Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​សង្ស័យ​៥​នាក់ មក​ក្រសួងមហាផ្ទៃ​វិញ ឯ​លោក ឡាយ វណ្ណៈ សារភាពថា​ធ្លាប់មាន​ទំនាក់ទំនង​ស្នេហា ជាមួយ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា , អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា សរសេរ​សំបុត្រ រៀបរាប់​ស្នេហា​ដ៏ជូរចត់​

spot_img

​ភ្នំពេញ ​៖ តុលាការក្រុង​ភ្នំពេញ បានបញ្ចប់​ការសួរចម្លើយ​លើ​ជនសង្ស័យ​៥​នាក់ ក្នុងនោះ​មាន​ស្នងការរង​ខេត្តតាកែវ​ម្នាក់ ត្រូវជា​បងប្រុស​បង្កើត​របស់លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ដែល​ពាក់ព័ន្ធ​ករណី​ឃាតកម្ម សម្លាប់​ស្ត្រី​ស្រស់​ម្នាក់ នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ នៅ​ម៉ោង​ប្រមាណ ៥៖៤០​នាទី​ល្ងាច ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៨​នេះ​។​

​ជនសង្ស័យ​ទាំង​៥​នាក់ ត្រូវបាន​នាំខ្លួន​យកទៅ​រក្សាទុក​បណ្តោះអាសន្ន​នៅ​ក្រសួងមហាផ្ទៃ ដោយ​រង់ចាំ​បន្ត​នីតិវិធី​សាកសួរ​បន្តទៀត​នៅ​ថ្ងៃទី​១​ខែមេសា​។​

​ជាមួយនឹង​ករណីនេះ អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ បាន​សារ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​សារភាពថា រូបលោក​ពិតជា​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា កាល​ពីមួយ​ឆ្នាំមុន ប៉ុន្តែ​ដោយសារ​រឿង​បែកការណ៍​ដឹង​ដល់​ប្រពន្ធ​លោក​ក៏​សុំ​បែក​ទំនាក់ទំនង​ជាមួយ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា​។​

​លោក ឡាយ វណ្ណៈ បានបញ្ជាក់​យ៉ាង​ដូច្នេះ “​ខ្ញុំ​សូមបញ្ជាក់​អះអាងថា រូបខ្ញុំ និង​ប្អូនស្រី ចេ​វ សុ​វ​ឌ្ឍ​នា មាន​ទំនាក់ទំនង​ស្នេហា ស្រឡាញ់គ្នា​ជាមួយ​គាត់​ពិតប្រាកដ​មែន​ក្នុង​រយៈពេល​ជាង ១​ឆ្នាំ​កន្លងមកនេះ​។ ក្រោយមក​ដោយ​ភរិយា​ខ្ញុំ​បានដឹង ខ្ញុំ​បាន​សុំ​កាត់ផ្តាច់​ទំនាក់​ទំនងជា​មួយ​គាត់ ដែល​ធ្វើ​ឲ្យ​គាត់​ខឹងសម្បា​នឹង​ខ្ញុំ​រហូតដល់​គាត់​គិត​ខ្លី​ធ្វើអត្តឃាដ​ខ្លួនឯង​។ នេះ​ជា​រឿង​ពិត ប៉ុន្តែ​ខ្ញុំ​សូម​បដិសេដ​ទាំងស្រុង​នូវ​រាល់​ការចោទប្រកាន់​ដែលថា​រូបខ្ញុំ​និង​បងប្រុស​ខ្ញុំ បានសម្លាប់​ប្អូនស្រី ចេ​វ សុ​វ​ឌ្ឍ​នា​”​។​

​លោក​ឡាយ វណ្ណៈ បាន​សរសេរ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់លោក​នា​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ​២០១៨​នេះ​ថា “​ជូន​ចំពោះ​ជនរួមជាតិ​ទូទាំងប្រទេស​។ ពិសេស​ប្រជាពលរដ្ឋ​ខេត្តតាកែវ ជាទីគោរព​ស្រឡាញ់​របស់ខ្ញុំ​។​

​ខ្ញុំ​សូម​បដិសេដ​ទាំងស្រុង នូវ​រាល់​ការចោទប្រកាន់​ដែលថា រូបខ្ញុំ​និង​បងប្រុស​ខ្ញុំ បានសម្លាប់​ប្អូនស្រី ចេ​វ សុ​វ​ឌ្ឍ​នា​។​

​សូម​បងប្អូន​ពិចារណា​មើលចុះ​ថា បើ​ខ្ញុំ​និង​បងប្រុស​ខ្ញុំ បានសម្លាប់​ប្អូនស្រី ចេ​វ សុ​វ​ឌ្ឍ​នា​មែន​នោះ ម្ល៉េះ​ក្រោយពី​គេ​ដកតំណែង​ខ្ញុំ ចេញពី​អភិបាលខេត្ត ហើយ​ក្រសួងមហាផ្ទៃ​បើក​ការស៊ើបអង្កេត​នោះ ខ្ញុំ​និង​បងប្រុស​ខ្ញុំ រត់​ចេញទៅ​ក្រៅប្រទេស​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​ពី​ស្ថានទូត​បរទេស​បាត់ទៅហើយ​។​ ​ខ្ញុំ​នៅទីនេះ មិន​រត់ចោល​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រទេសជាតិ​របស់ខ្ញុំ​ទេ​។​ ​ស្អែក​នេះ ខ្ញុំ​នៅ​ខេត្តតាកែវ ដើម្បី​ចូលរួម​ពិធី​ផ្ទេរ​មុខតំណែង ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្តតាកែវ ពី​ខ្ញុំ ឲ្យ​ទៅ​ឯកឧត្តម អ៊ូច ភា ដែលជា​អភិបាល​ថ្មី​ខេត្តតាកែវ​យើង ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ប៊ិន ឈិន​។​

​ពេល​ខ្ញុំ​នៅ​ធ្វើជា​អភិបាល​ខេត្តតាកែវ ខ្ញុំ​បាន​ដោះស្រាយ​រក​យុត្តិធម៌​រាប់មិនអស់ ករណី​ជូន​ប្រជាពលរដ្ឋ​របស់ខ្ញុំ​។ ខ្ញុំ​ក៏​សង្ឃឹម​ជឿជាក់ថា យុត្តិធម៌​នឹងមាន​សម្រាប់​រូបខ្ញុំ និង​បងប្រុស​ខ្ញុំ ឡាយ ណា​រិ​ទ្ធ​។​ សូម​បងប្អូន​ប្រជាពល​រដ្ឋ​ទាំងអស់ ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ខេត្តតាកែវ ជឿជាក់​ចុះ​ថា​ខ្ញុំ ឡាយ វណ្ណៈ មិន​រត់ចោល​បងប្អូន​ទេ​”​។​

​មន្ត្រីនគរបាល​ខេត្តតាកែវ បាន​អះអាងថា ជា​ករណី​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ចងក​ធ្វើអត្តឃាត ព្រោះ​វិបត្តិ​ស្នេហា បន្ទាប់ពី​គេ​បានឃើញ​កាបូប​យួរដៃ ស្ថិតនៅលើ​តុ​ក្បែរ​ជញ្ជាំង​ពី​ខាងកើត​គ្រែ​ដេក និង​មាន​ស្រោមសំបុត្រ ពណ៌​គគីរ ហែក​ដាច់​ជា​ពីរ​ផ្ទាំង និង​មាន​សំបុត្រ​មួយច្បាប់ រហែក​ជា​២​បំណែក បាន​រកឃើញ​នៅក្នុង​កាបូប​យួរដៃ​រប​ស់​អ្នក​មេម៉ាយ ដោយ​សរសេរ​រៀបរាប់​ពី​រឿង​វិបត្តិ​ស្នេហា​ផ្ទាល់ខ្លួន ។ សំបុត្រ​មួយច្បាប់ ដែល​នគរបាល​ចាត់ទុកថា ជា​សំបុត្រ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា សរសេរ​ដោយ​ដៃ បាន​សរសេរ​រៀបរាប់ថា សេចក្តីសំបុត្រ ៖ “​ជីវិត​ស្រី​ម្នាក់នេះ ជ្រើស​រើសយក​បង មិន​ប្រាថ្នា​អ្វី​ក្រៅពី​ក្តី​ស្រឡាញ់​ម្យ៉ាង​គត់ ។ លះបង់​គ្រប់យ៉ាង ព្រោះតែ​ថា ស្រឡាញ់​អូន​ជា​ប្រពន្ធ​ទី​២​ប៉ុណ្ណោះ ។ អូន​ខាំមាត់សង្កត់ចិត្ត ទោះជា​គេ​មើលងាយ​គ្រប់គ្នា ជេរ​ដៀល​គ្រួសារ​ក៏ដោយ សុខចិត្ត​ធ្វើ​គ្រប់យ៉ាង​ឲ្យ​តែ​បាន​នៅ​ជិត​បង ។ តែ​អ្វីដែល​អូន​ជ្រើសរើស​រហូត​មានតែ​ទឹកភ្នែក ការ​ជេរ​ប្រ​ចោរ វាយដំ​យកឈ្នះ​ចាញ់ ខុសពី​អ្វីដែល​បាន​សន្យា កាល​គ្រា​ដំបូង ។ ព្រោះតែ​ការសន្យា ទើប​ធ្វើ​ឲ្យ​អូន​ស្រឡាញ់ ហើយ​លះបង់​គ្រប់យ៉ាង​ធ្វើជា​ប្រពន្ធ​ទី​២ ដែល​សង្គម​មិន​ទទួលស្គាល់ ។ គេ​មើលងាយ​យ៉ាងណា ក៏​ខាំមាត់សង្កត់ចិត្ត ព្រោះតែ​ស្រឡាញ់ មុន​ថ្ងៃ​ប្រែក្លាយ តែ​មកដល់ពេលនេះ ទើប​អូន​ដឹងថា បង​យក​អូន​ជា​ស្ត្រី​លេងសើច បង​ដឹង​ទេ​ថា អូន​ឈឺចាប់​ខ្លាំងណាស់ ។ គ្មាន​នរណា​អាច​ឈរ​មើល​ប្តី​ជាទី​ស្រឡាញ់ ក្បត់​ហើយ​ស្រឡាញ់​អ្នកផ្សេង ក្បត់​សន្យា​នោះទេ ។ ដឹង​ទេ​ថា អូន​ឈឺចាប់​ណាស់ ។ ហើយ​មិន​ចង់​រៀបរាប់​អ្វី​ច្រើនជាង​នេះ អូន​ដឹង​ត្រឹម​ថា បង​ស្រឡាញ់​គ្រួសារ​បង ជាង​អ្វីដែល​អូន​សុំ​ត្រឹម​ជាម​នុស្ស​ទី​២ សម្រាប់​បងៗ​លេងសើច ។ ស្រី​គ្រប់គ្នា មិន​ខ្វល់​ពី​ការឈឺចាប់ ស្រី​ម្នាក់​លះបង់ ដើម្បី​បង​គ្រប់យ៉ាង មិន​ចង់បាន​អ្វី​នោះទេ ។ គ្រប់យ៉ាង​ព្រោះតែ​ស្រឡាញ់ ។ ការឈឺចាប់​នៅពេលនេះ​ព្រោះតែ​ស្រឡាញ់​តែ​ម្យ៉ាង​គត់ ។ ខ្ញុំ​នឹង​ដើរ​ចេញពី​ជីវិត​បង ដូច​​ដែល​បង​ចង់​បាន ទោះជា​ខ្ញុំ​ត្រូវ​ឈឺចាប់​យ៉ាងណាក៏ដោយ ឲ្យ​តែ​ជា​សេចក្តីសុខ​បង​គ្រប់យ៉ាង ព្រោះតែ​ស្រឡាញ់ និង​ការឈឺចាប់​ដែល​បង​ផ្តល់​ឲ្យ ។ អរគុណ​គ្រប់យ៉ាង​ព្រោះតែ​ចង់បាន​ក្តី​សុខ តែ​ផ្ទុយទៅវិញ​មានតែ​ទឹកភ្នែក ប្តី​មិន​ស្រឡាញ់ គ្រប់យ៉ាង​មានតែ​ស្រី​ក្បត់ ថោកទាប មិន​ស្មោះត្រង់​តែប៉ុណ្ណោះ ។ ខ្ញុំ​មិន​ស្តាយក្រោយ​ទេ ដែល​ជ្រើស​រើសយក​បង តែ​សូម​បង​គិត​ឡើងវិញ​ថា បង​បានធ្វើ​ទង្វើ​អ្វីខ្លះ​មកលើ​ស្រី​ម្នាក់នេះ តាំងពី​ដំបូង​មកដល់​ឥឡូវ ទោះជា​ពេលនេះ បងអស់​ក្តី​ស្រឡាញ់ បង​មានតែ​ភាព​ធុញទ្រាន់​យ៉ាងណា តែ​អូន​នៅ​មិន​ភ្លេច​សន្យា​កាល​គ្រា​ដើម​។ ទោះជា​យ៉ាងណា​នៅតែ​ស្រឡាញ់ លុយ​មិន​សំខាន់​ទេ សម្រាប់​មនុស្ស​ស្រី​ម្នាក់នេះ សម្តី​បង​គ្រប់យ៉ាង ពិតជា​ធ្វើ​ឲ្យ​អូន​ឈឺចាប់ គ្មានអ្វី​នឹង​និយាយ​តប​បាន​នោះទេ ។ មនុស្ស​ជុំវិញខ្លួន​មើលងាយ​ខ្ញុំ ធ្វើបាប​ខ្ញុំ​យ៉ាងណា បង​មិន​ឲ្យ​តម្លៃ និង​មើលងាយ​ខ្ញុំ ដោយនិយាយ​ធ្វើបាប​ចិត្ត​ខ្ញុំ “​។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក បាន​ថ្លែងថា តាម​ការស៊ើបអង្កេតរ​បស់​សមត្ថកិច្ច ករណី​ឃាតកម្ម​លើ​ស្ត្រី​ស្រស់​នៅ​ក្រុង​ដូន​កែវ ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា អាច​ជាប់​ពាក់ព័ន្ធ​នឹង​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ​។ “​តាម​ការស៊ើបអង្កេតរ​បស់​សមត្ថកិច្ច និង​ចម្លើយសារភាព ករណី​ឃាតកម្ម​នៅ​តាកែវ ទំនង​អាច​ជាប់​ពាក់ព័ន្ធ​នឹង​លោក ឡាយ វណ្ណៈ ប៉ុន្តែ​យ៉ាងណា​នោះ​សូម​រង់ចាំ​លទ្ធផល​ពី​ស្ថាប័ន​តុលាការ​សិន​”​។​

​ពាក់ព័ន្ធ​នឹង​រឿង​ដ៏រ​ស៊ើប​នេះ​បើតាម​របាយការណ៍​កម្លាំង​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងនោះ​មានឈ្មោះ ចាន់ រី ភេទ​ស្រី និង​ប្តី​ឈ្មោះ ជឹម វុ​ធ ជា​អ្នកបម្រើ​នៅផ្ទះ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ឈ្មោះ មេន សម័យ អ្នកបើក​ឡាន​ឲ្យ​លោក ឡាយ វណ្ណៈ និង​ឈ្មោះ តាក់ រតនា ជា​អ្នក​បើកឡាន​ឲ្យ​លោក ឡាយ ណា​រិ​ទ្ធ ។ ក្នុង​របាយការណ៍​រប​ស់​សមត្ថកិច្ច បានធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​ទាំង​៥​នាក់ ពីបទ លាក់បាំង​បទល្មើស​មិន​រាយ​កាណ៍​ឲ្យ​សមត្ថកិច្ច​។​

​ជនសង្ស័យ​ទាំង​៥​នាក់​នេះ គឺ​ស្ថិត​ក្នុងចំណោម​៨​នាក់ ដែល​ត្រូវបាន​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៨ ដើម្បី​សួរនាំ​ជុំវិញ​ករណី​អ្នកស្រី ចែវ សុ​វ​ឌ្ឍ​នា អាយុ​៣៦​ឆ្នាំ មេម៉ាយ​កូន​៣​នាក់ ដែល​ត្រូវបាន​គេ​ប្រទះឃើញ​ចងក​ក្នុង​បន្ទប់ដេក នៃ​ផ្ទះជួល​ដ៏​ធំ​របស់ខ្លួន ក្នុងភូមិ​ផ្សារ​តា​កោរ សង្កាត់រ​ការ​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨​កន្លងទៅ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×