Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគមន៍​ដំណាំ​ម្រេច​សរីរាង្គ​ខេត្តមណ្ឌលគិរី ទទួល​ជោគជ័យ​ទីផ្សារ​នៅ​សហរដ្ឋអាមេរិក​

spot_img

​ខេត្ត​មណ្ឌលគិរី ៖ សហគមន៍​កសិកម្ម​ម្រេច​សរីរាង្គ​ខេត្តមណ្ឌលគិរី ដែល​ទើប​បង្កើតឡើង​មាន​រយៈពេល​ជិត ១​ឆ្នាំ បាន​ទទួល​ភាពជោគជ័យ ក្នុង​ការស្វែងរក​ដៃគូ​បញ្ជា​ទិញ​ទិន្នផល​ម្រេច​គ្មាន​ជាតិគីមី របស់​ខេត្ត​មណ្ឌលគិរី ទៅ​កាន់​ទីផ្សារ​នៅ​សហរដ្ឋ​អា​មេ​រិច និង​សហគមន៍​អ៊ឺរ៉ុប​។ សម្រាប់​សហគមន៍​កសិកម្ម​ម្រេច​សរីរាង្គ​ខេត្តមណ្ឌលគិរី ត្រូវបាន​ក្រុមហ៊ុនស៊ិ​កនេត​ឈ័រ អ​ហ្វ អេ​ស៊ា នេះ (Signatures of Asia) ចុះ​កុងត្រា​ទទួល​ទិញ​ម្រេច​ធ្វើ​ការនាំចេញ ដោយ​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​មណ្ឌលគិរី កាលពី​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៨​។​

ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​មណ្ឌលគិរី លោក សុង ឃាង បានឲ្យដឹងថា ការបង្កើត​សហគមន៍ កសិកម្ម​ម្រេច​សរីរាង្គ​ខេត្តមណ្ឌលគិរី​នេះ​ឡើង ទើបតែ​មាន​រយៈពេល​ជិត​១​ឆ្នាំ​ប៉ុណ្ណោះ តែ​អាច​រក​ទីផ្សារ និង​ចំណូល​ឲ្យ​សមាជិកបាន ហើយ​អាច​ឈាន​ដល់​ការធ្វើ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុនស៊ិ​កនេត​ឈ័រ អ​ហ្វ អេ​ស៊ា ដ៏​ធំ​មួយទៀត​។ លោក​ឲ្យដឹង​ទៀតថា មុន​ឈានដល់​ការចុះ​កិច្ចព្រមព្រៀង​ទទួល​ទិញ​ម្រេច​ពី​សហគមន៍​ម្រេច​ខេត្តមណ្ឌលគិរី ទៅ​កាន់​ទីផ្សារ​អន្តរជាតិ គឺ​ក្រុមហ៊ុន Signatures of Asia បាន​ធ្វើ​ការពិសោធន៍​យ៉ាង​ល្អិន​ល្អន់​ពី​គុណភាព របស់​ម្រេច​មណ្ឌលគិរី ដើម្បី​ស្របតាម​តម្រូវការ​ទីផ្សារ​អន្តរជាតិ ដោយ​ទិន្នផល​ម្រេច​សរីរាង្គ​ទាំងនេះ ត្រូវមាន ដង់ស៊ីតេ​ដែល​ស្មើ ឬ​លើស​ពី ៥០០ ក្រាម ក្នុង​មួយ​លីត្រ សំណើម​ម្រេច​សរីរាង្គ​យ៉ាងខ្ពស់ បំផុត​ត្រឹម ១២% សម្រាម​ឬ​កំទេចកំទី​ក្នុង​ម្រេច​សរីរាង្គ​យ៉ាងខ្ពស់​បំផុត​ត្រឹម ០.៥% និង​ហាម​ដាច់ខាត​ការប្រើ​ជីគីមី​លើ​ដំណាំ ម្រេច​ក្នុង​សហគមន៍​។

​លោក សុង ឃាង បន្ថែមថា ចំពោះ​តម្លៃ​ក្នុង​ការបញ្ជា​ទិញ​ទិន្នផល​ម្រេច​សរីរាង្គ​ពី​សហគមន៍​កសិកម្ម​ម្រេច​សរីរាង្គ ខេត្ត​មណ្ឌលគិរី គឺ​មាន​ការវាយតម្លៃ​យ៉ាង​ច្បាស់លាស់​លើ​ទីផ្សារ​ឡើង ឬ​ចុះ ប៉ុន្តែ​ម្រេច​សរីរាង្គ របស់​សហគមន៍​នឹង​មាន​តម្លៃលើស ទីផ្សារ ៦០០០៛ ក្នុង​១​គីឡូក្រាម​។ ហើយ​ក្រុមហ៊ុន Signatures of Asia បាន​ព្រមព្រៀង​ក្នុង​ទទួល​ទិញ​ទិន្នផល​ម្រេច​ពី​សហគមន៍ កសិកម្ម​ម្រេច​សរីរាង្គ​ខេត្ត​មណ្ឌលគិរី លើ​ផ្ទៃដី​៦០​ហិកតា​។ ចំណែក​ទិន្នផល​ដែល​អាច​នាំ​ចេញ​ទៅ​ក្រៅប្រទេស អាច​សម្រេចបាន​យ៉ាង​តិច​១២០ ទៅ​១៣០​តោន ក្នុង​១​ឆ្នាំ ។

​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​មណ្ឌលគិរី បញ្ជាក់ថា ក្រុមហ៊ុន Signatures of Asia ទទួល​ទិញ សម្រាប់​តែ​ទិន្នផល​ម្រេច​សរីរាង្គ របស់​សហគមន៍​កសិកម្ម​ម្រេច​សរីរាង្គ​ខេត្តមណ្ឌលគិរី ដែល​មាន​បច្ចេកទេស​ដាំ​ដុះ ស្រប​តាម​ល័ក្ខខណ្ឌ របស់​ក្រុមហ៊ុន​តែប៉ុណ្ណោះ​។ ហើយ​បច្ចុប្បន្ន​សហគមន៍​កសិកម្ម​នៅ​ខេត្ត​មណ្ឌលគិរី មាន​ចំនួន​២ ទី​១ សហគមន៍​កសិកម្ម កាហ្វេ​-​ម្រេច មណ្ឌលគិរី និង​ទី​២ គឺ​សហគមន៍​កសិកម្ម​ម្រេច​សរីរាង្គ​មណ្ឌលគិរី​។ ជាមួយគ្នានេះដែរ នៅក្នុង​ខេត្ត​មណ្ឌលគិរី ឆ្នាំ​២០១៨​នេះ មាន​ផ្ទៃដី​ដាំ​ដុះ​ម្រេច​ចំនួន ១២៣១ ហិកតា កើនឡើង ៥២៩​ហិកតា បើ​ធៀប ឆ្នាំ​២០១៧ ។

​លោក ច័ន្ទ ពេជ្រ អ្នក​គ្រប់​គ្រង់​ទូទៅ​ក្រុមហ៊ុនស៊ិ​កនេត​ឈ័រ អ​ហ្វ អេ​ស៊ា បានឲ្យ​ដឹង​ដែរថា ក្រុមហ៊ុន ស៊ិ​កនេត​ឈ័រ អ​ហ្វ អេ​ស៊ា ជា​ក្រុមហ៊ុន​ថ្មី​មួយ បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៧ ដែលជា​ក្រុមហ៊ុន​កែច្នៃ និង​នាំចេញ​ស្រូវ​អង្គរ​ទៅ​ទីផ្សារ​អន្តរជាតិ​។ ហើយ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ បាន​ចុះហត្ថលេខា ជាមួយ​សហគមន៍​ម្រេច​សរីរាង្គ​មណ្ឌលគិរី ដើម្បី​ទទួល​ទិញ​ម្រេច​យ៉ាងតិច ១២០​តោន ក្នុង​ឆ្នាំ ២០១៨​នេះ នាំ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បន្ថែមទៀត​។ លោក​ក៏​បាន​សំណូមពរ​ដល់​កសិករ ដែល​ជា​សមាជិក របស់​សហគមន៍​ម្រេច ខេត្ត​មណ្ឌលគិរី ជួយ​ធ្វើយ៉ាងណា​ផលិត​ម្រេច​សរីរាង្គ​ឲ្យ​ឆ្លើយតប​ជាមួយ​ស្តង់ដារ​សរីរាង្គ​សហគមន៍​អ៊ឺរ៉ុប នឹង​សហរដ្ឋអាមេរិក ដើម្បី​ឲ្យ​ម្រេច សរីរាង្គ​មណ្ឌលគិរី មាន​គុណភាព​ខ្ពស់ មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក្នុង​ទីផ្សារ​សកលលោក ដើម្បី​អាច​មាន​លទ្ធភាព​ក្នុង​ការផ្គត់ផ្គង់​ទៅលើ​ទីផ្សារ​អន្តរជាតិ​កើន ឡើង​ជា​លំដាប់​នៅ​ថ្ងៃ​ខាងមុខ​ទៀត​៕ ដោយ​៖ សមុទ្រ​ឈើ

 

   

spot_img
×