Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​បរិស្ថាន​២​នាក់ បាញ់​៤​គ្រាប់ បំបែក​កង់​គោយន្ត​ប្រជាពលរដ្ឋ​ដឹក​ឈើ ត្រូវ​បញ្ជូន​ទៅ​តុលាការ​

spot_img

​​បាត់ដំបង ៖ មន្ត្រី​បរិស្ថាន​២​នាក់​ដែល​បាន​យក​កាំភ្លើង​អាកា​៤៧ បាញ់ ៤​គ្រាប់ បំបែក​កង់​គោយន្ត របស់​ប្រជាពលរដ្ឋ​ម្នាក់ ពេល​កំពុង​ដឹកឈើ​ចេញពី​ក្នុង​ព្រៃ​សហគមន៍ នៅ​ស្រុក​សំឡូត ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​ខេត្តបាត់ដំបង បញ្ជូនទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០១៨​។​

​លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​នគរបាល​ខេត្ត​បានឲ្យដឹងថា ជនសង្ស័យ​ជា​មន្ត្រី​បរិស្ថាន​ចំនួន​២​នាក់ ឈ្មោះ សុខ ទឿត ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​រស់នៅ​ភូមិ​បរ​ហុយ​ជើង សង្កាត់​បរ​យ៉ាខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន និង​ឈ្មោះ ដៀប សុម​ន្ថា ភេទ​ប្រុស អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​ពពាលខែ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ឃាត់​ខ្លូន បាន​នៅ​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០១៨ សមត្ថកិច្ច​ដកហូត​បា​ន​អាវុធ​AK​ស្វ័យ​បត់​១​ដើម បង់​១ មាន​៥​គ្រាប់ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ឌុ​ច ភី ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល ឃុំ​ស៊ុង ស្រុក​សំឡូត​។​

​លោក​ឧត្ដមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ទទួល​ផែន​យុត្តិធម៌ បញ្ជាក់​ស្តីពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​ករណី​មន្ត្រី​បរិស្ថាន​ប្រើប្រាស់​អាវុធ AK បាញ់​កង់​គោយន្ត​ប្រជាពលរដ្ឋ​នៅ​ស្រុក​សំឡូត​។ តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ឌុ​ច ភី ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល ឃុំ​ស៊ុង ស្រុក​សំឡូត ពី​ករណី​មន្ត្រី​បរិស្ថាន​បាន​ប្រើប្រាស់​កាំភ្លើង​បាញ់​ទៅ​លើ​កង់​គោយន្ត​របស់​ជនរងគ្រោះ ចំនួន ៤​គ្រាប់ កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ នៅ​ចំណុច​ក្រោយ​បន្ទាយ​ទាហាន​វរ​៥២២ ភូមិ​កណ្តាល ឃុំ​ស៊ុង ស្រុក​សំឡូត​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​។​

​សូមបញ្ជាក់​ថា គោយន្ត​កន្ត្រៃ​ដឹកអុស​មួយគ្រឿង ត្រូវបាន​បើក រត់​ចូល​ទៅក្នុង​បន្ទាយ​យោធា នៃ​កងវរសេនាតូច ទាំង​កង់​បែក​ទាំងសងខាង បន្ទាប់ពី​ម្ចាស់​គោយន្ត​នេះ​បាន​បើក​ចេញពី​ព្រៃ ដោយ​មាន​ទាំង​ដឹកឈើ​អុស​មក​ជាមួយ​ផង​នោះ ហើយ​ត្រូវ កម្លាំង​មន្ត្រី​បរិស្ថាន កាក់​មិន​ឈប់ ទើប​មាន​ការផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​តែ​ម្តង ។ ករណី​ផ្ទុះអាវុធ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រោយ​បន្ទាយ នៃ​កងវរសេនាតូច​៥២២ ស្ថិតក្នុង​ភូមិ​កណ្តាល​ឃុំ​ស៊ុង ស្រុក សំឡូត ខេត្ត​បាត់ដំបង ដែល​ការផ្ទុះ​អាវុធ​នេះ គឺ​ដោយសារ​មានការ​កាក់​គោយន្ត​កន្ត្រៃ ពី​សំណាក់​មន្ត្រី​បរិស្ថាន​(MJP)​ចំនួន ៤​រូប ។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ បាន បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ គឺ​មាន​គោយន្ត​ដឹក​អុស មួយ​គ្រឿង​របស់​ប្រជាពលរដ្ឋ​ឈ្មោះ ឌុ​ច ភី បាន​ដឹក​ឈើ​អុស​ចេញពី​ព្រៃ ហើយ​ក៏​ស្រាប់តែ​មាន​មន្ត្រី​បរិស្ថាន ចំនួន​៤​នាក់ បាន​កាក់​គោយន្ត​នោះ​ឲ្យ​ឈប់ ប៉ុន្តែ​ដោយសារ​គោយន្ត​នៅតែ​បន្តដំណើរ​ទៅ​មុខ​មិន​ព្រម​ឈប់ ទើប ប្រជាពលរដ្ឋ​ម្នាក់ ដែល​ជា​ប្រជាជន នៅក្នុង​សហគមន៍ ដែល​ដើរ​ជាមួយនឹង​ក្រុម​បរិស្ថាន បាន​ឆក់​អាវុធ​AK ពី មន្ត្រី​នោះ​ហើយ​បាន បាញ់​ឡើង​ទៅលើ​១​គ្រាប់ និង​បាញ់​ចំ​កង់ ៣​គ្រាប់ បណ្តាលឲ្យ​បែក​កង់​ខាងក្រោយ​រ៉ឺម៉ក​គោយន្ត ទាំងសងខាង ។​

ភ្លាមៗ​នោះ​ដែរ​ម្ចាស់​គោយន្ត​បាន​បន្ថែម​ល្បឿន​ចូលទៅក្នុង បន្ទាយ​វរ​សេនា​តូច​លេខ​៥២២ បន្ទាប់​មក​ខាង​មន្ត្រី​MJP​ដែល បាន​នាំគ្នា​ចូល​ទៅ​សាកសួរ​រឿងហេតុ​ដល់​ក្នុង​បន្ទាយ ដោយឡែក​បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ អាវុធ​គឺជា​របស់​ប៉ូលិស​វរៈ​ការពារ​ព្រំដែន​៨១០ ខេត្ត​ប៉ៃលិន ។​

​លោក ប៊ូ ស៊ីណា ប្រធាន​អង្គការ MJP បានបញ្ជាក់​ថា ក្នុង​រឿង​នេះ ដោយសារតែ​ប្រជាពលរដ្ឋ​ក្នុង​ព្រៃ​សហគមន៍ បាន​មក​ពឹងពាក់​ឲ្យ​ក្រុម​របស់​លោក ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ដែល​មាន​ប្រជាពលរដ្ឋ កំពុង​ធ្វើ​សកម្មភាព​អារ​នៅក្នុង​ព្រៃ គឺ​នៅពេល​ទៅដល់​ឃើញ​មាន​ការ​អារឈើ​មែន ទើប​កម្លាំង​បាន​តាម​ស្ទាក់​គោយន្ត ដើម្បី​ត្រួតពិនិត្យ ប៉ុន្តែ​កាក់​មិន​ឈប់​សោះ ទើប​មាន​ការផ្ទុះអាវុធ ដើម្បីឲ្យ​គេ​បញ្ឈប់​យាន តែ​ទីបំផុត​គេ នៅតែ​ព្យាយាម​បើក​រត់​ចូល​ទៅក្នុង​បន្ទាយ​យោធា​បាត់​តែ​ម្តង ៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×