Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវ​លេខ​១៥៧៧​ជាប់​ព្រំដែន​កម្ពុជា​ថៃ​

spot_img

​បាត់ដំបង ​៖ ​នៅ ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០១៨​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវ​លេខ​១៥៧៧ ក្រោម​អធិបតី សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ចូលរួម​ជា​អធិបតី​ក្នុង​​គម្រោង​ផ្លូវ​នេះ​មាន​ប្រវែង​សរុប ៥១,៨០​គីឡូម៉ែត្រ ចាប់​ពី​ភូមិភ្ជាវ ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ដល់​ភូមិ​ឆករ​កា ឃុំ​សំឡូត (​ច្រកទ្វារព្រំដែន​៤០០) ស្រុក​សំឡូត ខេត្ត​បាត់ដំបង ត្រូវបាន​ស្ថាបនា​តាម​ស្តង់ដារ​ចិន Class III ដែល​មាន​ទទឹង​ផ្លូវ​៩​ម៉ែត្រ ក្រាល​កៅស៊ូ​ពីរ​ស្រទាប់ (DBST) លើ​ទទឹងផ្លូវ​៨​ម៉ែត្រ​។​

​គម្រោង​ផ្លូវ​នេះ​បាន​ចំណាយ​ថវិកា​សរុប​ប្រមាណ ៣៨,២១២​លាន​ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​សម្បទាន​ពី សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ដោះស្រាយ​ផល ប៉ះពាល់ ការ​បោសសម្អាត​មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​-​ថ្នល់​ចិន និង​ពិនិត្យ​បច្ចេកទេស​សាងសង់​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស​សំណង់​ក្វាង​ចូ​វ​វ៉ាន​អាន ប្រើ​រយៈពេល​សាងសង់​ចំនួន​២៣​ខែ ដែល​បាន​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ​២០១៧​កន្លងទៅនេះ​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា ផ្លូវ​នេះ​ជា​ផ្លូវ​យុទ្ធសាស្ត្រ​មួយ​យ៉ាង​សំខាន់​សម្រាប់​បម្រើ​ដល់​កិច្ច​ការពារ​ជាតិ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ដែល​ត​ភ្ជាប់​តំបន់​ភូមិភាគ​កណ្តាល និង​វាលទំនាប​ផ្នែក​ខាងលើ ទៅកាន់​ភូមិភាគ​ខាងលិច​ប្រទេស ចាប់ផ្តើម​ពី​ភូមិភ្ជាវ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ទៅ​ភូមិ​ឆករ​កា ឃុំ​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់ដំបង (​ច្រកទ្វារព្រំដែន​៤០០) ព្រំប្រទល់​កម្ពុជា​-​ថៃ ជាប់​នឹង​ខេត្ត​ត្រាត​ប្រទេស​ថៃ​។​

​សម្តេច ស ខេង បាន​ថ្លែងថា សមិទ្ធផល​ផ្លូវ​នេះ​ជា​ចំណងដៃ​ដ៏​ពិសិដ្ឋ ឆ្លើយតប​ទៅនឹង​សំណូមពរ និង​តម្រូវការ​នៃ​ការដឹកជញ្ជូន ការធ្វើដំណើរ របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ត្រែង សំឡូត និង​តំបន់​ភូមិភាគ​ខាងលិច​ប្រទេស​ទៅកាន់​ក្រុង​បាត់ ដំបង រាជធានី​ភ្នំពេញ ឬ​តំបន់​ផ្សេងៗ​ទូទាំង​ប្រទេស និង​ជា​ខ្សែ​ផ្លូវ​ដែល​ធ្វើ​សមាហរណកម្ម​ពេញលេញ​សម្រាប់​ខេត្ត​បាត់ដំបង​ទាំងមូល ព្រោះ​ថា​ស្រុក​សំឡូត​ជា​ស្រុក​តែមួយគត់ និង​ចុងក្រោយ​បំផុត ដែល​ទើប​មាន​ផ្លូវ​កៅស៊ូ ត​ភ្ជាប់​មក​ក្រុង​បាត់ដំបង​។​

​លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​តាម​ផ្លូវថ្នល់​ទាំងអស់ សូម​គោរព​ច្បាប់​ចរាចរណ៍ ដោយ​ពាក់មួក​សុវត្ថិភាព​រាល់​ពេល​ជិះ​ម៉ូតូ ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ឱ្យ​បាន​ត្រឹមត្រូវ ពេល​ជិះ​រថយន្ដ កុំ​បើកបរ​ហួស​ល្បឿន​កំណត់ កុំ​បើកបរ​ពេល​ស្រវឹង ឬ​ងងុយគេង កុំ​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​សូម​កុំ​កែច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​ជាដាច់ខាត ព្រោះ​អាច​បង្ក​ឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ និង​ធ្វើឱ្យ​ផ្លូវថ្នល់​របស់​យើង​ឆាប់​ខូច​មុន​អាយុ​កាលកំណត់​។​

​លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រជាជន និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ផ្ដល់​ហិរញ្ញប្បទាន និង​ជំនួយ​បច្ចេកទេស​ជា​បន្ដបន្ទាប់ ស្រប តាម​សំណូមពរ និង​សេចក្ដីត្រូវការ​ចាំបាច់រ​បស់​កម្ពុជា ដើម្បី​រួមចំណែក​ក្នុង​ការស្ដារ និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​នៅ​ក្រ​កម្ពុជា​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

      

spot_img
×