Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពានរង្វាន់​អចលនទ្រព្យ​បាន​នាំមក​នូវ​សន្ទុះ​ថ្មី​ដល់​វិស័យ​សំណង់ និង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​

spot_img

*​អ្នក​អភិវឌ្ឍន៍​កំពូលៗ​បាន​ចូលរួម​នៅក្នុង​រាត្រី​ស្រមោល​ស​នៃ PropertyGuru Cambodia Property Awards ឆ្នាំ ២០១៨

​ភ្នំពេញ​ ៖ វា​ជា​ជោគជ័យ​ដ៏​ធំធេង​មួយ​សម្រាប់​ពានរង្វាន់​ប្រចាំឆ្នាំ​លើក​ទី​បី​របស់ PropertyGuru Cambodia Property Awards ឆ្នាំ ២០១៨ ដែល​បាន​នាំ​មក​ជូន​ដោយ​ក្រុមហ៊ុន KHI បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី ១៦ ខែ​មីនា​កន្លងទៅនេះ​នៅ​រាជធានី​ភ្នំពេញ​។

ព្រឹត្តិការណ៍​នេះ​ត្រូវ​គេ​បាន​មើលឃើញ​ពី​ការកើនឡើង​យ៉ាង​ច្រើន​នៃ​ចំនួន​ភ្ញៀវ​ចូលរួម​ទាំង​ជាតិ និង​អន្តរជាតិ​មក​ពី​វិស័យ​នេះ ដែល​ឆ្លុះ​បញ្ជាំង​អំពី​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា​កំពុង​មាន​ភាព​ទាក់ទាញ និង​ចាប់អារម្មណ៍​ពី​បណ្តា​វិនិយោគិន​នានា​ទាំង​ក្នុងស្រុក និង​ក្នុង​តំបន់​។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​PropertyGuru Group​នៅ​ថ្ងៃ​ទី ២៧ ខែ​មីនា​ឆ្នាំ ២០១៨​។​

​ពិធី​ប្រគល់​ពានរង្វាន់​ត្រូវបាន​ប្រារព្ឋ​ធ្វើឡើង​នា​រាត្រីស្រមោលស​ក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​នៅ Sofitel Phnom Penh Phokeethra ដោយ​មាន​ការចូលរួម​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ប្រមាណ​360 នាក់​ដែល​សុទ្ឋសឹង​ជា​វិនិយោគិន ម្ចាស់​គម្រោង​អភិវឌ្ឍន៍ ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​រចនា​ផ្ទៃក្នុង​បានមក​អបអរសាទរ​វិស័យ​អចលនទ្រព្យ​ដោយ​មាន​ពានរង្វាន់​ចំនួន ២៦​ប្រភេទ បាន​ផ្តល់ជូន​ដល់​អ្នក​ដែល​ល្អ​បំផុត​នៅក្នុង​វិស័យ​អចលនទ្រព្យ​ក្នុងស្រុក​ផង​ដែរ​។​

​សម្រាប់​អ្នក​ទទួលបាន​ជ័យលាភី​ចំនួន ២៧ នាក់ និង​ក្រុមហ៊ុន​ដែល​ទទួលបាន​ការកោតសរសើ​រ​ខ្ពស់​ចំនួន ៣០ ត្រូវបាន​ទទួលស្គាល់ និង​វាយតម្លៃ​ដោយ​គណៈកម្មាធិការ​ឯក​រាជ្យ​សម្រាប់​ការអភិវឌ្ឍ ការ​រចនា និង​ការអនុវត្តន៍​អាជីវកម្ម​ល្អឥតខ្ចោះ​។ ហើយ​មាន​ក្រុមហ៊ុន​ជាង​៥០ តែប៉ុណ្ណោះ ដែល​មាន​សិទ្ធ​ចូលរួម​ប្រកួត​ក្នុងចំណោម​ក្រុមហ៊ុន​បាន​ដាក់​ពាក្យ​យ៉ាង​ច្រើន​ដែល​ចំនួន​នេះ​កើនឡើង​ទ្វេរ​ដង​ធៀប​នឹង​ឆ្នាំ​មុន ត្រូវ​បាន​ទទួលយក​ដោយ​អ្នករៀបចំ​សម្រាប់​ឆ្នាំនេះ​។​

​បុរី​ប៉េង​ហួត​គ្រុប​គឺជា​អ្នកឈ្នះ​ពានរង្វាន់​ច្រើនជាងគេ​បំផុត ដែល​បាន​ឈ្នះ​ពានរង្វាន់ អ្នក​អភិវឌ្ឍន៍​ល្អ​បំផុត​សម្រាប់​៣​ឆ្នាំ​ជាប់ៗ​គ្នា និង​ទទួលបាន​ពិន្ទុ​សរុប​ចំនួន ១៧ គឺជា​អ្នក​នាំមុខ​ឧស្សាហកម្ម​ដែល​បាន​ទទួលពាន​រង្វាន់​នៅក្នុង​ព្រឹត្តិការណ៍​អចលនទ្រព្យ​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​២០១៨​នេះ​។

​ចំពោះ​ក្រុមហ៊ុន​ដែល​ទទួលបាន​ពានរង្វាន់ និង​ការសរសើរ​ជាច្រើន​រួម​ទាំង​ប្រភេទ​ពានរង្វាន់​ការទទួលស្គាល់​នៃ​ទំនួល​ខុស​ត្រូវ​សង្គម​(CSR)​ផងដែរ​។ នៅ​ឆ្នាំ ២០១៧ បុរី​ប៉េង​ហួត​គ្រុប​បាន​ផ្តល់​ជំនួយ​សប្បុរស​ធម៌​ជាច្រើន​ដោយ​បាន​បរិច្ចាគ “​ច្រើនជាង ២ លាន​ដុល្លារ​ទៅ​ក្នុង​សកម្មភាព​សង្គម ហើយ​ថ្មីៗ​នេះ​បាន​ចាប់ផ្តើម​បង្កើត​គំនិ​ផ្តួចផ្តើម​ដើម្បី​គាំទ្រ​ដល់​សមាគម​សិល្បៈ​ប្រពៃណី​ខ្មែរ និង​ក្លឹប​កីឡា​ជាច្រើន និង​គម្រោង​សាងសង់​ផ្លូវ​ថ្មី​ដែល​សម្ពោធ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ផងដែរ ។

​នេះ​គឺជា​លើកទីមួយ​ហើយ ដែល​ពានរង្វាន់​ជា​ប្រភេទ CSR ត្រូវបាន​បង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍​នេះ ហើយ​បុរី​ប៉េង​ហួត​បាន​ទទួល​ជ័យជម្នះ​នៅក្នុង​ប្រភេទ​ពាន់រង្វាន់​នេះ ជាមួយ​ក្រុមហ៊ុន​ជប៉ុន Creed Group និង​សម្ព័ន្ធ​ក្រុមហ៊ុន Creed Asia (Cambodia) Co. , Ltd និង​ក្រុមហ៊ុន Triple Gem Assets Co ហើយ​បើ​យោង​តាម​ចៅក្រម​បានឱ្យដឹងថា​៖ «​ពានរង្វាន់​នេះ​គឺ​សម្រាប់​ប្រជាប្រិយភាព​នៃ​ស្តង់ដារ​គុណភាព​ជប៉ុន​នៅក្នុង​ប្រទេស​កម្ពុជា និង​ការលើកកម្ពស់​ការអភិវឌ្ឍ​សហគមន៍​បែប​រចនាបទ​របស់​ពួកគេ​» ។ ក្រុមហ៊ុន​Creed Group ក៏​ទទួលបាន​ការទទួលស្គាល់​ជាពិសេស​នៅក្នុង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ផងដែរ​។​

​សម្រាប់​ពានរង្វាន់​ពិសេស​ថ្មី​មួយទៀត​ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​ដៃគូ​សហការ​គឺ​អង្គការ CARE ត្រូវបាន​ផ្តល់​ឱ្យ​សាជីវកម្ម​អន្តរជាតិ Pisnoka ដែល​បាន​បង្ហាញ​អំពី​ភាពខុសគ្នា​ពី​ការងារ​របស់​ខ្លួន​ក្នុង​ការការពារ​សិទ្ធិ​របស់​កម្មករ​សំណង់​ជា​ស្ត្រី​។​

​បើ​យោង​តាម​អង្គការ CARE បានអោយ​ដឹង​យ៉ាង​ដូច្នេះ​ថា​៖«​ក្រុមហ៊ុន Pisnoka នាំមុខ​ក្នុង​ការផ្តល់​ការបណ្តុះ​បណ្តាលដល់​កម្មករ សំណង់​ជា​ស្ត្រី​លើ​សិទ្ធិ​ការងារ​។ ពួកគេ​បាន​បង្កើត​ជា​គំរូ​ដ៏​ល្អ​សម្រាប់​ក្រុមហ៊ុន​ដ៏​ទៃៗ​ទៀត​នៅក្នុង​វិស័យ​នេះ​សម្រាប់​ការ គ្រប់គ្រង​នៅនឹងកន្លែង​ដោយ​ផ្តល់​កន្លែង​ថែទាំ​សុខភាព បន្ទប់ទឹក​ដាច់ដោយឡែក​ពី​កម្មករ​ជា​បុរស ដោយ​មាន​ការបិទ​ផ្ទាំង​ព័ត៌មាន​អំពី​សុវត្ថិភាព​សុខភាព​ការងារ និង​ការធានា​ឱ្យ​បុគ្គលិក​ស្រីៗ​ទទួលបាន​ឧបករណ៍​ការពារ​ផ្ទាល់​ខ្លួន​ផង​ដែរ​»​។​

​ជាមួយ​និង​គម្រោង​អភិវឌ្ឍ​បែប​ចម្រុះ​ជាច្រើន​កំពុង​សាងសង់ ក្រុម​អ្នក​អភិវឌ្ឍន៍​នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហនុ​ ក៏​ទទួលបាន​នូវ​ពានរង្វាន់​មាស​ជាច្រើន​ក្នុង​ពិធី​នា​រាត្រី​ស្រមោល​ស​នោះ​ផង​ដែរ ដោយ​រួមមាន ក្រុមហ៊ុន​សាងសង់ LIXIN ដែល​កំពុង​អភិវឌ្ឍ​គម្រោង CEO KT Pacific ក្រុមហ៊ុន Phnom Penh City Center ដែល​អភិវឌ្ឍ​គម្រោង Eden Garden និង​ក្រុមហ៊ុន​វិនិយោគ​និង​អភិវឌ្ឍន៌ KHCN Investment and Development Co., Ltd ដែល​អភិវឌ្ឍ​គម្រោង Seagate Suite ។​

​លោក សន សៀ​ប ដែលជា​អ្នក​មាន​បទពិសោធន៍​ក្នុង​វិស័យ​អចលនទ្រព្យ​ជាង ១០​ឆ្នាំ និង​ជា​ប្រធាន​គ​ណះ​ក​ម្មាការ​​វិនិច្ឆ័យ​បាន​ថ្លែង អោយដឹងថា​៖«​គណៈវិនិច្ឆ័យ​គឺមាន​ឯករាជ្យភាព តម្លាភាព និង​ភាពយុត្តិធម៌​ក្នុង​ការជ្រើសរើស​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​នេះ​។ ពានរង្វាន់​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជម្រុញ​ឱ្យមាន​ការរីកចម្រើន​ក្នុង​វិស័យ​សំណង់ និង​វិស័យ​អចលនទ្រព្យ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ការប្រកួតប្រជែង​នេះ​ក៏​ជួយ​ទាក់ទាញ​វិនិយោគិន​មកកាន់​​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ផង​ដែរ ដែល​វា​មាន​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​នាពេល​បច្ចុប្បន្ន និង​អនាគត​»​។​

​លោក បណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ (MLMUPC) បាន​​ផ្តល់​ការគាំទ្រ​យ៉ាង​ពេញ ទំហឹង​ដល់​ពិធី​ប្រគល់​ពានរង្វាន់ ហើយ​ឯកឧត្តម​បាន​លើកទឹកចិត្ត​ចំពោះ​គំនិត​ច្នៃប្រឌិត​លើ​ការ​រចនា ការសាងសង់ និង​ការ​ពាំនាំ​យក​មក​នូវ​គំនិត​អភិវឌ្ឍន៍​ថ្មីៗ​ចូលក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក បណ្ឌិត​បាន​មានប្រសាសន៍ថា​៖ «​ភាព​ជោគជ័យ​នៃ​កម្មវិធី​ពានរង្វាន់ PropertyGuru Cambodia Property Awards ឆ្នាំ​២០១៨​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​វិស័យ​សំណង់ និង អចលនទ្រព្យ​គឺជា​សសរស្តម្ភ​ដ៏​សំខាន់​មួយ​ដែល​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​របស់​យើង​។ វា​ក៏​ឆ្លុះបញ្ចាំង​ពី​ការជឿទុកចិត្ត​ពី​សំណាក់​វិនិយោគិន​ទាំង​ជាតិ និង​អន្តរជាតិ​មកលើ​ការដឹកនាំ​ដ៏​ប៉ិនប្រសព្វ​របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ទទួលបាន​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ​អស់​រយៈពេល​ជាង ៣​ទសវត្សរ៍​មក​នេះ​»​។​

»​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ដាក់​វិស័យ​ឯកជន​ឈាន​មុខ​គេ​ក្នុង​ការអភិវឌ្ឍន៍​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យ​ចូល​មក​កាន់តែ​កាន់តែ​ច្រើន​ថែមទៀត​ដូចដែល​យើង​បាន​ឃើញ​នៅ​ថ្ងៃនេះ​។ យើង​ជឿជាក់ថា​ការប្រកួត ប្រជែង​ដ៏​ល្អ​នេះ​ក្នុង​ចំណោម​អ្នក​អភិវឌ្ឍន៍​អាច​នាំមក​នូវ​សន្ទុះ​ថ្មី​មួយទៀត​ដើម្បី​លើកកម្ពស់​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ឈាន​ទៅ​មួយ​កម្រិត​ថែមទៀត​»​។ នេះ​បើ​យោង​តាម​ការ​ថ្លែង​អះអាង​របស់​លោក បណ្ឌិត ប៉ែន សុផល​។​

​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ​៖ ​ក្រោយពី​ទទួល​រង​នូវ​ជម្លោះ​ដ៏​រាំ​រ៉ៃ​និង​ភាពក្រីក្រ​អស់​ជាច្រើន​ទសវត្ស​កន្លង​មកនេះ ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​ទទួលបាន​អត្រា​កំណើន​សេដ្ឋកិច្ច​ខ្ពស់​គួរអោយកត់សម្គាល់​។ ជាមួយ​នឹង​ការរីកចម្រើន​នេះ ការអភិវឌ្ឍន៍​​វិស័យ​សំណង់ និង​ការកើនឡើង​នៃ​ចំនួន​ប្រជាជន​យ៉ាង​ឆាប់រហ័ស ជា​លទ្ធផល​ជម្រុញអោយមាន​តម្រូវការ​ផ្ទះ​កាន់តែច្រើន​ផងដែរ​។ បើ​យោងតាម​របាយការណ៍​ពី​ក្រសួង​ដែនដី នគររូបនីយកម្ម និង​សំណង់​បានបង្ហាញ​ថា​ចំនួន​ប្រជាជន​នៅ​ទីក្រុង​នៅ​ឆ្នាំ​២០១៤​មាន​ចំនួន ៤,៥ លាន​នាក់​ហើយ​នឹង​បន្ត​កើន​ដល់ ៧,៩២ លាន​នាក់​នៅ​ឆ្នាំ ២០៣០ ឬ ៤៤ ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​។ ក្រសួង​បាន​បញ្ជាក់ ថា​ ចាប់ពី​ឆ្នាំ ២០១៥ ដល់​ឆ្នាំ ២០៣០ ប្រទេស​កម្ពុជា​ត្រូវការ​ផ្ទះ​ប្រមាណ ៨ សែន​ខ្នង​ដើម្បី​បំពេញ​តាម​តម្រូវការ​ដង់ស៊ីតេ​ប្រជាជន​នេះ។​

​ចំពោះ​ទំហំ​ទឹកប្រាក់​ដែល​បាន​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា​ត្រូវបាន​អនុម័ត​ដោយ​រដ្ឋាភិបាល​បាន​កើនឡើង​ដល់​ចំនួន ៦,៤២ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៧​កើនឡើង ២២,៣១ ភាគរយ​ធៀប​ទៅនឹង​ឆ្នាំ​មុន នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួង​ដែល ចេញផ្សាយ​នា​ពេល​ថ្មីៗ​នេះ​។ របាយការណ៍​ដដែល​នេះ​បានឱ្យដឹង​ថា​នៅ​ទូទាំង​ប្រទេស​មាន​គម្រោង​សាងសង់​ថ្មី​ចំនួន ៣,០៥២ កន្លែង ​ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​ចំនួន ១០,៧៤ លាន​ម៉ែត្រការ៉េ​ត្រូវបាន​សាងសង់​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មកកាន់ awards@propertyguru.com ឬ​ចូល​ទៅ​កាន់​គេហទំព័រ AsiaPropertyAwards.com/cambodia-property-awards/៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×