Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ឃាតកម្ម​សម្លាប់​ក្មេងស្រី​សិស្សសាលា​នៅ​ប៉ោយប៉ែត សមត្ថកិច្ច​ថា ជា​ឃាតកម្ម​គិតទុក​ជាមុន និង​ជំរិត​ទារប្រាក់​មិន​សម្រេច​

spot_img

បន្ទាយមានជ័យ ៖ រឿងរ៉ាវ​សម្លាប់​ក្មេងស្រី​សិស្សសាលា​នៅ​ប៉ោយប៉ែត សមត្ថកិច្ច​ថា ជា​ឃាតកម្ម​គិតទុក​ជាមុន តែ​មុននេះ​ក៏​ប៉ុនប៉ង​ជំរិត​ទារប្រាក់​មិន​សម្រេច ព្រោះ​វា​បាន​ផ្តើម​ចេញពី​ការប៉ុនប៉ង​ជំរិត​ទារប្រាក់​យ៉ាងតិច​៤​ពាន់​ដុល្លារ ពី​ម្តាយមីង​ជា​អាណាព្យាបាល​របស់​ក្មេងរងគ្រោះ ព្រោះ​ជនល្មើស​ចង់បាន​លុយ​ថ្លៃ​ជំនូន​ដើម្បី​រៀបការ​ជាមួយ​នារី​សង្សារ​ផងដែរ​។​

ឧត្តមសេនីយ៍ បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ប្រាប់​សារព័ត៌មាន​ថ្ងៃទី​១​ខែ​មេសា​ថា ឃាតករ​ឈាមរាវ​វ័យក្មេង សុក​ឃឿន សយ​ធី ហៅ​វុទ្ធី បាន​ធ្វើ​មនុស្សឃាត​គិត​ទុកជាមុន​លើ​កុមារី ស្រៀ​ង ឈុន​អ៊ី ហៅ​លីហ្សា អាយុ ១១​ឆ្នាំ កាលពី​ល្ងាច​ថ្ងៃទី​៣០​មីនា​ឆ្នាំ​២០១៨​នៅ​ក្រុង​ប៉ោយប៉ែ​ត​កន្លងមក​នោះ មិនមែន​ជា​ករណី​ចាប់​ជំតឹត​ទារប្រាក់​ឡើយ​។​

នៅ​ថ្ងៃ​ទី​១​ខែ​មេស​ហើយ​នាំ​ឃាតក​ទៅ​អោយ​ធ្វើ​ត្រាប់​ឡើងវិញ​នូវ​សកម្មភាព​ឃាតកម្ម​ក្មេងស្រី​នៅ​បន្ទប់​ជួល​ល​រខ​៥ ក្បែរ​ខារ៉ាអូខេ K 1 នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ។​

លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​អោយ​ដឹង​បន្តថា ៖ យុវជន​ជា​ឃាតក សុក​ឃឿន សុ​យ​ធី ហៅ វុទ្ធី នេះ​សារភាពថា ខ្លួន​ជា​កូន​ដែល​ដើរចោល​ម៉ែ​ឪ មក​ស្នាក់នៅ​បន្ទប់​ជួល​និង​ស៊ីឈ្នួល​លក់​ថ្នាំពេទ្យ​អោយគេ ។ ជនល្មើស​នេះ​ក៏​បាន​ស្រឡាញ់ នារី​វ័យក្មេង​ម្នាក់​បម្រើការ​នៅ​ក្លឹប​កំសាន្ត​មួយ ហើយ​មាន​សន្ទុះ​ចិត្ត​ចង់​រៀបការ​នឹង​នាង តែ​រក​លុយ​មិន​ទាន់​បាន​។​
ជនល្មើស​មាន​គំនិត​ភ្លើតភ្លើន​ក្នុង​ផ្លូវ​ទុច្ចរឹត ក៏​រៀប​គម្រោង​ម្នាក់ឯង​ថា ត្រូវ​រក​លុយ​អោយ​បាន​រហ័ស​ដូច​ត្រូវ​ឆ្នោត ហើយ​ក៏​បែកគំនិត​ប្រថុយ​ចាប់​ក្មេង​ខាងលើ​បង្ខាំង ហើយ​នឹង​អាល​ទារប្រាក់​ពី​ម្តាយមីង​នាង​ដែល​ជា​អាណាព្យបាល​ឈ្មោះ​ហេង ម៉េត មានមុខ​របរ​ដូរ​លុយ​និង​វេរ​លុយ​។​

បើ​យោង​សំដី​លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន ដោយសារ ជនល្មើស​នេះ​និង​ក្មេងស្រី​រងគ្រោះ​ស្គាល់ រាប់អាន​និង​មាន​លំនៅ​ក្បែរ​គ្នា​ឯ​ភូមិ​សោ​លា​ខ្មែរ​ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ ទើប​ក្មេងស្រី​រងគ្រោះ​ព្រម​ជិះ​ម៉ូតូ​ជា​មួយ​ខ្លួន​ពី​សាលា​ឯកជន​ពន្លក​ខ្មែរ​នៅ​ភូមិ​បា​លីលេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត នៅ​ម៉ោង​៤​និង​១០​នាទី​ល្ងាច ថ្ងៃទី​៣០ ខែ​មីនា ទៅ​ដាក់​ក្នុង​បន្ទប់​ជួល​ដោយ​កុហកថា ម្តាយមីង​នាង​ចាំ​នៅ​ទីនោះ​។
ប៉ុន្តែ​ពេល​ទៅ​ដល់​បន្ទប់​១​សន្ទុះ​ធំ ជនល្មើស​ខ្លាច​ក្មេងស្រី​រងគ្រោះ​ស្រែកយំ​ឬ​ឡូឡា​ឮ​ដល់​គេឯង ព្រោះ​នាង​មិនឃើញ​ម្តាយមីង ទើប​គេ​បញ្ឆោត​ក្មេងស្រី​ថា ជួយ​រក​លុយ​ដែល​ខ្លួន​ជ្រុះ​បាត់ ហើយ​គេ​ក៏​ចេញពី​បន្ទប់ទឹក​មក​យក​ក្រមា​រឹត​-​ក​ក្មេងស្រី​អោយ​ថប់ដង្ហើម​ស្លាប់​។ បន្ទាប់មក គេ​បាន​យក​ស្គុតស ថ្លា​រុំ​មាត់ ក ដៃ​ជើង​នាង​អោយ​ជាប់​ទៀត​។​

ខណ​:​នោះ នៅឯ​សាលារៀន​ពន្លក​ខ្មែរ នាយក​សាលា​និង​ឱ​ពុក​មា​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ​ស្រៀង កំសត់​និង​ម្តាយមីង​ហេង ម៉េត​វិញ​បាន​ផ្អើលឆោឡោ ហើយ​ប្តឹង​មក​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ពី​ករណី​បាត់​កុមារី​ស្រៀង ឈុន​អ៊ី ហៅ​លីហ្សា ។
ពេលនោះ​លោក​មេ​បញ្ជ​ការ​ផ្ទាល់ បាន​បញ្ជារ​អោយ​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​និង​លោក​វរសេនីយ៍ ម៉ែន ភារម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​យុត្តិធម៍​និង​សុំ​ការសម្របសម្រួលនិតិ​វិធី​ពី​លោក​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ផង និង​សហការ​ជាមួយ​មន្ទិរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​ផង បាន​ចេញ​កម្លាំង​ស៊ើបអង្កេត ស្រាវជ្រាវ​តាម​សមត្ថភាព​ជំនាញ​រកឃើញ​លេខ​ម៉ូតូ ហើយ​តាម​ទៅ​បន្ទប់​ជនល្មើស​ស្នាក់នៅ​ដែល​ប្រព្រឹត្ត​បទល្មើស​ដូច​ខាងលើ​នៅ​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃទី​៣០​មីនា​។​

ចំពោះមុខ​សភាពការណ៍​នេះ មុន​នឹង​បើកទ្វារ​អោយ​សមត្ថកិច្ច​ចូលទៅ​ឆែក ជនល្មើស​បាន​យក​សព​ក្មេងស្រី​រងគ្រោះ​ច្រកចូល​កា​រ៉ុង ហើយ​ញាត់​លាក់​ក្នុង​ទូរ​ខោអាវ ហើយ​និយាយ​ឆ្លើយតប​ជាមួយ​កម្លាំង​សមត្ថកិច្ច ធ្វើ​ដូច​ធម្មតា​គ្មាន​រឿង​អ្វី​កើតឡើង ។​

ប៉ុន្តែ​ដោយ​មាន​ការសង្ស័យ ហើយ​រកឃើញ​តម្រុយ វត្ថុតាង​និង​អង្គហេតុ​បទល្មើស​ដែល​ស៊ីសង្វាក់ ទើប​ជនល្មើស​បាន​សារភាព ខ្លួន​បាត់​រឹត​ក​សម្លាប់​ក្មេងស្រី​រងគ្រោះ​ទៅហើយៗ​ត្រៀម​ដឹក​សព​យក​ទៅ​ចោល​បំបាត់ដាន​។ ហើយ​ថា​ខ្លួន​ធ្វើ​នេះ​ដើម្បី​ចង់​បង្ខាំង​នាង​ទុក ដើម្បី​ហៅ​ទូរស័ព្ទ​ទៅ​ម្តាយមីង​ជា​អាណាព្យាបាល​របស់​នាង​បឺ​យកប្រាក់​មក​លោះ​យា់ង​តិច​ក៏​៤​ពាន់​ទៅ​១​ម៉ឺន​ដុល្លា​ដែរ ។ តែ​គ្មាន​ឱកាសល្អ សមត្ថកិច្ច​អហ​ក៏​មក​ដល់​ល្មម​។

លោក​ឧត្តមសេនីយ៍ បោន ប៊ិន បាន​ថ្លែងអំណរគុណ​ដល់​ការ​ចង្អរុបង្ហាញ​ពី​ថ្នាក់លើ​និង​កិច្ចសម្របសម្រួល សហការ​របស់​មន្ត្រី អ្នកពាក់ព័ន្ធ ព្រមទាំង​ប្រតិបត្តិ​របស់​កម្លាំង​អ ហ ដែល​ឈាន​ដល់​បង្ក្រាបបាន​ជនល្មើស​នេះ ។​ប៉ុន្តែ​សម្តែង​ការសោកស្តាយ​និង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​គ្រួសារ​ក្មេងស្រី​រងគ្រោះ​ដែល​ស្លាប់​។ អាវុធហត្ថ​ក៏បាន​រំលឹក​ដាស់តឿន កុំអោយ​យក​គំរូ​អាក្រក់ ឃោរឃៅ​របស់​ឃាតក​វ័យក្មេង​នេះ ហើយ​អំពា​វនា​អោយ​យុវជន​ទាំងឡាយ​កុំ​យកតម្រាប់​តារ ហើយ​អោយ​យុវជន​ចេះ​ប្រើប្រាស​វ័យ​លូតលាស់​របស់​ខ្លួន​ទៅ​ជា​ការខិតខំ​រៀនសូត្រ ធ្វើ​អំពើ​ល្អ​សម្រាប់​អនាគត​ខ្លួន និង​ត្រូវ​ចៀស​អោយ​ឆ្ងាយ​ពី​គំនិត​និង​ភាព​ភ្លើតភ្លើន ផ្តេសផ្តាស កុំ​ប្រព្រឹត្ត​អបាយមុខ កុំ​សេព​គ្រឿងញៀន​ស្រវឹង​គ្រប់​ប្រភេទ កុំ​បណ្តោយ​ខ្លួន​ក្លាយជា​ក្មេង​ទំនើង ជា​បងធំ កុំ​ក្លាយខ្លួនជា​ជនល្មើស​។​ល​។​ ក៏​ថ្លែង​អំណ​គុណ​ដល់​លោក​ឧត្តម​ដេ​នីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ផ្តល់​កិច្ច​សហការ​ក្នុងនាម​សមត្ថកិច្ច​ដែល​ធ្វើ​អ្វី​ដើម្បី​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដើម្បី​សន្តិសុខ​ជូន​ពលរដ្ឋ​និង​ផ្តល់​នូវ​ថវិកា​លើកទឹកចិត្ត​ចំនួន​២​លាន​រៀល​ដល់​កម្លាំង​អាវុធហត្ថ​។​

នៅ​ចុង​ក្រោយ លោក​ឧត្តមសេនីយ៍ត្រី​មេបញ្ជាកា​រ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​សំណូមពរ​ដល់​មន្ត្រី​អាជ្ញាធរ​ដែនដី សមត្ថកិច្ច អង្គភាព សាលារៀន អាណា​ព្យាល​សិស្សបន្ត​សហការ​ល្អ បង្កើន​ការអប់រំ ផ្សព្វផ្សាយ​និង​ក្មួយៗ​ជា​កុមារ ជា​កុមារ ជា​យុវជន​ផ្ទាល់​មេត្តា​ប្រុងប្រយ័ត្ន​គ្រប់យ៉ាង​នូវ​សុវត្ថិភាព បង្ការ​ទប់ស្កាត់​នូវ​គ្រោះថ្នាក់​ឬ​បញ្ហា​អ្វី​កើតឡើង​។ ព្រោះថា បើទោះបីជា​សំណាញ់​សុវត្ថិភាព​របស់​សមត្ថ​កិច្ច​ប្រទាក់ក្រឡា​យ៉ាងណា ក៏​គង់​នៅ​មាន​ចន្លោះប្រហោង ដូចជា​មាន​ឧប្បត្តិហេតុ​ដូច​ករណី​នេះ ៕ ដោយ ៖ បន្ទាយ

spot_img
×