Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ផ្សព្វផ្សាយ​អំពី​ចំណុច​ចាប់ផ្តើម​បដិវត្តន៍​ព័ណ៌​នៅ​កម្ពុជា​ដល់​កងកម្លាំង​ក្រោម​ឱវាទ​

spot_img

​ព្រះសីហនុ​៖​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បើក​វគ្គ​ផ្សព្វផ្សាយ​អំពី​ចំណុច​ចាប់ផ្តើម​កើតឡើង នៃ​បដិវត្តន៍​ព័ណ៌ ជូន​ដល់​កងកម្លាំង​នគរ​ក្រោម​ឱវាទ​ជិត ៤​រយ​នាក់​(៣៧០) នា​មូលដ្ឋាន​នេះ ឲ្យ​បាន​យល់ដឹង​អំពី​ផែនការ​រៀបចំ​ធ្វើ​បដិវត្តន៍​ព័ណ៌​នៅ​កម្ពុជា​។​

 កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ រៀបចំឡើង​នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២៧ ខែតុលា ឆ្នាំ​២០១៧ នា​សាលប្រជុំ​សាលាខេត្ត​ព្រះសីហនុ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កិច្ចប្រជុំ​នេះ ដោយមាន​នាយ​នគរបាល មកពី​ការិយាល័យ​ជំនាញ ចាប់ពី​ថ្នាក់​នាយរង​ផ្នែក ដល់​ស្នងការរង និង​ក្រុង​ស្រុក ចាប់ពី​ថ្នាក់​នាយរង​ប៉ុស្តិ៍​រដ្ឋបាល ដល់ អធិការ​សរុប​មាន​ចំនួន ៣៧០​នាក់​។​

​នាឱកាស​នោះ លោក ជួន ណា​រិន្ទ បាន​ព្យាយាម​ពន្យល់​អំពី​ចំណុច​ចាប់ផ្តើម នៃ​បដិវត្តន៍​ព័ណ៌ និង និយមន័យ បដិវត្តន៍​ព័ណ៌ ដែល​លោក​ហៅថា ជា​ពួក​ប្រឆាំង​ប្រតិកិរិយា​អមិត្ត បាន​ឃុបឃិត​គ្នា​ជាមួយ​ចក្រ​ព័ទ្ធ​បរទេស រៀបចំ​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ កើត​ពី​ការបោះឆ្នោត​នៅ​កម្ពុជា និង​ការដឹកនាំ​ធ្វើបាតុកម្ម​នានា របស់​មេដឹកនាំ​គណបក្សប្រឆាំង មិន​ទទួលស្គាល់​លទ្ធផល នៃ​ការបោះឆ្នោត​គ្រប់​អាណត្តិ​កន្លងមក​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ លោក ជួន ណា​រិន្ទ បាន​ព្យាយាម​លើកយក អំពី​ផែនការ​ទុច្ចរិត របស់​ពួក​ប្រឆាំង​នៅ​កម្ពុជា ដែលមាន​បំណង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កន្លងមក ថា​ត្រូវបាន​រដ្ឋាភិបាល ឬ​កម្លាំង​សមត្ថកិច្ច​ទប់ស្កាត់បាន​ទាន់ពេលវេលា ដោយ​បញ្ជៀ​ស​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ​។​
​ថ្លែង​ចំពោះមុខ​កម្លាំង​នគរបាល​រាប់រយ​នាក់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ សង្កត់ធ្ងន់​ទៅលើ រូបភាព នៃ​វីដេអូ​ឃ្លី​ប អមដោយ​សំឡេង​ដើម របស់ លោក កឹម សុខា និង លោក សម រង្ស៊ី ដែល​លោក​ចាត់ទុកថា ជា​ផែនការ​ក្បត់ជាតិ ដែល​ពួក​ប្រឆាំង​រៀបចំ​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដោយ​អនុវត្តតាម​ការណែនាំ របស់​បរទេស​។​


​លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​អះអាងថា សមត្ថកិច្ច​មាន​ភស្តុតាង និង​អង្គហេតុ​ជាច្រើន ដែល​បញ្ជាក់ថា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ មានដូចជា​បាន​បញ្ជូន​ក្រុមយុវជន របស់​ពួកគេ ឲ្យ​ទៅ​រៀន​នៅ​ប្រទេស​ឥណ្ឌូនេស៊ី អំពី​យុទ្ធសាស្ត្រ ឧបាយកល និង វិធីសាស្ត្រ​ធ្វើ​បដិវត្តន៍​ព័ណ៌ ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ជាដើម​។​
​លោក ជួន ណា​រិន្ទ បាន​បញ្ជាក់ថា អំពើ​ក្បត់ជាតិ របស់​ក្រុមប្រឆាំង​រៀបចំ​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល​នេះ សមត្ថកិច្ច​ជំនាញ មាន​ភស្តុតាង​ជាច្រើន ដែល​អាចដាក់​បន្ទុក​ទៅលើ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រព្រឹត្ត​បទល្មើស​ទោស​ក្បត់ជាតិ ប៉ុនប៉ង​បំផ្លាញ​សន្តិសុខ​ជាតិ មិនអាច​លើកលែងទោស​បានជា​ដាច់ខាត​។​

​ឆ្លៀតឱកាស​នោះ លោកស្នងការ ជួន ណា​រិន្ទ បាន​ណែនាំ​ឲ្យ​កងកម្លាំង​នគរបាល​ក្រោម​ឱវាទ​នា​ខេត្ត​ព្រះសីហនុ​ទាំងអស់ ត្រូវខិតខំ​បំពេញការងារ​ប្រចាំថ្ងៃ​ឲ្យ​បានល្អ និង​ត្រូវ​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ឲ្យ​បាន​កាន់តែ​ប្រសើរឡើង ជាពិសេស​ត្រូវ​លប់បំបាត់ បញ្ហា​ល្បែងស៊ីសង និង​គ្រឿងញៀន នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព​។​

​ឆ្លើយតប​បញ្ហា​នេះ លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ផ្តល់​សម្ភាស​ពី​សហរដ្ឋអាមេរិក​ដល់​អ្នកយកព័ត៌មាន cen.com.kh ដឹង​តាម​បណ្តាញ​សង្គម​ហ្វ្រែ​ស​ប៊ុ​ក (Face Book) ថា មិន​ចាប់អារម្មណ៍​ចំពោះ​កិច្ចប្រជុំ​ផ្សព្វផ្សាយ ដែល លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ និង​កម្លាំង​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត បាន​យកទៅ​ផ្សព្វផ្សាយ​ដល់​កងកម្លាំង​នគរបាល​ក្រោម​ឱវាទ ដោយ​ចោទ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ថា​ក្បត់ជាតិ ឬ​បានរៀបចំ​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​នេះ​ទេ​។​

​លោក អេង ឆៃអ៊ាង ចាត់ទុកថា ការបង្កើត​ព្រឹ​ត្ត​ការណ៍ ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ ផ្តើម​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុងកាន់​អំណាច ជា​បន្តបន្ទាប់​ថ្មីៗ​នេះ គឺ​ដោយសារតែ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ភ័យខ្លាច ចាញ់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨​ខាងមុខ ទើប​បង្កើត​ព្រឹត្តិការណ៍​លាប​ព័ណ៌ និង​ចោទ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ប្រើ​ស្ថាប័ន​កំពូលៗ មាន​ប្រព័ន្ធតុលាការ រដ្ឋសភា និង​ព្រឹទ្ធសភា​ជាដើម សម្រាប់​ចោទ និង​ចាប់​ដាក់ពន្ធនាគារ​។ លោក​បន្តថា ការបង្កើត​ល្ខោន​នេះ ទាំង​មន្ត្រីរាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ​មាន​ឋានៈ​ទាប ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស ពួកគាត់​បានដឹង​អំពី​ល្បិច​ទាំងនេះ​គ្រប់ៗ​គ្នា ជាពិសេស​ប្រទេស​មហាអំណាច នៅលើ​ពិភពលោក ក៏បាន​ថ្កោលទោស​រដ្ឋាភិបាល និង​កំពុង​តាមដាន​ព្រឹត្តិការណ៍​នេះ ដោយ​យកចិត្តទុកដាក់​៕ ដោយ​៖ សត្យា​

spot_img
×