Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លើកទឹកចិត្ត​ឱ្យ​យុវជន ធ្វើ​ទំនើបកម្ម​ខ្លួនឯង ដើម្បី​ប្រសិទ្ធភាព​ការងារ​

spot_img

​ភ្នំពេញ ​៖ លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ជួប​សំណេះសំណាល និង​ចែក​លិខិត ថ្លែងអំណរគុណ​ដល់​មន្ត្រី និង​យុវជន​អន្តរក្រសួង​-​ស្ថាប័ន ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) វិស័យ​បរិស្ថាន ដែល​ទើបតែ​បញ្ចប់​ទស្សនកិច្ច​សិក្សា នៅ​សហគមន៍​ព្រែក​ស្វាយ ក្នុង​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង ខេត្ត​ព្រះសីហនុ នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន នា​រសៀល​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៨ ។​

​លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​លើកទឹកចិត្ត និង​ជំរុញ​ដល់​យុវជន​ឱ្យមាន​ការចូលរួម គ្រប់​សកម្មភាព ទាំង​ក្នុង​វិស័យ​បរិស្ថាន និង​អភិវឌ្ឍន៍​នៅក្នុង​សង្គម ក៏​ដូចជា​ការកសាង​នូវ ទំនុកចិត្ត​ដល់​អ្នកពាក់ព័ន្ធ ក្នុង​កិច្ចការពារ​ក្នុង​តំបន់ការពារធម្មជាតិ​ផងដែរ​។ ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី បាន​បន្តថា បច្ចុប្បន្ន​ក្រសួងបរិស្ថាន បាន​ធ្វើ​ទំនើបកម្ម​ស្ថាប័ន ទន្ទឹមនឹងនេះ ក៏​ទាមទារ​ដល់​មន្ត្រី និង​យុវជន​ធ្វើ​ទំនើបកម្ម​ខ្លួនឯង ធ្វើ​យ៉ាងណា​ដើម្បី​កសាង​សមត្ថភាព ខ្លួនឯង​ឱ្យ​ការអនុវត្ត​ការងារ ក្នុង​ស្ថាប័ន​ឱ្យមាន​ប្រសិទ្ធភាព​។​

​សូមបញ្ជាក់​ថា ទស្សនកិច្ច​សិក្សា​នៅ​សហគមន៍​ព្រែក​ស្វាយ ក្នុង​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង ខេត្ត​ព្រះសីហនុ រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​១៥-១៧ ខែ​មីនា ឆ្នាំ​២០១៨ កន្លងទៅ ដើម្បី​ផ្សាភ្ជាប់​យុវជន​អន្តរក្រសួង​-​ស្ថាប័ន ទៅនឹង​ការងារ​បរិស្ថាន ធនធានធម្មជាតិ ជីវៈចម្រុះ​បាតសមុទ្រ ជំរុញ​ទេសចរណ៍ធម្មជាតិ​នៅក្នុង​តំបន់ ឱ្យ​ការរស់នៅ របស់​ប្រជា​សហគមន៍​មូលដ្ឋាន ប្រកបដោយ​និរន្តរភាព​។ ទស្សនកិច្ច​សិក្សា​នេះ បាន​ជំរុញ​ឱ្យ​យុវជន​ទាំងអស់​បាន​ស្វែងយល់ ពី​តម្លៃ​នៃ​សន្តិភាព ស្ថេរភាព​នយោបាយ ការខិតខំ​ប្រឹងប្រែងរ​បស់​ក្រសួងបរិស្ថាន ជំរុញ​សកម្មភាព​ចូលរួម​ក្នុង​កិច្ច​គាំពារ​បរិស្ថាន​ផងដែរ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×