Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​មាន​ប្រសាស៍ថា ៖ សន្តិភាព និង​ស្ថិរភាព​ជា​បុព្វបទ​ដើម្បី​ធានា​ឲ្យ​ប្រទេស​កម្ពុជា​បន្ត​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​នៅលើ​ផ្លូវ​ប្រជាធិបតេយ្យ​ពិតប្រាកដ​

spot_img

​ស្វាយរៀង ៖ លោក​ព្រំ សុខា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា​សន្តិភាព និង​ស្ថិរភាព​ជា​បុព្វបទ​ដើម្បី​ធានា​ឲ្យ​ប្រទេស​កម្ពុជា​បន្ត​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​នៅលើ​ផ្លូវ​ប្រជាធិបតេយ្យ​ពិតប្រាកដ​។​

​ការ​ថ្លែង​បែប​នេះ​ខណៈ​ដែល​លោក​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​កងកម្លាំង​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦០៩ ដែល​មាន​ការចូលរួម​ពី​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង លោក​អភិបាលរង​ខេត្ត ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង​បាវិត ប្រធាន​ប៉ុស្តិ៍​ច្រកទ្វា​ព្រំដែន ព្រមទាំង​កម្លាំង នៃ​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦០៩ និង​៦១១ សរុប​ចំនួន ២៩២​នាក់ នៅ​ព្រឹក​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០១៨​នេះ​។

​លោក ព្រុំ សុខា បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី សំណាក់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ជានិច្ច​ដល់​សុខទុក្ខ​របស់​កងកម្លាំង​នគរបាល​ដែល​កំពុង​ឈរជើង​ការពារ​ព្រំដែន និង​សម្តែង​នូវ​ការកោតសរសើរ ដល់​វីរៈភាព​ពុះពារ​ការលំបាក ខិតខំ​បំពេញ​ភារកិច្ច​របស់​ក​ង​កម្លាំង ដោយមាន​កិច្ច​សហការ​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​អាជ្ញាធរ​ដែនដី និង​បណ្តា​សមត្ថកិច្ច​ដទៃទៀត តាម​បណ្តោយ​ព្រំដែន ក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី អធិបតេយ្យ​ជាតិ ចូលរួម​កសាង​ព្រំដែន​មិត្តភាព សន្តិភាព សហប្រតិបត្តិការ​ជាមួយ​ប្រទេសជិតខាង​ជា​មិត្ត​ភូមិ​ផង​របង​ជាមួយ បាន​ល្អ​ប្រសើរ​គួរឲ្យកត់សម្គាល់​។ ស្នាដៃ​នេះ​គឺជា​ចំណែក នៃ​សមិទ្ធផល​ដ៏​ធំធេង​សម្រេច​បាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ក្នុង​ការដឹកនាំ​ប្រទេសជាតិ ឲ្យមាន​ការរីក​ចម្រើន​ជឿនលឿ​ន​ជាលំដាប់​។​

​លោក​រដ្ឋលេខាធិការ ក៏​បាន​គូសបញ្ជាក់ ពី​កត្តា​សំខាន់​បំផុត​មិន​អាច​ខ្វះ​បាន ដើម្បី​ធានា​ដល់​ភាព រុងរឿង​ថ្កុំថ្កើង​របស់​ប្រទេសជាតិ និង​វិបុល​ភាពសុខសាន្ត​របស់​ប្រជាជន​យើង​នាពេល​បច្ចុប្បន្ន ក៏​ដូច​ជា​ទៅ​អនាគត គឺ​សន្តិភាព និង​ស្ថិរភាព ហើយ​នោះ ក៏​ជា​បុព្វបទ​ដើម្បី​ធានា​ឲ្យ​ប្រទេស​កម្ពុជា​បន្ត​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​នៅលើ​ផ្លូវ​ប្រជាធិបតេយ្យ​ពិតប្រាកដ​។​

​ក្នុងឱកាស​នោះ លោក​ព្រំ​សុខា និង​គណៈប្រតិភូ បាន​នាំ​មក​ជាមួយ​នូវ​គ្រឿង​ឧបភោគ​បរិភោគ និង​ថវិកា ឧបត្ថម្ភ​ដល់​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦០៩ និង​៦១១ ក្នុង​មួយ​អង្គភាព ៥​លាន​រៀល ឧបត្ថម្ភ​កម្លាំង​អង្គភាព​ទាំង​ពីរ​ចំនួន ២៩២​នាក់ ក្នុង ១​នាក់ ១០​ម៉ឺន​រៀល​

​ព្រមទាំង​សម្ភារ​ជូន​អង្គភាព​ទាំងពីរ សរុប​រួម​មាន អង្ករ ០៣​តោន មី ១២៨​កេស ត្រីខ ៣៤​កេស ទឹកក្រូច ២៤​កេស​ទឹកបរិសុទ្ធ ១១៤​កេស សាច់ជ្រូក ០២​ក្បាល ស្មើនឹង ១៦០​គីឡូក្រាម នំ​អន្សម បន្លែ និង​ស្រា​បៀ​រ ៤០​កេស ។ ដោយឡែក អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក​ទាំង ៨ ក្នុង ១​អង្គភាព ទទួលបាន អង្ករ ០២​បាវ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់​ទាំង ៨០ ក្នុង ១​អង្គភាព ទទួលបាន អង្ករ ០១​បាវ ៕ វ៉ៃកូ​


spot_img
×