សារសំខាន់ នៃ​ការធានា​សន្តិសុខ​សុវត្ថិភាព និង​ស្ថេរភាព​បរិស្ថាន​សម្រាប់​វិនិយោគិន ធុរជន និង​ប្រជាជន​នៅក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV ពិសេស​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ការពារ និង​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការជួញដូរ​ខុសច្បាប់ រួមទាំង​ការជួញដូរ​ព្រៃឈើ គ្រឿងញៀន​និង​មនុស្ស​និង​អំពើ​ភេ​វក​ម្ម បន្ត​ការ​បោសសម្អាត​មីន និង​អាវុធយុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ពី​សង្គ្រាម​នៅក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV​។ មេដឹកនាំ CLV ក៏បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​សម្រាប់​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស CLV ក្នុង​ការរៀបចំ​កម្មវិធី​កសាង​សមត្ថភាព និង​ចែករំលែក​ព័ត៌មាន​រួមគ្នា ដោយបាន​ស្នើសុំ​ឲ្យ​មាន​ការតភ្ជាប់​ខ្សែ​ទូរស័ព្ទ Hotline សម្រាប់​ដំណោះស្រាយ​ការងារ​បន្ទាន់ ឲ្យ​ប្រសើរឡើង​ជាពិសេស​នៅ​ថ្នាក់​តំបន់​។ មេដឹកនាំ​ទាំងអស់ បាន​ប្ដេជ្ញា​ធ្វើការ​រួមគ្នា​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​និង​វិនិយោគ នៅក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV តាមរយៈ​ការរៀបចំ​ពិសេស និង​គោលនយោបាយ​អនុគ្រោះ និង​កិច្ចព្រមព្រៀង​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV​។ ប្រមុខ​រដ្ឋាភិបាល​ទាំងបី ក៏បាន​កត់សំគាល់​នូវ​លទ្ធភាព​ពី​”​របាយការណ៍​សិក្សា ស្ដីពី​ផែនការ​អភិវឌ្ឍ​នៃ​ឧស្សាហកម្ម​កៅស៊ូ​CLV” ដែល​រៀបចំ​ដោយ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​កម្ពុជា ក្រសួងកសិកម្ម​និង​រុក្ខាប្រមាញ់​ឡាវ និង​ក្រសួងកសិកម្ម​និង​អភិវឌ្ឍ​ជនបទ​វៀតណាម​។ តាមរយះ​ជំរុញ​ឲ្យ​ក្រសួង​ទាំងបី បញ្ចប់​របាយការណ៍​សិក្សា​នេះ និង​ដាក់ជូន​កិច្ចប្រជុំ​កំពូល CLV DTA លើក​ទី​១១ សម្រាប់ធ្វើ​ការពិចារណា​។ មេដឹកនាំ​ទាំងបី ក៏បាន​ប្ដេជ្ញា​ឡើងវិញ ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង នៅតាម​បណ្ដោយ​ព្រំដែន​នៃ​ប្រទេស​ទាំងបី ជាពិសេស​តាម​រយៈ​ការបណ្ដុះបណ្ដាល ឬ​ការផ្លាស់ប្ដូរ​ព័ត៌មាន ចំណេះដឹង​និង​បទពិសោធន៍ ក្នុងការ​គ្រប់គ្រង និ​​ង​ការ​បង្ការ​​ជំងឺ ជាពិសេស​នៅក្នុង​ស្ថានភាព​នៃ​ការផ្ទុះ​រាតត្បាត​នៃ​ជំងឺឆ្លង ការការពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព និង​ប្រសិទ្ធភាព រួមមាន ធនធានទឹក សត្វព្រៃ និង​ព្រៃឈើ​។ ជំរុញ​ឲ្យ​មានការ​ទំនាក់ទំនង​កាន់តែ​ប្រសើរឡើង​រវាង​ប្រទេស​ទាំងបី តាមរយៈ​ការផ្ដល់​សញ្ញា​ជាមុន​អោយបាន​ទាន់ពេលវេលា​និង​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ស្ដីពី​ទឹកជំនន់ គ្រោះរាំងស្ងួត គ្រោះធម្មជាតិ​និង​ការបំពុល​បរិស្ថាន​ឆ្លងកាត់​ព្រំដែន​។​

​ជាមួយគ្នានេះ មេដឹកនាំ​នៃ​ប្រទេស​កម្ពុជា​-​វៀតណាម បាន​ថ្លែង​គុណ​ដល់​ន្រ​ទេស​ឡាវ ដែល​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល CLV លើក​ទី​១១ នៅ​ឆ្នាំ ២០២០​។ នៅក្នុង​កិច្ចប្រជុំ​កំពូល កម្ពុជា ឡាវ វៀតណាម លើក​ទី​១០ ស្តីពី​ការអភិវឌ្ឍ​តំបន់ត្រីកោណ ប្រមុខ​មេដឹកនាំ​នៃ​ប្រទេស​ទាំងបី បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​នៃ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​ប្រទេស​ណា​ម ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​កិបកេង​បន្លំ​ពន្ធ ពាក់ព័ន្ធ​និង​ពន្ធ​លើ​ប្រាក់ចំណូល និង​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​វៀតណាម​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×